បដាចារា
នាងបដាចារ ឬបដាចារថេរី ជាសាវ័កដ៏ឆ្នើម មួយ រូបនៅសម័យពុទ្ធកាល ដែលនាងមានជំនាញខាងទ្រទ្រង់ព្រះវិន័យ ។ អក្សរសីល្ប៍ខ្មែរបែបពុទ្ធនិយម គឺជារឿងមួយដែលមានប្រជាប្រិយភាព និង មានផលិតកម្មជាច្រើន កំពុងថតរឿងនេះជាភាពយន្ត និងចម្រៀងខារាអូខេ ។
ប្រវត្តិរូប
[កែប្រែ]នាងបដាចារ ដែលពីកុមារីឈ្មោះថាសេដ្ឋីធីតា បានកើតក្នុងត្រកូលសេដ្ឋី មួយ (ចូឡសេដ្ឋី) ស្ថិតនៅក្នុងក្រុងសាវត្ថី មានទ្រព្យសម្បត្តិ ៤០ កោដិ ។ សេដ្ឋីនោះមានកូន ២ នាក់ ប្រុសម្នាក់ (បង) នាងជាកូនទី ២ (កូនពៅ) ហើយក៏ជាកូនជាទីស្រលាញ់បំផុតរបស់មាតា និងបិតាផងដែរ ។
ប្រវត្តិនៃការសិក្សា
[កែប្រែ]កុមារីដ៏ស្រស់ប្រិមប្រិយនៅពេលដែលមានអាយុល្មមចូលរៀនហើយមាតា បិតាក៏បានបញ្ជូនឲ្យទៅសិក្សារៀនសូត្រនៅឯសាលាជាមួយនឹងកូនៗរបស់សេដ្ឋីដទៃទៀត ។ សេដ្ឋីធីតាគឺជាក្មេងឆ្លាតបំផុតក្នុងការសិក្សា និងជាក្មេងរួសរាយរាក់ទាក់ជាមួយនឹងភក្តិ លោកគ្រូ អ្នកគ្រូដោយមិនរើសអើង និងប្រកាន់ឫកពារអ្វីឡើយ ។ នាងត្រូវបានការលើកសរសើរជារឿយៗពីលោកគ្រូ អ្នកគ្រូថាជាក្មេងជាឆ្លាត ពូកែ និងរួសរាយជាងគេ ជាពិសេសការមិនរើសអើង និងមិនចេះប្រកាន់ឫកពារឬក្រអើតក្រទមឡើយ ។ ម្យ៉ាងទៀត នាងត្រូវបានទទួលការស្រលាញ់រាប់អានពីលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ សូម្បីតែអ្នកបម្រើ ។
ប្រវត្តិស្នេហា និងគ្រួសារ
[កែប្រែ]បដាចារធីតា ឬសេដ្ឋីធីតា នៅពេលដែលមានវ័យវឌ្ឍនាការធំធាត់ឡើង នៅអាយុ ១៦ ឆ្នាំ ក្រោយពីរៀនចប់ទៅមាតាបិតាក៏បញ្ឈប់ឲ្យទៅរៀន ។ សេដ្ឋីធីតាពេលនាងពេញវ័យហើយ នាងមានរូបឆោមលោមព័ណ៍ស្រស់ស្អាតណាស់ ស្អាតជាងគេលើសក្មេងស្រីទាំងឡាយ ។ មានថ្ងៃមួយមាតាបិតាបានសង្កេតឃើញកូនតែងតែចេញទៅគយគន់ផ្កាក្នុងសួន និងបេះផ្កាមកថើបជារឿយៗ ទើបរៀបចំចាត់ចែងឲ្យអ្នកថែសួនកម្លោះមុខស្រស់ រាងសង្ហា និងជាអ្នកឧស្សាហ៍ម្នាក់ ឲ្យមករៀបចំសួនផ្កា និងថែរក្សាសួនផ្កានោះជាប្រចាំនៅក្បែរប្រាសាទទាំង ៧ ជាន់របស់នាងធីតាក្រមុំ ដើម្បីកុំឲ្យកូនក្រមុំរូបស្រស់សោភារបស់ខ្លួនពិបាកទៅគយគន់សួននៅឆ្ងាយ ។
មិនយូរប៉ុន្មាន ដោយភ្លើងក្រមុំព្រហ្មចារី នាងបានឃើញបុរសអ្នកបម្រើ (អ្នកថែសួន) ខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាមយាមក្នុងងារថែសួន ព្រមទាំងមានរាងសង្ហាផងទើបបណ្តាលឲ្យនាងមានចិត្តប្រតិព័ទ្ធសេ្នហាជាមួយនឹងមាណពកំលោះអ្នកថែសួននោះ រហូតបានដេករួមរស់ជាមួយគ្នា (លួចលាក់) បំពានច្បាប់ទម្លាប់ និងប្រពៃណី ។ ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែមានបុត្ររបស់សេដ្ឋីមកពីត្រកូលផ្សេងមកចូលស្តីដណ្តឹងនាង ហើយមាតា បិតារបស់ក៏បានលើកនាងឲ្យទៅបុត្រសេដ្ឋីនោះ ។ ប៉ុន្តែ នាងមិនសុខចិត្តរៀបការជាមួយនឹងបុរសផ្សេងឡើយ ទើបបានបបួលមាណពរត់ចេញពីផ្ទះទៅរស់នៅឲ្យឆ្ងាយផុតពីអាពាហ៍ពិពាហ៍បង្ខិតបង្ខំមួយនេះ ។ ពួកនាងបានទៅរស់នៅក្នុងភូមិមួយដាច់ស្រយាល ដែលពុំមានអ្នកណាស្គាល់នាង និងមាណពឡើយ ។
មួយឆ្នាំក្រោយមក នាងក៏មានគភ៌ ហើយស្រាប់តែនាងមានអារម្មណ៍នឹកឪពុក ម្តាយ ណាមួយព្រួយបារម្ភនៅពេលសម្រាលកូនក្រែងគ្មានអ្នកជួយមើលថែ និងយកចិត្តដូចឪពុកម្តាយ ទើបទទូចសុំប្តីទៅលេងឪពុកម្តាយ តែត្រូវបានប្តីប្រកែក ។ លុះដល់គភ៌ចាស់ហើយនាងកាន់នឹកដល់ឪពុកម្តាយខ្លាំងឡើងៗ ទើបលួចដោយមិនប្រាប់ប្តីឲ្យដឹងឡើយ ព្រោះខ្លាចក្រែងប្តីមិនឲ្យទៅ ។ ប៉ុន្តែ ជាចៃដន្យមានអ្នកភូមិម្នាក់ដឹង ទើបមកប្រាប់ប្តីនាងឲ្យដឹង ។ មាណពបានរត់ទៅតាមរកហើយបបួលយកមកវិញដោយប្រាប់នាងថាចាំថ្ងៃក្រោយចាំទៅលេងពួកគាត់ ។
ភ្លេចខ្លួនៗ ២ ឆ្នាំក៏កន្លងផុតទៅ នាងក៏មានគភ៌ជាលើកទី ២ ហើយក៏ទទូចសុំប្តីទៅលេងឪពុកម្តាយម្តងទៀត ដោយការសន្យាពីមុនមកផងទើបមាណពជាប្តីមិនហ៊ានប្រកែកក៏សម្រេចចិត្តជូនប្រពន្ធទៅ ដោយគិតថាទោះស្លាប់ឬរស់ក៏ដោយ ។ កំពុងតែធ្វើដំណើរទៅតាមផ្លូវ យប់ងងិតព្រាងៗ (ព្រលប់) ស្រាប់តែមានភ្លៀង ផ្គរខ្យល់រន្ទះបានបង្អុរឡើយ ហើយជាចៃដន្យនាងក៏ឈឺពោះសម្រាលកូននៅទីនោះ ។ ប្តីនាងបានចេញទៅរកកាច់មែកឈឺ និងអុសយកមកទ្រាប់ និងទុកដុតសម្រាប់ឆ្អើរប្រពន្ធក្រោយពីសម្រាលហើយ តែជាអកុសលមនុស្ស សត្វតែងប្រព្រឹត្តទៅតាមកម្ម មាណពនោះក៏ត្រូវពស់ខាំស្លាប់កណ្តាលព្រៃក្បែរដំបូកទៅ ។ មិនឃើញប្តីត្រឡប់មកវិញកូនក៏សម្រាលមក នាងចាំបាត់ៗ តាំងពីព្រលប់ ពាក់កណ្តាលអាធ្រាត រហូតដល់ភ្លឺនៅតែមិនឃើញប្តីមក ទើបពរកូន និងដឹកដៃកូនបងទៅដើររកប្តី ស្រាប់តែទៅប្រទះឃើញប្តីដេកដួលស្លាប់នៅក្បែរដំបូក ។ នាង និងកូនស្រែកទ្រហោយំ សោកស្តាយ អាឡោះអាល័យរកអ្វីមកប្រៀបពុំបាន ។ ទុកដាក់សពប្តីរួច នាងសម្រេចថាទៅតែបីនាក់ម៉ែកូនក៏បាន ។ ទៅដល់ស្ទឹងមួយ ស្រាប់តែមានទឹកពេញប្រៀបព្រោះភ្លៀងពីយប់ ។ ដោយឆ្លងទៅទាំង ៣ នាក់មិនកើត ទើបនាងយកកូនតូចទៅទុកនៅច្រាំងត្រើយម្ខាងមុន ត្រឡប់មកវិញដល់ពាក់កណ្តាលស្ទឹងស្រាប់តែមានសត្វខ្លែងធំមួយហើរមកឆាបយកទារកនោះទៅ ។ នាងស្រែកបក់ដៃឲ្យខ្លែងទម្លាក់កូនតូចរបស់ខ្លួន លុះកូនច្បងឃើញដូចនោះ ស្មានតែម្តាយបក់ដៃហៅ កូនប្រុសច្បងនោះក៏ដើរចុះទៅក្នុងទឹក ហើយទឹកក៏បានកួចយកកុមារតូចបាត់ទៅ ។
ឃើញសភាពដូច្នោះ នាងធីតាពិតជាលំបាកចិត្តស្ទើរសន្លប់ក្នុងទឹក តែនាងបានប្រវេប្រវាឡើងទៅលើច្រាំងបានក៏សន្លប់ស្តូកស្តឹងតែម្នាក់ឯង ។ ពេលនាងដឹងខ្លួនឡើង ក៏ដើរតម្រង់ទៅផ្ទះឪពុកម្តាយដើម្បីរៀបរាប់ប្រាប់ពីទុក្ខលំបាករបស់ខ្លួនឲ្យឪពុកម្តាយស្តាប់ ។ ពេលទៅដល់ផ្ទះ នាងស្រាប់ឃើញផ្ទះរលំអស់ ព្រោះខ្យល់ព្យុះពីយប់ និងឃើញគេកំពុងរៀបចំបូជាសពទាំង ៣ នាក់ ដែលជាឪពុក ម្តាយ និងបងប្រុសរបស់នាង ។ នាងឃើញដូច្នោះ ក៏សន្លប់បាត់ស្មារតី នាងដឹងខ្លួនហើយក៏សន្លប់ទៀត ដឹងខ្លួនហើយក៏សន្លប់ម្តងទៀត ។ ពេលដឹងខ្លួនចុងក្រោយ នាងក៏វង្វេងស្មារតី អស់ និងលែងដឹងខ្លួនឯងថាជាអ្នកណាទៀតហើយ នាងដើរច្រៀងផង យំផង ស្រែករកប្តី រកកូនផង និងរកឪពុក ម្តាយផង ។ ជាងនេះទៅទៀត នាងដើរស្រាតសម្លៀកបំពាក់ ខោអាវអស់ ស្ទើរ លែងក្លាយជាមនុស្សម្នា ។
ប្រវត្តិនៃការសាងផ្នួស
[កែប្រែ]ក្រោយពីឆ្កួតវង្វេង នាងចេះតែដើរគ្រប់ទីកន្លែង ស្រែកឡូឡាមិនឈប់ ។ មានថ្ងៃមួយ នាងដើរៗទៅដល់វត្តជេតពន ចំពេលដែលព្រះសម្មាសម្ពុទ្ធកំពុងសម្តែងព្រះធម៌ប្រោសបរិស័ទ ។ ព្រះអង្គក៏ត្រាស់ហៅនាងឲ្យចូលទៅអង្គុយស្តាប់ធម៌នឹងគេ ហើយបរិស័ទក៏ផ្លាស់សម្លៀកបំពាក់ឲ្យនាងដើម្បីឲ្យនាងបានអង្គុយស្តាប់ធម៌ស្រួល ។ គ្រានោះព្រះអង្គទ្រង់ត្រាស់ថា ៖ " យោ ច វស្សសតំ ជីវេ ឣបស្សំ ឧទយព្វយំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ឧទយព្វយំ ។ " ប្រែថា "បុគ្គលណា មិនឃើញនូវការកើតឡើង និងការវិនាសទៅ ទោះបីរស់នៅបាន ១០០ ឆ្នាំក៏ដោយ ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកឣ្នកដែលឃើញនូវការកើតឡើង និងការវិនាសទៅប្រសើរជាងការរស់នៅ ១០០ ឆ្នាំរបស់បុគ្គលនោះទៅទៀត ។" លុះនាងស្តាប់ធម៌ចប់ក៏បានសម្រេចសោតាបត្តិផល រួចនាងក៏ជ្រះថ្លាបានសូមបួសក្នុងសំណាក់ព្រះនាងបជាបតិគោតមី ។ ដោយការខិតខំប្រឹងប្រែងបតិបត្តិព្រះធម៌ មិនយូរប៉ុន្មាននាងក៏បានសម្រេចអរហត្តផល ។
ជំនាញក្នុងព្រះពុទ្ធសាសនា
[កែប្រែ]ព្រះនាងបដាចារថេរី គឺជាព្រះអរហន្តីមួយរូប ដែលក្រោយពីបានសម្រេចអរហត្តផលមកព្រះនាងបានខិតខំប្រឹងប្រែងសិក្សាព្រះវិន័យបានយ៉ាងល្អបំផុត រហូតដល់ព្រះនាងត្រូវបានទទួលរាប់អានពីភិក្ខុ ភិក្ខុនីទាំងឡាយឲ្យជួយដោះស្រាយវិវាទ ឬដោះស្រាយអធិករណ៍ផ្សេងៗនៅក្នុងព្រះសាសនា ។ មិនយូរប៉ុន្មានដោយភាពល្បីល្បាញ និងសមត្ថភាពនៃចំណេះដឹងនេះ ព្រះសម្មាសម្ពុទ្ធក៏ទ្រង់កោះហៅភិក្ខុ ភិក្ខុនីទាំងឡាយមកប្រជុំគ្នាហើយប្រកាសប្រាប់ថា ៖ " ឯតទគ្គំ ភិក្ខវេ មម សាវិកានំ ភិក្ខុនីនំ វិនយធរានំ យទិទំ បដាចារា ។" ប្រែថា " ម្នាលភិក្ខុទាំងឡាយ នាងបដាចារថេរីជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងទ្រទ្រង់ព្រះន័យ " គឹមានជំនាញច្បាស់លាស់ជាងភិក្ខុនីទាំងឡាយផ្នែកខាងវិន័យ ។
ការងារផ្សព្វផ្សាយព្រះពុទ្ធសាសនា
[កែប្រែ]– បានចូលរួមដោះស្រាយសំនួរផ្សេងៗដែលភិក្ខុ និងភក្ខុនីទាំងឡាយឆ្ងល់ទាក់ទងនឹងវិន័យ ។
– ចូលរួមរម្ងាប់អធិករណ៍ ឬដោះស្រាយវិវាទផ្សេងៗ
– ចូលរួមធ្វើសង្ឃកម្មនានា
– ចុះជួយអប់រំ និងបង្រៀនពុទ្ធវិន័យដល់ភិក្ខុនីទាំងឡាយ
– បានជួយអនុគ្រោះស្ត្រី ៣០ នាក់ឲ្យបានបួសជាភិក្ខុនី
– បានជួយនាងចន្ទាដែលគ្មានញាតិសន្តាន ព្រោះញាតិរបស់នាងបានកើតអហិវាតករោគ (រោគកើតពីខ្យល់មានពិសដូចពិសពស់ ឬហៅថារោគដំនួចពិស) ហើយនាងបានកាន់អំបែងដើរសុំទានគេអស់រយៈពេល ៧ ឆ្នាំ ឲ្យបួសជាភិក្ខុនីរហូតបានសម្រេចអរហត្តផល ។
– បានប្រោសដល់ស្ត្រីទាំង ៥០០ នាក់ដែលសុទ្ធតែមានកូនស្លាប់ទាំងអស់ឲ្យបានជាអរហន្តី
– បានចូលរួមផ្សព្វផ្សាយពង្រឹង និងពង្រីកគុណតម្លៃវិស័យសាសនាឲ្យមានប្រសិទ្ធភាព
– បានបន្សល់នូវគម្រូវិរភាពដ៏ឈ្លាសវៃ និងស្នាដែដ៏ល្អៗក្នុងព្រះវិន័យ ក៏ដូចជាក្នុងព្រះសាសនា រហូតបានចងក្រងទុកក្នុងគម្ពីរដិកាជាច្រើនមកដល់បច្ចុប្បន្ន ។
– រឿងរបស់នាងបានចូលរួមអប់រំក្នុងសង្គមជាច្រើនដូចជា ពេលខ្លះគេយកមកសម្តែងជាភាពយន្ត ជារឿងសម្រាប់សិក្សាក្នុងអក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយម ខ្លះគេយកមកថតជាចម្រៀងកាយវិកាជាដើម ។ រឿងនេះបានជ្រួតជ្រាបដល់សង្គមស្ទើរគ្រប់ស្រទាប់វណ្ណៈ ក្នុងការអប់រំពង្រឹងទឹកចិត្ត គំនិតស្មារតី គឺនៅពេលដែលជួបទុក្ខលំបាកប្រហាក់ប្រហែល ឬដូចទៅនឹងរូបនាងបដាចារ ។
បរិនិព្វាន
[កែប្រែ]ព្រះនាងបដាចារថេរី ក្រោយពីបំពេញភារកិច្ចក្នុងវិស័យព្រះពុទ្ធសាសនាអស់រយៈពេលជាច្រើនឆ្នាំមកព្រះនាងក៏នឿយណាយ និងអស់កម្លាំងកាយពលទ្រុឌទ្រោមគ្រាំគ្រាហើយផងដែរ ។ ជីវិតសត្វលោកកើតមកមិនទៀងតែងល្អៀងឃ្លាតទៅជាធម្មតា វាជាច្បាប់ធម្មជាតិ, សត្វលោកតែងរស់នៅក្រោមអំណាចនៃមច្ចុរាជមិនអាចហាមឃាត់បាន មិនយូរប៉ុន្មានបដាចារថេរីអរហន្តីក៏ចូលកាន់និព្វានទៅតាមទំនៀមនៃច្បាប់ធម្មជាតិទៅ ។ (មិនបានបញ្ជាក់ថាបរិនិព្វាននៅទីណា ពេលណានោះទេ)
សេចក្តីសន្និដ្ឋាន
[កែប្រែ]ជីវិតរបស់នាងបដាចារថេរីពិតជាស្មុគស្មាញ និងក្រៀមក្រំពិបាកនឹងទ្រាំបាន ឬទទួលយក ។ បញ្ហាខាងផ្លូវចិត្តរបស់នាងបដាចារ មានព្រះពុទ្ធជាអ្នកជួយបំភ្លឺផ្លូវ ផ្ដល់ការណែនាំឲ្យនាងមានសេចក្ដីសង្ឃឹម និងបន្តរស់នៅក្នុងជីវភាពយ៉ាងសាមញ្ញ ជាសាវកនៅក្នុងសង្គមពុទ្ធសាសនិកជន ។ នៅក្នុងសង្គមឥណ្ឌា ទោះជាអក្សរសិល្ប៍បែបព្រាហ្មនិយមក្ដី បែបពុទ្ធនិយមក្ដី យើងកម្រឃើញរដ្ឋាភិបាល (ស្ដេច ឬអ្នកគ្រប់គ្រងនិគមណាមួយ) គិតគូរជួយប្រជារាស្ត្រតាមរយៈការបង្កើតគម្រោង ឬកម្មវិធីផ្សេងៗដើម្បីឱ្យប្រជារាស្ត្រមានការងារធ្វើ ឬបង្កើតរបបសន្តិសុខសង្គមសម្រាប់ជួយកុមារតូចៗ សិស្សានុសិស្ស ស្ត្រីមេម៉ាយ ជនពិការ ជនអានាថា ឬមនុស្សចាស់ជរា ។ យើងសង្កេតឃើញមានតែការធ្វើទានម្ដងម្កាលហើយក៏ចប់ ពោលគឺមិនមានដំណោះស្រាយដែលមាននិរន្តរភាពទេ ។ សព្វថ្ងៃ មានមនុស្សប្រុសស្រីច្រើននាក់នៅលើពិភពលោកកំពុងជួបប្រទះការលំបាកខាងផ្លូវកាយ ដូចជាកង្វះខាតទីជម្រក សម្លៀកបំពាក់ ចំណីអាហារសម្រាប់ទ្រទ្រង់ជីវិតខ្លួនឯងផងនិងក្រុមគ្រួសារផង ។ មនុស្សខ្លះទៀតទោះបីមានទ្រព្យសម្បត្តិគ្រប់គ្រាន់ឬច្រើនលើសលប់ក៏ដោយ ក៏ពួកគេនៅមានបញ្ហាខាងផ្លូវចិត្តដែលធ្វើឲ្យពួកគេមិនអាចរស់នៅដោយរីករាយឡើយ ។ បញ្ហាជីវភាពប្រចាំថ្ងៃរបស់មនុស្ស គឺជាការទទួលខុសត្រូវរបស់បុគ្គលផ្ទាល់ខ្លួនផង និងជាភារកិច្ចរបស់រដ្ឋាភិបាលផង ដើម្បីផ្ដល់ឱកាសធ្វើការងារដល់ពួកគេដើម្បីចិញ្ចឹមជីវិតប្រសិនបើពួកគេអាចធ្វើការងារបាន និងផ្ដល់ជំនួយឧបត្ថម្ភជាប្រាក់កាស សម្លៀកបំពាក់ ទីជម្រក ឬអាហារូបត្ថម្ភប្រសិនបើពួកគេមិនអាចធ្វើការងារបាន ។ រដ្ឋាភិបាល ជាពិសេស ក្រសួងសង្គមកិច្ច ត្រូវមានថវិកាគ្រប់គ្រាន់សម្រាប់ជួយជនទាំងឡាយដែលកំពុងជួបការលំបាក និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពួកគេដើម្បីឱ្យពួកគេអាចធ្វើការ ឬរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងបាន ។ ចំពោះមនុស្សមានពិការភាព ឬបញ្ហាផ្លូវចិត្ត រដ្ឋាភិបាលត្រូវមានមន្ទីរពេទ្យ ឬមណ្ឌលសម្រាប់ផ្ដល់សេវាពិគ្រោះយោបល់ និងជួយព្យាបាលពួកគេឱ្យអាចស្ដារលទ្ធភាពពលកម្ម និងអាចចូលរួមក្នុងសកម្មភាពសង្គមតាមលទ្ធភាពរបស់ពួកគេ ។ វត្តអារាម និងភិក្ខុសង្ឃគួរចូលរួមយ៉ាងសកម្មនៅក្នុងការជួយសង្គមនៅក្នុងវិស័យនេះផងដែរ ។ ចំណែកសាលារៀន និងគ្រូបង្រៀនវិញក៏ត្រូវមានចំណែកយ៉ាងសំខាន់ផងដែរនៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ចជាតិ និងសន្តិភាពសង្គម ។
អនុសាសន៍
[កែប្រែ]ដូច្នេះ ជីវិតរបស់បុគ្គលម្នាក់ៗ ក៏ត្រូវតែចេះកែប្រែផងដែរ ដោយអាចកែប្រែបានតាមរយៈការអប់រំពីមជ្ឈដ្ឋានផ្សេងៗ រួមមានការសេពគប់ និងការសិក្សារៀនសូត្រពីសាលារៀនជាដើម ។ មិនត្រូវបណ្តោយជីវិតឲ្យស្ថិតនៅក្នុងភាពល្ងិតល្ងង់ ឬបណ្តោយឲ្យទុក្ខគ្របសង្កត់ឡើយ និងមិនត្រូវណ្តោយឲ្យលោភៈ ទោសៈ មោហៈ និងលោកធម៌អូសទាញចិត្តនោះទេ ។ ពេលមានទុក្ខ ត្រូវចេះរកវិធីដោះស្រាយដោយសន្តិវិធី ឬដោយប្រាជ្ញា ។ ប្រសិនបើបុគ្គលម្នាក់កើតមកភ្លឺ គាត់មិនត្រូវស្លាប់ទៅវិញងងិតទេ ប្រសិនបើបុគ្គលម្នាក់កើតមកងងិត គាត់មិនត្រូវស្លាប់ទៅវិញងងិតដដែលទេ ពោលគឺគាត់ត្រូវទៅវិញភ្លឺ ហើយប្រសិនបើកើតមកភ្លឺ គាត់ក៏ត្រូវស្លាប់ទៅវិញក៏ភ្លឺដែរ ទើបជីវិតនេះមានតម្លៃ និងប្រសើរឡើង ។
ឯកសារយោង
[កែប្រែ]1. គម្ពីរធម្មបទភាគ៤
2. ជីវៈប្រវត្តិអគ្គសាវិកា ភាគ ១
3. បទានុក្រមបាលី ខ្មែរ