បណ្តាញយុវជនកម្ពុជា
ប្រវត្តិ
[កែប្រែ]ការចាប់កំណើត
[កែប្រែ]បណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩។ ប.យ.ក គឺជាសមាគមយុវជនសមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យមួយដែល កំពុងធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន ទាំងសិស្ស និស្សិតនៅតាមសាលា សាកលវិទ្យាល័យ និងយុវជននៅតាមសហគមន៍។ ការបង្កើត បណ្តាញយុវជនកម្ពុជាឡើង ក្នុងវត្ថុបំណង ពង្រឹងសិទ្ធិអំណាចយុវជន ឱ្យយុវជនចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន និងជម្រុញឱ្យមានការអភិវឌ្ឍជាវិជ្ជមាន ស្របតាមទ្រឹស្តី “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរ”។ ប.យ.ក ធ្វើការផ្តោតសំខាន់លើការពង្រឹងសិទ្ធិអំណាច និងការអភិវឌ្ឍសមត្ថភាពយុវជនតាមរយៈការផ្តល់ការអប់រំ និងបណ្តុះបណ្តាលដល់យុវជន។
ចាប់តាំងពីឆ្នាំ២០១១ បណ្តាញយុវជនកម្ពុជា ធ្លាប់បានបណ្តុះបណ្តាលយុវជនជាច្រើនរយនាក់អំពី ការចងក្រងសហគមន៍ វិធីសាស្ត្រក្នុងការតស៊ូមតិ ភាពជាអ្នកដឹកនាំ ការអភិវឌ្ឍន៍ខ្លួនឯង ច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបរិស្ថាន។ លើសពីនេះទៅទៀត ប.យ.ក ក៏ផ្តល់នូវការបណ្តុះបណ្តាលភាសាអង់គ្លេស និងកុំព្យូទ័រដែលអាចផ្តល់លទ្ធភាពដល់យុវជន និងយុវវ័យក្នុងការទទួលបាននូវចំណេះដឹងជាមូលដ្ឋាននៃការប្រើប្រាស់បណ្តាញសង្គម ហើយក៏ជាស្ពានមួយសម្រាប់យុវជនក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សមត្ថភាពដោយខ្លួនគេផ្ទាល់ និងការកសាងបណ្តាញយុវជននៅកម្ពុជា។
ក្រៅពីសកម្មភាពពង្រឹងសិទ្ធិអំណាចយុវជន និងអភិវឌ្ឍន៍សមត្ថភាពយុវជន ប.យ.ក បានកំពុងធ្វើការលើកកម្ពស់ឱ្យយុវជនចូលរួមនៅក្នុងសកម្មភាពសង្គម សិទ្ធិមនុស្ស និងសហគមន៍។ សកម្មភាពរបស់យុវជនក្នុងកិច្ចការសហគមន៍ បានធ្វើឱ្យទំនាក់ទំនងរបស់យុវជននៅតាមទីក្រុង យុវជនសហគមន៍ ប្រជាពលរដ្ឋសហគមន៍ និងជនដែលរងគ្រោះដោយការរំលោភសិទ្ធិមនុស្សនៅជិតគ្នា ហើយធ្វើការគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហារួម។ លើសពីនេះ ប.យ.ក បានធ្វើការយ៉ាងសកម្មលើយុទ្ធនាការតស៊ូមតិដើម្បីការពារ និងអភិរក្ស ធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន និងជម្រុញឱ្យមានការប្រើប្រាស់ធនធានទាំងនេះ ឱ្យមានតម្លាភាព និងនិរន្តរភាព។ ប.យ.ក បានកំពុងធ្វើការសហការក្នុងភាពជាដៃគូជាមួយអង្គការ សមាគម សហគមន៍ បណ្តាញ សហជីព ក្រុមក្លឹប ក្នុងការធ្វើការរួមគ្នាដើម្បីលើកកម្ពស់ និងជម្រុញឱ្យមាននីតិរដ្ឋ ប្រជាធិបតេយ្យ សន្តិភាព ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
អំពីទស្សនៈវិស័យ
[កែប្រែ]សមាគមបណ្តាញយុវជនកម្ពុជា ចង់បាននូវសង្គមកម្ពុជាមាន សន្តិភាព សេរីភាព ប្រកាន់នូវគោលការណ៍ លទិ្ធប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋ យុវជនមានសមត្ថភាពក្នុងការបំពេញការងារ ដោយមានការគាំពារផ្នែកសង្គម និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
អំពីបេសកកម្ម
[កែប្រែ]សមាគមបណ្តាញយុវជនកម្ពុជា មានបេសកកម្មដូចតទៅ៖
- ពង្រឹងអំណាចយុវជន តាមរយៈការចងក្រង និងបណ្តុះបណ្តាលនូវមុខជំនាញផ្សេងៗ
- លើកកម្ពស់ការចូលរួមរបស់យុវជន ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស
- ជំរុញឱ្យមាននីតិរដ្ឋ និងយុត្តិធម៌សង្គម
- ជំរុញឱ្យមានការចូលរួមការពារ ថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
- ទំនាក់ទំនង និង សហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ។
អំពីគោលដៅ
[កែប្រែ]យុវជនមានអំណាច និងសមត្ថភាពគ្រប់គ្រាន់ក្នុងការតស៊ូមតិ លើកកម្ពស់សិទ្ធិ និងផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌។
គុណតម្លៃ
[កែប្រែ]- គុណតម្លៃរបស់បណ្តាញយុវជនកម្ពុជា គឺគោរពតាមគោលការណ៍សហប្រតិបត្តិការណ៍ គណនេយ្យភាព តម្លាភាព យ៉េនឌ័រ និងការចូលរួមរបស់សមាជិកគឺជាគុណតម្លៃមួយយ៉ាងសំខាន់ក្នុងការធ្វើសកម្មភាព និងការសម្រេចចិត្ត។
- ការសហប្រតិបត្តិការណ៍៖ បណ្តាញយុវជនកម្ពុជា ធ្វើការសហប្រតិបត្តិការណ៍ជាមួយបណ្តាញ សហគមន៍ ក្លឹបយុវជន យុវជសហគមន៍ អង្គការ សង្គមស៊ីវិល និងភ្នាក់ងារអភិវឌ្ឍន៍ដទៃទៀត ដោយសេរី និងស្មើភាពគ្នា ផ្អែកលើគោលដៅ និងការអភិវឌ្ឍរួម ការគោរពគ្នាទៅវិញទៅមក ការជឿជាក់ស្វ័យភាពរបស់អង្គការ ការគាំទ្ររយៈពេលវែង សាមគ្គីភាព និងភាពជាប្រជាពលរដ្ឋ។
- គណនេយ្យភាព៖ បណ្តាញយុវជនកម្ពុជា គោរពគោលការណ៍ គណនេយ្យភាព លើកកម្ពស់ការចូលរួមរបស់យុវជន ទទួលសំណូមពររបស់យុវជន និងឆ្លើយតបទៅតាមតម្រូវការរបស់យុវជន។
- តម្លាភាព៖ បណ្តាញយុវជនកម្ពុជា គោរពគោលការណ៍ តម្លាភាព ក្នុងនាមជាអង្គការស្របច្បាប់ដើម្បីឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយគុណភាព។ បណ្តាញយុវជនកម្ពុជា បើកទូលាយដល់សមាជិកឱ្យដឹងពីរបៀបនៃការស្វែងរកថវិកា និងការប្រើប្រាស់ថវិកាដែលមាន និងរបាយការណ៍ហិរញ្ញវត្ថុ។
- យេនឌ័រ៖ សមភាព និងសមធម៌យេនឌ័រខណៈពេលដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី ដោយការលើកកម្ពស់ និងអនុវត្តកិច្ចសហប្រតិបត្តិការណ៍ដោយរួមបញ្ចូលនូវសមភាពយេនឌ័រ ឆ្លុះបញ្ចាំនូវសេចក្តីព្រួយបារម្ភ និងបទពិសោធន៍នានារបស់ស្ត្រី ហើយគាំទ្រការប្រឹងប្រែងរបស់ស្ត្រី ដើម្បីឱ្យពួកគាត់យល់ដឹងពីសិទ្ធិរបស់ខ្លួនឯង និងសិទ្ធិសមូហភាព ដោយចូលរួមភ្នាក់ងារពង្រឹងអំណាចក្នុងដំណើរការ អភិវឌ្ឍន៍យ៉ាងពេញលេញ។