បណ្តាំពាលី
Appearance
បណ្តាំពាលី ត្រូវបានតែងជាពាក្យកាព្យដោយ ហ្មឺនមាសគឺឲកញ៉ា វិបុលរាជសេនា (មាស )។ បណ្តាំពាលីមានខ្លឹមសារដូចតទៅ៖
សូមសំដែងសារស័ព្ទច្បាប់សេយ្យភេទ | នៃចមពង្សពានរេតរឿងស្នាម |
ក្លៀវក្លាក្លែងស្ទែងស្ទាត់បទសង្រ្គាម | ទ្រង់ព្រះនាមរាជាឈ្មោះពាលី ។ |
ជាបុត្រអង្គអម្រិន្ទពិនលោកិយ | គ្រងខាសខិមបុរីរាជធានី |
ល្បីល្បះគ្រប់ភពផែនដែនបឋវី | សព្វទិសទីទ្វីទ្វីបសឹងខ្លាចក្រែង ។ |
ទាំងទេវាយក្សយង់ទ្រង់អំណាច | ឮតែនាមខ្លបខ្លាចស្ញោរស្ញប់ស្ញែង |
រអាអស់មិនអាចចេញអង្គទែង | ព្រះអង្គឯងពូជពង្សវង្សឥន្រ្ទា ។ |
កាលត្រូវសរព្រហ្មមាសរិទ្ធីក្រៃ | ទ្រង់យកដៃចាប់ជាប់ដោយឫទ្ធា |
មិនឲ្យមុតមានស្នាមអង្គា | នឹងឲ្យស្ញែងនាមាទួទ្វីបា ។ |
ទុកជាច្បាប់សំរាប់រាល់ទាហាន | ត្រិះធ្យោកធ្យានធ្វើតាមទៅមុខណា |
ព្រះហស្ដស្ដាំទ្រង់ក្ដាប់ចាប់សរថ្លា | ព្រះហត្ថាឆ្វេងក្សត្រទ្រង់បោយហៅ ។ |
ទៅសុគ្រីពសូរ្យវង្សពង្សសុរិយា | នឹងអង្គបុត្រារ័តន៍ឆោមឆ្លៅ |
ប្អូនអើយចូរមកអាយបងប្រដៅ | ដ្បិតអង្គចៅនឹងជាខ្ញុំចក្រី ។ |
ខំគ្រងវង្សឲ្យគង់ជាច្បងច្បាស់ | យកតេជះដំកល់លើកេសី |
បាតាំងចិត្តសុចរិតស្និទ្ធភ័ក្ដី | ជីវិតវៃថ្វាយក្រោមព្រះបាទា ។ |
កាលបាននឹងឡើងគាល់ដល់ទ្វារវាំង | បាឈប់តាំងប្រណម្យនាកេសា |
រំលឹកគុណបុណ្យបាទព្រះមូលិកា | សឹមយាត្រាកាន់ផ្ទៃព្រះរោងទ្រង់ ។ |
មួយកាលគង់ចាំគាល់ក្នុងនិវេសន៍ | កុំបាធ្វេសប្រហែសឲ្យលើសលង់ |
ក្រែងជួនស្ដេចត្រាច់ត្រង់មកយល់យង់ | រវាំងអង្គអូនខ្លាចព្រះអាជ្ញា ។ |
ធ្វើជាខ្ញុំសំគាល់ដល់ទីស្ថាន | ឲ្យបានតាមព្រះទ័យទ្រង់ប្រាថ្នា |
បើត្រាស់សួរមកចំសឹមវាចា | គិតត្រិះត្រាឲ្យត្រូវទំនងន័យ ។ |
ចូលគាល់កុំតែងអង្គឲ្យពណ្ណរាយ | ហាក់ពាយងាយផ្ទឹមនឹងអង្គជៀស្ឋជ័យ |
កុំទូលទាស់ផ្ទញ់ផ្ទាល់នៃព្រះហ្ឫទ័យ | កុំសំឡឹងនេត្រនៃព្រះច័ក្ករា ។ |
រីព្រះចមចក្រពង្សវង្សនារាយណ៍ | ព្រះប្រាជ្ញាឈ្វេងឆ្ងាយដូចរតនា |
កុំបាឲ្យហក់ហួសជ្រួសរាជការ | រិះត្រិះត្រាឲ្យត្រូវចិត្តមហាជន ។ |
បើណាកាចបាភ្លៃធ្វើតាមកាច | នរណាខ្លាចស្វែងផលឲ្យគិតគន់ |
ជាជញ្ជីងជញ្ជឹងថ្លឹងចិត្តជន | ខាងណាធ្ងន់លន់លុបលាលស់លៃ ។ |
មួយស្នេហ៍ស្នំសមស័ក្តិអគ្គនារី | នេះជាទីចំរើនរីកហ្ឫទ័យ |
កុំបាបែរបាយបៀងមៀងមើលវៃ | ព្រះជៀស្ឋជ័យទតយល់ពីភាល់បា ។ |
ទាំងទាសីនៃអ្នកអគ្គនារី | ទោះឆវីល្អស្មើកិន្នរណា |
កុំប្អូនប្អូកលូកលលងស្នេហា | ប្រៀបចិន្ដាថាជាស្នំបវរ ។ |
របស់អ្វីហ្ឫទ័យទ្រង់ស្ម័គ្រស្មោះ | ថែរបស់នោះទុកតាមភូធរ |
បទណាហាមប្រាមចិត្តកុំគិតល | បាសាទរទុកតាមជាខ្ញុំវៃ ។ |
បើទ្រង់ប្រោសកុំធ្វើលលើខ្លាំង | រិះរវាំងក្រោយមុខខ្លាចទុក្ខភ័យ |
កុំកាចកោងប៉ោងយ៉ៃក្រៃពេកនៃ | កុំកួនគៃកុំក្រោធតបក្សត្រា ។ |
បាថ្នមយសឲ្យសមពហូស័ក្តិ | កំហ៊ឹកហ៊ាក់ឲ្យហួសពីវាស្នា |
ស្លៀកប្រដាប់ឲ្យសមនឹងកាយា | កុំយាត្រាគន់កាយឆ្វេងស្ដាំផ្សំ ។ |
មួយមានភឿនភ័ក្តិភុមខ្ញុំរាជការ | នឹងស្រឡាញ់ជាគ្នារើសឲ្យសម |
បើគេត្រង់ៗស្នងសងអារម្មណ៍ | បើគេវៀចៗសមឲ្យសួនការ ។ |
បើបង់សីលរិះគិតថ្និតថ្នមស័ក្តិ | ទើបចាត់ជាក់ជាហ៊ានមានចិត្តក្លា |
បើគប់ពាលគិតលុបបង់ពាលណា | គិតប្រហារពាលកាចឲ្យខ្លាចក្រែង ។ |
បើគេល្អស្មើចិត្តកុំគិតកាច | បើគេខ្លាចឱនយសកុំកំហែង |
កុំនាំភឿនដើរលេងជាអ្នកល្បែង | សង្ខេបចិត្តគិតក្រែងព្រះចេស្ដា ។ |
មួយបើត្រូវរាជទ័ណ្ឌដល់ពាន់ដង | កុំបាចងគំនុំគុំក្សត្រា |
កុំប្រែចិត្តគិតក្បត់ព្រះចក្ករា | ខំឧស្យាហ៍ស្វែងផលប្រយោជន៍ខ្លួន ។ |
បើម៉បគាល់នាឆ្ពោះព្រះភក្រ្តា | កុំប្រែក្រោយចរចាមិនសមសួន |
នៅមុខព្រះទីនាំងរវាំងខ្លួន | បាគាល់គួនចាំស្ដាប់រ៉ាប់បញ្ជា ។ |
បើទ្រង់ព្រះក្រោធនឹងមុខមន្រ្តី | កុំស៊យសែមថែមស្ដីឲ្យក្រោធា |
ទោះកិច្ចការសារពើសព្វនានា | កុំពិតទូលវេលាទ្រង់ព្រះខ្ញាល់ ។ |
មើលទំនងល្មមទូលសឹមទូលពិត | បាពិនិត្យក្នុងក្រៅគ្រប់អម្បាល |
យល់ប្រីតាប្រិមប្រិយប្រោសក្រសាល | មិនទ្រង់ខ្ញាល់សឹមយកសេចក្ដីថ្លែង ។ |
បើត្រាស់សួរប៉ុន្មានទូលប៉ុណ្ណោះ | ពាក្យក្រៅនោះកុំយកមកផ្លើសប្លែង |
តែស្ដីច្រើនជ្រួសមាត់ភ្លយភ្លាត់ឯង | ពាក្យស្ដែងគេមិនស្ដាប់អាប់អង្គបា ។ |
១ទៀតព្រះហរីរ័ក្សចក្រពេជ្រ | ប្រោសប្រទានបំណាច់ពលសេនា |
ដែលប្រាកដប្រកបឆបរាជការ | កុំឫស្យាទូលទាស់អធ្យាស្រ័យ ។ |
របស់អ្វីឈ្មោះថាព្រះរាជទ្រព្យ | បាគ្នេរគ្នៃគៃរាប់រិះសព្វថ្ងៃ |
ទោះតិចតួចហោចស្ដួចជាសរសៃ | យកចិត្តគិតអាល័យដូចផងខ្លួន ។ |
បើមានអ្នកប្រទេសដទៃមក | កុំបៀតរកយកមិត្រភ័ក្ដីស្ងួន |
តែជ្រាបដល់នឹងកើតអម្ពល់ខ្លួន | បាគិតអ្វីឲ្យមួនកុំឲ្យហ្មង ។ |
មួយកាលចមចក្រពង្សហរីរ័ក្ស | ស្ដេចកាន់ទីដំណាក់ឆ្នួនផែផង |
សឹងព្រមដោយរាជរថស្នំស្នែហ៍ស្នង | កុំផ្អៀងផ្អងម៉ងមៀងបៀងបោយបែរ ។ |
ស្ថានណាទ្រង់ព្រះបញ្ញត្តហាម | បាប្រាបប្រាមចិត្តចាំតាមក្រសែ |
កុំភ្លើនភ្លេចឲ្យភ្លាត់បទបាទបែរ | បាគិតកែឲ្យគង់បណ្ដាំមុនី ។ |
វេលាមានទ័ពទាមសង្រ្គាមសឹក | កុំបាភ្លឹកឲ្យភ្ញាក់ផ្អើលយោធី |
ចូរគិតគៃកែកុនកល់ភេរី | រកទិសទីតាំងតែងឲ្យសង៉ា ។ |
នឹងប្រព្រឹត្តគិតការសង្រ្គាមជ័យ | ឲ្យវាងវៃវេះវាត់ស្ទាត់កល់ការណ៍ |
យល់ទ្រោមទ្រុឌមិនទ្រាំឲ្យចោមណា | បើគេគង់ក្លៀវក្លាបាបោះទល់ ។ |
បាថ្នមចិត្តពលផងឲ្យស្នេហា | នឹងគិតការមើលហេតុសង្កេតផល |
សព្ទឧបាយស្រាយដោះឲ្យដឹងដល់ | មានការកលគិតកែឲ្យអាចហាន ។ |
ទាំងនេះហើយតែដោយព្យាយាមពិត | កុំខ្ជិលគិតប្រើគេតាងភ្នែកប្រាណ |
ជាចមទ័ពរំងាប់ចិត្តក្រោធថ្កាន | នឹងហ៊ានខ្លាចក្លាហានឲ្យល្មមល្អ ។ |
កុំអួតចេះរិះរកតែទីងាយ | ទីណាធ្លាយយកកាយបាតាំងត |
ជាជាតិប្រុសធ្វើទ័ពទុកនាមករ | ឲ្យល្បីល្បាញខ្ចាយខ្ចរទួលោកា ។ |
ចូរមើលបែបយ៉ាងបងមានសច្ចំ | មិនគិតតាំងជីវិតប៉ុនកេសា |
មិនគួរស្ដាប់គួរស្ដាយដួងជីវ៉ា | មិនគួរសូន្យសង្ខារកុំអាល័យ ។ |
បងផ្ញើកែវតារាយុផាភក្រ្ត១ | ចូររួមរ័ក្សស្ម័គ្រស្មោះកុំអាថៃ |
គ្រងរក្សាគ្នាទៅនៅក្រុងក្រៃ | ទាំងក្របីស្រីកំហែងហនុមាន ។ |
បាថែទាំសង្គ្រោះសព្វសុរ្យវង្ស | នៅពីរពង្សអង្គក្មួយទាំងពីរប្រាណ |
ផ្ដាំស្រេចលេងសរព្រះអវតាណ២ | សង្ខារប្រាណបានទៅកើតសួគ៌ា ។ |
ទើបបាននាមទេវាជាពាលី | ព្រោះមានទីសច្ចំជាសព្វគ្រា |
នឹងតេជះសរនារាយណ៍ជួយនាំពាហ៍ | បានសោយសុខសួគ៌ាសម្រាន្តចិត្ត ។ |
សុភាសិតពាលីពីបុរាណ | នោះចំណានមែនហើយតែប្រគិត |
សាធុជនទញ់ទាល់នឹងពិនិត្យ | ទើបគិតកែគ្រាន់ងាយពិចារណា ។ |
ខ្ញុំជាហ្មឺនឈ្មោះមាសឈ្លាសឈ្លៀតគិត | ចងលិខិតប្រឹតប្រែកែលិខា |
ទុកជាច្បាប់សម្រាប់ខ្ញុំរាជការ | មិនវិត្ថារព្រោះទើបរើបហ្វឹកសន ។ |
នោះបើខុសបើខាតបាទបទក្ដី | សូមប្រណីផ្លាស់កែប្រែសុន្ថន៣ |
ឲ្យតែត្រូវតែត្រង់គណៈក្លន | ទុកជាបនជាបែបបណ្ដាំអឺយ ។ |