បទពង្សាវតារខ្មែរ
បទសាវតារខ្មែរ ជាស្នាដៃរបស់ សាស្រ្តាចារ្យនួន កន (១៩៣៤ - ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨
អត្ថន័យក្នុងបទនេះ មានលក្ខណៈជាតិនិយម ដោយបានទូន្មានយើងគ្រប់គ្នាឲ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់យើងកាលពីសម័យមហានគរដែលបានផ្សព្វផ្សាយរហូតដល់ចុងបូព៌ា។
បទនេះក៏បង្កប់មនោសញ្ចេតនាស្នេហាជាតិ បណ្តុះគំនិតជាតិនិយម និងបង្ហាញពីមោទនភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ។
ជាងនេះទៅទៀតបទចម្រៀងនេះក៏បានដាស់សតិកូនខ្មែរគ្រប់រូបឲ្យងើបឡើង តាំងចិត្តឲ្យមុតមាំ ដើម្បីថែរក្សានិងលើកតម្កើនវប្បធម៌ជាតិខ្លួនឲ្យរុងរឿងដូចសម័យមហានគរ។
ជាធម្មតា បទនេះត្រូវបានចាក់ផ្សាយនៅតាមវិទ្យុនៅពេលព្រឹកៗ ក៏ដោយជាត្រូវបានសិស្សានុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកង លាន់ឮសូរយ៉ាងពិរោះរណ្តំពេញទីធ្លាសាលានៅពេលគោរពទង់ជាតិ ។
អត្ថបទចម្រៀង
[កែប្រែ]បទៈ ពង្សាវតារខ្មែរ
និពន្ធដោយៈ សាស្រ្តាចារ្យ នួន កន (១៩៣៤ - ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨
១. ខ្មែរអើយ ចូរចាំជាក់ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង
គេឯងតែងលើកតម្កើង តម្កល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា
តន្ត្រីទស្សនវិជ្ជា យុទ្ធសាស្ត្រជាគោល-
ការណ៍ខ្មែរផ្សាយទៅ ។
៣. ខ្មែរអើយ ចូរស្ដាប់សាវតារ
ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង ឱ្យបានរុងរឿង
ជាថ្មីឡើងតាមសាវតារ ។