ផ្លាតុង
ផ្លាតុងបានបន្សល់ទុកនូវស្នាដៃជាសំណេរគិតជាសរុប ចំនួន ៣៦ ដោយក្នុងនោះ រួមមានទាំងសំណេរជាសៀវភៅ និងជាសំបុត្រ។ សៀវភៅភាគច្រើនលើសលុបរបស់ផ្លាតុង គឺសរសេរក្នុងទម្រង់ជាកិច្ចសន្ទនា ហើយក្នុងកិច្ចសន្ទនាភាគច្រើន គឺមានសូក្រាតជាតួអង្គសំខាន់។ ជាទូទៅ សំណេរជាកិច្ចសន្ទនារបស់ផ្លាតុងត្រូវបានគេបែងចែកចេញជាច្រើនក្រុម អាស្រ័យទៅតាមប្រធានបទ រួមមាន កិច្ចសន្ទនាដែលផ្តោតសំខាន់ទៅលើគោលគំនិតរបស់សូក្រាត, កិច្ចសន្ទនាដែលផ្តោតទៅលើគោលគំនិតផ្ទាល់ខ្លួនរបស់ផ្លាតុង ទាក់ទងទៅនឹងប្រធានបទដែលសូក្រាតធ្លាប់បង្រៀន ព្រមទាំងកិច្ចសន្ទនាទៅលើប្រធានបទផ្សេងៗជាច្រើនទៀត ដែលរាប់ចាប់តាំងពីការត្រិះរិះពិចារណា ស្តីពីទស្សនទាននៃ “សេចក្តីស្នេហា”, អំពី “សុភមង្គល”, អំពី “ព្រលឹងវិញ្ញាណ” រហូតទៅដល់ការជជែកពីទ្រឹស្តីធរមាត្ររបស់ពីតាហ្គ័រ ជាដើម។ នៅក្នុងចំណោមស្នាដៃអស់ទាំងនេះ ស្នាដៃដែលត្រូវបានគេស្គាល់ច្រើនជាងគេ ហើយដែលត្រូវបានគេលើកមកបង្រៀននៅតាមបណ្តាប្រទេសជាច្រើនរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គឺសៀវភៅដែលមានចំណងជើងជាភាសាបារាំងថា « La République » ហើយដែលអ្នកខ្លះបកប្រែជាភាសាខ្មែរថា “សាធារណរដ្ឋ” ក៏ប៉ុន្តែ តាមការពិតគួរតែត្រូវបកប្រែថា “ស្តីអំពីការគ្រប់គ្រងរដ្ឋ” ទើបត្រូវទៅតាមអត្ថន័យ។ សៀវភៅ “ស្តីអំពីការគ្រប់គ្រងរដ្ឋ” នេះត្រូវបានគេចាត់ទុកថាជាស្នាដៃដំបូងបង្អស់នៅក្នុងប្រវត្តិនៃទស្សនវិជ្ជានយោបាយ។ តាមទស្សនៈរបស់ផ្លាតុង ដូចដែលមានសរសេរនៅក្នុងសៀវភៅ “ស្តីអំពីការគ្រប់គ្រងរដ្ឋ” រដ្ឋមួយអាចគ្រប់គ្រងបានល្អ ឬមិនល្អ វាអាស្រ័យលើលក្ខណសម្បត្តិរបស់មេដឹកនាំ ជាជាងលើទម្រង់នៃរបបនយោបាយ។ ឬអាចនិយាយបានម្យ៉ាងទៀតថា រដ្ឋដែលគ្រប់គ្រងដោយរបបផ្តាច់ការ តែមានមេដឹកនាំប្រកបដោយគតិបណ្ឌិត វាប្រសើរជាងរដ្ឋដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យតែមានមេដឹកនាំអសមត្ថភាព។ ផ្លាតុងបានធ្វើការត្រិះរិះពិចារណា ដោយប្រៀបធៀបគ្នា រវាងព្រលឹងរបស់ជាតិ និង បុគ្គល ដោយលោកធ្វើការបែងចែកជាឋានានុក្រមជាបីថ្នាក់ពីលើមកក្រោម គឺ បុគ្គល មានក្បាល តំណាងឲ្យវិចារណាញាណ, បេះដូង ដែលតំណាងឲ្យមនោសញ្ចេតនា ឬអារម្មណ៍ (កំហឹង, ក្តីស្រឡាញ់, មោទនភាព និងភាពក្លាហាន...) និងក្រពះ ដែលតំណាងឲ្យចំណង់ផ្លូវកាយ ឬតណ្ហា។ ដូចគ្នាដែរ រដ្ឋ មានប្រមុខដឹកនាំជាក្បាល, កងទ័ពជាបេះដូង និងរាស្រ្តជាក្រពះ។ យោងតាមផ្លាតុង បុគ្គលត្រូវយកវិចារណញាណធ្វើជាធំ គឺធំលើសមនោសញ្ចេតនា និងតណ្ហា ហើយដូចគ្នាដែរ ប្រមុខដឹកនាំរដ្ឋត្រូវមានអំណាចធំជាងគេ ត្រួតត្រាលើមន្រ្តី និងរាស្រ្ត ក៏ប៉ុន្តែ បុគ្គលដែលជាប្រមុខដឹកនាំរដ្ឋនេះត្រូវមានលក្ខណៈសម្បត្តិដ៏ចាំបាច់មួយ គឺត្រូវតែជាបុគ្គលដែលយកវិចារណញាណជាធំ និងជាមេដឹកនាំប្រកបដោយគតិបណ្ឌិត។ នៅក្នុងសៀវភៅ “ស្តីអំពីការគ្រប់គ្រងរដ្ឋ” ផ្លាតុងសរសេរថា រដ្ឋដែលល្អបំផុត គឺរដ្ឋដែលមានមេដឹកនាំជាទស្សនវិទូ ឬ “ស្តេចទស្សនវិទូ” ពោលគឺ គេមានជម្រើសពីរ ឬមួយ ត្រូវឲ្យទស្សនវិទូឡើងធ្វើជាមេដឹកនាំ ឬមួយ ត្រូវឲ្យអ្នកត្រូវធ្វើជាមេដឹកនាំខិតខំស្វែងរកចំណេះដឹងជាទស្សនវិទូ។ គោលគំនិតបែបនេះរបស់ផ្លាតុង គឺវាផ្សាភ្ជាប់ទៅនឹងបទពិសោធន៍នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់លោក។ ស្ទើរតែពេញក្នុងមួយជីវិតរបស់លោក ផ្លាតុងបានកើត ធំដឹងក្តី និងរស់នៅ ក្នុងពេលដែលក្រិកកំពុងឆ្លងកាត់នូវកលយុគនយោបាយដ៏ធ្ងន់ធ្ងរ ទាំងនៅក្នុងអំឡុងសង្រ្គាម រវាងអាថែន និងស្ប៉ាត (សង្រ្គាមប៉េឡូប៉ូនែស) និងវិបត្តិនយោបាយនៅក្រោយសង្រ្គាម រហូតក្រោយមកនាំទៅរកការដួលរលំនៃអាណាចក្រក្រិកទាំងមូល។ នៅក្នុងអំឡុងពេលនោះ ផ្លាតុងបានសង្កេតឃើញ និងឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ដែលធ្វើឲ្យលោកមានការខកចិត្តចំពោះរបបដឹកនាំតាមបែបប្រជាធិបតេយ្យ។ គេមិនត្រូវភ្លេចទេថា នៅពេលនោះ អាថែនគ្រប់គ្រងដោយរបបប្រជាធិបតេយ្យដោយផ្ទាល់ ពោលគឺ ប្រជាជនដែលគ្រប់អាយុជានីតិជនចូលរួមដោយផ្ទាល់នៅក្នុងនយោបាយ តាមរយៈសភាអាថែន។ សភាប្រជាធិបតេយ្យនេះហើយ ដែលជាសម្រេចដាក់ទោសប្រហារជីវិតសូក្រាត ហើយដែលផ្លាតុងយល់ថាជារឿងដ៏អយុត្តិធម៌បំផុត។ លើសពីនេះទៅទៀត ផ្លាតុងដែលជាកូនចៅនៃត្រកូលអ្នកមានវណ្ណៈខ្ពង់ខ្ពស់ មានខ្សែបណ្តាញ និងស្គាល់អ្នកនយោបាយច្រើន ក៏បានសង្កេតឃើញផងដែរថា អ្នកនយោបាយអាថែនស្ទើរតែទាំងអស់នៅពេលនោះ ធ្វើអ្វីៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍បក្សពួកច្រើនជាងប្រយោជន៍ប្រជាជន ហើយនយោបាយដែលពួកគេដាក់ចេញ គឺភាគច្រើនមានគោលដៅបន្តរក្សាអំណាច ជាជាងបម្រើផលប្រយោជន៍ពលរដ្ឋដែលជាម្ចាស់អំណាច។ បើយោងតាមផ្លាតុង ឫសគល់នៃបញ្ហារបស់អាថែននេះ គឺរបបប្រជាធិបតេយ្យដោយផ្ទាល់ ដែលផ្តល់អំណាចទៅដល់ពលរដ្ឋគ្រប់រូប គ្រប់មជ្ឈដ្ឋាន ទាំងអ្នកចេះដឹងច្រើន អ្នកចេះដឹងតិច និងអ្នកគ្មានចំណេះដឹង ហើយអ្នកដែលគ្មានចំណេះដឹង ឬមានចំណេះដែរតែមិនត្រូវជំនាញនយោបាយ គឺងាយនឹងជឿទៅតាមការឃោសនាប្រជាភិថុតនៃមន្រ្តីរដ្ឋាភិបាល និងពួកអ្នកមានវណ្ណៈខ្ពង់ខ្ពស់។ តាមគោលគំនិតរបស់ផ្លាតុង សង្គមមួយ ឬរដ្ឋមួយ គួរតែត្រូវធ្វើការបែងចែកមុខងារគ្នា ទៅតាមជំនាញ។ អ្នកពូកែខាងកាត់ខោអាវ ត្រូវធ្វើជាជាងកាត់ដេរ។ អ្នកចេះព្យាបាលជំងឺ ត្រូវធ្វើជាគ្រូពេទ្យ។ អ្នកពូកែច្បាំង ត្រូវធ្វើជាទាហាន។ល។ និង។ល។ នៅពីលើកំពូលបំផុត តួនាទីជាមេដឹកនាំរដ្ឋ ត្រូវប្រគល់ទៅឲ្យទស្សនវិទូ។ ផ្លាតុងយល់ឃើញថា ទស្សនវិទូជាមេដឹកនាំល្អ ពីព្រោះ ទស្សនវិទូជាអ្នកដែលមានគតិបណ្ឌិត ហើយជាពិសេស គឺជាអ្នកដែលមិនស្រឡាញ់អំណាច។ ដូច្នេះ នៅពេលដែលទស្សនវិទូកាន់អំណាច គេយកអំណាចនេះទៅប្រើ ដើម្បីធ្វើអ្វីៗដែលជាប្រយោជន៍របស់ប្រជាជន ជាជាងប្រើអំណាចដើម្បីបន្តរក្សាអំណាច។ ក៏ប៉ុន្តែ ផ្លាតុងក៏យល់ឃើញផងដែរថា តាមធម្មជាតិពីកំណើតមក មនុស្សមិនប្រាកដថាមានគំនិតគិតគូរពីផលប្រយោជន៍រួមច្រើនជាងប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ដូច្នេះ ដើម្បីសម្រិតសម្រាំងមនុស្ស (ទោះជាពលរដ្ឋធម្មតា ឬក៏អនាគតមេដឹកនាំប្រទេស) ឲ្យទៅជាមនុស្សល្អ ចេះគិតគូរដល់ផលប្រយោជន៍រួម គេត្រូវការជាចាំបាច់នូវវិធានការធំៗពីរ។ ទីមួយ គឺការអប់រំ ដើម្បីផ្តល់នូវចំណេះដឹង តម្រែតម្រង់មនុស្សឲ្យស្គាល់ពីផ្លូវល្អ។ ទីពីរ គឺច្បាប់ ដើម្បីចែងកំណត់ពីបម្រាម និងការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអំពើអាក្រក់។ នៅក្នុងន័យនេះហើយ ដែលផ្លាតុងបានចំណាយពេលមួយផ្នែកធំ នៅក្នុងសៀវភៅ “អំពីការគ្រប់គ្រងរដ្ឋ” (La République) និងសៀវភៅមួយទៀត ដែលមានចំណងជើងថា "ច្បាប់" (ជាភាសាបារាំងថា « Les lois ») ជជែកអំពីការអប់រំ ដើម្បីហ្វឹកហ្វឺនអនាគតមេដឹកនាំឲ្យក្លាយទៅជាទស្សនវិទូ។ នៅក្នុងការអនុវត្តជាក់ស្តែងវិញ ផ្លាតុងក៏បានចំណាយពេលច្រើនទៅលើការអប់រំនេះដែរ ជាពិសេស តាមរយៈការបង្កើតបណ្ឌិតសភា៕