Jump to content

នីតិសង្គមអន្តរជាតិ

ពីវិគីភីឌា

នីតិសង្គមអន្តរជាតិ

[កែប្រែ]

បចេ្ចកស័ព្ទ

[កែប្រែ]

នីតិអន្តរជាតិសាធារណៈ៖ បណ្តុំនៃវិធានគតិយុត្ត ដែលគ្រប់គ្រងទៅលើទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ អង្គការក្រៅរដ្ឋាភិបាល៖ ការប្រមូលផ្តុំគ្នាជាលក្ខណៈអន្តរជាតិ នៃសមាគមដែលស្ថិតក្រោមច្បាប់ជាតិ ក្នុងគោលដៅបម្រើឲ្យផលប្រយោជន៍រួម ហើយជាពិសេសក្នុងវិស័យមនុស្សធម៌ និងក្នុងវិស័យនៃការថែរក្សាបរិស្ថានជាដើម។ នីតិអន្តរជាតិសាធារណៈ មានគោលដៅរៀបចំបង្កើតទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋ ដើម្បីធានាបាននូវ សហត្ថិភាព។ ការចាប់ផ្តើមកកើតមានរដ្ឋនានា នាពេលចូលដល់ចុងបញ្ចប់មជ្ឈិមសម័យ បានធ្វើឲ្យនីតិអន្តរជាតិចាប់កំណើតតាំងពីពេលនោះមកផងដែរ។

១. សង្គមអន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ

[កែប្រែ]

សង្គមអន្តរជាតិត្រូវបានគេស្គាល់ថាជា សង្គមមួយដ៏ធំ។ ខណៈពេលដែលរដ្ឋចំនួន៤៧ តំណាងនៅសម័យប្រជុំលើកដំបូងនៃសន្និបាត របស់សង្គមប្រជាជាតិក្នុងឆ្នាំ១៩២០ (l’Assemblée de la SDN en 1920) បើគិតមកដល់សព្វថ្ងៃនេះ គឺមានចំនួនជិត ២០០រដ្ឋហើយ (រដ្ឋចំនួន១៩២ជាសមាជិកនែអង្គការសហប្រជាជាតិ)។ អឺរ៉ូសង់ទ្រីក (Euro-centrique) នាដើមសតវត្ស សង្គមអន្តរជាតិបានពង្រីកវិសាលភាពរបស់ខ្លួន ពាសពេញបណ្តាទ្វីបទាំងអស់លើសាកលលោក។ សង្គមអន្តរជាតិត្រូវបានគេចាតទុកថាជាសង្គមវិមជ្ឈការ។ ទស្សនៈនៃអធិបតេយ្យរដ្ឋ គឺជាសញ្ញាណមួយដ៏សំខាន់ក្នុងការសិក្សាអំពីនីតិអន្តរជាតិ។ ប៉ុន្តែ ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមករវាងរដ្ឋនិងរដ្ឋ គឺជារឿងដែលមិនអាចជៀសផុត ដែលនាំឲ្យមានការរួមគ្នា និងសហការគ្នានៅក្នុងបណ្តាអង្គការអន្តរជាតិនានា។ ទោះបីជាយ៉ាងនេះក្តី រដ្ឋនីមួយតែងតែគិតដល់ផលប្រយោជន៍របស់ខ្លួនជាអាទិភាព មុននឹងធ្វើអ្វីមួយ។ ទំនាក់ទំនងអន្តរជាតិ មិនត្រូវបានកំណត់ត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋតែប៉ុណ្ណោះទេ។ ទំនាក់ទំនងអន្តររដ្ឋបែបនេះ បានវិវត្តទៅរកទំនាក់ទំនងជាមួយនឹងស្ថាប័នដទៃទៀត ដូចជាបណ្តាអង្គការអន្តរជាតិ នានាជាដើម រួមទាំងប្រធាននៃនីតិផ្ទៃក្នុង ដោយទទួលស្គាល់ឲ្យមានផងដែរនូវសិទ្ធិ និងកាតព្វកិច្ចនៅក្នុងប្រព័ន្ធនៃនីតិអន្តរជាតិ។ ដូច្នេះ គេសង្កេតឃើញថាវាជាការវិវត្តនៃទំនាក់ទំនងឆ្លងរដ្ឋ (les relations transétatiques) ឫជាទំនាក់ទំនងឆ្លងប្រជាជាតិ (les relations transnationales)។ ទំនាក់ទំនងទាំងនេះ គ្របដណ្តប់ទាំស្រុងទៅលើ ក្របខ័ណ្ឌអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជា ទំនាក់ទំនងរវាង រដ្ឋនិងរដ្ឋ រដ្ឋនិងអង្គការអន្តរជាតិ រដ្ឋនិងតួអង្គនៃនីតិផ្ទៃក្នុង (បុគ្គលឯកជន ជារូបវ័ន្តបុគ្គលឫនីតិបុគ្គល)។ ទំនាក់ទំនងអន្តរជាតិមានច្រើនប្រភេទ និងច្រើនសណ្ឋានណាស់ ដោយសារតែមានការវិវត្តមិនចេះដាច់ ទៅតាមអ្វីដែលគេហៅថាជាសកលភាវូបនីយកម្ម។ តាមលោក ដុយពុយ (R.-J Dupuy) សកលភាវូបនីយកម្មនេះ បានធ្វើឲ្យមលេចចេញនូវ “បំណែងចែកពិភពលោក” (dédoublement du monde) ដែលបង្កើតឲ្យមានសហត្ថិភាព (coexistence) នៃពិភពពីរ ដែលស្ថិតនៅឡូកឡំគ្នា និងមានឥទ្ធិពលទៅវិញទៅមក រួមមានពិភពរដ្ឋ ’’’(monde des États) និង ពិភពនៃការរីកសាយភាយអន្តររដ្ឋ (flux transétatiques)។ ការវិវត្តនៃសង្គមអន្តរជាតិ ក្នុងទំនាក់ទំនងអន្តរជាតិ បានធ្វើឲ្យការប្រឈមទៅនឹងបញ្ហាថ្មីៗមួយចំនួន ដែលឆ្លុះបញ្ចាំឲ្យឃើញនូវការព្រួយបារម្ភ របស់តួអង្គអន្តរជាតិ ទៅលើដូចជា ការគាំពារសិទ្ធិមនុស្ស ការថែរក្សាបរិស្ថាន ការអភិវឌ្ឍយូរអង្វែង ការប្រឆាំងទៅនឹងឧក្រិដ្ឋកម្មអន្តរជាតិ ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម (ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ១៩៩៤ តាមរយៈកិច្ចព្រមព្រាង ម៉ារ៉ាកិច Marrakech ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៤)។

២. នីតិទំនាក់ទំនងអន្តរជាតិ

[កែប្រែ]
ក. ចរិតលក្ខណៈនៃនីតិទំនាក់ទំនងអន្តរជាតិ
[កែប្រែ]

នីតិទំនាក់ទំនងអន្តរជាតិ ឫនីតិអន្តរជាតិសាធារណៈ មានលក្ខណៈខុសពីនីតិជាតិ ឫនីតិផ្ទៃក្នុងដែលអនុវត្តនៅលើដែនដីរបស់រដ្ឋមួយ ឫនៅក្នុងព្រំដែនសីមារបស់ខ្លួន។ ប្រព័ន្ធគតិយុត្តអន្តរជាតិពុំមានឋានានុក្រមទេ ប្រការនេះបានសេចក្តីថា វិធានគតិយុត្តទាំងឡាយ គឺមានតម្លៃស្មើគ្នា ទាំងទៅលើផ្នែកនៃកម្មវត្ថុ និង ទៅលើចំនួនរបស់រដ្ឋដែលចូលរួមបង្កើត។ អនុសញ្ញាអន្តរជាតិដែលត្រូវបានបង្កើតឡើងដោយរដ្ឋច្រើន មានតម្លៃគតិយុត្តដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានបង្កើតឡើងដោយរដ្ឋពីដែរ។ ហេតុនេះយើងអាចដឹងបានថា ប្រភពនៃនីតិ (sources du droit) មានតម្លៃគតិយុត្តស្មើគ្នា រួមទាំងប្រភពមិនសរសេរ (ទំនៀមទំលាប់អន្តរជាតិ ឫ គោលការណ៍ទូទៅនៃនីតិ) និងប្រភពសរសេរ (សន្ធិសញ្ញា)។ មូលហេតុនៃការមិនមានឋានានុក្រមនេះ គឺដោយសារតែ រាល់បទដ្ឋានអន្តរជាតិទាំងអស់ ទោះបីមានបែបបទ នៃការបង្កើតផ្សេងៗគ្នាក៏ដោយ ក៏សុទ្ធតែកើតចេញមកអំពីការបង្ហាញនូវឆន្ទៈរបស់រដ្ឋអធិបតេយ្យ។

ការបង្កើតឲ្យមានឋានានុក្រម នីតិអាជ្ញាបញ្ជា ដែលភាសាឡាតាំង ហៅថា “ហ្ស៊ុសកូហ្សង់” (Jus cogen) គឺជាបណ្តាវិធានសណ្តាប់ ធ្នាប់សាធារណៈទាំងឡាយណា ដែលពុំមានវិធានណាមួយអាចធ្វើបដិបញ្ញត្តិបាន។ សញ្ញាណនេះត្រូវបានបង្កើតឡើងនៅក្នុង អនុសញ្ញាទីក្រុងវីយែន (Covention de Vienne) ស្តីពីនីតិសន្ធិសញ្ញា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៩។ កាតព្វកិច្ច អ៊ែកហ្គាអូមនេស (erga omnes) គឺជាកាតព្វកិច្ចដែលអនុវត្តជាទូទៅនិងមិនចំពោះ ហើយមិនអាចត្រូវរំលោភបំពានបានជាដច់ខាត។ ប៉ុន្តែ តុលាការយុត្តិធម៌អន្តរជាតិ មិនបានទទួលស្គាល់នូវឧត្តមានុភាពនៃវិធានប្រភេទនេះទេ (តុលាការនេះយល់ឃើញថា ច្បាប់នៃពលរដ្ឋដែលបានចែងដោយខ្លួនឯង គឺជាកាតព្វកិច្ច អ៊ែកហ្គាអូមនេស នេះ “droit des peules à disposer d’eux-mêmes est une obligation erga omnes”, ICJ 30 juin 1995, Affaire du Timor oriental)។ តួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព បានបង្កើតឲ្យមានគោលការណ៍ដែលមាន លក្ខណៈជាប្រពៃណីមួយ ដែលមិនអនុញ្ញាតឲ្យ រដ្ឋណាមួយទៅចំណុះនឹងស្ថាប័នអន្តរជាតិមួយដែលតំណាងឲ្យប្រយោជន៍រួមក្នុងសង្គមអន្តរជាតិឡើយ។ តាមលោក អាលេដូ (Aledo) ទ្រឹស្តីដែលយល់ស្របឲ្យមានការទទួលស្គាល់អត្ថិភាពនៃគោលការណ៍រចនាសម្ព័ន (structurants) ឫអត្ថិភាពនៃសណ្តាប់ធ្នាប់គតិយុត្តអន្តរជាតិដូចជា គោលការណ៍ប៉ាកតា ស៊ុងស៊ែវ៉ង់ដា (pacta sunt servenda) ឫគោលការណ៍អធិបតេយ្យរដ្ឋ គឺជាទ្រឹស្តីដែលមិនអាចខ្វះបាន និងមិនអាចបោះបង់ចោលបានទេ។ ដូច្នេះ កាតព្វកិច្ចដែលត្រូវគោរពការសន្យារបស់ខ្លួន ដោយផ្អែកលើនីតិអន្តរជាតិតាមរយៈកិច្ចព្រមព្រៀង រដ្ឋមួយមិនអាចបោះបង់ចោលអធិបតេយ្យរបស់ខ្លួនបានឡើយ។

ខ. សណ្តាប់ធ្នាប់គតិយុត្តអន្តរជាតិ
[កែប្រែ]

• បញ្ហានៃអត្ថិភាពរបស់សណ្តាប់ធ្នាប់គតិយុត្តអន្តរជាតិ

នៅក្នុងនីតិអន្តរជាតិ ពុំមានអាជ្ញាធរខាងក្រៅណាផ្សេង និងកំពូលនៅពីលើរដ្ឋនីមួយៗឡើយ។តុលាការអចិន្ត្រៃយុត្តិធម៌អន្តរជាតិ (ស្ថាប័នយុត្តិធម៌នៃសង្គមប្រជាជាតិ) បានប្រកាសនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនមួយ (l’Affaire de Lotus en 1927) ថាៈ “វិធាននៃនីតិដែលចងកាតព្វកិច្ចរដ្ឋនិងរដ្ឋ កើតចេញមកពីឆន្ទៈរបស់រដ្ឋដែលបង្ហាញឆន្ទៈនោះ” ។ បទដ្ឋានអន្តរជាតិ មានលក្ខណៈមិនដាច់ខាត និងអាចយកទៅអនុវត្តបានតែចំពោះរដ្ឋដែលបានព្រមព្រៀងទទួលស្គាល់បទដ្ឋាននោះប៉ុណ្ណោះ។

• បញ្ហានៃការគោរពនីតិអន្តរជាតិ

តើមានអំណាចអ្វីមកចាប់បង្ខំដែរឫទេ ក្នុងករណីដែរដ្ឋនីមួយៗមិនគោរពតាមវិធាននៃនីតិអន្តរជាតិ។ ដោយហេតុថាមិនមានអាជ្ញាធរកំពូល(រួមទាំងយន្តការនៃទណ្ឌកម្ម) តើនរណាអាចបកស្រាយ និងដាក់ទណ្ឌកម្មទៅលើអំពើដែលផ្ទុយទៅនឹង អត្ថិភាពក៏ដូចជាសណ្តាប់ធ្នាប់គតិយុត្តអន្តរជាតិ? ជារឿយៗ តែងតែមានការរិះគន់ទៅលើភាពមិនមានប្រសិទ្ធភាពរបស់ច្បាប់អន្តរជាតិ ចំពោះការគោរពវិធានជាធរមាននៃសង្គមអន្តរជាតិ (ឧ. ភាពគ្មានអំណាចរបស់អង្គការសហាប្រជាជាតិ ធ្វើឲ្យអង្គការនេះមិនអាចលុបបំបាត់ និងដោះស្រាយវិវាទប្រដាប់អាវុធទាំងឡាយ ដើម្បីជួយសង្គ្រោះដល់តំបន់មួយចំនួនក្នុងពិភពលោកបានលើយ)។ តាមរយៈអំពើនិងសកម្មភាពរបស់ខ្លួន រដ្ឋនីមួយៗត្រូវបង្ហាញពីឆន្ទៈយ៉ាងមុតមាំថាវិធាននៃនីតិអន្តរជាតិ គឺជាវិធានដែលមានលក្ខណៈដាច់ខាត។ រដ្ឋនីមួយៗគោរពវិធាននៃនីតិអន្តរជាតិ ព្រោះរដ្ឋទាំងនោះមានឆន្ទៈក្នុងការអនុវត្តកាតព្វកិច្ច។

គ. មូលដ្ឋាននៃសណ្តាប់ធ្នាប់គតិយុត្តអន្តរជាតិ
[កែប្រែ]

ចាប់តាំងពីសតវត្សទី១៦ដល់សតវត្សទី១៨ ទ្រឹស្តីដែលលេចធ្លោជាងគេគឺទ្រឹស្តីនៃច្បាប់ធម្មជាតិ។ Vitoria និង Suarez ជនជាតិអេស្ប៉ាញនៅសតវត្សទី១៦ និងជាពិសេស ជនជាតិហូឡង់ឈ្មោះ Hugo de Groot ហៅ Grotuist (១៥៨៣-១៦៤៥) ជាអ្នកនិពន្ធដំបូងគេដែលបានធ្វើការបកស្រាយថា នីតិអន្តរជាតិ វិធាននៃនីតិអន្តរជាតិ គឺជាវិធាននៃច្បាប់អន្តរជាតិ ដែលកើតចេញមកពីតម្លៃរបស់មនុស្សពីធម្មជាតិ តាម រយៈអាទិទេពដែលកើតមានមុនអ្វីៗទាំងអស់។ នៅសតវត្សទី១៩ គេសង្កេតឃើញមានទ្រឹស្តីមួយទៀតហៅថា ជាក់ស្តែងនិយម (Positivisme)។ តាមរយៈប្រព័ន្ធគំនិតនៃទ្រឹស្តីនេះ នីតិអន្តរជាតិមិនមែនកើចេញមកពីអទិទេព ហើយក៏មិនមែនកើតចេញពីធម្មជាតិដែរ តែវាជាវិធានដែលកើចេញពីឆន្ទៈរបស់រដ្ឋនីមួយៗ។ នៅក្មុងទ្រឹស្តីជាក់ស្តែងនិយមនេះ គេសម្គាល់ឃើញមាននិន្នាការនៃការគិតច្រើនយ៉ាង៖ - ក្រុមអ្នកវត្ថុវិស័យនិយម (les objectivistes) នាំមុខដោយលោក G. Scelle និងលោក M. Bourquinបានអះអាងថា រដ្ឋនីមួយៗគោរពនិងអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយសារមានការបង្ខំពីសង្គម ហើយនីតិអន្តរជាតិត្រូវបានបង្កើតឡើងស្របតាម ភាពចាំបាច់និងតម្រូវការរបស់សណ្តាប់ធ្នាប់សង្គម និងតាមគោលដៅដ៏ឥតខ្ចោះមួយ។ - ក្រុមឆន្ទៈនិយម (les volontaristes) (D. Anzilloti) បានអះអាងថាលក្ខណៈដាច់ខាតនៃនីតិ អន្តរជាតិកើតចេញអំពីឆន្ទៈរបស់រដ្ឋ។ ទ្រឹស្តីនេះ ឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលការណ៍អធិបតេយ្យរដ្ឋ។ - បទដ្ឋាននិយម (le mormativisme) គឺជាទ្រឹស្តីមួយនៃមនុស្សភាតិចជាងគេ។ តាមលោក H. Kelsen នីតិអន្តរជាតិមានភាពស្មុកស្មាញណាស់ ដោយរដ្ឋនីមួយៗជាប់កាតព្វកិច្ចតាមរយៈបទដ្ឋានដំបូងមួយដែលគ្មានលក្ខណៈគតិយុត្ត ប៉ុន្តែ ចាប់បង្ខំឲ្យរដ្ឋខ្លួនឯងអនុវត្ត។