នីតិរដ្ឋ

ពីវិគីភីឌា

នីតិរដ្ឋជារដ្ឋ ឬ ប្រទេសដែលប្រកាន់យកច្បាប់ជាគោល។

ប្រទេសមាននីតិរដ្ឋមានលក្ខណៈសម្គាល់បួនយ៉ាងគឺ :

– រដ្ឋអំណាចមានគតិយុត្តិធម៌ :(ប្រកាន់យុត្តិធម៌ស្របឆន្ទៈរាស្ត្រ )។

– ការអនុវត្តច្បាប់គិតពីសិទ្ធិពលរដ្ឋ :(ទាក់ទងសេរីភាណ ;មានឧត្តម-គតិបម្រើប្រយោជន៍រាស្ត្រ មានស្ថាប័នទ្រង់មិនបំបិទសិទ្ធិតវ៉ា)។

– ប្រព័ន្ធយុត្តិធម៌ :(ការផ្សព្វផ្សាយច្បាប់ផ្សេងៗ)។

– មានជំហរទទួលខុសត្រូវ :(ភ្ញាក់រឭកខ្លួនឯង មានឆន្ទៈផ្ទាល់ខ្លួន និងគ្មានការបង្ខិតបង្ខំ )។

អ្វីទៅ នីតិរដ្ឋ?[កែប្រែ]

  • នៅក្នុងវចនាក្រម នីតិ ប្រែថា ច្បាប់ រដ្ឋ ប្រែថា ប្រទេស។ នីតិរដ្ឋ មានន័យថា ប្រទេសមួយដែលមានច្បាប់ បើនីតិរដ្ឋ មានន័យថា ប្រទេសមួយដែលមានច្បាប់។ សំណួរទី១សួរថា តើប្រទេសណាមួយដែលគ្មានច្បាប់? តើប្រទេសណាមួយ ដែលអត់ច្បាប់? សូម្បីតែក្រុមកុលសម្ព័ន្ធ ក៏មានច្បាប់ដែរ។ បើអត់ច្បាប់ទេ ពិតមិនអាចគ្រប់គ្រងកុលសម្ព័ន្ធ គ្រប់គ្រងក្រុមបក្ខពួក គ្រប់គ្រងប្រទេសមួយបានទេ? បើប្រទេសរាល់តែប្រទេសទាំងអស់ រួមទាំងកុលសម្ព័ន្ធ ទាំងក្រុមបក្ខពួកផង សុទ្ធតែមានច្បាប់ ចុះមូលហេតុអ្វីបានជា គេនិយាយថាប្រទេសនេះ ជាប្រទេសមាននីតិរដ្ឋ ឬប្រទេសមួយនោះ គ្មាននីតិរដ្ឋ? ត្រង់សំណួរទី១ ដែលសួរថា តើប្រទេសមួយណាដែលអត់ច្បាប់? ព្រោះថា នីតិរដ្ឋ មិនមែនមានន័យត្រឹមតែថា ប្រទេសមួយដែលមានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវរកអោយឃើញថាអ្នកណាជា អ្នកតែងច្បាប់ ហើយច្បាប់ចេញពីប្រភពណា ឬមួយមេកន្ទៀងជាតែង ឬរបបដឹកនាំពីអតីតកាល ស្តេច ជាអ្នកតែងបទបញ្ញត្តិ រួចហើយជាអ្នកដាក់វិធានការណ៍ក្នុងការអនុវត្តន៍ច្បាប់ ឬក៍សមាជិកសហគមន៍មួយជាអ្នកតែង ដែលគេហៅថាសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាអ្នកជ្រើសរើសអ្នកតំណាង រួចហើយទុកអោយសិទ្ធិអោយអ្នកតំណាងរបស់គាត់ ជាអ្នកតាក់តែងច្បាប់ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។ សំណួរទី២ សួរថា តើបង្កើតច្បាប់មក ដើម្បីអ្វី?
  • ត្រង់សំណួរនេះ សូមបញ្ជាក់បន្ថែមថា នីតិរដ្ឋ មិនមែនមានន័យត្រឹមតែថា ប្រទេសមួយដែលមានច្បាប់ប៉ុណ្ណោះទេ ហើយការអនុវត្តច្បាប់នោះមានប្រសិទ្ធិភាព និងតាមវត្ថុបំណងរបស់ច្បាប់់។ ច្បាប់មានលក្ខណៈរបស់វាគឺ កំណត់ព្រំដែនសកម្មភាពរបស់មនុស្ស ហើយច្បាប់មានលក្ខណៈពិសេសរបស់វាមួយទៀតគឺ ចាប់បង្ខំអោយមនុស្សគោរពអនុវត្តតាម ហើយវាធ្វើមនុស្សធ្វើអ្វីមួយចេះតែមានអារម្មណ៍ភ័យខ្លាចច្បាប់។ ប៉ុន្តែច្បាប់ត្រូវតែផ្តល់ជាអត្ថប្រយោជន៍ទូទៅដល់សង្គម ដូចជាការប្រើប្រាស់ច្បាប់ក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមអោយមានរបៀបរៀបរយ ក្នុងវត្ថុបំណងអោយមនុស្សទាំងអស់រស់នៅក្នុងសង្គម មានសេចក្តីសុខ សប្បាយ។
  • ដូច្នោះ យើងអាចសង្ខេបអោយខ្លីបានថា ចំពោះចម្លើយទាំងពីរខាងលើថា នីតិរដ្ឋ ជាប្រទេសមួយដែលមានច្បាប់ ហើយច្បាប់នោះត្រូវមានការតាក់តែងចេញពីប្រភពមួយយ៉ាងច្បាស់លាស់ ហើយច្បាប់នោះត្រូវតែមានអត្ថន័យមួយ ផ្តល់ជា អត្ថប្រយោជន៍ទូទៅដល់មនុស្សរស់ក្នុងសង្គម។ ត្រឹមតែចម្លើយសម្រាប់សំណួរទាំងពីរខាងលើ វាពិតប្រាកដណាស់ថា វាមិនទាន់មានន័យគ្រប់គ្រាន់នោះទេ ដើម្បីសំគាល់ថា ប្រទេសមួយមាននីតិរដ្ឋ មាននីតិរដ្ឋពិតប្រាកដនៅឡើយ។ ត្រង់ចំណុចនេះ នៅមានសំណួរមួយទៀតថា សួរអោយឃើញនូវអត្ថន័យខ្លឹមរបស់វា អត្ថន័យបច្ចេកទេសនៃពាក្យថា នីតិរដ្ឋ។ សំណួរនោះសួរថា តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីអោយសង្គមមួយមានការអនុវត្តន៍ច្បាប់ពិតប្រាកដមានប្រសិទ្ធិភាព? មកដល់ចំណុចនេះ យើងអាចសំគាល់ឃើញថា ប្រទេសមួយនេះ មាននីតិរដ្ឋ ឬប្រទេសមួយនោះគ្មាននីតិរដ្ឋ ពីព្រោះនីតិរដ្ឋ មិនមែនមានន័យត្រឹមតែថា ប្រទេសមួយដែលមានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែការអនុវត្តន៍ច្បាប់យ៉ាងមានប្រសិទ្ធិភាព ចំពោះបុគ្គលគ្រប់រូប រាប់ចាត់តាំងពី រាស្រ្តសាមញ្ញ មន្ត្រីរាជការ សមាជិករដ្ឋាភិបាល នាយករដ្ឋមន្រ្តី និងព្រះមហាក្សត្រ។ ហើយច្បាប់ ត្រូវជាខ្សែរបន្ទាត់ តម្រូវអោយមនុស្សគោរព អនុវត្ត ដើរតាមគ្រប់គ្នា ហើយច្បាប់មានអំណាចពេញលេញអាចដាក់ជា ទណ្ឌកម្ម និងពិន័យបុគ្គលណាបានប្រពឹ្រត្តិខុស។
  • ជាចុងក្រោយយើងអាចអោយនិយមន័យខ្លឹម ឬតាមន័យបច្ចេកទេសចំពោះពាក្យនីតិរដ្ឋថា នីតិរដ្ឋ ជាប្រទេសមួយដែលមានច្បាប់ ហើយច្បាប់នោះត្រូវអនុវត្តតាមវត្ថុបំណងរបស់វា យ៉ាងមានប្រសិទ្ធិភាព ស្របតាមន័យបច្ចេកទេសនៃពាក្យ នីតិរដ្ឋ យើងសូមទាញភ្ជាប់មកប្រៀបធៀបនឹងរបបគ្រប់គ្រងរដ្ឋក្នុងប្រទេសកម្ពុជា ថាតើ ប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ មាននីតិរដ្ឋហើយ ឬនៅ? ត្រង់ចំណុចនេះ មុននឹងយល់ច្បាស់ថាប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ មាននីតិរដ្ឋហើយ ឬនៅអត់នោះ ហេតុផលខាងក្រោមនេះ នឹងជាចម្លើយឆ្លើយប្រាប់ថា មាន ឬអត់? យើងសង្កេតឃើញថាច្បាប់នៅក្នុងប្រទេសកម្ពុជា មិនទាន់មានអំណាចឥទ្ធិពលគ្រប់គា្រន់ចំពោះមនុស្សគ្រប់គ្នានៅឡើយទេ ជាពិសេសមនុស្សមួយចំនួន ជាសមាជិករាជរដ្ឋាភិបាល ពុំមានរងឥទ្ធិពលពីច្បាប់ នៅពេលគេប្រព្រឹត្តខុស។ សំណួរសួថា តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីប្រទេសកម្ពុជា មាននីតិរដ្ឋ? ចម្លើយ មានទស្សនៈពីរដើម្បីប្រទេសមួយ មាននីតិរដ្ឋ។ ទស្សនៈទី១ គឺ ការដឹកនាំរដ្ឋមួយអំណាចប្រមូលផ្តុំ ទៅលើកណ្តាប់ដៃបុគ្គលមួយក្តាប់ រួចហើយដាក់ចេញវិធានការកំហិតអោយមានការអនុវត្តន៍ច្បាប់មានប្រសិទ្ធិភាព។ ទស្សនៈទី២ ដើម្បីអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព គឺត្រូវរៀបចំប្រព័ន្ធតុល្យភាពអំណាចរវាងអ្នកកាន់ការស្រុកទេស ជាមួយនឹងប្រជាពលរដ្ឋ ហើយជាប្រព័ន្ធមួយដែលធានាអំណាចទាំងបីឲ្យស្មើគ្នា ដាច់ពីគ្នា មិនមានស្ថាប័នណាមួយអាចលូកដៃ ឬរំលោភគ្នាបាន មានន័យថាស្ថាប័ននីមួយៗអាចត្រួតពិនិត្យតាមដានគ្នាទៅវិញទៅមក គឺអំណាចនីតិបញ្ញតិ្ត អំណាចនីតិប្រតិបត្តិ អំណាចតុលាការ ឬហៅថា ប្រព័ន្ធ Check and Balance។ មកដល់ចំណុច យើងសូមបកស្រាយទស្សនៈទី១ ការដឹកនាំរដ្ឋមួយអំណាចប្រមូលផ្តុំ ទៅលើកណ្តាប់ដៃបុគ្គលមួយក្តាប់ រួចហើយដាក់ចេញវិធានការកំហិតអោយមានការអនុវត្តន៍ច្បាប់មានប្រសិទ្ធិភាព។ ចំពោះការដឹកនាំបែបនេះ គឺអ្នកដឹកនាំ មានអំណាចពរពាស អំណាចប្រមូលផ្តុំក្តាប់ក្នុងកណ្តាប់ដៃ អង្គុយនៅពីលើច្បាប់ ហើយច្បាប់ចំពោះបុគ្គលប្រមូលផ្តុំអំណាច គ្មានប្រសិទិ្ធភាពអ្វីទាំងអស់ វាស៊ីសងទៅលើឆន្ទៈរបស់គាត់ បើគាត់យកច្បាប់មកអនុវត្ត គេហៅគាត់ថា ជាមេដឹកនាំដែលមានឆន្ទៈ ច្បាប់ចំពោះបុគ្គលមេដឹកនាំរបៀបនេះ មានតម្លៃត្រឹមតែ ជាសីលធម៌ គាត់គោរព ឬ មិនគោរព វាអាស្រ័យលើ ឆន្ទៈរបស់គាត់ គាត់អត់មានទណ្ឌកម្មអ្វីទេ ទៅលើគាត់ទេ។ ហើយច្បាប់មិនអាចទៅធ្វើអ្វីទៅលើគាត់បានទេ ពីព្រោះគាត់ប្រមូលផ្តុំអំណាច ប្រមូលផ្តុំអំណាចគឺ អំណាចទាំងអស់គ្នា របស់រដ្ឋស្ថិតនៅក្នុងកណ្តាប់ដៃរបស់គាត់ ឬក្រុមបក្ខពួករបស់គាត់ អំណាចរបស់គាត់ពេញដៃ ដោយសាគាត់អាចជ្រើសរើសបង្កើតកងក្រុមអង្សរក្សដើម្បីការពារខ្លួនឯងបាន និងអាចចាត់តាំង ប៉ូលីស ទាហាន យោធាបាន។ ច្បាប់ចំពោះបុគ្គលមេដឹកនាំប្រភេទនេះ វាប្រៀបបានដូចជា អំបោះមួយសរសៃយកទៅចងជើងដំរីអញ្ជឹង។ សព្វថ្ងៃប្រទេសកម្ពុជារបស់យើងកំពុងដឹកនាំក្នុងទម្រង់បែបហ្នឹង គឺដឹកនាំប្រមូលផ្តុំអំណាចទៅលើបុគ្គលជា នាយករដ្ឋមន្ត្រីហើយការដឹកនាំតាមទម្រង់បែបរបៀបនេះ មិនមានប្រសិទ្ធិភាពចំពោះស្រុកខ្មែរសោះឡើយ មេដឹកនាំតែងតែលួចក្បត់យើងជាញឹកញាប់ និងមានកើតឡើងមានបញ្ហាសព្វបែបយ៉ាង ដូចជា អំពើពុករលួយគ្រប់ស្ថាប័ន រួមទាំងស្ថាប័នអប់រំ ដែលជាកន្លែងផ្តល់នូវពុទ្ធិ បណ្តុះចំណេះដឹង និងផ្តល់ជាភាពជាគំរូ ជាធនធានមនុស្សក្នុងសង្គម ជាកោសិការក្នុងសង្គម និងប្រជាពលរដ្ឋ។ តុលាការមិនឯករាជ្យ អ្នកមានលុយ មានអំណាច អ្នកធំ ឬមន្រ្តីរាជរដ្ឋាភិបាលតែងតែឈ្នះក្តី នឹងប្រជាពលរដ្ឋសាមញ្ញ អំពើអយុត្តិធម៌ តែងកើតឡើងមានចំពោះជនប្រុសស្រីក្រីក្រ ទន់ខ្សោយជាញឹកញាប់ ដោះស្រាយមិនចេញ ដូចជាការរំលោភបំពានយកដីធ្លីរបស់ប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែង ការកាប់បំផ្លាញព្រៃឈើ ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់រាល់ថ្ងៃ ពាសពេញផ្ទៃប្រទេសដែលជាហេតុនាំអោយកើតមានភាពអចលាចល អសន្តិសុខ និងឈានទៅដល់ការបាត់បង់ប្រទេសក៏អាចថាបាន នៅពេលអនាគតខាងមុខ ភាពអនាធិបតេយ្យ អសីលធម៌សង្គម ជាដើម។ មកត្រង់នេះ យើងទាំងអស់គ្នាសាកស្រម៉ៃសញ្ជឹងគិតសាកមើលថា បើយើងឃើញមាន់មួយក្បាល វាកំពុងពងលើស្រូវដែលយើងកំពុងហាល តើយើងសង្ឃឹមច្បាស់ទេថា មាន់ហ្នឹងវាមិនស៊ីស្រូវនោះ ភាគរយតិចណាស់ច្បាស់ថា វាមិនស៊ីស្រូវ វាស្ថិតនៅលើឆន្ទៈមាន់។ តួយ៉ាងវាដូចជា ប្រព័ន្ធដឹកនាំរដ្ឋដែលប្រមូលផ្តុំអំណាច ហើយពឹងផ្អែកទៅលើឆន្ទៈរបស់មេដឹកនាំ គេចង់ស៊ីស្រូវ គេស៊ី គេមិនចង់ស៊ីស្រូវ គេមិនស៊ី មកដល់ចំណុចហ្នឹង យើងអាចវាយតម្លៃទៅលើទស្សនៈទី១ ថា ការដឹកនាំរដ្ឋមួយអំណាចប្រមូលផ្តុំ ទៅលើកណ្តាប់ដៃបុគ្គលមួយក្តាប់ រួចហើយដាក់ចេញវិធានការណ៍ជាកំហិតអោយមានការអនុវត្តន៍ច្បាប់ គឺមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ និងមិនមែនជាជំរើសល្អដែរ។ ឥលូវយើងសូមក្រឡេកមកមើលគណបក្សប្រឆាំងដទៃទៀត ពួកគេតែងតែចោទប្រកាន់ថា មេដឹកនាំសព្វថ្ងៃថា គ្មានឆន្ទៈក្នុងការដឹកនាំការអនុវត្តន៍ច្បាប់អោយមានប្រសិទិ្ធភាពពិតប្រាកដទេ ពួកគេចង់និយាយថា ទុកប្រព័ន្ធដឹកនាំរដ្ឋអោយនៅដដែរ ហើយគេគិតថាខ្លួនគេមានឆន្ទៈគ្រប់គ្រាន់ពិតប្រាកដ ដោយគេនឹងចាត់តាំង គ្នីគ្នារបស់គេដែលជាសមាជិកបក្ខពួក បរិវារ ដៃជើងអោយចូលទៅក្នុងទម្រង់ប្រព័ន្ធដឹកនាំរដ្ឋ គ្រប់ស្ថាប័នរដ្ឋ ដើម្បីអនុវត្តផែនការបក្សរបស់គេ ប៉ុន្តែវាជារបៀបនៃការដឹកនាំរដ្ឋ ដែលប្រមូលផ្តុំអំណាច ដដែរ។ យើងឃើញថា ទស្សនៈទី១ ការដឹកនាំរដ្ឋមួយអំណាចប្រមូលផ្តុំ ទៅលើកណ្តាប់ដៃបុគ្គលមួយក្តាប់ រួចហើយដាក់ចេញវិធានការណ៍ជាកំហិតអោយមានការអនុវត្តន៍ច្បាប់ គឺមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ។