និយមន័យសាសនា
ពាក្យថា សាសនា មកពីភាសាសំស្ក្រឹតថា សាសន័ម បើភាសាបាលី ថា សាសនំ តាមរូបសព្ទមានន័យថា ពាក្យប្រៀនប្រដៅ ដំបូន្មាន ឱវាទសំបុត្រ ពាក្យផ្ដាំផ្ញើជាអាទិ ។ ភាសាអង់គ្លេសប្រើពាក្យថា Relegion សព្ទដើមមកពីភាសាឡាតាំងថា Religis ។ ពាក្យនេះ ភាសាវិទូបានសន្និដ្ឋានថាមកពីពាក្យពីរម៉ាត់គឺ Religere ប្រែថា ប្រតិបត្តិចំពោះ បដិបត្តិចំពោះ ឬការទាក់ទងដោយសេចក្ដីប្រុងប្រយ័ត្ន និងពាក្យថា Religare ដែលប្រែថា ពន្ធៈ ចំណង ការពាក់ពាន់។ ដូច្នេះ ពាក្យថា Relegion ទើបមានអត្ថន័យតាមរូបស័ព្ទថា ការប្រតិបត្តិចំពោះ ការពាក់ពាន់ យ៉ាងណាក៏ដោយ ។
ការពិចារណាតាមរូបស័ព្ទតែម្យ៉ាងមិនអាចសរុបសេចក្ដីទាំងមូលឲ្យត្រឹមត្រូវតាមសភាវពិតនៃសាសនាបានឡើយ ។ ការសិក្សានិយមន័យដែលអ្នកប្រាជ្ញផ្នែកខាងសាសនា លោកបានកំណត់ទុកមកមានលក្ខណៈខុសប្លែកពីគ្នា, ទាំងនេះក៏ព្រោះចង់បញ្ជាក់ឲ្យច្បាស់ទៅតាមបរិដ្ឋានជុំវិញនៃសាសនានីមួយ ៗ ។
1. ម៉័កស៍ មិល្ល័រ (Max Miller) សង្កត់ធ្ងន់ទៅលើពុទ្ធិប្បញ្ញា (Intellect) ពោលថា សាសនា គឺសមត្ថភាពឬអនុភាពខាងចិត្តិវិស័យ ដែលប្រាស់ចាកផោដ្ឋព្វារម្មណ៍ ឬហេតុផល អាចនាំឲ្យបុគ្គលប្រតិបត្តិបន្លុះដល់ព្រះចៅដោយព្រះនាមផ្សេង ៗ ។
2. អ៊ិម្ម៉ានូអេល ក័នត៍ (Immanuel Kant) ឲ្យតម្លៃទៅលើផ្នែកខាងសីលធម៌ (Moral) ពោលថា សាសនា គឺការយល់ព្រមបំពេញតួនាទីតាមទេវឱង្ការទាំងពួង ។
3. អាល់ឡិន ម៉េណេស (Allen Menes) សង្កត់ធ្ងន់ទៅលើការបូជា (Worship) បានពោលថា សាសនាគឺការបូជាចំពោះអំណាចដ៏ខ្ពង់ខ្ពស់ដែលខ្លួនមើលមិនឃើញ ។
4. អិដ្វាដ ស្គ្រិបនែរ អាំស៍ (Edward Scribner Ams) ស្ដីអំពីសង្គម (Society) បានឲ្យនិយមន័យថា សាសនាគឺ ការយល់ដឹងនូវតម្លៃនិងអត្ថប្រយោជន៍របស់សង្គម ។
5. ហ្ស៊ី. ដាបឹលយូ. ស្ត្រ័ត្តុន (G.W. Stratton) ឲ្យតម្លៃទៅលើឧត្តមគតិដ៏ខ្ពង់ខ្ពស់ (Supreme Ideal) បានពោលថា សាសនា គឺការនិយមពេញចិត្តទៅលើរឿងលោក,ចក្រវាឡនិងពួកជនដែលមើលមិនឃើញ។
6. អាដាំស៍ ប្រោន (Adams Brown) ឲ្យតម្លៃទៅលើជីវិត (Life) បានពោលថា សាសនា បានដល់ជីវិតដែលទាក់ទងជាមួយព្រះអាទិទេព, អ្នកប្រសើរជាមនុស្សធម្មតា ។
7. ព្រះតេជព្រះគុណព្រះសង្ឃបរិនាយក ជោតញ្ញាណោ ជួន ណាត សង្កត់ធ្ងន់ទៅលើពាក្យប្រៀនប្រដៅ បានពោលថា សាសនា គឺ “ពាក្យបណ្ដាំ,ពាក្យផ្ដាំផ្ញើ, ពាក្យប្រៀនប្រដៅ, សាសនា, លទ្ធិ, ពាក្យបង្គាប់, ការបង្គាប់បញ្ជា, ដំណឹង, សំបុត្រ, ពាក្យប្រកាស, ការប្រកាសប្រាប់, ការជឿស្ដាប់, ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស, ការកែរសម្រួល, ការគ្រប់គ្រង” ។
8. ហ្លួងវិចិត្រវ៉ាទកាន (ហ្លួង វិចិត្រវាទការ หลวงวิจิตรวาทการ) សង្កត់ធ្ងន់ទៅលើអង្គប្រកបរបស់សាសនា ពោលថា ពាក្យប្រៀនប្រដៅដែលចាត់ទុកជាសាសនានោះ ត្រូវប្រកបដោយភាពស័ក្តិសិទ្ធិ៍ មានពាក្យប្រៀនប្រដៅទាក់ទងទៅនឹងចរិយធម៌, មានសាស្ដា, មានអ្នកប្រតិបត្តិនិងទំនុកបំរុងរក្សាលទ្ធិជំនឿនោះ ដូចជាអ្នកបួស និងការគោរពដោយស្មោះស្ម័គ្រភក្តី ។
9. សាស្ត្រាចារ្យ ស្ថៀន ព័ន្ធរង្សី (เสถียน พันธรังษี) ស្តីពីលក្ខណៈរបស់សាសនា បានពោលថា “ដែលហៅថាសាសនាបាននោះ ត្រូវមានគោលបដិបត្តិដូច្នេះគឺ ត្រូវតែជារឿងអាចជឿបានដោយអាស្រ័យភាពសក្ដិសិទ្ធិ, មានពាក្យប្រៀនប្រដៅប្រកបដោយគុណធម៌ចរិយធម៌, និងមានអ្នកតំណសាសនា ដែលហៅថាអ្នកបួសឬអ្នកព្រត ។
10. អាចារ្យ សុជីព បុញ្ញានុភាព ធ្ងន់ទៅលើលក្ខណៈរបស់ពាក្យប្រៀនប្រដៅ បានពោលថា ពាក្យប្រៀនប្រដៅដែលហៅថា សាសនានោះ ស្តីពីរឿងផ្សេង ៗដូចជា ជំនឿលើវត្ថុសក្តិសិទ្ធិដែលមើលមិនឃើញដោយចក្ខុបសាទធម្មតា ដូចអំណាចព្រះធម៌ ឬអំណាចព្រះចៅ, មានល័ក្ខសីលធម៌, មានឱវាទស្ដីពីឧត្តមគតិខ្ពង់ខ្ពស់បំផុតនៃជីវិត និងពិធីកម្មនានា ។
11. វចនានុក្រមនៃរាជបណ្ឌិត្យស្ថានថៃ (ព.ស. ២៤៩៣) ប្រែថា “លទ្ធិជំនឿរបស់មនុស្ស ដែលមានការសម្ដែងប្រាប់នូវកំណើតនិងទីបំផុតនៃលោក ជាដើម ដែលប្រព្រឹត្តទៅក្នុងផ្នែកបរមត្ថ ប្រការមួយ, សម្ដែងនូវគោលធម៌ទាក់ទងទៅនឹងបុណ្យបាបដែលប្រព្រឹត្តទៅក្នុងផ្នែកសីលធម៌ ចរិយធម៌ប្រការមួយ, ព្រមទាំងមានលទ្ធិពិធីកម្មដែលធ្វើតាមការយល់ឃើញ ឬតាមដំបូន្មានក្នុងជំនឿសាសនានោះ ៗ” ។
ដូច្នេះ សរុបសេចក្ដីទៅតាមនិយមន័យនិងទស្សនៈទាំងឡាយដែលបានពោលមកហើយនោះ ពាក្យថា សាសនា មានន័យថា “ពាក្យប្រៀនប្រដៅ ឱវាទឬដំបូន្មានដែលព្រះសាស្ដាបានទ្រង់ត្រាស់ដឹង, បន្លុះនូវសច្ចធម៌ ឬបានស្ដាប់មកពីទេវឱង្ការដែលមានលក្ខណៈសក្ដិសិទ្ធិ ជាទីពឹងពំនាក់ខាងចិត្តវិស័យ ហើយបាននាំមកបង្រៀនប្រៀនប្រដៅផ្សព្វផ្សាយឲ្យមនុស្សជាតិគោរពបដិបត្តិតាម និងប្រកបពិធីកម្មដើម្បីឲ្យទទួលបាននូវសេចក្ដីសុខ,មានសីលធម៌ចរិយធម៌, មានសន្តិសុខនិរន្តរកាល ដែលជាសេចក្ដីសុខក្នុងទីបំផុតនៃជីវិត ៕