ប្រាសាទព្រះធាតុបារាយណ៍

ពីវិគីភីឌា

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទព្រះធាតុបារាយណ៍​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ដើម្បីធ្វើ​ដំណើរ​ពីប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ។ ត្រូវ​ធ្វើ​ដំណើរ​រហូត​តាម​ផ្លូវ​កៅស៊ូ​និង​ផ្លូវ​បេតុង​រហូត​ដល់​ទីរួម​ស្រុក​ស្រីសន្ធរ គឺទីប្រជុំជន​ព្រែកពោធិ៍។ បន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ដែល​មាន​វត្ត​កោះកែវនៅ​ខាងឆ្វេងដៃ និងវត្ត​ប្រាសាទ​វដ្ដី​នៅខាង​ស្ដាំ​ដៃ។ បន្ទាប់​មក​ត្រូវ​បត់​តាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី​ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍ ឯប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ខាង​ត្បូង​ឃុំ​នេះ[១]

រចនាសម្ព័ន្ធប្រាសាទ[កែប្រែ]

ប្រាសាទនេះ​សព្វ​ថ្ងៃនៅ​សល់​ប្រាង្គ​មួយ​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម។ ប្រាង្គ​នេះ​មា​នទ្វារ​ចូលពី​ពីរ​ទិស​ គឺ​ខាង​កើតនិងខាង​លិច (គេសន្ធប់​ទ្វារ​ខាង​លិច​នឹង​ឥដ្ឋ) ឯទ្វារ​ខាង​ជើងនិងត្បូង​ជា​ទ្វារ​បញ្ឆោត។ គេសង្ស័យ​ថា​ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ពីព្រោះគេ​ឃើញ​មាន​សំណល់​ចម្លាក់​ផ្ដែរនិងហោជាង​ជា​ច្រើន​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ថ្មី។ តាម​រយៈក្បាច់​ចម្លាក់ទាំង​ប៉ុន្មាននេះ​ អាច​នាំឱ្យគិត​ថា​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ក្នុង​រចនាបថ​បាពួន។ ក្រោយ​មក​ប្រហែល​អាច​នៅ​សតវត្ស​ទី១៤ ឬ​១៥ គេបាន​កែប្រែ​ប្រាសាទ​នេះ​ដោយ​​លើក​ដី​ធ្វើ​លាន​មួយ​ទ្រវែង​នៅ​ខាង​មុខ​ប្រាសាទ ហើយ​យក​ផ្ដែ​និង​ហោជាង​មក​តម្រៀប​ជុំ​វិញ ធ្វើ​ជា​ឃឿន​ព្រះ​វិហារ​តែ​ម្ដង។ លាន​បែប​នេះ​ អ្នក​ស្រាវជ្រាវ​ប្រើពាក្យ​ថា Buddhist Terrace។​ ​បើពិនិត្យ​ឱ្យ​ច្បាស់លាស់​ជាង​នេះ​ទៀត យើង​នៅ​តែ​ឃើញ​ការសាងសង់ព្រះវិហារ​នៅ​មុខ​ប្រាសាទ​បុរាណ​មាន​​ពាសពេញ​ប្រទេស​កម្ពុជា​។ ​មាន​ឧទាហរណ៍​​សន្ធឹកសន្ធាប់​ដូចជានៅប្រាសាទ​នគរបាជ័យ ខេត្ត​កំពង់ចាម, ប្រាសាទ​រកាជន្លឹង ខេត្ត​កណ្ដាល, ប្រាសាទភូមិប្រាសាទ ខេត្ត​កំពង់ធំ, ប្រាសាទ​ចេតិយ​ខេត្ត​សៀមរាប, ប្រាសាទឯកភ្នំខេត្ត​បាត់ដំបង ជាដើម។

ឯកសារយោង[កែប្រែ]

  1. https://kampongchamprovince.wordpress.com/2019/05/13/preah-theat-baray-1/