Jump to content

រឿងតាត្រសក់ផ្អែម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រវត្តិតាត្រសក់ផ្អែម)

រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ ។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស "វរ្ម័ន" នៅសម័យអង្គរ​។ ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំង​ទាំង​ជនជាតិខ្មែរ បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ អ្វីជាការយកចិត្តទុកដាក់ របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ ។

កន្លងមកយើងធ្លាប់ឮ ធ្លាប់អានរឿងនេះតាមរយ:អត្ថបទអក្សរសិល្ប៍សៀវភៅប្រវត្តិសាស្រ្ដ សៀវភៅប្រជុំរឿងព្រេង ហើយស្នាដៃទាំងនោះមានភាពស្រដៀងៗគ្នា។ ចំណែកពេលនេះ ខ្ញុំនឹងបង្ហាញជូននូវរឿងព្រេងនិទាន ស្ដីពីប្រវត្តិតាត្រសក់ផ្អែមមួយទៀតដោយមានការទាក់ទងទៅនឹងប្រវត្តិទីតាំង ស្ថាននាម មួយចំនួន នៅតំបន់អង្គរភាគ ខាងជើង និងខាងកើត ដែលត្រូវបានរក្សា រហូតដល់សព្វថ្ងៃនេះ ។ ហេតុផល នៃការលើកយករឿងនេះមកអធិប្បាយ ក្នុង​គោលបំណងតែមួយគត់គឺ“រក្សាមរតកអក្សរសិល្ប៍ខ្មែរ” ។ ពីព្រោះថារឿងនេះមានលក្ខណ:ប្លែកគ្នាពី រឿងមុនៗ ត្រង់ថា វាមានទាក់ទងទៅនឹង ស្ថាននាមនៅតំបន់អង្គរ ហើយយើងក៏ធ្លាប់សរសេរក្នុងសៀវភៅ "ដប់ថ្ងៃនៅទីក្រុង អង្គរ" តម្កល់ទុកនៅមហាវិទ្យាល័យប្រវត្តិវិទ្យាដែរ ។

សៀវភៅនោះត្រូវបានរៀបរៀងឡើងដោយនិស្សិតប្រវត្តិវិទ្យាចំនួន ១១ នាក់ រួម ទាំងខ្ញុំផង ប៉ុន្ដែ ការផ្សាយមិនមានលក្ខណ:ទូលំទូលាយ ។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានាពេលនេះ ជូនមិត្តអ្នកអាន ពិចារណា ប៉ុន្ដែ សូមមិត្តអ្នកអាន យប់ថានេះពុំមែនជារឿងប្រវត្តិសាស្រ្ដជាក់ស្ដែងនោះទេ វាគ្រាន់តែជារឿងព្រេងនិទាន ដែលប្រជារាស្រ្ដខ្មែរចេះចាំហើយនិទានតៗគ្នាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ចំពោះចំណោទមួយដែល បានចោទសួរថា បើរឿងព្រេងតាត្រសក់ផ្អែម ត្រូវបានជនជាតិ ៤ ប្រទេសចាត់ទុក ថាជារឿង របស់ខ្លួនរៀងៗខ្លួននោះ តើយើងអាចវែកញែករកហេតុផលមកពន្យល់បានទេ ?

ចំពោះទស្សន:ខ្ញុំ យល់ថា បាន, ទោះបីជា​រឿងតាត្រសក់ផ្អែម​របស់ភូមាគេថាបានចាប់កំណើតឡើងតាំងពីសតវត្សទី១០ ក៏ដោយ ។ យើងត្រូវសង្កេតពិនិត្យរកទីតាំងជាក់លាក់ ដែលមានទាក់ទងក្នុងដំណើររឿង ។ បានសេចក្ដីថា យើងត្រូវធ្វើការសិក្សាស្ថាននាមដែល មានទាក់ទងក្នុងរឿង ។ ខ្ញុំក៏ជឿជាក់ថា រឿងព្រេងតាត្រសក់ផ្អែម គឺជារឿងរបស់ខ្មែរពិតៗ ព្រោះវាមានទាក់ទងនៅនឹង ស្ថាននាម ព្រឹត្តិការណ៍សង្គម ជីវភាពរបស់ខ្មែរ នៅចុងសម័យអង្គរ ។ ពេលនេះ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន ពិចារណាទៅលើប្រវត្តិតាត្រសក់ផ្អែម របស់អ្នកស្រុកប្រដាក់ ដូចតទៅនេះ :

កាលដើមឡើយ មានឥសីមួយអង្គ គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយសម័យថ្ងៃមួយមានសត្វចាបមួយគូ ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន ក៏ទៅជួបតាឥសីកំពុងសមាធិ ។ ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យ ខ្លួនងាយ ស្រួល កាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង ដាក់ក្នុងសំបុកវារួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។ ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆានក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? ចាបនិយាយតែប៉ុណ្ណោះ តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ ស្វែងរកប្រពន្ធម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។

ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទដើម្បី ចាកចេញទៅរកភរិយា ។ ក្ រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក អតីតតាឥសីបានទៅជួបនឹងយាយរិដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា “ ស្រះខ្វាវ ” ) ។ អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។ នៅពេល​មានគ្រួសារហើយអតីតតាឥសីបានខិតខំប្រឹងប្រកបរបររកស៊ីចិញ្ចឹមជីវិតជា ធម្មតាក្នុងតួនាទីជាមេគ្រួ​សារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌ ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ រហូតដល់ ពេលវាចេះនិយាយ ។

ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? ម្ដាយឆ្លើយថា : អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ ចាំឯងធំសិនចាំអញប្រាប់ !

ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩ ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ ថ្ងៃមួយ បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ? ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ (មិនដឹងថាឈ្មោះភ្នំអ្វី) ។ កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ ! ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ !

ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដែលម្ដាយបង្ហាញ ។ គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។ អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់ តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់ រួចនិម្មិតប្រាប់បុត្ររបស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយ តាឥសីបាន និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង បុរសលាកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ ! ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដេកលក់ទៅ មាន និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។ ម្ដាយក៏សួរទៅវិញថា : តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ : ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់ ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏ ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។ ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។ ពេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត ។ បុរសយើង ក៏ត្រឡប់ មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។ ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។ លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។ ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។ ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល ត្រឡប់មកផ្ទះវិញ ។ ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់ ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា : កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។ ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏ យួរតែផ្លែត្រសក់ទុំធំមួយ សំដៅទៅរាជវាំង ។