បណ្តាសាគ្រុឌ

ពីវិគីភីឌា
Jump to navigation Jump to search

មិត្តអ្នកអានបានជ្រាបច្បាស់មកហើយអំពីដើមហេតុដែលធ្វើឲ្យគ្រុឌស្អប់នាគ ដោយសារកើតឡើងពីកម្មពៀរទាំងឡាយ រវាងភរិយា២រូបរបស់ឥសីកស្សបៈ គឺនាងកាឌ្រុនិងនាងវីនីតា។

នាងកាឌ្រុប្រាថ្នាចង់បានកូនច្រើន បានក្លាយជាមាតានៃពពួកពស់(នាគ)រាប់ពាន់ក្បាល។

នាងវីនីតាដែលប្រាថ្នាចង់បានកូនតិចតែមានតេជៈខ្លាំងពូកែ ទើបនាងមានកូនតែ២នាក់គត់ ដែលកើតអំពីស៊ុត។ ដោយសារតែក្តីប្រាថ្នាចង់បានកូនតិចមានឫទ្ធិពូកែ ស៊ុតទាំង២នោះគឺកម្រនឹងញាស់ ដែលជាហេតុធ្វើឲ្យនាងវីនីតាអន្ទះសារ ទៅហែកស៊ុតមួយមកមើល ធ្វើឲ្យកូនទី១កើតដោយមិនគ្រប់ខែ​ មានឈ្មោះថាអារុណ (ពេលព្រឹកព្រលឹម) មានពន្លឺដែរតែមិនចែងចាំងមានតេជៈខ្លាំងឡើយ ហេតុនេះហើយទើបធ្វើឲ្យនាងវីនីតារងបណ្តាសាក្លាយជាទេសភាពនៅក្រោមនាងកាឌ្រុ នៅពេលភ្នាល់គ្នារឿងពណ៌កន្ទុយសេះ។ រីឯស៊ុតទី២ដែលជាកូនពៅរបស់នាងវីនីតាកើតបានគ្រប់ខែល្អ ក៏បានចាប់កំណើតជាសត្វគ្រុឌ(ថ្ងៃត្រង់) ដែលមានតេជៈរស្មីខ្លាំងអស្ចារ្យ ហើយអាចយកម្តាយចេញពីទាសភាព ដោយសន្យាជាមួយនឹងពូជនាគថានឹងទៅយកទឹកអម្រិត មកប្តូរជាមួយនឹងសេរីភាពរបស់ម្តាយខ្លួន។

ដោយមិននិទានពីដំណើរទៅយកទឹកអម្រឹត និង ការសន្យាជាមួយព្រះវិស្ណុ គ្រុឌព្រមធ្វើជាយានជំនិះនោះ យើងមកនិទានអំពីគ្រុឌ បានដោះម្តាយចេញពីទាសភាព ហើយចងកំហឹងជាមួយពូជនាគ ដោយចាប់នាគជាចំណីអាហាររហូតស្ទើរផុតពូជ ទើបនាគសូមអង្វរ និងសន្យាធ្វើសំណែនដល់គ្រុឌ នៅរៀងរាល់យប់ដែលគ្មានព្រះច័ន្ទ ទើបគ្រុឌលែងស៊ីនាគជាចំណី។

ក្នុងចំណោមសត្វនាគទាំងអស់ មាននាគមួយដែលមានកម្លាំងខ្លាំងអស្ចារ្យ មានពិសសាហាវ ឈ្មោះថា នាគកាលីយ៉ា ដោយគិតថាខ្លួនក៏ខ្លាំងមិនចាញ់គ្រុឌដែរ បានទៅស៊ីសំណែនរបស់គ្រុឌនៅយប់ដែលគ្មានព្រះច័ន្ទ ធ្វើឲ្យគ្រុឌខឹង ទទះស្លាបត្រូវនាគកាលីយ៉ាស្ទើរស្លាប់ នាគកាលីយ៉ាត្រូវរត់គេចខ្លួនចេញបើមិនដូច្នោះទេ នឹងត្រូវក្ស័យសង្ខារ នៅក្នុងចក្រវាឡីទាំងមូល មានតែកន្លែង១គត់ដែលគ្រុឌមិនហ៊ានទៅ បើហ៊ានតែទៅនឹងត្រូវស្លាប់ ហើយកន្លែងនោះគឺមានតែម្តាយនាគកាលីយ៉ាទេដែលដឹង ទើបប្រាប់ឲ្យកូនរត់គេចខ្លួនទៅពួននៅទីនោះ គឺនៅឯទន្លេយមនា ដែលជាកន្លែងឥសីសូវ៉ារីតាំងសិល្ប៍ ក្រោមទន្លេយកត្រីជាមិត្ត ហើយគ្រុឌតែងតែទៅស៊ីត្រីដែលជាមិត្តសម្លាញ់របស់ឥសីសូវ៉ារី ដោយឥសីហាមគ្រុឌម្តងជាពីរដងមិនព្រមស្តាប់ ទើបឥសីសូវ៉ារីដាក់បណ្តាសារគ្រុឌថា​ បើឯងហ៊ានតែហោះមកទីនេះទៀត ឯងនឹងត្រូវស្លាប់។ ទីនេះហើយតែជាទីសុខរបស់នាគកាលីយ៉ាសង្ងំលាក់ខ្លួន មានប្រពន្ធមានកូនពូនជាចៅ ដោយសារតែនាគកាលីយ៉ាមានពិសខ្លាំង ក្រោយពេលដែលមកនៅទន្លេយមនានេះ ធ្វើឲ្យទន្លេទាំងមូលមានជាតិពិស ស្លាប់អស់រុក្ខជាតិនានា មានតែដើមធ្លកមួយដើមគត់ដែលមិនស្លាប់ (កោះគោកធ្លក) ។ នាគកាលីយ៉ាថ្វីត្បិតតែរួចផុតជីវិតពីការតាមប្រម៉ាញ់របស់គ្រុឌតែបានធ្វើឲ្យ ប្រជាជននៅក្បែរទន្លេយមនារងទុក្ខ ចំពេលដែលកំណើតព្រះក្រឹស្ណាកើតឡើងនៅចំភូមិនេះ ក៏បានប្រយុទ្ធគ្នាជាមួយនាគកាលីយ៉ា ជិតនឹងអស់ជីវិតម្តងទៀត តែប្រពន្ធនាគកាលីយ៉ាបានសូមអង្វរដល់ព្រះក្រឹស្ណាឲ្យលើកលែងជីវិត ទើបព្រះក្រឹស្ណាឲ្យនាគកាលីយ៉ាផ្លាស់ទីទៅនៅកន្លែងដើមវិញ ដោយសន្យាថានឹងលែងឲ្យសត្វគ្រុឌស៊ីជាចំណីទៀតហើយ ដោយបានយកបាតជើងកងចក្រ(ផ្កាឈូក) ជាន់លើក្បាលនាគកាលីយ៉ា បង្កើតបានជាត្រាឈូក ឬ ត្រាកងចក្រ ដែលជាសញ្ញាសំគាល់ពីការធានាអាយុជីវិតដល់សត្វនាគដែលគ្រុឌឈប់ចាប់ស៊ី ពីព្រោះព្រះក្រឹស្ណាក៏ជាអវតារបស់ព្រះវិស្ណុដែលយកគ្រុឌជាយានជំនិះ។ ចំណេរក្រោយមករាល់ការសាងបដិមានាគ តែងមានត្រាឈូក ឬ ត្រាកងចក្រនៅពីលើក្បាល។ ជម្រកដ៏ស្ងប់ស្ងាត់របស់នាគមួយទៀតគឺនៅឋានបាតាល(ឋានភុជង្គនាគ) សូមបញ្ចប់សង្គ្រាមគ្រុឌនិងនាគតែត្រឹមប៉ុណ្ណេះ សូមសេចក្តីសុខកើតមានដល់គ្រប់មិត្តអ្នកអាន ទាំងយប់(នាគ) ទាំងថ្ងៃ(គ្រុឌ)។

រៀបរៀងដោយ សុខគឹមហេង