Jump to content

បរិវារសព្ទ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី បរិវារសព័្ទ)

ខ្លាំងក្លា

និយមន័យ

[កែប្រែ]

បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ

[កែប្រែ]

បរិវារស័ព្ទ គឺ​ជា បរិវារ + ស័ព្ទ = ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវារ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិរោះ​ផ្ដួល​តាម​សម្លេង​ស័ព្ទ​ដើម​ឲ្យ​មាន​សភាព​ ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណស័ព្ទ ពន្យល់​យ៉ាង​ច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង ។

សមាសនាម​ប្រភេទ​នេះ​មាន​ពីរ​យ៉ាង​គឺ ៖

[កែប្រែ]

ក. ពាក្យ​ដើម​ផ្សំ​គ្នា​នឹង​បរិវារស័ព្ទ

[កែប្រែ]

ដូចជា​ពាក្យ ទឹក​ភក់ កន្ទេល​ខ្នើយ ប្រាក់​កាស ព្រៃ​ផ្សៃ ។ល។ សមាសនាម ​ដូច​ខាង​លើ​នេះ សុទ្ធ​សឹង​ជា​ពាក្យ​មាន​ន័យ​ចំហ​ធំៗ​ទាំងអស់​គឺ ទឹក​និង​ភក់ កន្ទេល​និង​ខ្នើយ ប្រាក់​និង​កាស ព្រៃ​និង​ផ្សៃ ។ល។ ពាក្យ​ថា «ផ្សៃ» មួយ​ម៉ាត់​នេះ​ប្រហែល​ជា​អស់​លោក​អ្នក​អាន​ខ្លះ​ពុំ​ដែល​ស្គាល់​ឡើយ គឺ​ជា​ពាក្យ ជួន​ព្រៃ​ភ្នំ ប្រែ​មក​ថា សត្វ​ពស់ ។ ដូច្នេះ ព្រៃ​ផ្សៃ បាន​សេចក្ដី​ថា ព្រៃ​ពស់ ព្រោះ​ស្អូច កាល​សម័យ​ដើម ប្រទេស​យើង​មាន​ព្រៃ​ឈើ​ធំៗ​ច្រើន​ណាស់​ដែល​សម្បូណ៍​ទៅ​ដោយ​សត្វ​ព្រៃ​ ដូចជា ពស់‑ក្អែប​ភ្នំ ជាអាទិ៍ [ពាក្យ «ផ្សៃ» មាន​ពន្យល់​នៅ​ក្នុង​សៀវភៅ​សាវតារ​ខេត្ត​កំពត​របស់​លោក ម៉េណែទ្រីយេ (Ménétrier) និង​ពាក្យ​ «ស្អូច» មាន​ពន្យល់​ក្នុង​សៀវភៅ​វាក្យសព្ទ​របស់​លោក ម៉ូរ៉ា (Moura)] ។

ខ. ពាក្យ​ដើម​ផ្សំ​នឹង​បរិវារសព្ទ

[កែប្រែ]

ដូចជា​ពាក្យ សម្ល​សម្លុក ប្ដី​សី បី​បាច់ ជាតិ​ជៅ ។ល។ ពាក្យ ​ទាំង ២ ​ម៉ាត់ ​ក្នុង​ចំណោម​សមាសនាម​ ខាង​លើ​នេះ មាន​តែ​ពាក្យ​ដើម​ទេ ដែល​មាន​អត្ថន័យ​ចំហ រីឯ​បរិវារសព្ទ​វិញ​ពុំ​ឃើញ​មាន​អត្ថន័យ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ។ តែ​បើ​យើង​ពិចារណា​ឲ្យ​ជ្រៅជ្រះ ​ដើម្បី​រិះរក​ហេតុ​ផល​ឲ្យ​សព្វ​គ្រប់​ យើង​អាច​រក​ឃើញ​គោលដៅ​សំខាន់ៗ​នៃ​បរិវារស័ព្ទ​​ទាំង​នេះ ដែល​មាន​អត្ថន័យ​ជ្រៅ​ហើយ​សំខាន់​ទៀត​ផង ដោយ​ប្រើ​ជា​គុណសព្ទ បង្ហាញ​យ៉ាង​ច្បាស់​ឲ្យ​ឃើញ​នូវ​លក្ខណៈ​នៃ​ពាក្យ​ដើម​នីមួយៗ ។

បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ខ្មែរ​យើង​ប្រើ​បរិវារសព្ទ

[កែប្រែ]

មុន ​នឹង​ធ្វើ​អត្ថាធិប្បាយ​វែកញែក​រឿង​នេះ សូម​ឆ្លៀត​ឱកាស​ជម្រាប​ដោយ​សង្ខេប​នូវ​ប្រពៃណី​ខ្មែរ​យើង​សម័យ​បុរាណ​ដែល​ មាន​សារៈ​សំខាន់​ទាក់ទង​គ្នា​ជា​លំនាំ​ដើម​ក្នុង​ការ​ប្រើ​បរិវារស័ព្ទ​រហូត ​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

កាល​នោះ​ប្រទេស​ ខ្មែរ​យើង​ជា​មហា​ប្រទេស​មួយ​ក្នុង​ពិភពលោក​ មាន​ព្រំប្រទល់​ធំធេង​ទូលំទូលាយ​ណាស់​ព្រម​ទាំង​មាន​ប្រទេស​រណប​យើង​ជាច្រើន ​ផង ។ អរិយធម៌ និង​វឌ្ឍនធម៌​យើង​ក្ដី សឹង​មាន​ពន្លឺ​រស្មី​ត្រចះត្រចង់​ ប្រកប​ដោយ​កិត្តិសព្ទ​ និង​ឥទ្ធិពល​ល្បីល្បាញ​ខ្ទរខ្ទារ​ពាស​ពេញ​នៅ​ចុង​បូព៌ា​ប្រទេស​នៃ​ទ្វីប​ អាស៊ី​ទាំង​មូល ។

ធនធាន​យើង​ទៀត ក៏​សម្បូណ៌​ច្រើន​ជា​អនេកប្បការ​គ្រាន់​តែ​សម្ភារៈ​សម្រាប់​ភ្ញៀវ​កិត្តិយស​ នៅ​ប្រាសាទ​តាព្រហ្ម​តែ​មួយ​ប៉ុណ្ណោះ​ឃើញ​ថា យើង​មាន​ចាន​ជា​ច្រើន​ធុន​ធ្វើ​អំពី​មាស​សុទ្ធ​ពណ៌​ក្រហម​ឆ្អៅ មាន​ទម្ងន់​ទាំង​អស់​ដល់​ទៅ​ប្រាំ​តោន ប្រកប​ដោយ​ក្បាច់​ចម្លាក់​រចនា​ផ្សេងៗ និង​ដាំត្បូង​ពេជ្រ​ទាំង​គ្រាប់​តូច​ធំ និង​ត្បូង​ពណ៌​ឯ​ទៀត​ឆ្លុះ​តាម​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​នៅ​លើ​ចាន​នីមួយៗ​ នោះ ។ល។

ព័ត៌មាន​ប្រភេទ​នេះ សូម​អាន​កំណត់​ហេតុ​លោក ជីវ តាក្វាន់ ស្ដី ​អំពី​ប្រពៃណី​អ្នក​ស្រុក​ចេនឡា ប្រែ​ពី​ភាសា​ចិន​មក​ជា​ភាសា​បារាំង​ដោយ​លោក ប៉ូល ប៉េលីយ៉ូ ប្រែ​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ​ដោយ​លោក ឌឹក គាម និង ​សូម​អាន​សៀវភៅ ២ ​ទៀត​ដែល​និពន្ធ​ដោយ​លោក ហ្សក សឺដែស (George Coedès) ដែល​មាន​ចំណងជើង ៖

  1. វឌ្ឍនធម៌​ឥណ្ឌូនិយម​នៃ​ប្រទេស​ឥណ្ឌូចិន និង​ប្រទេស​ឥណ្ឌូនេស៊ី ។
  2. សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ដើម្បី​ងាយ​ស្គាល់​ប្រាសាទ​អង្គរវត្ត

ជា​​បញ្ចប់ ​សូម​អាន​សៀវភៅ​លោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពី​ប្រាសាទ​បុរាណ​ទាំងអស់​ក្នុង​ចំណោម​ប្រាសាទ​អង្គរវត្ត​ទំព័រ​ ១៨៤ ។

របៀប​ចាត់​ថ្នាក់​នៃ​លំដាប់​ស័ក្តិ​មន្ត្រី​យោធា

[កែប្រែ]

កាល ​សម័យ​បុរាណ​ប្រទេស​ខ្មែរ​យើង​រៀប​ចំ​ចាត់​ថ្នាក់​មន្ត្រី​យោធា តាម​លំដាប់​កងទ័ព​ជាតិ​រ៉ូម៉ាំង​ដែល​មេ​ក្រុម​នីមួយៗ​មាន​ងារ​ជា​ដេគួរីយ៉ុង (១០ Décurion) សង់ទីរីយ៉ុង (១០០ Centurion) មីលួរីយ៉ុង (១០០០ Millurion) គឺ​នាយ​ត្រួត​១០​នាក់ ១០០​នាក់ និង​១០០០​នាក់ ។ល។ (សូម​អាន​សៀវភៅ​អង្គរ​និង​ប្រទេស​រ៉ូម) ។

ចំណែក ​មន្ត្រី​យោធា​ខ្មែរ​យើង​វិញ មាន​លំដាប់​ថ្នាក់​របៀប​គ្នា​ដែរ​គឺ ៖ នាយ​រយ (នាយ​ត្រួត​មនុស្ស​មួយ​រយ​នាក់), នាយ​ពាន់​ (នាយ​ត្រួត​មនុស្ស​មួយ​ពាន់​នាក់), នាយ​ម៉ឺន (នាយ​ត្រួត​មនុស្ស​មួយ​ម៉ឺន​នាក់), និង នាយ​សែន (នាយ​ត្រួត​មនុស្ស​មួយ​សែន​នាក់) ។

ចំពោះ​នាយ​ម៉ឺន និង នាយ​សែន ដែល​មាន​បណ្ដា​ស័ក្តិ​ធំ​ពេក​ទៅ អ្នក​នៅ​ក្រោម​ឱវាទ​ទាំង​អម្បាលម៉ាន​ពុំ​ហ៊ាន​បន្លឺ​ស័ព្ទ​ស្រដី​ហៅ​ចំ​ងារ​ ថា នាយ​ម៉ឺន ឬ នាយ​សែន​ទេ ម្ល៉ោះហើយ​ពាក្យ​នាយ​មួយ​ម៉ាត់​នេះ​បាន​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​ថ្មី​ទៀត​ដែល ​មាន​សម្លេង​បង្អុរ​ឡើង​ដោយ​ញញើត​ញញើម​ខ្លាច​ពុំ​ពិរោះ​គាប់​ថា “នាម៉ឺន នាសែន” ទៅ​វិញ រហូត​ទៅ​ដល់​បំបាត់​ពាក្យ “នា” នេះ​ទៅ​ទៀត ហើយ​ក្លាយ​ទៅ​ជា​ហៅ​ថា លោក​ម៉ឺន​ឯក ឬ ម៉ឺន​ទោ ។ល។

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ

[កែប្រែ]

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ​នោះ បើ​តាម​លោក ជីវ តាក្វាន់ និង ​បព្វជិត​កាតូលិក​អេស្ប៉ាញ៉ុល ឈ្មោះ សង់ អង់តូនីញ៉ូ (Le Frère dominlcan de San Antonio) ដែល​លោក​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះចៅ ដុង ហ្វីលីប (Don Philippe) នៃ​ប្រទេស​អេស្ប៉ាញ​ក្រោម​ចំណង​ជើង​ថា “ព្រឹត្តិការណ៍​ជាក់​ស្ដែង​សង្ខេប​នៃ​ប្រទេស​កម្ពុជា​នៅ​សតវត្ស ​ទី​ ១៦” ប្រែ​ពី​ភាសា​អេស្ប៉ាញ៉ុល​មក​ជា​ភាសា​បារាំង​ដោយ​លោក​ កាបាតុង (A. Cabaton) បោះពុម្ព​ផ្សាយ​នៅ​រាជធានី​ម៉ាឌ្រីដ​ក្នុង​ឆ្នាំ​ ១៦០៤ បាន​អធិប្បាយ​ថា ៖

ក. នៅ​សម័យ​នោះ មន្ត្រី​ធំៗ​ខ្មែរ​ នឹង​ចេញ​ដំណើរ​ទៅ​ណា​មក​ណា រមែង​មាន​ក្បួន​ហែហម​មុខ​ក្រោយ​មាន​ពេល​រេហ៍ សេនា​បាវព្រាវ មនុស្សម្នា ប្រកប​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​តាម​លំដាប់​ស័ក្តិ​ធំ​តូច​ ដូចជាៈ មន្ត្រី​ស័ក្តិ ​១០ ​ហ៊ូពាន់​ ដែល​ក្លាយ​មក​ពី​ពាក្យ​សៀម “ហ៊ួផាន់” (ក្បាល​ពាន់) គ្រឿង​ហែ​ក្បួន​ត្រូវ​មាន​គ្រែ​ស្នែង ពាក្យ​រាជស័ព្ទ​ហៅ​ថា ព្រះ​សលៀង មាន​ក្លស់ ​៥ ​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង​ខៀវ ស្រប​តាម​ឋានៈ​មន្ត្រី​ឆ្វេង​ស្ដាំ ។ល។ ចំពោះ​មន្ត្រី​មាន​ឋានន្តរស័ក្តិ​ពី​ ១០​ ពាន់​ចុះ​មក​ ក្បួន​ហែហម​ជា​កិត្តិយស​មន្ត្រី​ទាំង​នោះ​មាន​ចំនួន​ចុះ​ថយ​ជា​លំដាប់​ មាន​ក្លស់​បាំង​ពី​ ៤​ ចុះ​មក​មួយ ។ល។

ខ. ចំពោះ​ព្រះមហាក្សត្រ​វិញ ក្បួន​ហែហម​ធំ​ជាង​មន្ត្រី ក្លស់​សម្រាប់​បាំង​ជុំ​វិញ​សុទ្ធ​តែ​ពណ៌​ស ឬ​លឿង​តាម​ថ្ងៃ​ធំ ឬ​តូច​ដោយ​ពុំ​មាន​កម្រិត​ចំនួន​ព្រម​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​បាំង​ ពន្លឺ​ព្រះអាទិត្យ និង​ បក់​កម្ដៅ ដូចជា បាំងសែន​ដែល​សៀម​ហៅ​ថា ប័ងសួន (ប័ងសុរ័យ) មយូរាឆ័ត្រ ចាមរ ឬ​ បៃមន់ ។ល។ ពាក្យ​ទាំង​នេះ សូម​មើល​វចនានុក្រម​ខ្មែរ ។

សម្លៀក​បំពាក់

[កែប្រែ]

សម្លៀក ​បំពាក់​មន្ត្រី​ខ្មែរ​យើង​តែង​មាន​តាម​លំដាប់​ស័ក្តិ​ជា​មន្ត្រី​ឆ្វេង​ ស្ដាំ ដែល​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង ត្រូវ​មាន​មួក​មាន​កំពូល​យ៉ត​មាស​ដាំ​ពេជ្រ មាន​សំពត់​អាវ​ចរបាប់​ទាំង​អស់ ព្រម​ទាំង​ស្បែក​ជើង​ស្រោម​ជើង ។

អក្សរ​ខ្មែរ

[កែប្រែ]

អក្សរ ​ខ្មែរ​យើង​នោះ​ទៀត​ ត្រូវ​មាន​សភាព​ជា​អក្សរ​អ្នក​អរិយប្រទេស​មួយ គឺ​មាន​សភាព​ដូចជា​សម្លៀក​បំពាក់​ដែរៈ មាន​សក់ ហាក់​ដូច​ជា​មួក មាន​តួ​អក្សរ និង​មាន​ជើង​អក្សរ ហាក់​ដូច​ជា​ស្បែកជើង ។

សម្ដី​និយាយ

[កែប្រែ]

សម្ដី ​និយាយ​នោះ​សោត ក៏​ត្រូវ​មាន​វរិវារស័ព្ទ​ហែហម​ជា​លំដាប់​ដែរ ។ ម្យ៉ាង​វិញ​ទៀត ខ្មែរ​យើង​ច្រើន​ប្រឌិត​ពាក្យ​ពេចន៍​ដោយ​ពុំ​មាន​ឫសគល់​ពី​បាលី ឬ​សំស្ក្រឹត ដើម្បី​យក​មក​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​អ្នក​ស្រុក ដូចជា​អាទិ៍ ពាក្យ «កណ្ដុំ​ឆែប…ឆា» ដែល​អ្នក​ខ្លះ​ច្រើន​ ភ្លាត់​មាត់​នៅ​វេលា​ចាក់​ក្រឡេក​ប្រលែង​គ្នា​លេង ។ បើ​ពុំ​បាន​ជា​គិត​ យើង​ស្មាន​ថា​ជា​ពាក្យ​អនុករណៈ ឬ​ឧទានសព្ទ ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ពាក្យ​ចំអាស​មួយ​បែប គួរ​ឲ្យ​កោត​សរសើរ​ថ្វី​ដៃ​អ្នក​ប្រាជ្ញ​បុរាណ​ដែល​ចេះ​យក​ពាក្យ «ឆា» មួយ​ម៉ាត់​មក​ដាក់​បញ្ឆោត​ភ្ជាប់​ពី​ខាង​ក្រោយ​បង្អស់​ ដើម្បី​បង្វែង​ដាន​អ្នក​ផង​កុំ​ឲ្យ​នឹង​សង្ស័យ​រក​អត្ថន័យ​ប្រាកដ​ឃើញ ។

ពាក្យ​នេះ យើង​ព្យាយាម​វែក​ញែក​រក​ហេតុផល​ទៅ យើង​អាច​រក​ឃើញ​ច្បាស់​ថា ជា​ពាក្យ​គន្លាស់​កាត់​មាន​សេចក្ដី​ថា “កណ្ដុំ​ឆែប​មួយ​ដួយ” ។ ពាក្យ​នេះ សូម​ជូន​អស់​លោក​អ្នក​អាន​គន្លាស់​ត្រឡប់​ទៅ​វិញ​ខ្លួន​ឯង​ទៅ​ចុះ ។

ពាក្យ "ធ្នើ" វិញ​ក៏​មាន​លំនាំ​របៀប​ដូច​គ្នា​ដែរ​គឺ​ពាក្យ "ធ្នើ" ថ្នាក់​លើ ។ រីឯ​ពាក្យ​ «ក្បាក់» ដែល​ជា​ឈ្មោះ​កូន​ជើង​ពាន​ទំនាប់​ច្រើន​ធ្វើ​អំពី​ប្រាក់​វិញ​គឺ​ជា​ពាក្យ «ក្បាក់​ប្រាន» បាន​សេចក្ដី​ថា "ក្បាន​ប្រាក់" ។ សូម​មើល​ពាក្យ​ ចាន​ក្បាន

របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ

[កែប្រែ]

តាម ​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​អាចារ្យ​ដើម្បី​ គន់គូរ​ទស្សទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅ​តាម​ឫក្សពារ តាម​ពេលា​ល្អ ឡើងស័ក្ត ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​នៃ​កំណើត​ទារក​ដែល​មាន​អត្ថន័យ​សំខាន់​ស្រប​តាម​ គម្ពី​បាលី និង​ស្រប​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតា​បិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង​ នោះ ។

នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

ក. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ : ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពី​បួន​ព្យាង្គ​ ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរីសុវត្ថិ ។
ខ. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី​ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស) ។
គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស : នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។
ឃ. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ : នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។

អាស្រ័យ ​ដូច​បាន​អធិប្បាយ​ខាងលើ​នេះ​ស​ឲ្យ​ឃើញ​ថា ចាប់​តាំង​ពី​កិច្ច​ចេញ​ដំណើរ​រហូត​ដល់​សម្ដី​និយាយ​ ព្រម​ទាំង​របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​ទៀត ឃើញ​ថា សុទ្ធ​តែ​មាន​របៀប​ជា​លំដាប់​ថ្នាក់​ខ្ពស់​ទាប មាន​បរិវារ​ហែហម​ជា​កត្តិយស​ជា​ដរាប ។

កំណត់​សម្គាល់ ៖ ការ​បរិយាយ​ខាង​លើ​គឺ​ជា​ភស្តុតាង​ខាង​កំណត់​ត្រា​ដ៏​តូច​មួយ​ ដែល​អាច​នាំ​ឲ្យ​មិត្ត​អ្នក​អាន​​សន្និដ្ឋាន​បាន​ថា ពួក​ស្តេច ឬ មន្ត្រី​ក្រោម​បង្គាប់​ រួម​គំនិត​ជា​មួយ​ពួក​អាចារ្យ​ព្រាហ្ម​​នៅ​សម័យកាល​នោះ​បាន​រើស​អើង​ មើល​ងាយ​ប្រជារាស្ត្រខ្មែរ​​​​​ ដែល​ជា​អំពើ​ដ៏​ថោកទាប​បំផុត ។ ពួក​​ស្តេច​ មន្ត្រី និង ព្រាហ្ម​អាចារ្យ​ ទាំង​នោះ​បាន​ទទួល​យក​​ប្រពៃណី ទំនៀម​ទម្លាប់​​ដ៏​គម្រក់​របស់​ជនជាតិ​ឥណ្ឌា​ ពោល​គឺ​ការ​បែង​ចែក​មនុស្ស​ជា​វណ្ណៈ (ព្រាហ្ម ក្សត្រ វេស្ស និង សូទ្រ) មក​អនុវត្ត​ដោយ​គ្មាន​កែប្រែ​បន្តិចបន្តួច​សោះ ។ នៅ​ក្នុង​សង្គម​ឥណ្ឌា​បុរាណ ក៏​ដូច​ជា​សម័យ​ទំនើប មនុស្ស​នៅ​ក្នុង​វណ្ណៈ​សូទ្រ​​ទោះ​ទៅ​ដល់​ទី​ណា ទោះ​កែប្រែ​ជំនឿ​ទៅ​កាន់​សាសនា​អ្វី​ក៏​ដោយ (ទាំង​គ្រិស្តសាសនា ទាំង​សាសនា​អ៊ីស្លាម) ត្រូវ​បាន​មនុស្ស​នៅ​ក្នុង​វណ្ណៈ​​ព្រាហ្ម វណ្ណៈ​ក្សត្រ និង វណ្ណៈ​វេស្ស ដឹង​ភ្លាម​តាម​រយៈ​ឈ្មោះ​របស់​ពួក​សូទ្រ​ ។ ពេល​​ពួក​មនុស្ស​វណ្ណៈ​សូទ្រ​នាំ​កូនចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ គ្រូ​បង្រៀន​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​សួរ​រក​វណ្ណៈ​របស់​កុមារ​ទាំង​នោះ ។ បើ​ឪពុក​ម្តាយ​របស់​កុមារ​ទាំង​នោះ​មិន​ប្រាប់​វណ្ណៈ​របស់​កុមារ​ទេ​ ពួក​គ្រូ​ទាំង​នោះ​នឹង​មិន​ចុះ​ឈ្មោះ​ឲ្យ​កុមារ​​ចូល​រៀន​ឡើយ ។ តាម​រយៈ​ត្រកូល (គោត្រនាម ឬ គោត្តនាម) របស់​កុមារ​នោះ ពួក​គ្រូ​ទាំង​នោះ​​ក៏​នឹង​អាច​ដឹង​ភ្លាម​ថា កុមារ​ណា​មក​ពី​វណ្ណៈ​ណា​មួយ ។ ពួក​កុមារ​មក​ពី​វណ្ណៈ​សូទ្រ​ត្រូវ​បាន​គ្រូ​តម្រូវ​ឲ្យ​អង្គុយ​នៅ​ក្រោយ​គេ​បង្អស់ និង ត្រូវ​បរិភោគ​អាហារ ឬ ទឹក​​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ពី​កុមារ​នៃ​វណ្ណៈ​ដទៃ ។

ការ​ចាត់​បរិវាសព្ទ​តាម​ក្រុម​​អក្សរ

[កែប្រែ]

ក្រុមអក្សរ ក

[កែប្រែ]


កកិច​កកុច : ពាក្យ​​នេះ​​មាន​​អត្ថន័យ​​ប្រហាក់​​ប្រហែល​​គ្នា​​នឹង​​ពាក្យ​​កិចកុក​​ដែរ គឺ​​បង្ក​​រឿង​​ហេតុ​​ដោយ​​មាន​​គំនិត​​ក្រឡេច​​ក្រឡុច ។​ អាស្រ័យ​​ហេតុ​នេះ​ បរិវារស័ព្ទ "កកុច" អាច​គន្លាស់​បាន​ជា​ពាក្យ "កកុច​ដោយ​មាន​គំនិត​ក្រឡុច​ក្រឡេច" ពោល​គឺ​ "កកិច​ដោយ​មាន​គំនិត​ក្រឡេច​ក្រឡុច" ។ អ្នក​ខ្លះ​ប្រើ​ពាក្យ​នេះ​ថា "កកិច​កកុក" ។
កក្អាក​កក្អាយ​ : កក្អាយ​​ដោយ​​សើច​​សាបាក គឺ​កក្អាក​​ដោយ​​សើច​​សប្បាយ ។
កញ្ឆក់កញ្ឆែង : ចាប់ទាញកន្ត្រាក់ដោយឥតគួរប្រណី ។ បរិវារស័ព្ទៈ កញ្ឆែង​ដោយឥតកោតក្រក់ គឺកញ្ឆក់​ដោយឥតកោតក្រែង ។
កណ្តោចកណ្តែង : ត្រមោចឯកឯងក្នុងទីស្ងាត់ ។ បិរវារស័ព្ទៈ កណ្តែងតែម្នាក់អោច គឺកណ្តោចតែម្នាក់ឯង ។
កម្ទេចកម្ទី : កម្ទីជាធូលិច គឺកម្ទេចជាធូលី ។
កាក់កប : កាក់គ្រប់ដំណប គឺកបគ្រប់ដំណាក់ ។
កៀនកោះ : កោះចន្លៀនគឺកៀនចន្លោះ ។
កំប្លុកកំប្លែង : កំប្លុកថ្លែង គឺកំប្លែងថ្លុក ។
កំព្រីកំព្រា : កំព្រីដោយឥតមេជា គឺកំព្រាដោយឥតមេជី ។
ក្តីក្តាំ : ក្តាំព្រោះប្រកាន់រៀងខ្លួនតាមចំណី គឺក្តីព្រោះប្រកាន់រៀងខ្លួនតាមចំណាំ ។
ក្បាច់ក្បូរ : គេច្រើនប្រើពាក្យនេះក្នុងវគ្គ "មិនដឹងជាក្បាច់ក្បូរអ្វីទេ! ឬចេះតែក្បាច់ក្បូរណាស់" ដែលយើងអាចបកស្រាយថា ពុំមានការចាំបាច់អ្វីឡើយ! ឬពុំចាំបាច់ទេ! ដូច្នេះបរិវាស័ព្ទ ក្បូរអាចគន្លាស់បានជាពាក្យ ក្បូរចាំដាច់ គឺក្បាច់ចាំដូរ ។
ក្បាលក្បូង : ក្បូងដូចលលាដ៍ដាល គឺក្បាលដូចលលាដ៍ដូង ។
ក្មេងក្មាង : ក្មាងអ្នកជិតខេង គឺក្មេងអ្នកជិតខាង ។
ក្រវេក្រវូ : ជាគ្រាមភាសាមានន័យថារវល់ ឈឺឆ្អាល ។ ក្រវេរឿងរបស់កូ គឺក្រវូរឿងរបស់គេ ។
ក្រីក្រ : ជនក្រីក្រជាជនខ្សត់ខ្សោយលំបាកណាស់ មិនថាតែសម្បត្តិទេ គឺរហូតដល់តំរិះវិជ្ជាផង ។ល។ បរិវារស័ព្ទ : ក្រីអប្រ គឺក្រអប្រិយ ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រឡាញ់រាប់អាន ។

ក្រុមអក្សរ ខ

[កែប្រែ]


ខ​ខិតខង​ខិត : តាម​វចនានុក្រម​ខ្មែរ​បាន​សេចក្ដី​ថា ប្រកាន់​ទុក ចំណាំ​ទុក​នូវ​របស់​អ្វី​មួយ​ថា​ជា​របស់​ខ្លួន ដោយ​ដាក់​សញ្ញា​ជា​សម្គាល់ ។ ឃ្មុំ​នេះ​មាន​គេ​ខខិត​ហើយ ។ មាន​អ្នក​ស្រុក​ខ្លះ​ប្រើ​ពាក្យ ខខិត​ នេះ​ថា ខងខិត វិញ ។ ពាក្យ​ ខងខិត​ ដូចជា​សមរម្យ​ជាង​ពាក្យ ខខិត ព្រោះ​បរិវារស័ព្ទ​ "ខង" អាច​គន្លាស់​បាន​ជា​ពាក្យ "ខង​ទុក​ជា​ទ្រព្យ​ក្នុង​មួយ​របិត" គឺ "ខិត​ទុក​ជា​ទ្រព្យ​ក្នុង​មួយ​របង" ពោល​គឺ​ជា​ទ្រព្យ​ជាប់​បំណង មាន​ម្ចាស់​គេ ហាក់​ដូចជា​ទ្រព្យ​មួយ​នៅ​ក្នុង​របង​ផ្ទះ ។
ខាប់ខណ្ឌខណ្ឌខាប់ : តាមវចនានុក្រមបានសេចក្ដីថា ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា ។ ទីចង្អៀតខាប់ខណ្ឌ មនុស្សច្រើនពាន់ឈរខាប់ខណ្ឌតាន់តាប់ ។ បរិវារស័ព្ទ “ខាប់” អាចគន្លាស់បានជាពាក្យ “ខាប់ច្រើនពាន់ចង្អៀតតាប់តាន់” គឺ “ខណ្ឌច្រើនពាន់ចង្អៀតតាន់តាប់” ។
ខិតខំ : ខិតធ្វើការឲ្យអស់ពីចំ គឺខំធ្វើការឲ្យអស់ពីចិត្ត ។
ខ្ជះខ្ជាយ : ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ ។
ខ្នល់ខ្នើយ : ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់ ។
ខ្លាំងក្លា : ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ ។
ខ្វល់ខ្វាយ : ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ ។
ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ ។

ក្រុមអក្សរ គ

[កែប្រែ]


គិតគូរ : គូរដើម្បីឲ្យធិត គឺគិតដើម្បីឲ្យធូរ ។
គំរោះគំរើយ : គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ ។
គ្រាំគ្រា : ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម ។ បរិវារសព្ទ : គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា ។

ក្រុមអក្សរ ឃ

[កែប្រែ]


ឃោរឃៅ : កាចខ្លាំងឥតមេត្តាប្រណី ។ បរិវារសព្ទ : ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ ។

ក្រុមអក្សរ ង

[កែប្រែ]


ងងឹតងងល់ : ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់ ។
ងរងក់ : ងក់មួយសំប៊រ គឺងរមួយសំបក់ ។

ក្រុមអក្សរ ច

[កែប្រែ]


ចង្អៀតចង្អល់ : ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់ ។
ចានក្បាន : ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន ។
ចែចង់ : ចែល្បូងឲ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឲ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍ ។
ចែចូវ : ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ ។
ចំណីចំណុក : ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ ។

ក្រុមអក្សរ ឆ

[កែប្រែ]


ឆោមឆាយ : ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ ។
ឆ្មើងឆ្មៃ : ឆ្មៃវាយឫកឲ្យមានតម្លើង គឺឆ្មើងវាយឫកឲ្យមានតម្លៃ ។
ឆ្លេឆ្លា : ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ ។
ឆ្អែតឆ្អន់ : ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់ ។

ក្រុមអក្សរ ជ

[កែប្រែ]

ជាតិជៅ : រសជាតិ​សំខាន់​ដែល​មាន​ប្រចាំ​ក្នុង​អាហារ ក្នុង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ ឬ​ក្នុង​តម្រេក ។ល។ សម្ល​នេះ​មាន​ជាតិជៅ​ណាស់ ។ បរិវារសព្ទ : ជៅ​នេះ​អ្នក​ប្រាជ្ញ​បុរាណ ប្រហែល​ជា​មាន​គំនិត​ប្រដូច​ទៅ​នឹង​រសជាតិ​ដ៏​សំខាន់ ពិសេស​ជាង​គេ​ក្នុង​លោក​ ពោល​គឺ រសជាតិ​ឆ្ងាញ់​មួយ​ប្រភេទ ក្នុង​តម្រេក ដូច្នេះ បរិវារសព្ទ ជៅ​នេះ​យើង​អាច​ដោះស្រាយ​បាន​ជា​វគ្គ​មួយ​ថា​ ៖ ជៅ​នៅ​កៀន​ភ្លាត គឺ​ជាតិ​នៅ​កៀន​ភ្លៅ ពោល​គឺ​មាន​តែ​រសជាតិ​កន្លែង​នេះ​ហើយ​ដែល​មាន​ឱជារស​សំខាន់​ជាង​គេ​ក្នុង​លោក ។
ជ្រុលជ្រួស : ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស ។
ជ្រោមជ្រែង : ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម ។
ជំទាវជំទោក : ជំទោក​បាន​មក​ពី​ស្នាវ គឺ​ជំទាវ​បាន​មក​ពី​ស្នូក (ប្រដាប់​ភេទ) ។ នេះ​គឺ​ជា​ពាក្យ​បន្តុះ​បង្អាប់​ដល់​មនុស្ស​ស្រី​មួយ​ចំនួន​ដែល​គ្មាន​ចំណេះ​វិជ្ជា ឬ គោរម្យងារ​ត្រឹម​ត្រូវ​តាម​​ព្រះ​រាជក្រិត្យ ប៉ុន្តែ​ចង់​ឲ្យ​ប្រជាជន​ហៅ​ពួក​គេ​ថា លោក​ជំទាវ ។ ស្ត្រី​ទាំង​នោះ​ជា​មនុស្ស​​មាន​មោទនភាព​ខ្ពស់​ក្រៃ​ពេក ប្រើប្រាស់​អំណាច​របស់​ប្តី​ជា​មន្ត្រី, ​ទ្រព្យ​សម្បត្តិ​ និង បក្សពួក ដើម្បី​ជិះជាន់​ គំរាមកំហែង កេង​ប្រវញ្ច​ប្រជាជន​ស្លូតត្រង់​តាម​អំពើ​ចិត្ត ។ ដូច្នេះ​ទើប​ប្រជាជន​នាំ​គ្នា​ប្រើពាក្យ​ទាំង​នេះ​ពីក្រោយ​ខ្នង ឧទាហរណ៍ "​បុណ្យ​ចូល​ឆ្នាំ​នៅ​វត្ត​យើង​ឆ្នាំ​នេះ​មាន​ ពួក​អាច់ម៉ាដុំ (ឯកឧត្តម) អ្នក​មីនាង (ស្ត្រី​ជាប់​ខ្សែ​ស្តេច) និង ជំទាវជំទោក​ ច្រើន​គរ​ដឹក​មក​ចូលរួម" ។ យោង​តាម​សៀវភៅ​វចនានុក្រម​សម្តេច​សង្ឃរាជ​ ជួន ណាត ពាក្យ​ ជំទាវ គឺ​ជា​ បណ្តា​ស័ក្តិ​សម្រាប់​ស្ត្រី​ជា​ភរិយា​សេនាបតី ដោយ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ប្រោស​ព្រះ​រាជទាន​តាំង ឧទាហរណ៍ លោក​ជំទាវ (លោក​ស្រី) ។ បណ្តាស័ក្តិ​នេះ ទោះ​បី​ភរិយា​របស់​មន្ត្រី​ស័ក្តិ​ ១០ ហ៊ួរ​ពាន់​ឯ​ទៀត​ៗ ក្រៅ​ពី​សេនាបតី​ក៏​ដោយ, ស្រេច​នឹង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត, បើ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជទាន​តាំង​ក៏​បាន ។ ពាក្យ​នេះ កាល​ពី​ក្នុង​សម័យ​បុរាណ ប្រហែល​ជា​ហៅ​ ចាំ​ទាវចំ​ទាវ ទេ​ដឹង ? ព្រោះ​បាន​សង្កេត​ឃើញ​ថា ប្រហែល​ក្លាយ​មក​ពី​ពាក្យ​សៀម​សម័យ​បុរាណ​យូរ​អង្វែង​ហើយ​ថា ប្រៈចាំទាវ (អាន​ថា ប្រាក់ចាំថាវ) ប្រែ​ថា "ប្រចាំ​ជើង" ឬ ហ្យិង​ប្រៈចាំ​ទាវ (អាន​ថា យិង​ប្រាក់ចាំ​ថាវ) ប្រែ​ថា "​ស្ត្រី​ប្រចាំ​ជើង" គឺ​ស្ត្រី​អ្នក​នៅ​ប្រចាំ​ការ​បម្រើ​ជិត​ជើង​ស្វាមី (ភរិយា), ជា​ពាក្យ​ប្រែ​ចេញ​មក​អំពី​​ភាសា​សំស្ក្រឹត និង បាលី ថា បាទបរិចារិកា ? ​

ក្រុមអក្សរ ឈ

[កែប្រែ]


ឈូឆរ : ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរ ឬឆរទៅស្រ៊ូ គឺឈូទៅស្រ ។

ក្រុមអក្សរ ញ

[កែប្រែ]


ញាប់ញ័រ : ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់ ។
ញញឹមញញែម : ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម ។

ក្រុមអក្សរ ដ

[កែប្រែ]


ដាច់ដោច : ដោចល្ហាច់ គឺដាច់ល្ហោច ឬដាច់ហិនហោច ។
ដំណែដំណឹង : ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ ។

ក្រុមអក្សរ ឋ

[កែប្រែ]


ឋិតថេរ : ថេរបានយូរជាកាលកិត គឺឋិតបានយូរជាកេរកាល ។

ក្រុមអក្សរ ត

[កែប្រែ]


តាក់តែង : តាក់ឲ្យបានល្អចែង គឺតែងឲ្យបានល្អជាក់ ។
តឹងតែង : តែងឲ្យដូចខ្សែខ្លឹងគឺតឹងឲ្យដូចខ្សែខ្លែង ។
តូចតាច : តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច ។
តាចគ្មានអំណូច គឺតូចគ្មានអំណាច ។
ត្រាណត្រើយ : ត្រាណអវសោយ គឺត្រើយអវសាន ។
ត្រួតត្រា : ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ ។
ត្អូញត្អែរ : ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ ។

ក្រុមអក្សរ ថ

[កែប្រែ]


ថ្កុំថ្កើង : ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម ។
ថ្នាក់ថ្នម : ថ្នាក់មិនឲ្យអម គឺថ្នមមិនឲ្យអាក់ ។
ថ្លោះធ្លោយ : ធ្លោយដោយមានការបណ្តែតបណ្តោះ គឺថ្លោះដោយមានការបណ្តែតបណ្តោយ ។

ក្រុមអក្សរ ទ

[កែប្រែ]


ទាក់ទង : ទងឲ្យត្រូវតាមទំនាក់ គឺទាក់ឲ្យត្រូវតាមទំនង ។
ទូលំទូលាយ : ទូលំធាយ គឺទូលាយធំ ។

ក្រុមអក្សរ ធ

[កែប្រែ]


ធនធាន : ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ ។
ធ្ងន់ធ្ងរ : ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ ។

ក្រុមអក្សរ ន

[កែប្រែ]


នឹកនា : នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា ។
នឹងនរ : នរ​ជំហឹង គឺ​នឹង​ជំហរ ។
នែបនិត្យ : និត្យឲ្យជែប គឺនែបឲ្យជិត ។

ក្រុមអក្សរ ប

[កែប្រែ]


បន្លែបន្លុក : បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ ។
បីបម : បមដោយថ្នី គឺបីដោយថ្នម ។
ប្រែប្រួល : ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល ។

ក្រុមអក្សរ ផ

[កែប្រែ]


ផូរផង់ : ផង់ដោយត្រចូរ គឺផូរដោយត្រចង់ ។
ផ្តេកផ្តិត : ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត ។
ផ្ទះសំបែង : សំបែង​អាត់ គឺ​សម្បត្តិ​ឯង ។

ក្រុមអក្សរ ព

[កែប្រែ]


ពោះពង់ : មានផ្ទៃពោះ មានគភ៌ < ពង់មូលធ្លោះ គឺពោះមូលថ្លុង ។ ព្រោកប្រាជ្ញ : អង្គុយព្រោកចេញត្រប៉ាច អង្គុយប្រាជ្ញចេញឃ្លោក។

ក្រុមអក្សរ ភ

[កែប្រែ]


ភ្លើតភ្លើន : ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត ។

ក្រុមអក្សរ ម

[កែប្រែ]


មនុស្សម្នា : ម្នាចាំការពុះ គឺមនុស្សចាំការពារ ឬម្នាជាបរិពុះ គឺមនុស្សជាបរិពារ ។
មមើមមាយ : មមាយនិយើ គឺមមើនិយាយ ឬមមាយរាយមើ គឺមមើរាយមាយ ។
ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់ ។

ក្រុមអក្សរ យ

[កែប្រែ]


យូរយា : យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា ។
យំយែក : យែកស្រុម គឺយំស្រែក ។

ក្រុមអក្សរ រ

[កែប្រែ]


រវើរវាយ : រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ ។
រួសរាយ : រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ ។

ក្រុមអក្សរ ល

[កែប្រែ]


លះលែង : លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ ឬលះគ្នាដោយដាច់សង្វែង គឺលែងគ្នាដោយដាច់សង្វាស ។
ល្អល្អាច់ : ល្អាច់ដ គឺល្អដាច់ ។

ក្រុមអក្សរ វ

[កែប្រែ]

វត្តវ៉ា

វាងវៃ : វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង ។
វិសេសវិសាល : វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល ។
វត្តវ៉ា : វ៉ាលោកទាត់ គឺវត្តលោកតា។

ក្រុមអក្សរ ស

[កែប្រែ]


សងសឹក : សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក ។
សមសួន : សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ ។
សម្លសម្លុក : សម្លុកបង់ប្រហ គឺសម្លបង់ប្រហុក ។
ស្នេហ៍ស្នង : ស្នងនៃមាសបែ គឺស្នេហ៍នៃមាសបង ។
ស្បថស្បែ : ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ ។
ស្លេកស្លាំ : ស្លេកប៉ាំង គឺស្លាំងពេក ។


ក្រុមអក្សរ ហ

[កែប្រែ]


ហួងហែង : ហែងសម្បត្តិទុកសម្រាប់ខ្លួនអួង គឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង ។

ក្រុមអក្សរ ឡ

[កែប្រែ]


ឡូឡា : ឡាដោយអានាចូរ គឺឡូដោយអានាចារ ។

ក្រុមអក្សរ អ

[កែប្រែ]


អានាចារ : ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់ ។
អាចារ្យអាចុំ : អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ ។

ឯកសារ​យោង

[កែប្រែ]
  1. ស៊ី​សុវត្ថិ,​ ប៉ូរក្ខស៊ី. បរិវារសព្ទ​ក្នុង​ភាសា​ខ្មែរ. ឆ្នាំ​ ១៩៧២