Jump to content

ប្រវត្តិអាចារ្យ ហែម ចៀវ (កំណាព្យ)

ពីវិគីភីឌា

ប្រវត្តិអាចារ្យ ហែម ចៀវ គឺជាចំណងជើងកំណាព្យមួយ និពន្ធដោយ វ៉ា ប៊ុណ្ណនី ជាបទពាក្យ៧ធម្មតា ដែលមានខ្លឹមសារឆ្លុះបញ្ចាំងអំពីប្រវត្តិ ក៏ដូចជាវិរភាពរបស់អាចារ្យ ហែម ចៀវ

អត្ថបទកំណាព្យ

[កែប្រែ]
១-សូមលើកម្រាមដប់ប្រសព្វផ្គុំ          ចំណោមជំនុំរូតរ៉ាយរ៉ាប់          លើកយកប្រវត្តិដែលមានស្រាប់          សង្ខេបឱ្យឆាប់បទកំណាព្យ។
២-ឆ្នាំចិតសិបពីរលោកគុយ ឡូត          ចរិតស្លូតបូតបែកញើសដាបសរសេរចងក្រងរៀងដរាបថ្នាលសាបសម្រាប់ជនប្រុសស្រី។
៣-រហូតដល់ឆ្នាំពីរពាន់ដប់ពីរស្រាយកំណប់សាជាថ្មីត្មាត វ៉ា ប៊ុណ្ណនីប្រញាប់ខ្មីសរុបសេចក្តីចងចុងចួន។
៤-ភាសាបេះដូងពាក្យប្រាំពីរតាំងចិត្តសំភីដូនតាក្បួនតាំងចិត្តមោះមុតរឹងមាំមួនជំងឺគុំកួនកើតខិតខំ។
៥-សូមថ្លែងរៀបរាប់ពីតួអង្គពាក្យសត្យពាក្យសង្ឃឱ្យស័ក្តិសមគ្រួសារខ្សត់ខ្សោយតែងលត់ដំបើពោលឱ្យចំព្យាយាមខ្លាំង។
៦-ត្រកូលជនបទក្បែរភ្នំពេញគ្មានចិត្តទោម្នេញប្រើកម្លាំងចិញ្ចឹមកូនចៅស្រែចម្បាំងតតាំងប្រឹថពីក្រតែមាន។
៧-កុមារហែម ចៀវ បឋមវ័យជីវិតមានន័យដ្បិតរស់រានឃុំទំនប់ធំកំណើតស្ពានស្រូវស្រែកល់លានពញាឮ។
៨-បុរាណសម័យខេត្តកណ្តាលកុមារស្រួចស្រាលនឹងជំងឺស្រឡាញ់វត្តវ៉ាទោះបីឈឺរន្ទឺទេសនាត្រងត្រាប់ស្តាប់។
៩-លោកពុកនាមហែមចិត្តជ្រះថ្លាស្រឡាញ់សាសនាជាក្បួនច្បាប់កូនប្រុសគ្រប់វ័យបញ្ជូនឆាប់សូមថ្លែងសាសព្ទផ្ញើអាចារ្យ។
១០-ព្រះគ្រូសត្ថា ជួន ណាតខ្ពស់មានកិត្តិយសដីខេមរាទទួលបង្ហាត់យកអាសាក្លាយពីកូនស្វាមកជាមនុស្ស។
១១-វត្តឧណ្ណាលោមលោកគង់នៅរាក់ជ្រៅស្អុះក្តៅជួយបក់មូសចូលវត្តលោកតាដាំបាយពុះចិន្តាសែនលុះការសិក្សា។
១២-ព្រះគ្រូពេញចិត្តនឹងសិស្សថ្មីទេសនាធិបតីផ្តងម្តេចម្តាប្រើស្ពាយថង់យាមមានដាក់ស្លាឱ្យរៀនធម៌អាថ៌បួសថ្ងៃមុខ។
១៣-ដល់ពេលវេលាបួសសាមណេរខំប្រឹងសរសេររកទំនុកមិនភ្លចបណ្តាំអ្នកម៉ែពុកពុះពាររានរុកឱ្យចាំស្ទាត់។
១៤-កូននេនអង្គនេះសែនឆ្លាតវៃអារម្មណ៍រំពៃមិនភ្លាំងភ្លាត់មិនចេះលេងសើចចេញពីវត្តគ្មានចិត្តរាយរាត់ឆ្ងាយរៀនសូត្រ។
១៥-ឆ្នាំ១៧ -វ័យម្ភៃឆ្នាំបំពេញសកម្មរៀងរហូតបួសជាភិក្ខុចរិតស្លូតព្រះឧបជ្ឈាសូត្រនាមល្វី ឯម។
១៦-បំបួសនៅទីវត្តលង្កាមានព្រះមហា ថោង ផ្អែមល្ហែមព្រះគ្រូសត្ថា ជួន ណាត ថែមគ្រូសូត្របន្ថែមបំពេញច្បាប់។
១៧-នាមព្រះឆាយវង្សជាបវរភិក្ខុសែនល្អហើយចំណាប់រៀនសូត្រឧស្សាហ៍ក្នុងពេលឆាប់ត្រងត្រាប់ប្រឡងសញ្ញាបត្រ។
១៨-សាលាបាលីផងជាន់ខ្ពស់សែនល្បីល្បាញឈ្មោះប្រសើរក្តាត់រាជការបារាំងបញ្ជូនស្ងាត់កំពតរសាត់ជួយបង្រៀន។
១៩-លោករ៉េស៊ីដង់រកអ្នកចេះដែលមានតម្រឹះប្រាជ្ញរបៀនគរុកោសល្យដែលបានរៀនសាលាវត្តកៀនភាគនិរតី។
២០-បង្រៀនធម៌អាថ៌សមណសិស្សចាប់ផ្តើមប្រើសៗនាទឹកដីនាវត្តក្រាំងដូងមិនអប្រិយសិរីបន្ទាយមាស(កំពត)។
២១-នាទីអារាមខំប្រឹងប្រែងសម្តែងបម្រើមាំមិនល្វតជូនរាស្រ្តថ្វាយហ្លួងប្រមើលទតទើសរតផ្លូវធម៌និងផ្លូវលោក។
២២-ភិក្ខុត្រូវបានឧបាសកពោលមិនកុហកពិតមានជោគចាស់ទុំចូលចិត្តដ្បិតទេសព្រោកយល់យោគសន្តោសនិងមេត្តា។
២៣-ឆ្នាំ៣១ជម្រើសថ្មីសាលាបាលីសាស្ត្រាចារ្យចម្រាញ់ពីររូបមិនធម្មតាតើបានអ្នកណាជាប់លេខទៅ?។
២៤-ភិក្ខុអ៊ុច រស់ជាប់លេខមួយប៉ែន សុខគ្មានព្រួយនាមនិត្យនៅពិតជាប់លេខពីរគ្រប់រាងរៅហែម ចៀវនៅព្រៅជាប់លេខបី។
២៥-ក្រោយមកឧកញ្ញា កង បានស្លាប់ក្រមការចំណាប់នាលោកិយជុំ ម៉ៅជើងចាស់ជំនុំខ្មីអធិបតីរាជបណ្ណាល័យ។
២៦-ពិគ្រោះបារាំងកាប៊ីឡែសស្រួយស្រែសកញ្ញានាសម័យវិបុលមលធម្មថោងប្រាស្រ័យចក្រីប៉ុណ្ណថ្លៃ រដ្ឋមន្រ្តី។
២៧-ចែងចាត់ភិក្ខុនាមហែម ចៀវស្រួចស្រៀវឃើញមានជាសក្ខីឆ្នាំ៣២នោះវិញថ្មីគ្រូប្រៀនបាលីរាជធានី។
២៨-លោកសាស្ត្រាចារ្យងារមួយទៀតបុរាណបញ្ជ្រៀតមាននាទីសមាជិកក្រុមតែងសំភីប្រឹថពីជំនុំត្រៃបិតក។
២៩-អាចារ្យហែម ចៀវទស្សនៈខ្ពស់គំនិតមួយឆ្ពោះមិនកុហកគំនិតជឿនលឿនមិនដំអក់វិទ្យាត្រួយល្ហក់ពិភពលោក។
៣០-អានសារព័ត៌មានជាប្រចាំចរិតសកម្មទាំងប្រាជ្ញព្រោកទស្សនាវដ្តី ថៃរងោកមិនចូលចិត្តឈ្ងោកឱបបារាំង។
៣១-ខ្មែរមានកាសែតតែមួយគត់នគរវត្តពត់មតិខ្មាំងលោកសឹង ង៉ុកថាញ់ក្រោកតតាំងព្រមទាំងជើងខ្លាំងនាមស៊ឹម វ៉ា។
៣២-មានលោកប៉ាច ឈឺន ជាមន្ត្រីដែលអ្នកទាំងបីជួយរដ្ឋាដឹកនាំកាសែតមិនធម្មតាខ្មែរគ្មានទស្សនាវដ្តីទេ។
៣៣-ពិភពអារ៉ាប់និងអាហ្រ្វិកបារាំងជាន់ខ្ទេចនាបុព្វេអាណានិគមគ្មានចិត្តរេរួមនឹងដែនក្មេរមួយផងដែរ។
៣៤-អាចារ្យហែម ចៀវបានដំណឹងផុះឡើងកំហឹងពីរឿងខ្មែរស្ម័គ្រក្រោកសត៊ូមិនប្រួលប្រែមាសស្នេហ៍សម្ងាត់នឹងស្បែកស។
៣៥-ហែម ចៀវមានមិត្តម៉ានីពូជំនុំរអ៊ូចិត្តស្មោះសរផ្នែកបដិវត្តន៍ពិតបវរបំភ្លឺមិនក្រឱ្យក្រោកឈរ។
៣៦-ពេលនោះបារាំងជាន់ទ្វីបច្រើនកំណើនអ៊ឺរ៉ុបតែលឹបលចាញ់អាឡឺម៉ង់ស្លាប់ជើងគរហៀម ចៀវ ស្ម័គ្រឈរអាឡឺម៉ង់។
៣៧-កាលគ្រាសម័យខ្មែរជ្រកស្លាបបារាំងសំយ៉ាបមិនអែអង់តែលោកអាចារ្យនិយមសង្ឃចង់ពត់តម្រង់ដល់សិស្សគណ។
៣៨-ចង់ពត់ចរិតដល់ផងខ្មែរទោះកូនអ្នកស្រែចិត្តមិនទន់ក្រោកឡើងប្រឆាំងចោរលោភលន់មិនត្រូវទម្រន់ការប្រទេស។
៣៩-អាចារ្យប៉ែន សុខ ជាមិត្តភក្តិពោលមិនដែលលាក់ខ្លាចនិរេសត្រូវប្រយ័ត្នមាត់កុំធ្វាំងធ្វេសបារាំងនិរទេសចេញពីស្រុក។
៤០-ហែម ចៀវចចេសនិងរឹងរូសបងសុខមិនលុះនៅស្រណុកស្ងៀមមួយកន្លែងកុំសាប់សុខមិននៅសំកុកលោករំជួល។
៤១-ទីមួយជឿនលឿនគិតទឹកដីពន្យល់អ្វីៗគ្មានប្រែប្រួលនួន ឌួង កូនសិស្សគំនិតស្រួលបបួលគូកនស្ម័គ្ររួមគ្នា។
៤២-ទីពីរគិតពីបដិវត្តន៍មិនត្រូវរាយរាត់ដែនធារានៅពេលទេសនាជូនប្រជាបញ្ចូលមាគ៌ាក្រើនរំលឹក។
៤៣-ដាស់បរិស័ទរៀងដរាបរនោចខែស្រាពកុំជូរស្ពឹកយកឯករាជ្យវិញមមាញឹកស្អែកព្រហាមព្រឹកនាទឹកដី។
៤៤-លោកប្រកាន់យកវិរិយៈមានចិត្តជំពាក់ព្យាយាមខ្មីកុំខ្ជិលច្រអូសទុំក្រក្រីបណ្តោយលោកិយអន្តរធាន។
៤៥-ភាពខ្ជិលនេះឯងធ្លាក់ទាសភាពបើមិនជ្រួតជ្រាបមិនអាចមានកិលេសហួសហេតុឆ្ងាយនិព្វានទន្ទ្រានជីវិតវដ្តសង្សារ។
៤៦-ទាសភាពជាន់កកូនតចៅពូជពង្សញាតិផៅអន្ធការក្រោកឡើងតស៊ូហើយប្រហារកុំឱ្យសង្កាក្នុងជីវិត។
៤៧-អប់រំប្រដៅបរិស័ទដើម្បីកម្ចាត់ក្រជំរឹតគ្រោះអវិជ្ជាជាការពិតឱ្យចេះរែងគិតប្រយោជន៍ល្អ។
៤៨-ថ្លែងព្រះជនកពោធិសត្វមិនដែលបង់បាត់គុណបវរទោះលេចសំពៅមិនសល់ក្រតែងមានអំណរដោយព្យាយាម។
៤៩-យល់ដឹងថាស្លាប់ក្នុងសមុទ្រតែមិនញ៉មច្យុតឬទីមទាមមច្ចុសម្លឹងហើយគំរាមអធិដ្ឋានភ្លាមសម្អាតធ្មេញ។
៥០-ផ្អែកលើព្រះធម៌ជានាវាបញ្ជាផ្លូវចិត្តផ្តើមទន្ទេញព្រះចន្ទរះឡើងគ្មានទោម្នេញកម្មកាចរលេញចាកចេញទៅ។
៥១-លោកតែងពុះពារកម្រិតខ្ពស់ក្នុងកិត្តិយសប្រៀបសំពៅចាកចេញពីផែតែនាមនៅឱ្យញាតិភូមិព្នៅបានស្គាល់ដឹង។
៥២-និមន្តទេសនាបញ្ជ្រៀតចូលប្រមូលកៀរគរផ្សាយដំណឹងពីរឿងស្រុកទេសឱ្យថ្លាថ្លឹងសុទ្ធសឹងប្រយោជន៍ដល់សង្គម។
៥៣-ទីបីរំលឹកប្រជាជនមិនត្រូវទោរទន់ឬលំៗទម្លាប់មិនល្អជួនកើតយំប្រគំគំនិតចេះលះបង់។
៥៤-រៀបចំកូនចៅគូស្រករមិនគួរអំណរពោលត្រឹមត្រង់រើសកូនប្រសាឱ្យចំប្លង់យកមកសាងសង់បម្រើខ្លួន។
៥៥-បង្គាប់សែនខ្ពស់ឱ្យសាងផ្ទះគួរតែជម្រះឱ្យមាំមួនថ្វីដ្បិតតែខ្មែរកាន់មិនខ្ជួនបីបួនតំណមិនសមស្រប។
៥៦-អយុត្តិធម៌ក្នុងសង្គមឱ្យខាងប្រុសយំមាត់ត្រហមដើរខ្ចីបុលគេបែបរណបដូចដើមប្រក្លបត្រូវទំនាយ។
៥៧-សង្គហធម៌ចំពោះកូនសរសើរដល់ដូនគ្មានមោះមាយស្រឡាញ់ស្មើគ្នាមិនរំលាយរួសរាយរាក់ទាក់ជាមង្គល។
៥៨-ចំណុចទីបួនអប់រំខ្មែរត្រកូលយើងស្រែគិតឱ្យយល់ជូនកូនទៅរៀនទោះរវល់នឹងចាកអំពល់មានចំណេះ។
៥៩-បញ្ចូនសិក្សាវត្ត-ទីក្រុងងងឹតតសូន្យសុងបើប្រហែសផ្ញើគ្រូអាចារ្យរកតម្រឹះសត្រូវមកកេះមិនងាយលង់។
៦០-មិនបានទៅរៀនបារាំងកេណ្ឌកំណែនទាហានឱ្យរញង់កាត់ស្មៅប៉ារីសដ្បិតល្ងិតល្ងង់ជាប់ជង់ព្រោះតែអវិជ្ជា។
៦១-ទី៥លោកគិតសុខភាពប្រជាទន់ទាបដែលរងាភូមិឃុំជនបទគ្មានលោះលាកុំឱ្យឈឺជានាំតែខាត។
៦២-រំលឹកក្មេងក្មាងតាមភូមិកកខ្វក់មិនល្អគួរសង្វាតងូតទឹកដុសក្អែលត្រូវឱហាតបើស្អាតកាលណាមានជ័យជោគ។
៦៣-សម័យឧដុង្គមានជំងឺអ្នកស្រុកច្រើនឈឺអាសន្នរោគអុតស្វាយរាគរូសមានគគោកស្លាប់ពាយរងោកគួរស្តាយណាស់។
៦៤-ប្រាំមួយអប់រំមិនធ្វាំងធ្វេសរៀនបច្ចេកទេសឱ្យចាំច្បាស់ជាងឡានម៉ាស៊ីនលោកបានដាស់បើខ្មាសជិតខាងប្រាក់ហូរចេញ។
៦៥-តភ្លើងបណ្តាញអគ្គីសនីមិនត្រូវខ្ជាខ្ជីកើនចំណេញចាយច្រើនដាំដុះដូចដេញនាមប៉ោល្អិតស្មេញចេះធ្វើឡាន។
៦៦-និមន្តទៅណាពិបាកក្រៃមិនស៊ីវិល័យតាមលំអានរថយន្តមានតិចបម្រើបានលោកពូកែស្មានបុណ្យចាត់ចែង។
៦៧-ទីពេញនិយមផងអ្នកស្រុកនិមន្តតត្រុកមិនរអែងទេសន៍ជួយបុណ្យសពមិនដែលក្រែងប៉ែន សុខមិត្តឯងបានជួយដែរ។
៦៨-ប្រជាប្រិយភាពខ្លាំងលើសលប់ព្រលឹមព្រលប់និគមស្រែសិស្សសង្ឃ ជួន ណាត សែនពូកែទេសនាគ្មានល្ហែគ្រប់កន្លែង។
៦៩-ទទួលងារជាព្រះបាល័តរែងប្រសើរក្តាត់ដ្បិតព្រះស្តែងវត្តឧណ្ណាលោមគ្មានចំបែងអារម្មណ៍មិនក្រែងបរទេស។
៧០-មាតាបិតាលោកដឹងគុណទោះធ្ងន់ម្តេចម្តាមិនដែលធ្វេសបទទីប្រាំពីរកត្តិក ជេស្ឋពេលទេសន៍គោរពគ្រូជួន ណាត។
៧១-សៀវភៅមួយក្បាលត្រូវផលិតគំនិតឱក ឱម គ្រូឱហាតចែកជាធម្មទានបានសុទ្ធសាធក្បួនខ្នាតមាននាម ‹ទានកថា›។
៧២-ប្រាំបីចិត្តទានក្រៃកន្លងជួយសិស្សគណផងឱ្យសិក្សាដ្បិតក្រលំបាកច្រើនប្រការគំនិតប្រាជ្ញាចាកខ្សត់ខ្សោយ។
៧៣-លោកតែងរំលឹកគហបតីថៅកែមានថ្មីកុំបណ្តោយត្រូវមានសទ្ធាកុំងាកក្រោយជួយមិនកន្តើយទុព្វលភាព។
៧៤-ប្រដែប្រដៅដល់សត្វលោកដែលមានគគោកទោះខ្ពស់ទាបសព្វេ សត្តា គួរតែជ្រាបរៀងរាប អាហារដ្ឋិតិកា។
៧៥-ស្លេះទុករឿងល្អមួយអន្លើទង្វើប្រឆាំងដោយចេតនាក្រោកឡើងតស៊ូយ៉ាងសង្ហាសច្ចារំដោះជាតិទឹកដី។
៧៦-ហែម ចៀវមោះមុតមិនខ្លាចស្លាប់តស៊ូប្រញាប់ហើយឃ្មាតខ្មីលោកសឺង ង៉ុកថាញ់ដឹកនាំថ្មីរួមអធិបតីមេកាសែត។
៧៧-សាមសិបប្រាំមួយឆ្នាំចាប់ផ្តើមដង្ហើមខ្មៅខ្មែរគ្រប់ខណ្ឌខេត្តសា‹នគរវត្ត›ផ្សាយត្រសែតមូលហេតុបារាំងដាក់នឹមខ្មែរ។
៧៨-ផ្សព្វផ្សាយឱ្យរាស្រ្តបានយល់ដឹងផ្តល់សិទ្ធិដំណឹងនិគមស្រែឯករាជ្យសេរីបម្លាស់ប្រែព្រះសង្ឃផងដែរស្ម័គ្រមេត្រី។
៧៩-ផែនការចម្លែកបារាំងយល់ខ្មែរកើតអំពល់ជួបក្រក្រីតាមដានយប់ថ្ងៃមិនចេញស្តីបំបាត់សេរីបដិវត្តន៍។
៨០-កាសែតដាស់តឿនស្រឡាញ់ជាតិជម្រាបញោមញាតិកុំភ្លាំងភ្លាត់ត្រូវតែរួបរួមក្រើនមូរមាត់ពង្រាត់បារាំងពីឃុំស្រុក។
៨១-ចំណេរតមកក្រុមការងារគ្នីគ្នាបួននាក់ទោះមិនសុខលោកសឺង ង៉ុកថាញ់អ្នកនាំមុខប៊ុណ្ណចន្ទម៉ុលលុករួមនួន ឌួង។
៨២-ជាសមាជិកក្រុមសម្ងាត់ពិបាកបាំងបាត់ថែមជុំ មួងការងារសកម្មប្រឆាំងហ្លួងហែម ចៀវទាំងពួងសមាជិក។
៨៣-នាំបដិវត្តន៍ឆ្ពោះទៅមុខរិះរកទំនុករាល់ល្ងាចព្រឹកអប់រំពន្យល់ក្រើនរំលឹកងើបក្រោកពីស្ពឹកអស់ប្រជា។
៨៤-ទាហានក្រហម សម័យនោះទឹកចិត្តមិនលុះតែងឈ្លោះគ្នាទាហានជើងខ្មៅតែងខ្ជីខ្ជាមិនស្តាប់បញ្ជាបែកសាមគ្គី។
៨៥-ប្រើឱ្យអប់រំក្នុងបន្ទាយកុំឱ្យរាយមាយហើយវក់វីបក្សពួកបែកបាក់មិនសំភីសីលធម៌នាទីឱ្យមូលមិត្ត។
៨៦-លោកសឺង ង៉ុកថាញ់បារាំងចាត់ប្រសើរពេកក្តាត់ស្របគំនិតជំនួស ជុំ ម៉ៅ ក្រមការពិតសាសនបណ្ឌិត្យ ទីធ្វើការ។
៨៧-ចាត់ចែងជំនួសកាប៊ីឡែសអាចារ្យស្រួយស្រែសតាមទេសនាល្បាញល្បីរន្ទឺស្របហេតុការណ៍ចរចេញយាត្រាប្រដៅសត្វ។
៨៨-អាចារ្យអប់រំខ្មែរពីរក្រុមគំនួចផ្តួចផ្តុំត្រូវបំបាត់សាច់ស្បែកដូចគ្នាម៉ែបង្កាត់ការគិតខ្វែងចាត់ចាកទាស់ទុក្ខ។
៨៩-ទេសនាបញ្ឆិតរលឹកក្រើនឱ្យរួមកំណើនពេលថ្ងៃមុខរស់ក្រោមអំណាចដូចជាប់គុករិះរកទំនុកមិនឱ្យកុន។
៩០-ឆ្នាំសែសិបគត់ សឺង ង៉ុកថាញ់សស្រាញ់ទាក់ទងនឹងជប៉ុនដាយណង់គូស៊ី មិនតត្រុនស៊ើបការណ៍យកបុណ្យជួយខាងខ្មែរ។
៩១-ប្រសិនបែកការចូលបន្ទាយជប៉ុនរំលាយសូម្បីខែធនាគារជាតិ ទីស្ម័គ្រស្នេហ៍ពួកគេជួយកែផងបញ្ហា។
៩២-ឆ្នាំសែសិបពីរទាហានខ្មែរស្ម័គ្រកម្លាំងដែរសម្រេចការមានមនុស្សជាច្រើនប៉ងប្រាថ្នាហែម ចៀវប្តេជ្ញាយ៉ាងសកម្ម។
៩៣-បារាំងឃ្លាំមើលបដិវត្តន៍ប្រសិនរាយរាត់ជួបចុកឆ្អាំឃោសនាខេត្តក្រៅជាប្រចាំដុតដាំបំផុសអស់ប្រជា។
៩៤-ពន្យល់អ្នកស្រុកឱ្យស្រឡាញ់ជាតិយ៉ាងសស្រាញ់គ្រប់អង្គាឱ្យភ្ញាក់រឭកនាំគ្នីគ្នារំលែកទ្រព្យាប្រាក់ច្រើនក្តាត់។
៩៥-ល្បីល្បាញកាន់តែមានគ្រោះថ្នាក់បារាំងចាត់ថ្នាក់គិញសម្ងាត់តាមសឺង ង៉ុក ថាញ់ ហែម ចៀវបាត់ស្ងៀមស្ងាត់អង្គឯងគ្មានជំនុំ។
៩៦-បណ្តាញទាក់ទងគ្រូអាចារ្យស៊ឹម វ៉ា ប៉ាច ឈឺនថ្វាយបង្គំចៅ សែនកុសល និងលោកឈុំតាន់ ម៉ៅមកជុំក្រុមអ្នកស្ម័គ្រ។
៩៧-ទាហានជើងខ្មៅជើងក្រហមចុះសមចូលរួមយ៉ាងសមស័ក្តិដាស់តឿនហែម ចៀវប្រយ័ត្នឆ្លាក់បារាំងវាហាក់តាមដានហើយ។
៩៨-ហែម ចៀវមានះទីបំផុតទោះត្រូវគេដុតមិនខ្លាចឡើយឱ្យតែស្រុកខ្មែរបានដល់ត្រើយស្លាប់ខ្លួនក៏ដោយឱ្យជាតិរស់។
៩៩-គិញបានយកឈ្មោះទៅជូនមេបារាំងបុព្វេ‹សមប្រេ›ងោះ‹ប្រូហ្សឺតុង›ទៀតដណ្តើមយសហែម ចៀវបញ្ជោះឈ្លោះបារាំង។
១០០-ខែកក្កដា សែសិបពីរគេកាន់បញ្ជីមកតតាំងនាយរដ្ឋមន្រ្តី ពីរឿងខ្មាំង‹អ៊ឹង អ៊ី›មិនខ្លាំងខ្លាចស្បែកស។
១០១-អ្នកធំក្រសួងមហាផ្ទៃធម្មការលកលៃដោយចំហ‹ទា សាន›ក្នុងនាមមិនស្មោះសរចាត់ចរ ‹ជុំ មួង ›ទៅនិមន្ត។
១០២-ហែម ចៀវសាកសួរទៅជុំ មួងទាំងពួងចេះដឹងមានលើសលន់ឬមួយអាត្មាបានជាប់ពន្ធឬមួយទំងន់បដិវត្តន៍។
១០៣-ជុំ មឿងនិយាយ បើគេសួរពង្វាងសំណួរមិនភ្លាំងភ្លាត់ឆ្លើយថាមិនដឹងជៀសធ្លោយមាត់ប្រយ័ត្នគេព័ទ្ធហើយចាប់ខ្លួន។
១០៤-ហៀម ចៀវនឹកឃើញយ៉ាងសស្រាញ់លោកសឺង ង៉ុកថាញ់កាន់ខ្ជាប់ខ្ជួនកងអាវុធហត្ថទើបសមសួនក្រុមក្បួនជប៉ុនអាចជួយបាន។
១០៥-សាលសន្និសីទ្ធចាំត្រៀបត្រាទា សានចាត់ការយ៉ាងចំណានខ្ញុំករុណានិមន្តថ្កានហែម ចៀវលំអានដើម្បីផ្សឹក។
១០៦-ថ្លែងលោកអាចារ្យស្រឡាំងកាំងពិតចូលស៊ងខ្មាំងដោយគេដឹកអាត្មាមិនបានបះបោរសឹកបានឧប្បត្តិកភស្តុតាងណា?។
១០៧-ទា សានតបថាគិញសម្ងាត់តាមដានយូរក្តាត់ឃើញសព្វការណ៍បំផុសអ្នកស្រុកពេលទេសនាប្រឆាំងរាជការគ្មានទំនង។
១០៨-អាណាព្យាបាលបានដឹងអស់កន្លៀតកៀនកោះដំណាំរងដោះចីពរចេញមិនឱ្យគ្រងខោអាវរួសរងគ្រហស្តវិញ។
១០៩-រុញបញ្ចូលឡានមួយដង្ហើមជុំ មួង ធ្លាក់ថ្លើមចិត្តទន្ទេញហែម ចៀវមានទោសទុក្ខទោម្នេញរត់ប្រាប់ជុំវិញក្រុមការងារ។
១១០-លោកសឺង ង៉ុកថាញ់បានយល់ការបានបញ្ជូនសារអស់ប្រជាឥឡូវបែកការណ៍ហើយគ្នីគ្នាប្រយ័ត្នគ្រប់គ្រាកុំប្រមាថ។
១១១-បារាំងបានចាប់ នួន ឌួងទៀតពិបាកស៊កសៀតពិតសុទ្ធសាធគិញបារាំងខ្មែរកូរកាយកាតឱហាតដើម្បីរកឯកសារ។
១១២-រុករកមិនឃើញអ្វីសោះឡើយហែម ចៀវដោះហើយប្រយ័ត្នការណ៍ក្រែងលោថ្លោះធ្លោយជួបបញ្ហាអង្កេតយ៉ាងណាមិនលេចមុខ។
១១៣-លោកសឺង ង៉ុកថាញ់អ្នកគ្រប់គ្រងប៊ុណ្ណចន្ទម៉ុលរងរកទំនុកធ្វើបាតុកម្មក្តៅគគុកវាយលុកចិត្តសាស្រ្តអហឹង្សា។
១១៤-ម្ភៃកក្កដាសែសិបពីរនាទីបាតុកម្មចរចាព្រះសង្ឃជិតឆ្ងាយទីសព្វសារនៅវត្តលង្កាប្រមូលជុំ។
១១៥-វត្តឧណ្ណាលោមក៏មានដែរដង្ហែដំណើរកាន់វត្តភ្នំទីរ៉េស៊ីដង់រស់ទ្រនំអង្គក្បួនប្រគំរួមបដា។
១១៦-សំណើ‹ដោះលែងមនុស្សពីរនាក់›មានជាក់ហែម ចៀវគ្រូអាចារ្យនួន ឌួងសិស្សគណមិនធម្មតាព្រះពុទ្ធសាសនាសែ្រកជយោ។
១១៧-មានលោកប៉ាច ឈឺននាំមុខគេប្រឹងគ្មានទំនេរចិត្តកញ្ជ្រោតែរ៉េស៊ីដង់មិនពុះពោរហឹង្សារុលរោទិ៍ជាប់អន្ទាក់។
១១៨-ប៉ាច ឈឺនលង់ខ្លួនចេញមិនរួចពួកគិញលបលួចចាប់ឈ្លើយជាក់បាតុករជ្រួលចិត្តជំពាក់ចាប់គ្នាយើងលាក់ក្នុងគុហា។
១១៩-ហឹង្សាកើតមានពេញបន្ទុកព្រះសង្ឃវាយលុកក្រៅបញ្ជាឈាមក្បាលបារាំងស្ទើរគ្រប់គ្នាចុងឆ័ត្រជាមារប្រើអាវុធ។
១២០-ប្រកាប់ប្រចាក់ខ្លាំងអស្ចារ្យបារាំងផ្ញើសារយ៉ាងមោះមុតនាំគ្នាពីរឡានថែមពួកស្គុតតម្រួតតយុទ្ធបំបែកហ្វូង។
១២១-រំសាយកម្លាំងទីជិតឆ្ងាយខ្ចាត់ខ្ចាយទៅស្រុកស្ទើរដាំដូងខ្លះទៅស្រុកសៀមស្រែកឡូងៗបារាំងវាយផូងខ្មែរបាក់ស៊្រុប។
១២២-ចំណេរតមកបារាំងចាប់ប៊ុណ្ណចន្ទម៉ុលឆាប់មិនអាចទប់ភិក្ខុ ប៉ាង ខាត់ចេះលើសលប់គម្រប់ជាគ្នា៥នាក់-អង្គ។
១២៣-នាខែសីហាសែសិបពីរបារាំងជាន់ឈ្លីដល់ព្រះសង្ឃសាលាបាលីដែលផូរផង់ត្រូវបិទតម្រង់រើរៀបរយ។
១២៤-នេះនឹងថ្លាថ្លែងចែងសេចក្តីស្បែកសអប្រិយជាគិញគយហែម ចៀវ នួន ឌួងចាប់រជយសាកសួរបំភ្លយផ្តិតមេដៃ។
១២៥-ប៉ាច ឈឺនទី៣ក៏ចាប់បានសន្តានកូនខ្មែរគ្រាសម័យញាត់ក្នុងគុកធំគ្មានអាល័យបារាំងចង្រៃគ្មានមេត្តា។
១២៦-គុកធំទុក្ខធំវេទនាស្មោះពេលដេកដាក់ខ្នោះដូចប្រហារដេកផ្ទាល់នឹងឥដ្ឋសែនខ្លោចផ្សាអាហារទាំងអស់សុទ្ធផ្អូមជូរ។
១២៧-បន្ទប់ងងឹតជិតសូន្យសុងគ្មានចង្កៀងថ្លុងបាយផ្អាប់យូរចានដាក់បាយវិញយាយតាពូរើសមកពីលូចូកបង្គន់។
១២៨-អប្រិយគ្មានពីរនៅលើលោកពួកបារាំងឈ្ងោកតាំងរិះគន់ចោទបដិវត្តន៍ទុរជនទោសធ្ងន់បំផ្លាញការក្រោកឈរ។
១២៩-ហែម ចៀវមិនហូបបាយល្ងាចទេគ្នាន់គ្នេរជាសង្ឃមួយជំហរគុកឋាននរកមិនលឹបលពឹងពររកគិតផ្លូវដោះស្រាយ។
១៣០-ប្រមាណ១០ថ្ងៃរងទារុណនាំឡើងរថយន្តហាក់រសាយដោះខ្នោះដៃចេញមិនសប្បាយបីនាក់កម្ចាយទៅឯណា?។
១៣១-ឡានឆ្ពោះតម្រង់កំពង់ផែទីពីយ័រដែរ ដីខេមរាវិមានរដ្ឋាភិបាលចាររ៉េស៊ីដង់សានាមុខផ្ទះ។
១៣២-មកដល់ត្រឹមនេះទើបភ្ញាក់ខ្លួនបញ្ជូនមាសស្ងួនទាំងរូតរះទៅព្រៃនគរគុកជម្រះព្រោះតែចង់ឈ្នះពួកបារាំង។
១៣៣-ចូលក្នុងកប៉ាល់ឃ្លប់ងងឹតសូន្យឈឹងពិតៗចាត់ជាខ្មាំងចាកទិសតំបន់ពួកចោរផ្សាំងជាប់ខ្នោះជាប់ខ្នាំងដូចជាប់អូរ។
១៣៤-ដល់ទីសំចតផងកប៉ាល់មានកាប៉ូរាលពួក ម៉ាត់ឡូរុញចូលឡានទៀតមិនស្រែកថ្ងូរផ្លាស់ប្តូរអាគារធំជង្រ្គឹង។
១៣៥- Prison Centrale ប៉ាយបារាំងបណ្តើរពួកខ្មាំងមិននៅហ្នឹងចូលគុកភ្លាមៗកុំទទឹងកុំរឹងត្រូវផ្លាស់ខោអាវថ្មី។
១៣៦-ស្លៀកខោអាវគុកចូលសាលធំជាន់ទីបួនដុំសាលលេខបីអាគារតូចធំពាសពេញដីជាន់ពីរជាន់បីនិងជាន់បួន។
១៣៧-នៅផ្នែកទីមួយនៃសាលធំពូនផ្តុំដាក់ខ្មែដែលមិនខ្ជួននៅផ្នែកទីបីដាក់ពាក់ឌួនបើទោសផ្ទួនៗប្តូរកន្លែង។
១៣៨-នួន ឌួង ប៉ាច ឈឺននិងហែម ចៀវហត់ស្រៀវប៉កល្វើយផងព្រះស្តែងពួកកាប៉ូរ៉ាល់ មិនគិតក្រែងសំញ៉ែញក្រអាញមាឌធំមាំ។
១៣៩-មានអ្នកទោសម្នាក់សសៀរប្រាប់រ៉ាយរ៉ាប់ហែម ចៀវត្រូវតែទ្រាំកាប៉ូរ៉ាល់កាចទោសអន្លាំខ្មែរក្រោមវាយស៊ាំក្នុងគុកនេះ។
១៤០-គោរពដៃបិវ ទុកជាស្តេចសំពះបូរបាច់ជាជំនិះពោលសុំជ្រកកោនគួររេរិះអ្នកឯងជាពីស គេវាយដំ។
១៤១-ពេលនោះហែម ចៀវបានកេះប្រាប់ដល់សិស្សចំណាប់ឱ្យចាំចំនួន ឌួងអមគមត្រូវលត់ដំទោះត្រូវគេច្រំឬមួយធាក់។
១៤២-កាប៉ូរ៉ាល់ហៅអ្នកទោសសួរឱ្យឈរត្រង់ជួរពីរបីនាក់នួន ឌួងមុនគេលូនចូលជាក់មិនលាក់សំពះលុតទល់មុខ។
១៤៣-កាប៉ូរ៉ាល់កាចបានព្រះស្តែងនែក!ពួកអាអ្ហែងម៉េចជាប់គុកនួន ឌួងឆ្លើយថាលោកប្រមុខបន្ទុកបះបោរនឹងបារាំង។
១៤៤-ថាក្បត់បារាំងនៅស្រុកខ្មែរក្បត់ចម្ការស្រែអ្នកចម្បាំងអ្នកទោសឆ្លើយឡើងទាំងមុខស្លាំងមេទះតុកផាំងអាជនក្បត់។
១៤៥-មេការកំណាចពោលយ៉ាងខ្លាំងឯងក្បត់បារាំងជួញកម្សត់ចាត់ការកនយើងឱ្យស្បែស្បថកម្រោលសង្កត់សន្លប់ឈឹង។
១៤៦-ហែម ចៀវខ្លោចចិត្តនឹកអាណិតហើយរែងតូចចិត្តគ្មានអ្វីពឹងដល់វេនលោកម្តងមិននៅហ្នឹងមិនរឹងចូលទៅរាយសព្ទសា។
១៤៧-ខ្ញុំបាទតាមពិតជាព្រះសង្ឃគេផ្សឹកបកស្បង់យ៉ាងខ្លោចផ្សាចោទផ្លុំត្រចៀកតាមទេសនាពន្យល់កិច្ចការប្រជាជន។
១៤៨-ណែនាំឱ្យស្គាល់កងកុសលចេះរកហេតុផលកាយបន្ទន់ឱ្យដើរតាមផ្លូវមិនលោភលន់តែងមន្តប្រដៅគ្រប់កន្លែង។
១៤៩-ពួកគិញបារាំងតែងតែស្អប់ចោទថាបង្កប់ធម៌សម្តែងរួមក្បត់បារាំងហើយសំញ៉ែញសូមទានព្រះស្តែងមេត្តាផង។
១៥០-ហែម ចៀវសាសព្ទរ៉ាយរ៉ាប់ជាក់មេគុកក្រោកភ្ញាក់គ្រានោះម្តងអាអ្ហែងសង្ឃទេជាប់ចំណងយល់ចិត្តបំណងប្រមូលផ្តុំ។
១៥១-អាចារ្យរៀបរាប់ជាបន្តម្នាក់ទៀតកំដរកូនសិស្សខ្ញុំមានរឿងដូចគ្នាជាសំណុំដើមត្រុំឫសត្រែងយោងដើមត្រល់។
១៥២-មេគុកឧទានយ៉ាងម៉ឺងម៉ាត់ស្លូតត្រង់មិនបាត់ចាកឆ្ងាយផលមិនមែនចោរទេមិនខ្ចីខ្វល់ឈប់ឆ្ងល់មិនសួរអត់ឱនឱ្យ។
១៥៣-មេគុកបង្គាប់ពួកដៃជើងជួយលើកគ្នាយើងកុំបណ្តោយរឹតគក់ច្របាច់កុំតោះតើយបានស្បើយពីស្លាប់ជួបក្តីសុខ។
១៥៤-ហែម ចៀវ នួន ឌួង ស្នាក់រួមគ្នាគុកក្រោមបញ្ជាមិនស្រណុកប៉ាច ឈឺនដោយឡែកសុកមម៉ុកត្រូវជាកូនអុកសេចក្តីស្លាប់។
១៥៥-១០ថ្ងៃក្រោយមកអ្នកទោសថ្មីចេញពីទឹកដីខ្មែរយ៉ាងឆាប់លោក ប៊ុណ្ណចន្ទម៉ុលជាគឺស្រាប់ប៉ាង ខាត់សូមប្រាប់ភិក្ខុនាម។
១៥៦-ហែម ចៀវ ចរចានឹងមេគុករិះរកទំនុកមិនទ្រីមទ្រាមសុំដល់មេគុកកុំគំរាមទោសធ្ងន់ម្តងម្យាមត្រាប្រណី។
១៥៧-ដៃប៊ិវងក់ក្បាលន័យយល់ព្រមគ្រាន់ដាក់ទោសល្មមតែមិនថ្វីធ្វើការទម្ងន់ដូចរែកដីមិនធាក់ច្រំអ្វីឱ្យចុកចាប់។
១៥៨-អ្នកទោសទៅក្រោយបានធូរស្រាលហែម ចៀវសំណាលដូចសាសព្ទអាចារ្យសម្រួលយ៉ាងប្រញាប់ចាកហូរឈាមខាប់ក្នុងគុកកម្ម។
១៥៩-ថ្វីដ្បិតនៅក្នុងទីឃុំឃាំងភ្លៀងមិនដែលរាំងតឿនសស្រាំប្រាប់អស់គ្នីគ្នាត្រូវសកម្មអ្នកត្រួសត្រាយដាំតែងជួបគ្រោះ។
១៦០-ខំអត់ទ្រាំទៅជាស្ថាបនិកទោះភ្លឹកសន្លប់ប្រឹងប្រែងរស់ជួយខ្មែរក្នុងនាមកិត្តិយសពីរោះនៅក្នុងម្លប់សកល។
១៦១-អាចារ្យហែម ចៀវគិតរកនឹកហូបតែបាយព្រឹកមិនសោកសល់បាយល្ងាចមិនហូបតែងតែផ្តល់ប៊ុណ្ណចន្ទម៉ុលដល់ជាប្រចាំ។
១៦២-ថ្ងៃដែលកាត់ទោសចូលមកដល់ដោះស្រាយកង្វល់នៅក្នុងឆ្នាំហែម ចៀវ ប៉ាច ឈឺន នួន ឌួងស្រាំប៊ុណ្ណចន្ទម៉ុលថាំ ហួសបើគិត។
១៦៣-សាលក្រមប្រកាសយ៉ាងចាស់ដៃទោសគ្មានសំចៃដល់ជីវិតបីនាក់មុនគេទៅមុនពិតប៊ុណ្ណចន្ទម៉ុលរឹតគុកប្រាំឆ្នាំ។
១៦៤-ថែមទាំងនិរទេសមិនចូលស្រុករឹបអូសសំបុកទ្រព្យសកម្មចាកចេញពីស្រុក១៥ឆ្នាំសម្បត្តិឈើដាំដកគ្មានសល់។
១៦៥-គេបញ្ជូនទៅគុកធំវិញចិន្តាទោម្នេញសែនខ្វាយខ្វល់បានតែ២ខែកាកសំណល់គេបញ្ជូនដល់កោះត្រឡាច។
១៦៦-ពិរុទ្ធជនទាំងបីនាក់ជំពាក់ទុក្ខទោសទណ្ឌកំណាចក្បត់ពួកបារាំងត្រូវស្រែកចាចកម្ចាត់ឱ្យខ្លាចដឹងដៃម្តង។
១៦៧-គុកព្រៃនគរសែនវេទនាគ្មានលោះមួយគ្រាយ៉ាប់កន្លងលេបក្រួសភក់ជ្រាំវាយដំផងចាប់ចងស្ទើរស្លាប់និងស្ទើររស់។
១៦៨-រវាង៦ខែបន្ទាប់រៀបរាប់រង់ចាំឱ្យដល់ឈ្មោះយប់យូរខូចបង់កិត្តិយសឆ្លើយមិនពីរោះគេធ្វើទុក្ខ។
១៦៩-ទារុណកម្មយ៉ាងព្រៃផ្សៃវាយមិនដកដៃហើយបុករុកធ្វើបាបអ្នកទោសក្តៅគគុកច្រំលុកឱ្យក្ស័យមុនកំណត់។
១៧០-ប៉េតាំង ប្រមុខរដ្ឋបារាំងចំណាត់ការផាំងមិនសង្កត់ពីទោសប្រហារបារាំងក្បត់សន្មតជាប់ទោសមួយជីវិត។
១៧១-ខែមិថុនា៤៣ពួកចោរអប្រិយចាប់ក្រុមមិត្តបញ្ជូន៣នាក់មិនបាច់គិតមិនជិតនៅឯកោះត្រឡាច។
១៧២-គុកកោះត្រឡាចមុំចង្រ្កានលេខ៤សាមាន្យជាបិសាចបន្ទប់តែមួយគួរឱ្យខ្លាចទោសឧក្រឹដ្ឋកាចទាំងអស់គ្នា។
១៧៣-បម្រាមតឹងតែងបទបញ្ញត្តប៊ុណ្ណចន្ទម៉ុលកាត់តាមបញ្ជាជាកាប៉ូរ៉ាល់មិនចេះរាជាប់គុកយូរយារក្លាយអ្នកធំ។
១៧៤-លបសួរសុខទុក្ខនិងផ្ញើសារក្នុងចិត្តខ្លោចផ្សាកកឈាមដុំជួយអ្វីមិនបានជាបណ្តុំសំណុំសំណោកចុកផ្សាខ្ញាំ។
១៧៥-ក្តីទុក្ខលំបាកកើនឡើងទ្វេខុសពីបុព្វេទារុណកម្មធម្មជាតិខុសឆ្ងាយពីចំណាំរោគាមកចាំបំផ្លាញកាយ។
១៧៦-នាទីបំផុតលោកអាចារ្យរាគមួលឈឺផ្សាក្រៀមក្រំណាយថែមស្ពឹកដៃជើងអាណិតស្តាយមិនអាចដោះស្រាយឱ្យជាបាន។
១៧៧-ចាក់ថ្នាំក៏ដោយក៏មិនជល់ជំងឺវិលវល់កើតបូសប្រាណត្រគាកយ៉ាងធំខ្ទុះមួយចានផ្តន្ទាកល្យាណយ៉ាប់យ៉ឺនក្រៃ។
១៧៨-អាចារ្យហែម ចៀវឈឺដុនដាបពិបាកហាស្ងាបនាសម័យងើបក្រោកលែងរួចស្លុតជើងដៃដួងចៃចាកក្តីសង្ឃឹមរស់។
១៧៩-នៅកោះត្រឡាចគុកអាស្រូវគ្មានថ្នាំសង្កូវជួយចំពោះជំងឺរាគមួលដូចបញ្ជោះថ្នាំមិនស្គាល់ឈ្មោះបន្តិចឡើយ។
១៨០-ពេទ្យនោះឱ្យតែទឹកសមុទ្រគ្មានអ្វីដែលឆុតជាសះស្បើយយកទឹកកំបោរបញ្ចុះហើយចម្លើយស្ទើរសូន្យនៅក្នុងសាល។
១៨១-ប៊ុណ្ណចន្ទម៉ុលដឹងក៏មកសួរសំណួរដើមចមរឿងអម្បាលជំងឺអាចារ្យពិតមិនស្រាលកម្មកររកថ្នាលសម្រាប់កប់។
១៨២-ផ្តែផ្តាំកម្មករពេលគាត់ស្លាប់កប់ខ្មោចឱ្យឆាប់ដោយឡែកស្ងប់កុំកប់លាយឡំរឿងមិនចប់សំណប់កុំភ្លេចពាក្យបណ្តាំ។
១៨៣-ចន្ទម៉ុលឱ្យប្រាក់ទៅកម្មករពេទ្យនោះអំណរនឹងសស្រាំទទួលបញ្ញើហើយបានស្កាំដុតដាំចងចិត្តក្នុងឱរា ។
១៨៤-ហែម ចៀវរោគាមកចិញ្ច្រាំស្វាយមាត់ចុកចាំរែងឈឺផ្សាប្រឹងននៀលរកសិស្សអាចារ្យនួន ឌួងផងក្តារកិលរកដែរ។
១៨៥-កូនសិស្សសំណប់លើកកេសាផងគ្រូអាចារ្យស្ម័គ្រស្មោះស្នេហ៍ឱ្យកើយលើភ្លៅគ្មានគេចកែហើយជួយរឹតដែរគោរពព្រះ។
១៨៦-ជលនេត្រហូរពុះជ្រែកផែនថ្ពាល់ធ្លាក់ចុះមកគាល់ក្រាបសំពះលើទ្រូងគ្រូបាប្រៀបគេវះពុះទ្រូងពន្លះឱ្យក្ស័យប្រាណ។
១៨៧-ដង្ហក់ដង្ហោយកើយដង្ហៅអារម្មណ៍ផ្សាក្តៅថ្លែងមិនបានឈានដល់គ្រានេះលាតសុខសាន្តគ្រូពិតចាកឋានពីសិស្សហើយ។
១៨៨-រីលោកអាចារ្យហែម ចៀវវិញក្នុងចិត្តទោម្នេញគ្មានពេលស្បើយទឹកភ្នែកស្រោចស្រក់ជាចម្លើយឈឺចាប់ដង្ហោយគិតរកគ្នា។
១៨៩-អាចារ្យដឹងខ្លួនរួចជាស្រេចមច្ចុនឹងផ្តាច់យកជន្មាផ្តាច់ផ្តិលជីវ័នពេលនោះគ្រាពោលរៀបរាប់លានួន ឌួងថា។
១៩០-‹‹នួន ឌួងអើយយើងវេទនាណាស់អញបានដឹងច្បាស់ពីសង្ខារមុខជានឹងស្លាប់អសារការក្នុងគ្រានេះណាទៅសួគ៌សុខ។
១៩១-ឌួងឯងថែខ្លួនបន្តិចទៅរស់នៅចាំមើលព្រឹត្តិការណ៍ស្រុកទ្រាំទៅពេលមួយរួចចាប់ចុកបារាំងតត្រុកទុក្ខដេញកិត››។
១៩២-‹នួន ឌួងនិយាយកាន់អាចារ្យព្រះតេជគុណណាខ្ញុំអាណិតប៉ុន្តែមច្ចុបានបង្ខិតកម្រិតកាចកម្មកម្សត់ក្រៃ›។
១៩៣-សម្លេងខ្សាវៗចិត្តរឹងប៉ឹងថ្វីចុកប៉ុណ្ណឹងនៅស្រមៃនួន ឌួង ដ្បិតអញនឹងក្សិណក្ស័យអញនឹកស្តាយថ្ងៃមិនឃើញស្រុក។
១៩៤-‹‹ស្រុកបានឯករាជ្យពីបារាំងពីពួកចោរខ្មាំងពេញបន្ទុកចង់ឃើញប៉ុណ្ណេះជាតិលើកមុខផុតទុក្ខអាណានិគមភព››។
១៩៥-‹នួន ឌួងតបវិញដូច្នេះណាអាចារ្យត្រូវរស់មិនរលុបកូនសិស្សថ្នាក់ថ្នមហើយគោរពទោះគ្មានថ្ងៃយប់សុខចិត្តដែរ›។
១៩៦-និច្ចំ ទុក្ខំ អនត្តាអាចារ្យសម្លឹងដោយក្រសែភ្នែកយ៉ាងផ្ចិតផ្ចង់មានន័យស្នេហ៍រលត់គ្មានកែកើយភ្លៅនាយ។
១៩៧-នួន ឌួងទ្រោមក្បាលលើទ្រូងគ្រូគោរពគំរូទឹកភ្នែករាយឧទានជាថ្មីត្រូវទំនាយប៉ែន សុខទោះទាយគ្រាកន្លង។
១៩៨-‹ឱ!លោកគ្រូខ្ញុំសែនកម្សត់គេចោទថាក្បត់ក្នុងបំណងបំផ្លាញរាស្រ្តខ្មែរដោយចាប់ចងក្នុងពេលនេះម្តងលង់មរណា។
១៩៩-លោកគ្រូចាកចោលខ្ញុំទៅហើយនេះជាចម្លើយរស់សោកាសំដីលោកគ្រូសុទ្ធខ្លឹមសារស្រណោះអស្ចារ្យឥតបើថ្លែង›។
២០០-គេនាំសាកសពអាចារ្យទៅនួន ឌួងនិត្យនៅរែងចំបែងទឹកភ្នែកខ្ជោលៗយោលដើមត្រែងរុំកន្ទេលបែងក្រមាថ្មី ។
២០១-នួន ឌួងតាមមើលដល់បញ្ចប់នឹកគិតគ្រប់សព្វគ្រានោះខ្មីកាលរស់ជាសង្ឃវៃឥតបីលោកិយស្ទើររកគូគ្មានប្រៀប។
២០២-ពូកែទេសនាពន់ពេកក្រៃនាយុគសម័យរណ្តាប់រៀបយាយតាមកស្តាប់ចោមត្រាត្រៀបស្ងាត់ច្រៀបផ្ទៀងផ្ទាត់គ្រូប្រដៅ។
២០៣-ស្រមៃរងកម្មនៅក្នុងគុករោលរុកចិន្តាទ្រូងសោកសៅគ្រូចាកឋានបាត់ជោកហ្មងសៅដំបៅអារម្មណ៍ហួសប្រមាណ។
២០៤-លោកប៊ុណ្ណចន្ទម៉ុលសួរសុខទុក្ខមិនបានឃើញមុខសល់តែដានសម្រក់ទឹកភ្នែកដូចគេច្រានរំខានទៅរកផ្នូរសាកសព។
២០៥-រំលងជាយូរ មកជាថ្មីរ៉ាយរ៉ាប់ឃ្មាតខ្មីមួយដល់ដប់បានឱ្យអ្នកទោសចំណាំកប់ឡែឡប់ថ្មដុំធំកត់ត្រា។
២០៦-លេខ១១១៣ផ្នូរលេខអប្រិយបានកត់ចារចាំផ្លូវកន្លែងគ្រប់ប្រការ ‌‌‌អនាគតឆ្ការត្រឡប់វៃ។
២០៧-ចន្ទម៉ុលក៏បានលើកទឹកចិត្តនួន ឌួងអាណិតចាករីងរៃកាត់ចិត្តកប់ទុក្ខចោលក្នុងព្រៃរំពៃថែទាំរោគឱ្យជា។
២០៨-ក្រោយមកនួន ឌួងកាត់ចិត្តខំរស់ឱ្យស័ក្តិសមសិស្សឧបជ្ឈាកុសលបានរស់ចាកវេទនារួចពីគ្រាំគ្រាត្រឡប់ក្រោយ។
២០៩-ហែម ចៀវមរណាក្នុងជន្មា៤៥លាតលាមិនតោះតើយក្នុងឆ្នាំ៤៣នោះទៅហើយសមុទ្រគ្មានត្រើយកោះត្រឡាច។
២១០-ឧត្តមគតិប្រសើរខ្ពស់សល់កិត្តិយសចាកអំណាចដឹងខ្លួនថាស្លាប់តែមិនខ្លាចប្រឆាំងបិសាចក្ស័យព្រោះជាតិ។
២១១-សាធារណរដ្ឋខ្មែរផងលន់ នល់ចំបងគិតខ្មីឃ្មាតលោកប៊ុណ្ណចន្ទម៉ុលជួយមិត្តញាតិមិនឃ្លាតបំណងបដិវត្តន៍។
២១២-លើកគុណបំណាច់បានឯករាជ្យទោះបីហោចនាចជីវិតរាត់បណ្តេញបារាំងឱ្យខ្ចាត់ភ្លាត់រមាត់ពីស្រុកកំណើតខ្មែរ។
២១៣- ២២មីនា ៧២‌‌‌ថ្ងៃចុះបញ្ជីកិត្តិយសម៉ែប្រជុំចាត់ចែងត្រកូលខ្សែចន្ទម៉ុលដង្ហែពីវៀតណាម។
២១៤-លើកយកព្រះសពត្រឡប់វិញក្នុងចិត្តទន្ទេញស្នេហ៍ដិតដាមធ្វើបុណ្យរំលឹកប្រវត្តិស្នាមផ្តិតផ្តាមបង្ហាញវីរភាព។
២១៥-‹នាមមេគំនិតបដិវត្តន៍ឆ្នាំ៤២គាត់ចីរលាភ‹‹រដ្ឋបុរសជាតិ››ថ្វីគំនាបរៀងរាបបច្ឆាមរណៈពិត។
២១៥-ឆ្លៀតពេលមួយខែផ្គុំអក្ខរាពេលសម្រាកការតែងរិះគិតផ្សែផ្សំពាក្យរាយឱ្យរឹងរឹតបញ្ចូលគំនិតបទកំណាព្យ។
២១៦-បទពាក្យប្រាំពីរងាយយល់រៀនសរសេរបង្រៀនព្រោះថ្នាលសាបរដូវវស្សាក្នុងខែស្រាពអ្នកស្រុកខ្លះស្ងាបដ្បិតរាំងភ្លៀង។
២១៧-ទុកឱ្យជាន់ក្រោយសញ្ជឹងគិតបំផុសគំនិតស្តាប់សូរសៀងថ្លឹងថ្លែងត្រូវខុសចាកលំអៀងសំនៀងបេះដូងបទនេះឯង។
២១៨-រលឹកជូនពរបុព្វបុរសប្រសើរឥតខ្ចោះបានសម្តែងពលីគ្រាមុនគ្មានរអែងអំណរស្ញប់ស្ញែងសូមជាតិរស់។
២១៩-ខ្មែរគ្រប់វណ្ណៈសូមកុំក្រាបច្រអូសថែមស្ងាបកុំបញ្ជោះកុំអញនិយមមិនពីរោះសីលធម៌មានយសសាមគ្គានំ។
២២០-កុំកើតភ្លើតភ្លើននឹងមាសប្រាក់កុំអាងកាប់ចាក់ដោយប្រើសាំងឬមួយអាងស័ក្តិប្រើកម្លាំងកុំច្បាំងគ្នាឯងចំបែងខ្មែរ។
២២១-ច្បាំងនឹងបរទេសដើម្បីជាតិមិនឃ្លាតប្រពៃណីអ្នកស្រែស្លាប់ទៅដប់ជាតិនៅតែខ្មែរកុំកែបណ្តាំផងដូនតា។
២២២-ស្មៀនស្មេរស្ម័គ្រស្មោះសូមផ្តែផ្តាំតំណយូរឆ្នាំត្រូវសិក្សាអស្មិមានះមិនបានការត្រូវចេះចរចាញាតិកុំក្បត់។
២២៣-អាយុយឺនយូរវិសាខាប្រាជ្ញាពិតព្រះមហោសថកំណើតជាតិនេះគួរកំណត់ធ្ងន់ដីប្រាកដកេរផងម៉ែ។
២២៤-កើតមកមួយជាតិធាតុមួយចានប្រឹងទៅភុំផានត្រូវស្ម័គ្រស្នេហ៍ចាកចង្អៀតដីខ្មាសអ្នកស្រែដំណៀលហូរហែមិនពីរោះ។
២២៥-សូមលើកកិត្តិយសជាតិគ្រួសារមើលក្រោយដូនតាគ្មានពេលលោះលង់តាមសាសន៍គេនឹងធ្លាក់ជ្រោះលង់ទឹកចូលធ្នោះឈ្ងោកមើលមាឌ។
២២៦-សូមសុខមានច្រើនជាងកើតទុក្ខសូមរកទំនុកតញ្ញូជាតិកែច្នៃសុខសាន្តជួបជុំញាតិសច្ចាគ្រប់ជាតិកុំឃ្លាតខ្មែរ។

ឯកសារយោង

[កែប្រែ]

-ជីវប្រវត្តិព្រះអាចារ្យហែម ចៀវ