បញ្ចពិធកល្យាណី
នៅក្នុងគម្ពីរធម្មបទខុទ្ទនិកាយមាននិយាយ អំពីលម្អទាំងប្រាំប្រការ របស់ស្ត្រីពោលគឺ មានការរៀបរាប់អំពីលម្អរបស់នាងវិសាខា ។ លម្អទាំង៥នោះគឺ ៖
- កេសកល្យាណ = លម្អសក់
- មំសកល្យាណ = លម្អសាច់ (បបូរមាត់ អញ្ចាញធ្មេញ ផ្នត់ក កំភួនដៃ ។ល។)
- អដ្ឋិកល្យាណ = ល្អឆ្អឹង (ក្រចក ធ្មេញ ម្រាម)
- វយកល្យាណ = លម្អវ័យ (ចាំសាច់ឬសាច់ចាំ)
លម្អសក់
[កែប្រែ]សក់ជាគ្រឿងលម្អរបស់ស្ត្រី ដែលស្ត្រីចូលចិត្តរៀបចំតុបតែងវេញ ក្រង បួង អ៊ុត លាបប្រេងឲ្យរលើបក្រអូប ដើម្បីលើកសម្រស់ និងសោភ័ណភាពរបស់នារី ឬស្ត្រីឲ្យកាន់តែល្អប្រកបដោយការទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញ។
ឧទាហរណ៍ នៅក្នុងរឿងកាកីទំព័រ៦ថា កាយកើតអស្ចារ្យ អំពីផ្កាកា ណិកាសោភី ភក្ដ្រាសោភ័ណ ដូចចន្ទបូណ៌មី សក់ដូចភមរី រលើបខ្មាញ់ខ្មៅ។ មានកំណាព្យមួយទៀតក៏បានបញ្ជាក់អំពីសក់របស់នារី ដែលនាំឲ្យបុរសចាប់ចិត្តស្នេហាដែរថា “សក់វែងអន្លាយរំសាយសព្វ ធុំក្លិនទឹកអប់ស្រស់វរលក្ខណ៍ ឃើញភ្លាមចិត្តរៀមប៉ងស្ម័គ្រ តើស្រស់វលក្ខណ៍ស្ម័គ្របងទេ?”។
លម្អសាច់
[កែប្រែ]ការថែរក្សាសាច់ឲ្យល្អ គឺជាចំណង់ចំណូលចិត្តរបស់ស្ត្រីគ្រប់សម័យកាលទាំងអស់។ ដូចក្នុងសម័យបច្ចុប្បន្ននេះគេថានារី ឬស្ត្រីមានសាច់ល្អ ព្រោះបានត្រាំទឹកដោះគោ។ ការបន្ទុំសាច់ពេលចូលម្លប់របស់នារីជំនាន់ដើម។ ឧទាហរណ៍ សម្រស់សាច់របស់នាងកាកីទំព័រ៧ថា ថ្ពាល់ទាំងសងខាងដូចផ្លែម៉ាក់ប្រាង បំព្រងផង់ផូរ នាសាសមសល់ ដូចកលគំនូរ ជាងចេះគន់គូរ សួនសមសោភា។
លម្អឆ្អឹង
[កែប្រែ]ជាពិសេសបញ្ហាធ្មេញល្អ ធ្មេញត្រឹម។ ដូចបទចម្រៀងបុរាណច្រៀងថា សារិកាកែវអើយ សារិកាកែវកើច បងលោមឲ្យសើច ចង់ឃើញជើងធ្មេញ បងគន់ជើងសក់រត់ជួររមេញ បងគន់ជើងធ្មេញត្រឹមដូចគេក្រី។ ឯលម្អធ្មេញរបស់នាងកាកី ក៏អ្នកនិពន្ធបានបញ្ចេញទឹកដៃតាមរយៈកំណាព្យថា “ធ្មេញខ្មៅរលីករលងប៉ផ្លេក ដូចនិលរតនាកកបល្អលន់ គូរគន់ដូចនា ត្របកបទុមា រាយរីកស្រស់ស្រី។ រីឯរឿងរាមកេរ្តិ៍ខ្សែ៤ ទំព័រ២៥ បង្ហាញអំពីធ្មេញនាងសីតា ថា “ចាំធ្មេញខ្មៅជិត ដូចអ្នកប្រកិតនិលរត្ន័ថ្លៃ បងគន់សំគាល់នៃអម្បាលរូបដ៏ប្អូនបង”។
លម្អសម្បុរស្បែក
[កែប្រែ]នារីតែងប្រាថ្នាចង់បានសម្បុរស្បែកល្អ។ ទំនៀមទំលាប់បុរាណបានឲ្យកូនស្រីចូលម្លប់ តាំងពីពេលដែលនាងចាប់មានរដូវគ្រាដំបូង ដើម្បីបន្ទុំសម្បុរស្បែកឲ្យភ្លឺថ្លាផូរផង់។ នារីចូលចិត្តពាក់អាវដៃវែង គឺកុំឲ្យត្រូវកំដៅថ្ងៃ ដើម្បីឲ្យសម្បុរស្បែកបានល្អ។ ឧទាហរណ៍ ក្នុងរឿងទំព័រ២៥ក៏បានបញ្ជាក់អំពីសម្បុរសរបស់នាងសីតាដែរថា “បងចាំសម្បុរប្អូនជិត ក្រៃលែងស្រលិត លឿងខៀវដ៏កន្លង វាប្លែកសម្បុរសនោះដ៏បីដង មួយថ្ងៃផ្សឹងៗបំព្រងទុំ”។
លម្អវ័យ
[កែប្រែ]ស្ត្រីដែលមានអាយុច្រើនហើយ តែសាច់នៅតែល្អ ដែលគេហៅថាចាំសាច់ ឬសាច់ចាំ។ ដូចកនាងវិសាខា ទោះជាមនុស្សអាយុច្រើនទៅជាជីដូនរបស់គេទៅហើយ ក៏សាច់នៅតែល្អស្មើនឹងចៅរបស់គាត់ដែរ។ ជាធម្មតាវ័យរបស់មនុស្សមាន៣ គឺបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ។ គឺយាយ វិសាខាឋិតក្នុងបច្ឆិមវ័យទៅហើយ ក៏សម្រាប់របស់គាត់នៅតែល្អ មានន័យថា សាច់នៅតែល្អ ស្រដៀងនឹងសាច់ចៅៗស្រីៗរបស់គាត់ដែរ។ នេះជាបំណងប្រាថ្នារបស់នារី និងស្ត្រីទូទៅដែលតែងចង់បានរូបរាងឲ្យល្អដូចនាងវិសាខា ដូចពាក្យដែលនារី ឬស្ត្រីតែងធ្វើការបួងសួងថា “សូមមានតំរិះដូចនាងអមរា មានប្រាជ្ញាដូចព្រះមហោសថ ”។
ជាការពិតណាស់ ធម្មជាតិនៃមនុស្ស ក៏ប្រកបដោយការប្រែប្រួលទៅតាមសច្ចភាពថា កើត ចាស់ ឈឺ ស្លាប់។ ដូចកំណាព្យគុកកាមកិលេសថា “ឃើញធ្មេញសណ្ដក ស្បែកចេះតែសក ភ័យខ្លាចឆាប់ចាស់ ថ្ពាល់ចេះតែខូង ភ្នែករូងរហ័ស ក្មេងសោះប្ដូរផ្លាស់ ជាចាស់ទៅហើយ”។ …”កើត ស្លាប់ទៅមក ដូចទឹករលក អន្ទោលតាមគ្នា មួយងើបលិចទៅ ឥតនៅរេរា មួយទៀតងើបជារលកកម្មផល”។
ដូចនេះចំពោះលម្អស្ត្រីទាំង ៥ ដែលបានរៀបរាប់មកនេះ ក៏តែងប្រែប្រួលទៅតាមត្រៃលក្ខណ៍យ៉ាងទៀងទាត់ពិតប្រាកដ ។
បទចម្រៀងបញ្ចពិធកល្យាណី
[កែប្រែ]បទនេះច្រៀងដោយលោក ស៊ិន ស៊ីសាមុត ជាទំនុកចង្វាក់បូសាណូវ៉ា មិនដឹងថាត្រូវបានតែងឡើងនៅឆ្នាំណា និង ដោយអ្នកនិពន្ធណាទេ បើលោកអ្នកបានដឹងសូមជួយបំពេញផង ។
១. ឱនារីដែលបងពេញចិត្ត ស្មើនឹងជីវិត គឺបញ្ចពិធកល្យាណី
មានតែអូនទេដែលចិត្តបង បំណងបេតី ក្រោមមេឃលើដីគ្មានស្រីផ្ទឹមបាន ។
២. តាំងពីកើតមកបងមិនដែល ឃើញឡើយណាអូន រូបដូចគេសូនពីសួគ៌ាស្ថាន
រូបសម្រស់សម្ផស្សទាំង៥ បំភ្លេចមិនបាន ខ្វល់ខ្វាយក្នុងប្រាណរាល់សាយបាត (1) ។
R. រាមចង់បានតែបញ្ចពិធកល្យាណី ទោះបីលំបាកក៏ខំសង្វាត
បើសិនបានកល្យាណមកហើយ មិនឲ្យអូនឃ្លាត រាប់រយជាតិបងសូមថ្នមបី ។
៣. បើសិនជាវាចាមិនសម នាំអន់ចិន្តា សូមតែមេត្តាណាកល្យាណី
កុំបំភ្លេចពាក្យពេចន៍សម្តី ដែលទន្សាយព្រៃ អង្វររស្មីនៃព្រះចន្ទ្រា (x2)
(1) សាយបាត មានន័យថា វេលាល្ងាចព្រឹក មកពីពាក្យ សាយំ ប្រែថា វេលាល្ងាច និង ពាក្យ បាតោ ប្រែថា វេលាព្រឹក ។