Jump to content

ប្រាសាទស្រីគ្រប់លក្ខណ៍

ពីវិគីភីឌា

នៅលើ​ចង្កេះភ្នំ​ប្រសិទ្ធ​ភាគ​ខាងជើង ខេត្តកំពង់ស្ពឺ គេ​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​មួយ ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​តំបន់ ដោយហេតុថា ប្រាសាទ​នោះ​ត្រូវបាន​សាងសង់​នា​សម័យ​វប្បធម៌​ចេនឡា មាន​ឈ្មោះថា​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ ។ ពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​ស​.​តទី​៧ នៃ​គ​.​ស ភ្នំ​នៅ​ទីនោះ និង​ដោយឡែក​គឺ​ភ្នំ​ប្រសិទ្ធ ត្រូវបាន​គេ​ចាត់ទុកថា ជា​កន្លែង​ពិសិដ្ឋ​អស្ចារ្យ ។ នេះ​ដោយសារតែ​ជនជាតិខ្មែរ មាន​ជំនឿ​ទៅលើ​មហិទ្ធិឫទ្ធិ​នៃ​ភ្នំ និង​រូងភ្នំ ដែល​ពួកគេ​ចាត់ទុកថា ជា​កន្លែង ដែល​ពោរពេញ​ទៅដោយ​បារមី​ស័ក្តិសិទ្ធិ គួរ​ជាទី​សក្ការៈបូជា ។​ ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ មាន​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណិត ថ្វីត្បិតតែ​ត្រូវ​របេះ​ជ្រុះ ឬ​រលុប​សឹង​ទាំងអស់​ក៏ដោយ ។ បូជនីយដ្ឋាន​នេះ​ដែល​ដំបូល​ត្រូវរ​លំបាក់ មានមុខ​បែរ​ទៅ​ទិសខាងកើត ហើយ​ដូច​ទីតាំង​ស័ក្តិ​សិទ្ធ​ផ្សេងៗ​ឯទៀត ក្នុងសម័យ​ចេនឡា​ដែរ ប្រាសាទ​មាន​ទ្វារបញ្ឆោត​៣​គឺ នៅ​ខាងលិច ត្បូង និង​ជើង ។ នៅលើ​ជញ្ជាំង​ទាំង ៤ ទិស​នៃ​ប្រាសាទ គេ​ឃើញ​មាន សសរ​ពេជ្រ​តូចៗ​ធ្វើ​អំពី​ឥដ្ឋ លើកលែងតែ​ទ្វារ​ពិត ដែលមាន​សសរ​ពេជ្រ​ធ្វើ​ពី​ថ្មភក់​ពីរ​ទ្រ​ក្បាច់​ផ្តែរ និង​មាន​រាង​ក្បាច់​ផ្កា​ជា​បន្ទាត់កោង ។ នៅតាម​ស៊ុមទ្វារ​នីមួយៗ មាន​ក្បាច់​វិមានអាកាស​តូចៗ​ពីរ​ទាំងសងខាង ។

អាយុកាល​របស់​ប្រាសាទ​ត្រូវបាន​កំណត់ ដោយ​សិលាចារឹក​មួយ​ផ្ទាំង​ដែលមាន​ចុះ​កាលបរិច្ឆេទ ត្រូវ​នឹង​ឆ្នាំ ៦៦៧ នៃ​គ​.​ស ។ ដូចនេះ​ប្រាសាទ​ត្រូវបាន​សាងសង់ឡើង ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ (៦៥៥-៦៨១ នៃ​គ​.​ស​) ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា (​សិវ​និកាយ​) ។ ម្យ៉ាងវិញទៀត តាម​ការវិភាគ​ក្បាច់​ផ្តែរ​បាន​ឲ្យ​ដឹងថា ប្រាសាទ​នេះ​ស្ថិតក្នុង​អន្តរកាល​រវាង រចនាបថ​ព្រៃ​ក្មេង និង​កំពង់ព្រះ ។​ ក្រោយពី​សង្គ្រាម​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ១៩៩៣ ក្នុងពេលដែល​ទៅ​សិក្សា​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​ឡើងវិញ យើង​បានឃើញ​មាន​សំណល់​ស្ថាបត្យកម្ម ប្រាសាទ​ថ្ម​ធំ​មួយទៀត ស្ថិតនៅ​ប្រមាណ​ជា ១៥​ម៉ែត្រ ពី​ខ្លោងទ្វារ​ប្រាសាទ​ឥដ្ឋ​ខាងលើនេះ ។ តែ​ជា​អកុសល ដូច​ប្រាសាទ​ដទៃៗ​ឯទៀត​មួយចំនួនធំ​ដែរ បូជនីយដ្ឋាន​ដ៏​សំខាន់​នេះ ត្រូវបាន​សង្គ្រាម​និង​ជន​ទុច្ចរិត​បំផ្លាញ​ខ្ទេចខ្ទី​អស់ សូម្បីតែ​គ្រឹះ​ប្រាសាទ​ធ្វើ​អំពី​ថ្មបាយក្រៀម ក៏ត្រូវ​គេ​គាស់​រំលើង​ដែរ ។ ប្រាសាទ​ថ្ម​នោះ​ជា​សំណង់​ស្ថាបត្យកម្ម​សម័យអង្គរ ស្ថិតក្នុង​រចនាបថ​កោះ​កេរ ។​ប្រាសាទ​គ្រាន់តែ​បាន​បន្សល់ទុក​នូវ​ចម្លាក់​មួយចំនួន ជាពិសេស​បំណែក​ក្បាច់​ផ្តែរ សសរស្តម្ភ ជើង​ទេវរូប​ធំៗ ប្រកបដោយ​ក្បាច់រចនា​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

តាម​ការប៉ាន់ស្មាន​យ៉ាង​ប្រាកដ​របស់​យើង ការរុះរើ​សំណង់​ប្រាសាទ​ថ្ម​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ទីតាំង​នេះ​ប្រែក្លាយ​ទៅជា កន្លែង​គោរពបូជា​បែប​ព្រះពុទ្ធសាសនា​វិញ នៅ​សម័យ​ក្រោយ​អង្គរ​ក្នុងអម្លុង ស​.​តទី​១៦ និង ១៧ ដោយ​ការស្ថាបនា​ព្រះពុទ្ធ​អង្គ​នៅ​ចង្កេះភ្នំ​ប្រសិទ្ធិ ឬក៏​គ្រឹះ​វត្ត ត្រៃ​ត្រឹ​ង្ស នៅលើ​កំពូលភ្នំ​ប្រសិទ្ធ ។​ ជារួម​នា​សម័យ​នោះ ក្នុង​វិស័យ​សាសនា ដូច​តំបន់​ផ្សេងៗ​នៃ​ចក្រភព​កម្ពុ​ទេស​អញ្ចឹង ទឹកដី​ដែល​ស្ថិត​ក្បែរ​ទីក្រុង​ភ្នំពេញ ប្រមាណ​ជា ១៥​គ​.​ម​នេះ ក៏មាន​ការគោរព​បូជា​ចំពោះ​ព្រហ្មញ្ញសាសនា ដែលជា​សាសនា​ផ្លូវការ​ដែរ ។ ខាងលើនេះ​គឺជា​លទ្ធផល នៃ​ការពិនិត្យ​ន័យ​នៅក្នុង​ខ្លឹមសារ​នៃ​សិលាចារឹក និង​លក្ខណៈ​នៃ​សំណង់​ស្ថាបត្យកម្ម ដែល​ស្ថិតនៅ​ចង្កេះភ្នំ​ប្រសិទ្ធិ ។ ម្យ៉ាងវិញទៀត ការសិក្សា​ស្រាវជ្រាវ​របស់​យើង ក្នុង​រយៈកាល​តាំងតែ​ពី​១៥​ឆ្នាំកន្លងមក បាន​រកឃើញ​នុ​វ​ភស្តុតាង​ជាច្រើន ដែល​បង្ហាញថា ទឹកដី​ជុំវិញ​ទីក្រុង​ភ្នំពេញ​នេះ មាន​មនុស្ស​រស់នៅ​តាំងពី ៣០០០​ឆ្នាំ​មក​ម្លេះ ហើយ​ចាប់​តាំងពីដើម ស​.​តទី​៧ មក ទើប​មានការ​សាងសង់​ប្រាសាទ​ឥដ្ឋ នៅលើ​ទីតាំង​ស័ក្តិសិទ្ធិ​ចាស់ ដែលជា​រូងភ្នំ ដូច​ករណី​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​ជា​ឧទាហរណ៍​ស្រាប់ ។​ គួរ​សម្គាល់​ផងដែរ​ថា យើង​មានការ​សោកស្តាយ​ណាស់ ដែល​ទម្រ​សិរី​មង្គល​និង​ជើង​ទេវរូប ដែល​យើង​បានឃើញ​នូវ​រវាង​ឆ្នាំ ១៩៩៣ និង ២០០០ ក្នុង​អាសនៈ​មួយ​នៅមុខ​ប្រាសាទ​ឥដ្ឋ ឥឡូវនេះ​ត្រូវបាន​បាត់បង់​អស់​ទៅហើយ ដោយ​ការជួញដូរ​វត្ថុ​បុរាណ​