ប្រភេទសិលា
សិលាដែលបានរលាយ គេហៅថា “ម៉ាក់ម៉ា” (Magma)។ ម៉ាក់ម៉ាភាគច្រើន កើតចេញពីការរលាយ ដោយផ្នែកនៃម៉ង់តូ។ សិលាម៉ាក់ម៉ា កកើតមាននៅពេលម៉ាក់ម៉ាកករឹង។ ប្រសិនបើម៉ាក់ម៉ា ផុសឡើងលើផ្ទៃផែន ដី នោះវាអាចរងរបិច (ការពុកផុយនៃសិលា) និងសំណឹក ហើយកម្ទេចកំទីដែលបានបង្កើតឡើងនោះ ត្រូវបាន ដឹកជញ្ចូន ហើយជាចុងក្រោយ ត្រូវបានចាក់បង្គរ (ជាធម្មតានៅលើបាតសមុទ្រ) ជាកម្ទេចកំណ។ ប្រសិនបើ កម្ទេចកំណធូរទាំងនេះ ត្រូវបានពង្រឹងទៅជាសិលា នោះវាក្លាយទៅជាសិលាកម្ទេចកំណ។ ខណៈពេលសិលានេះ ត្រូវបានកប់ដោយស្រទាប់បន្ថែមនៃកម្ទេចកំណ និងសិលាកម្ទេចកំណ នោះកម្ដៅ និងសម្ពាធ កើនឡើង។ កម្លាំង តិចតូនិច ក៏អាចធ្វើឱ្យកើនឡើងសីតុណ្ហភាព និងសម្ពាធផងដែរ។ ប្រសិនបើសីតុណ្ហភាព គឺខ្ពស់គ្រប់គ្រាន់ ជាធម្មតា នៅជម្រៅជ្រៅជាងពីរ-បីគីឡូម៉ែត្រខាងក្រោមផ្ទៃផែនដី នោះសិលាកម្ទេចកំណដើម លែងមានតុល្យភាពជាមួយ លក្ខខណ្ឌរូប និងគីមីថ្មីនោះហើយ ហើយវា ក៏កកជាក្រាមឡើងវិញម្ដងទៀត។ សិលាថ្មីដែលកកើតឡើងនោះ គេ ឱ្យឈ្មោះថា សិលាប្រែកំណើត។ ប្រសិនបើសីតុណ្ហភាព ទទួលបានខ្ពស់ខ្លាំង នោះសិលារលាយដោយផ្នែក ដោយ បង្កើតបានជាម៉ាក់ម៉ា និងបំពេញនូវវដ្ដសិលា។ វដ្ដនេះ អាចត្រូវបានធ្វើឡើងដដែលៗ។ យ៉ាងណាក៏ដោយ មិនមែនគ្រប់សិលាទាំងអស់ សម្រេចផលបាន តាមជំហាននីមួយៗនៅក្នុងវដ្ដនោះឡើយ។ ឧទាហរណ៍ ៖ សិលាកម្ទេចកំណ អាចត្រូវបានងើបឡើង ត្រូវរងរបិច និងត្រូវរងសំណឹក ដោយបង្កើតបានជាកមេ្ទចកំណថ្មីទៀត។ ដូច្នេះ វដ្ដនេះ រៀបរាប់អំពីការកកើត និងការខូចរូបរាងនៃសិលានៅក្នុងផែនដី។ នៅពេលណាមួយ កន្លែងណាដែលនៅក្នុង ឬនៅលើផ្ទៃផែនដី សិលាត្រូវបានបង្កើត ផ្លាស់ប្ដូរ បំផ្លាញ និងធ្វើវដ្ដ ៖ ប្រហែល ១៤-១៦ គ.ម៣ នៃសម្បកផែនដីដែលបានធ្វើវដ្ដជារៀងរាល់ឆ្នាំ។ ទីតាំងនៃដំណើរការទាំងនេះ ត្រូវបានកំណត់ជាចម្បង ដោយចលនានៃផ្លាកតិចតូនិច (គឺជាចលនានៃផ្លាកតាមរយៈចរន្ដរង្វល់ក្នុងម៉ង់តូ) ដែលធ្វើឱ្យមានការកកើតនៃ សម្បកផែនដីថ្មីនៅព្រំដែនផ្លាកសំណង់ និងការលិចចុះ (ការកប់) នៃសិលា និងការងើបឡើងនៃសម្បកផែនដី នៅឯព្រំដែនបំផ្លាញ។
ឯកសារយោង
[កែប្រែ]អត្ថបទនេះ ដកស្រង់ចេញពីសៀវភៅ "មូលដ្ឋានគ្រឹះនៃភូមិសណ្ឋានវិទ្យា" របស់ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយ៖ យាំ សារដ្ឋ និស្សិតភូមិវិទ្យា ជំនាន់ទី២៥ (fb.me/Sarath.Khmer.Photographer/app_208195102528120)