Jump to content

លង្វែក

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី បន្ទាយលង្វែក)

លង្វែក គឺជារាជធានីនិងបន្ទាយដ៏រឹងមាំមួយនៃកម្ពុជានាសតវត្សទី ១៦ ដែលស្ថិតនៅ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅច្រាំងខាងលិចទន្លេសាប មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ[] ទីក្រុងនេះបម្រើជាទីតាំងយុទ្ធសាស្ត្រយោធាដ៏រឹងមាំមួយរបស់ខ្មែរក្រោយសម័យអង្គរ និងត្រូវបានស្គាល់ដោយពួកបស្ចិមប្រទេសដំបូងៗថា "កម្ពុជា"។ នៅឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឱ្យគេសាងសង់បន្ទាយលង្វែក រហូតដល់ឆ្នាំ ១៥២៩ ទើបបន្ទាយនេះត្រូវបានកសាងបញ្ចប់ដែលមានរយៈពេល ៣ឆ្នាំ ។ នៅពេលដែលព្រះចន្ទរាជាបានផ្លាស់ទីពីបន្ទាយមានជ័យនៅពោធិ៍សាត់ទៅបន្ទាយលង្វែក ទីនេះបានក្លាយជារាជធានីប្រវត្តិសាស្ត្រខ្មែររហូតដល់ដល់ចុងសតវត្សទី ១៦ ។

ទិដ្ឋភាពក្រុងលង្វែក ក្នុងចំណងជើងភាសាហុល្លង់ថា Vogelvlucht van Eauweck, Cambodja (ទិដ្ឋភាពពីលើជើងមេឃនៃលង្វែក,កម្ពុជា) ក្រុងនេះ ដែលបង្ហាញនៅចំកណ្តាលនៃរូបភាពនេះ ត្រូវបានហ៊ុំព័ទ្ធដោយភ្នំ ព្រៃឈើ និងទន្លេ ត្រូវបានគូរនៅឆ្នាំ ១៦៦៥ គូរដោយ ចូហានណេស វីងប៊ន (Johannes Vingboons) ។

លង្វែក ត្រូវបានជ្រើសរើសទីតាំងដោយព្រះបាទចន្ទរាជា បន្ទាប់ពីព្រះអង្គទទួលបានជ័យជម្នះលើស្ដេចកននៅឆ្នាំ ១៥២៦ ។ កម្ពុជាត្រូវបានគេហៅជាញឹកញាប់ថាលង្វែកដោយអ្នកធ្វើដំណើរជនជាតិបរទេស ហើយត្រូវបានចាត់ទុកថាជាក្រុងមួយក្នុងចំណោមក្រុងខ្លាំងបំផុតនៅកម្ពុជា។ លង្វែក ជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយជាមួយនឹងបរទេសដូចជា ព័រទុយហ្គាល់ អេស្ប៉ាញ ហុល្លង់ និងចិន ។

និរុត្តិសាស្ត្រ

[កែប្រែ]

យោងតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃ ជួន ណាត ពាក្យថា លង្វែក មានន័យថា កាល ឬ សម័យជាចន្លោះ,ទីឬច្រកជាចន្លោះ,ជារវាង ។ បើ វចនានុក្រម នេះដែរ ពាក្យ លង្វែក គឺជាឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុកហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាច វិញ នៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ ។ លង្វែក ជាឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ ឋិតនៅខាងទិសឥសាននៃបន្ទាយឧដុង្គមានជ័យ ។[] ចំពោះពួកបស្ចិមប្រទេស គេតែងតែហៅ លង្វែក ដើម្បីសម្ដៅទៅលើប្រទេសកម្ពុជានាអំឡុងសតវត្សទី ១៦-១៧ ។

ទិដ្ឋភាពជើងអាកាសនៃក្រុងលង្វែក រៀបចំដោយ Pierre d' Hondt (អ្នកបោះពុម្ពផ្សាយ), Jacobus van der Schley (អ្នករៀបចំ) ឆ្នាំ១៧៤៧ គូរសារឡើងវិញ (?)

ប្រវត្តិសាស្ត្រ

[កែប្រែ]

បន្ទាយលង្វែក ត្រូវបានបង្កើតឡើងប្រហែលឆ្នាំ ១៥២៧ ដល់ ១៥២៩ នៅរជ្ជកាលរបស់ព្រះបាទ ចន្ទរាជា បន្ទាប់ពីទ្រង់បានយកឈ្នះស្តេចកន និងស្តារឡើងវិញនូវឯករាជ្យរបស់ប្រទេស។ បន្ទាយនេះក្លាយជារាជធានីថ្មីបន្ទាប់ពីរាជធានីអង្គរបានចាកចេញ ដោយសារការវាយលុកពីបរទេស និងស្ថានភាពសង្គ្រាមនៅភាគខាងជើង។ ក្នុងរាជ្យព្រះអង្គចន្ទរាជា រាជធានីតាំងនៅបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែកវិញ។ ព្រះបាទ ចន្ទរាជា ទ្រង់ក៏ជាស្តេចមួយអង្គដែរមានឈ្មោះល្បីល្បាញ ក្រៅពីបន្ទាយលង្វែក ទ្រង់ក៏បានកសាងវត្តអារាមជាច្រើនកន្លែងនៅ ខេត្តពោធិ៍សាត ជួសជុលវត្តនៅឧដុង្គ លើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាងជាជើងក្អែកក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភ័ក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ។ ព្រះអង្គបានប្រមែប្រមូលកវី ប្រាជ្ញបណ្ឌិត ឱ្យចងក្រងនិងសរសេរឯកសារគ្រប់ប្រភេទ ដូចនេះ លង្វែក គឺជាឃ្លាំងវប្បធម៌ដ៏សំខាន់មួយរបស់ខ្មែរនាសតវត្សទី ១៦ ។

ផែនទីគូរដោយបស្ចិមប្រទេស បង្ហាញពី កម្ពុជា នាឆ្នាំ ១៥៧៦

សម័យលង្វែក ជាសម័យកាលដែលកម្ពុជាបន្តភាពរុងរឿងពីសម័យអង្គរ និង​ បានបង្កើតជំនួញសេដ្ឋកិច្ចផ្លូវទឹកយ៉ាងមមាញឹកជាមួយជនបរទេសនៅរាជធានីលង្វែកនៅសតវត្សទី១៦ ក្រុងលង្វែក បានប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌សំខាន់។ ព្រះរាជាណាចក្រខ្មែរ បានទទួលការទំនាក់ទំនងជាមួយប្រទេសបរទេស ដូចជា ព័រទុយហ្គាល់ អេស្ប៉ាញ និងចិន។ អ្នកសរសេរបរទេសមួយចំនួនបានកត់សម្គាល់ថា បន្ទាយលង្វែកជាទីក្រុងសម្បូរទ្រព្យសម្បត្តិ មានសិល្បៈស្ថាបត្យកម្មល្អប្រណិត និងជាគន្លងពាណិជ្ជកម្មសំខាន់នៅអាស៊ីអាគ្នេយ៍។

ទោះជាយ៉ាងណា នៅឆ្នាំ ១៥៩៣ បន្ទាយលង្វែកបានធ្លាក់ចូលក្នុងអំណាចនៃសៀម បន្ទាប់ពីសង្គ្រាមធំមួយ។ ការបែកបាក់នេះបានបណ្ដាលឲ្យប្រទេសកម្ពុជាបាត់បង់ឥទ្ធិពលយូរជាយូរមក និងបង្ហាញពីការបញ្ចប់នៃសម័យលង្វែក។

ទំនាក់ទំនង

[កែប្រែ]

ទំនាក់ទំនងជាមួយអឺរ៉ុប

[កែប្រែ]

នៅឆ្នាំ ១៥៥៥ បព្វជិតព័រទុយហ្គាល់ ឈ្មោះ ហ្គស្ប៉ដាគ្រុស បានមកដល់ក្រុងលង្វែក ដែលមានបេសកកម្មផ្សព្វផ្សាយសាសនាគ្រិស្តក្នុងប្រទេសខ្មែរ តែមិនទទួលបានជោគជ័យលើការផ្សព្វផ្សាយសាសនានៅប្រទេសខ្មែរ លោកបានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិនវិញ ក្នុងឆ្នាំ ១៥៥៦។[][] នៅសម័យលង្វែក មានពួកអ្នកផ្សព្វផ្សាយសាសនា និងអ្នកផ្សងព្រេងបានធ្វើដំណើរមកកាន់ស្រុកខ្មែរ ហើយបានរាយការណ៍សំខាន់ៗលើកំណត់ហេតុរបស់ពួកគេ តួយ៉ាងលោក ឌីយូហ្គោ ដូ ឃូទូ ដែលបានសរសេរអំពីអង្គរវត្តថា ៖[][]

ប្រមាណជាក្នុងឆ្នាំ១៥៥០ ឬ ១៥៥១ នៅពេលដែលព្រះមហាក្សត្រិយ៍នៃប្រទេសកម្ពុជាទ្រង់យាងទៅទាក់ដំរីនៅក្នុងព្រៃស្បាតនៅក្នុងរាជាណាចក្រនោះ បរិវាររបស់ព្រះអង្គដោយលុកចូកព្រៃដើម្បីដេញសត្វ ក៏ប្រទះនឹងសំណង់យ៉ាងសម្បើមៗដែលមានព្រៃគម្ពោតដុះពេញខាងក្នុង ហើយដែលគេមិនអាចកាប់ឆ្ការដើម្បីចូលទៅខាងក្នុងបាន ។ ដំណឹងនេះទ្រង់ជ្របដល់ព្រះរាជា ព្រះអង្គក៏យាងទៅដល់ទីនោះ ហើយទ្រង់ទតឃើញវិសាលភាព និងកម្ពស់នៃជញ្ជាំងខាងក្រៅ ទ្រង់បញ្ជាអោយកាប់ឆ្ការ និងដុតព្រៃភ្លាមមួយរំពេច ដើម្បីទ្រង់ទ្រតឃើញខាងក្នុង ។ ក្រោយដែលព្រៃគម្ពោតត្រូវបានបោសសម្អាតអស់ហើយព្រះរាជាក៏ទ្រង់យាងទតគ្រប់សព្វទីកន្លែងហើយ ទ្រង់មានសេចក្ដីស្ញប់ស្ញែងចំពោះទំហំធំធេងនៃសំណង់ទាំងនោះ ។ ហើយដោយហេតុនោះ ព្រះអង្គទ្រង់ត្រាស់បញ្ជាអោយនាំពួកបរិវារទៅគង់នៅទីនោះវិញ ។

ទោះបីជាកំណត់ត្រានេះលោកមិនបានឃើញអង្គរដោយផ្ទាល់ក៏ដោយ ប៉ុន្តែលោកបានកត់ត្រាដោយផ្អែកលើការរៀបរាប់របស់អ្នកដែលបានទៅដល់ គឺលោកសង្ឃ អង់តូនីញ៉ូ ដឺ ម៉ាដាឡេណា ដែលជាអ្នករុករកប្រាសាទបុរាណនៅឆ្នាំ ១៥៨៦។ លោកបានស្រង់សម្ដីលោកសង្ឃម៉ាដាឡេណា ដែលលោកបានរៀបរាប់និងស្ញើចសរសើរអំពីអង្គរថា ៖[]

ចម្ងាយកន្លះលីគ (ប្រហែល ២,៤ គីឡូម៉ែត្រ) ពីទីក្រុងនេះ មានប្រាសាទមួយហៅថា អង្គរ (Angar)។ វាមានសំណង់ដ៏អស្ចារ្យខុសពីធម្មតា ដែលមិនអាចពណ៌នាដោយចុងប៊ិចបានឡើយ ជាពិសេសដោយសារតែវាគ្មានសំណង់ណាផ្សេងក្នុងលោកមកប្រៀបផ្ទឹមបាន។ ប្រាសាទនេះមានប៉មខ្ពស់ៗ មានការតុបតែងលម្អ និងមានភាពផ្ចិតផ្ចង់គ្រប់បែបយ៉ាងដែលបញ្ញាខ្ពស់បំផុតរបស់មនុស្សអាចនឹកស្មានដល់។ នៅទីនោះក៏មានប៉មតូចៗជាច្រើនទៀតដែលមានរចនាបថស្រដៀងគ្នា ធ្វើពីថ្មប្រភេទដូចគ្នា និងត្រូវបានស្រោបដោយមាស។ ប្រាសាទនេះត្រូវបានព័ទ្ធជុំវិញដោយគូទឹក ហើយការចូលទៅកាន់ទីនោះគឺតាមរយៈស្ពានតែមួយគត់ ដែលការពារដោយរូបខ្លាថ្ម (តោថ្ម) ចំនួនពីរយ៉ាងអស្ចារ្យ និងគួរឱ្យខ្លាចក្រែង ដែលធ្វើឱ្យអ្នកចូលទស្សនាមានអារម្មណ៍តក់ស្លុតជាខ្លាំង។
ទិដ្ឋភាពនៃច្រកចូលខាងលិចនៃប្រាសាទអង្គរវត្ត គំនូរពណ៌ទឹកលើក្រដាស គូរដោយលោក ល្វី ដឺឡាប៉ត (Louis Delaporte) ក្នុងឆ្នាំ ១៨៧៣។

ភូមិសាស្ត្រ

[កែប្រែ]

នៅទីតាំងលង្វែកបច្ចុប្បន្ន ឃើញ​មានការ​ស្នាក់​នៅ​របស់​មនុស្ស​នៅ​ទី​នេះ​មាន​​តាំងពី​សម័យ​បុរេប្រវត្តិ​រហូត​ដល់​បច្ចុប្បន្ន មាន​ន័យ​ថា​ការ​រស់នៅ​ទី​នេះ​តាំងពី​មុន​ប្រវត្តិសាស្ត្រ សម័យ​ប្រវត្តិសាស្ត្រ​សម័យ​អង្គរ និង​សម័យ​ក្រោយ​អង្គរ​ដល់​បច្ចុប្បន្ន ។[] រាជធានីខ្មែរនាដើមសតវត្សទី ១៦ ដែលស្ថាបនាដោយស្ដេចកន គឺ ក្រុងស្រឡប់ពិជ័យព្រៃនគរ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ត្រូវបានផ្លាស់ទីមកលង្វែកវិញ ក្រោយពីទទួលបានជ័យជម្នះលើ ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី (ស្ដេចកន) រួចមក ព្រះបាទចន្ទរាជា ទ្រង់ឈ្វេងយល់ថា កន្លែងលង្វែកនេះជាចំណុចយុទ្ធសាស្ត្រមួយស្រួលការពារខ្លួន ព្រោះនៅជិត ទន្លេ បឹង ដែលមានព្រៃក្រាស់ឃ្មឹកទៀតផង ទើបទ្រង់ចាត់ឱ្យគេសាងរាជធានីថ្មីនៅត្រង់តំបន់លង្វែក ដោយទ្រង់បានបញ្ជាឲ្យមេការ មន្រ្តី ឧកញ៉ាបតី ចាត់ចែង កេណ្ឌប្រជានុរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង ។ ក្រុមមេការបានឲ្យគេជីកបុកគ្រឹះ រៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្តារធ្វើបន្ទាយនេះកំពស់១៧ហត្ថកម្រាស់ខ្នងលើ១០ហត្ថជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ ។ ព្រះអង្គធ្វើកំពែងការពារប្រាំជាន់ ព្រមទាំងដាំឬស្សីយ៉ាក្រាស (កម្រាស២សិន ) ហើយមានទ្វាធំ ក្នុងទ្វានីមួយៗមានសើនមួយ ។  សើនទាំង៨ មានកំពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហាន កាំភ្លើងច្រូង ( កាំភ្លើងវែង ) ហើយនៅមុខកំពែងនេះមានរោងដំរីនិង រោងសេះ ។ កំពែងទី២ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង ។ ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហានមានអាវុធវែងខ្លី ដាវ ផ្គាក់ កាំបិត ។ ក្នុងកំពែងទី៤ ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោនព្រះពន្លាទតល្ខោន ។ ក្នុងកំពែងទី៥ ដាំរោងបញ្ចាក្សេត្រនិងសំណាក់សំរិទ្ធិ៍ វិមានកំសាន្ត ភិរម្យក្រុមបាគូ នុរោហិត និង ក្រុមមហាលិកស្នាក់នៅ ។ នៅក្នុងកំពែងនេះដែរមានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្ស័ក្សគឺសម្រាប់មហាក្សត្រាធិរាជិផ្ទុំ ហើយមាននដំកល់វត្ថុសក្តិសិទ្ធិគឺព្រះកែវឬ ព្រះត្រឡែងកែង និងព្រះគោចំនួន១២ដែលនៅក្នុងពោះគោទាំងនោះមាន រក្សា គម្ពីរ ក្បួនសាស្រ្ត... ដ៏មានតម្លៃលើសលប់ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗដូចជា ឃ្លាំងស្រូវអង្ករ អំបិល ​ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តវុធ ។ បន្ទាយលង្វែក មានទទឹង២គ.ម និងបណ្តោយប្រវែង៣គ.ម រាងបួនជ្រុងទ្រវែង ហើយចំណាយពេលសាងសង ៣ឆ្នាំ ( ១៥២៧ ដល់ ១៥២៩ ) ។[][] តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ ដោយ​សាស្រ្តាចារ្យ វង់ សុធារ៉ា និង ណុប សុខា បាន​សរសេរ​ថា[១០] :

ការស្ថាបនាបន្ទាយ ឬរាជធានីនេះត្រូវចំណាយរយៈពេល៣ឆ្នាំ (១៥២៧-១៥២៩)។ ការជ្រើសរីសទីតាំងថ្មីសម្រាប់រាជធានីថ្មី ដើម្បីការពារពីការឈ្លានពានរបស់សត្រូវ។ បន្ទាយនេះមានរាង៤ជ្រុងទ្រវែង គឺទទឹងមានប្រវែងពីរគីឡូម៉ែត្រ និងបណ្តោយជិតបីគីឡូម៉ែត្រ ដែលចែកចេញជា៥កំពែងហ៊ុមព័ទ្ធដោយដើមឬស្សី កម្រាស់១៦០ម៉ែត្រ នៅតាមជ្រុងទាំងបី លើកលែងតែជ្រុងខាងកើតដែលមានបឹងប៉ុណ្ណោះ។

ឯកសារ​ខ្លះ​បញ្ជា​ក់ថា នៅ​កណ្ដាល​រាជធានី​នេះ គេ​បាន​សាងបដិមា​ព្រះ​ភគណេស ដ៏​ធំ “​ខ្លួន​មនុស្ស​ក្បាល​ដំរី” ដែល​ជាអាទិទេព​តំណាង​ខាង​អក្សរ​សាស្ត្រ និង​វិទ្យា​សាស្ត្រ ទុកជា​អ្នក​តា​រក្សា​ក្រុង។ ម៉្យាង​ទៀត មាន​ការ​និយាយ​តៗ​គ្នា​ថា នៅ​ក្នុង​បន្ទាយលង្វែក​នេះ គេ​បាន​តម្កល់​បដិមា​ព្រះ​គោ​មួយ​អង្គ និង​ព្រះ​កែវ​មួយ​អង្គ ដែល​ជាបងប្អូនបង្កើត។ អ្នក​ស្រុក​តែង​តែ​គោរព​បូជា ដោយ​ចាត់​ទុកថា​ជា​វត្ថុ​ស័ក្តិ​សិទ្ធិ​របស់​ជាតិ​ថែម​ទៀត​ផង។ គេជឿថា គម្ពីរ​ក្បួន​ច្បាប់​ដែល​សំខាន់​បំផុត​របស់​ជាតិ ត្រូវ​គេ​យកមក​រក្សា​ទុក​ក្នុង​ពោះ​ព្រះ​គោ​នោះ​ឯង។[១០]

ផែនទីពិតលង្វែក បច្ចេកវិទ្យាផ្កាយរណបឡៃដា សម័យលង្វែក (១៥២៩-១៥៩៣) ។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈដោយសាកលវិទ្យាល័យវីយែន ប្រទេសអូទ្រីស សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

លង្វែក ជាក្រុងត្រូវបានការពារដោយកំពែងគុម្ពឫស្សីយ៉ាងក្រាស់ដែលមានកម្រាស់២សិន (១៦០ ម) ព័ទ្ធជុំវិញ កំពែងបន្ទាយ និងគូទឹកព័ទ្ធជុំវិញ ដែលធ្វើឱ្យសត្រូវពិបាកវាយលុក ។ តាមពាក្យដំណាលតៗមក គេថា

លង្វែកជាបន្ទាយមួយធំសម្បើមអស្ចារ្យណាស់ សូម្បីតែសេះដែលមានកម្លាំងខ្លាំងក្លាក៏ដោយ ក៏មិនអាចបោលអោយជុំបន្ទាយនេះបានឡើយ ។

នៅចំកណ្ដាលក្រុង ព្រះបាទចន្ទរាជា បានឱ្យគេកសាងវត្តត្រឡែងកែង មានឈ្មោះថា ព្រះវិហារមណ្ឌល ដើម្បី​ឧទ្ទិសដល់ជ័យជំនះ​របស់ទ្រង់ ក្នុងការធ្វើសឹក សង្គ្រាម​​​​ប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេចកន និង​​​ជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ[១១] និងពោរពេញទៅដោយភាពស័ក្តិសិទ្ធិយ៉ាងអស្ចារ្យនៃព្រះពុទ្ធបដិមាត្រឡែងកែងឈរទល់ខ្នងគ្នាជាបួនទិសដែលជាវត្ថុសិទ្ធិបំផុតប្រចាំក្រុង ហើយវត្តនេះនៅមានវត្តមានរហូតមកដល់សព្វថ្ងៃ។[១២] លង្វែក ជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់មួយរបស់ខ្មែរ ព្រោះនៅ​ខាងក្រៅ​កំពែង​លង្វែក​បាន​រក​ឃើញ​ថា នៅ​ទី​នេះ​មានការ​ផ្លាស់​ប្ដូរ​ទំនិញ​ដែល​មាន​លក្ខណៈ​ជា​ប្រចាំ និង​ជា​រៀងរាល់ថ្ងៃ​ ដោយបាន​រក​ឃើញ​ថា មាន​សេ​រ៉ា​មិច ដែល​គេ​បាន​ផ្លាស់​ប្ដូរ​គ្នា​នៅ​ទី​នេះ របៀប​ជា​ពាណិជ្ជកម្ម​ទិញ​ដូរ​គ្នា ។[]អ្នកបុរាណវិទូដែលធ្វើការនៅទីនោះនិយាយថា វាមិនមែនជារឿងចៃដន្យទេដែលលង្វែកត្រូវបានសាងសង់នៅលើទន្លេមេគង្គក្បែរសមុទ្រ ដែលអនុញ្ញាតឱ្យមានការជួញដូរនៅអាស៊ីបូព៌ា។ អ្នកស្រាវជ្រាវដែលធ្វើការជីកកកាយលើកដំបូងបានរកឃើញប៉សឺឡែននៅក្នុងលង្វែកពីប្រទេសចិន ជប៉ុន និងភូមិភាគអាស៊ីអាគ្នេយ៍ ។[១៣] ជាពិសេស លង្វែកបានបើកចំហទំនាក់ទំនងជាបស្ចិមប្រទេសដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រោយមកគឺហូឡង់ ។ នៅក្នុងក្រុងលង្វែកភាគច្រើនបំផុតនៃសំណង់ត្រូវបានធ្វើឡើងពីឈើជារបស់ដែលឆាប់ពុកផុយ និងងាយរងនូវការបាត់បង់ តួយ៉ាងលោកបណ្ឌិត Martin Polkinghome សាស្ត្រាចារ្យជំនួយផ្នែកបុរាណវិទ្យានៅ សាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide ប្រទេសអូស្ត្រាលី ថា[១៤]

បន្ទាប់ពីចប់សម័យអង្គរទៅ កម្ពុជាលែងមានធ្វើជាសំណង់ធំៗដូចសម័យអង្គរ ហើយចូលដល់សម័យកណ្ដាលនេះ ពិសេសនៅសម័យលង្វែក ជាទូទៅគឺប្រើតែសំណង់ឈើ។

បណ្ឌិត Martin Polkinghome មានប្រសាសន៍បន្តថា ៖

ដូចយើងដឹងស្រាប់ហើយ សំណង់ឈើមិនអាចមានអាយុកាលវែងរហូតដល់ឥឡូវទេ។ ឯការរកឃើញតាមកំណាយរបស់យើង យើងរកឃើញរន្ធសរសរ ជាពិសេសនៅតំបន់ទួលបាយក្អែក យើងរកឃើញ ដែកគោល ប្រហោងសរសេរជាដើមហ្នឹង យើងសន្និដ្ឋានថា ទីកន្លែងហ្នឹងជារាជវាំង”។

មក​ដល់​បច្ចុប្បន្ន គេ​ពិត​ជា​ពិបាក​ស្រមៃថា អតីត​រាជធានី​ដ៏​អស្ចារ្យ​មួយ​ដែល​ព័ទ្ធ​ដោយ​ជញ្ជាំង​នៅ​ខាង​កើត​មាន​ស្រះ​ទឹក និង​ព្រៃ​ឈើ​ជុំ​វិញ​​ណាស់ ព្រោះ​បន្ទាយលង្វែក ឬ​រាជធានី​លង្វែក​បាន​ក្លាយ​ជាទី​រហោស្ថាន​ដ៏​ស្រងេះស្រងោច សោកសៅ និង​កណ្តោចកណ្តែង ដែល​គេលែងសូវ​ស្គាល់ ឬ​នៅ​ចាំតែ​ឈ្មោះ​តែ​ប៉ុណ្ណោះ។ រាជធានី​លង្វែក បាន​លិចកប់​បាត់​ទៅ​ក្នុង​ស្រមោល​អតីត​កាល​ដ៏​អាថ៌កំបាំង ជូរចត់ និង​ស្រពិច​ស្រពិល​មួយ។ អតីត​ព្រះ​បរមរាជវាំង​របស់​ព្រះ​ចន្ទ​រាជា​បាន​ក្លាយ​ទៅ​ជា​ទី​តាំង​​ផលិត និង​ឡ​សម្រាប់​ដុតឥដ្ឋ​របស់​អ្នក​ស្រុក​ទៅ​ហើយ។

ប្រជាសាស្ត្រ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "ចំណេះដឹងទូទៅ៖ អតីតក្រុងលង្វែក អាចជាស្ថានីយបុរេប្រវត្តិមួយទៀតនៅកម្ពុជា". m.freshnews.com.kh (in អង់គ្លេស). Retrieved 2026-05-08.
  2. "វចនានុក្រមខ្មែរ - Khmer Dictionary". khmerdict.com (in អង់គ្លេស). Retrieved 2026-05-11.
  3. ៣,០ ៣,១ ត្រឹង ងា.(គ.ស ១៩៧៣ ព.ស ២៥១៧).ប្រវត្តិសាស្ត្រខ្មែរ.បោះពុម្ពដោយ ក្រសួងអប់រំ យុវជន និងកីឡា ។
  4. Lach, Donald F. (1965), Asia in the making of Europe, vol. I, Book Two, The University of Chicago Press
  5. ""Of The Great and Marvellous City Discovered in the Forests of Camboja..." Diogo Do Couto [ADB Re..." Angkor Database (in British English). Retrieved 2026-05-16.
  6. "Angkor and Cambodia in the Sixteenth Century, from Spanish and Portuguese Sources]". Angkor Database (in British English). Retrieved 2026-05-16.
  7. ៧,០ ៧,១ បុផ្ផា (2019-03-05). "ក្រុម​អ្នក​ស្រាវជ្រាវ​៣​ប្រទេសធ្វើ​កំណាយ​ក្នុង​ភូមិ​សាស្ត្រ​លង្វែក". Koh Santepheap Daily. Retrieved 2026-05-11. {{cite web}}: zero width space character in |title= at position 6 (help)
  8. "ចូរនិយាយពីការកសាង និងលក្ខណៈនៃបន្ទាយលង្វែក ?". www.khsearch.com. Retrieved 2026-05-11.
  9. "His G8: (ជ២) មេរៀនទី៣៖ (សង្ខេបមេរៀន) សម័យលង្វែកសតវត្សទី16 | EBC eLearning - Learn Anywhere, Anytime". elearning.ebc.edu.kh. Retrieved 2026-05-11.
  10. ១០,០ ១០,១ "ស្វែង​យល់​ពីភាពអស្ចារ្យ​នៃ​ការស្ថាបនាបន្ទាយ ឬ​រាជធានី​លង្វែក មុន​ពេល​បន្ទាយ​នេះ​ត្រូវ​​បែក​បាក់​". rooster.news (in អង់គ្លេស). Retrieved 2026-05-11. {{cite web}}: zero width space character in |title= at position 6 (help)
  11. phalkunnou (2019-07-30). "វត្តត្រឡែងកែង". រដ្ឋបាលខេត្តកំពង់ឆ្នាំង. Retrieved 2026-05-11.
  12. "រាជធានីលង្វែក និងវត្តត្រឡែងកែងដ៏ស័ក្តិសិទ្ធិ រង់ចាំស្វាគមន៍ភ្ញៀវទេសចរដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (Video inside)". m.freshnews.com.kh (in អង់គ្លេស). Retrieved 2026-05-11.
  13. "Longvek | Ancient Origins". www.ancient-origins.net (in អង់គ្លេស). 2026-05-10. Retrieved 2026-05-11.
  14. Virak, K. C. (2023-02-09). "មូលហេតុមិនមានសល់សំណង់ស្ថាបត្យកម្មសម័យលង្វែកមកដល់បច្ចុប្បន្ន". Kampuchea Thmey Daily (in American English). Retrieved 2026-05-11.