Jump to content

ពន្លឺអាស៊ីទ្វីប

ពីវិគីភីឌា

អំពី​អ្នក​និពន្ធ

[កែប្រែ]

សៀវភៅ "ពន្លឺ​អាស៊ីទ្វីប"​ (The Light of Asia)​ ជា​ស្នាដៃ​និពន្ធ​របស់​លោក អ៊ិដវិន អារណូលដ៏ (Edwin Arnold, 1832-1904) និង​ប្រែ​សម្រួល​ដោយ​លោក រ៉ាយ ប៊ុក ក្រមការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ ។

វគ្គ​ទី ???

[កែប្រែ]

ព្រះពោធិសត្វ​មាន​ព្រះ​បន្ទូល​ដោយ​ពាក្យ​ទន់ភ្លន់ ប្រកប​ដោយ​ព្រះទ័យ​អាណិត​អាសូរ​ពន់​ពេក ។ សភាព​ដ៏​វិសេស​វិសាល​យ៉ាង​នេះ ប្រកប​ដោយ​ព្រះទ័យ​ករុណា​នឹង​សុចរិត​ធម៌​ទ្រទ្រង់​ព្រះអង្គ​ក្នុង​ពេល​នោះ បាន​ជា​ពួក​ព្រាហ្មណ៍​បាន​លះបង់​ដៃ ដែល​ប្រឡាក់​ដោយ​លោហិត​ចាក​ចេញ​ពី​សន្ដាន ហើយ​ព្រះ​មហាក្សត្រិយ៍​ចូល​ទៅ​ជិត​ព្រះ​ពោធិសត្វ លើក​ព្រះ​ហស្ត​ធ្វើ​អញ្ជលិកម្ម​គោរព​ចំពោះ​ព្រះអង្គ ។

តែ​ព្រះ​ពោធិសត្វ​បាន​សំដែង​ថា : លោក​មុខ​ជា​បាន​សេចក្ដី​សុខ បើ​សត្វ​ទាំងអស់​មាន​សេចក្ដី​មេត្តា​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បរិភោគ​តែ​របស់​បរិសុទ្ធ​ស្អាត គ្មាន​ប្រឡាក់​ដោយ​លោហិត គឺ​គ្រាន់​ដែល​មាន​សម្បុរស​ដូច​មាស, ផ្លែឈើ​មាន​ស្ថានភាព​ភ្លឺ ស្មៅ​ដែល​មាន​ឱជារស​ដែល​ដុះ​នៅ​ពាស​ពេញ​ក្នុង​លោក, ទឹក​ដែល​មាន​នៅ​លើ​ផែនដី​ល្មម​គ្រប់គ្រាន់​ឲ្យ​សត្វ​ផឹក​បាន ។ ពលភាព​នៃ​ព្រះ​ឱស្ឋ​ព្រះពោធិសត្វ​ប្រកប​ដោយ​ពាក្យ​ពីរោះ​អស្ចារ្យ ធ្វើ​ពួក​ព្រាហ្មណ៍​ឲ្យ​ជឿជាក់​ច្បាស់​ក្នុង​ចិត្ត, ត្រឡប់​ជា​រំលំ​ខ្លួន​ឯង​នូវ​បូជនីយដ្ឋាន​ដែល​មាន​គ្រឿង​សក្ការៈ​អុជ ហើយ​គ្រវាត់​ដែក​ដែល​សម្រាប់​ធ្វើ​ពលិកម្ម​ចោល​ទៅ​ឆ្ងាយ ។ ដល់​ថ្ងៃ​ស្អែក​ឡើង ព្រះ​មហាក្សត្រិយ៍​មាន​ព្រះ​រាជ​ឱង្ការ​ទៅ​ពួក​អាមាត្យ​ឲ្យ​ស្រែក​ប្រកាស ក្នុង​ព្រះ​រាជ​អាណាច័ក្រ, ហើយ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឆ្លាក់​ជា​អក្សរ​នៅ​ផែន​ថ្ម នឹង​គល់​សសរ​ថា : នេះ​ជា​ព្រះ​រាជ​បញ្ញត្តិ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង : តាំង​ពី​មុន​មក​ដល់​បច្ចុប្បន្ន​នេះ, គេ​បាន​ពិឃាត​សត្វ ដើម្បី​នឹង​បូជា​យ័ញ្ញ ឬ​បរិភោគ​ជា​អាហារ, តែ​ពី​ថ្ងៃ​នេះ​តទៅ ហាម​ផ្ដាច់​មិន​ឲ្យ​សម្លាប់​សត្វ​រស់​ឬ​បរិភោគ​សាច់​សត្វ ព្រោះ​យើង​បាន​យល់​ថា ជីវភាព​មាន​តែ​មួយ ហើយ​សេចក្ដី​មេត្តា​សម្រាប់​ប្រើ​ទៅ​សត្វ​ណា​ដែល​គួរ​មេត្តា"​ ។ នេះ​ជា​ព្រះ​រាជ​បញ្ញត្តិ​ព្រះ​មហាក្សត្រិយ៍​បាន​ប្រកាស​ឡើង, ហើយ​តាំង​ពី​កាល​នោះ​មក, សត្វ​ដែល​មាន​ជីវិត​បាន​ទទួល​សេចក្ដី​សុខ គឺ​ព្រះ​ពោធិសត្វ​ព្រម​ទាំង​សត្វ​ជា​បរិវារ​ព្រះអង្គ នឹង​បក្សា​ទាំង​ប៉ុន្មាន​ដែលស្ថិត​នៅ​ប្រប​ស្ទឹង​គង្គា, ជា​ទី​ដែល​ព្រះអង្គ​បាន​ទេសនា​ដោយ​ព្រះទ័យ​ករុណា​ដល់​សត្វ​ទាំងនោះ នឹង​ព្រះ​សូរសៀង​ពីរោះ​អស្ចារ្យ ។ ព្រោះ​ព្រះទ័យ​ព្រះ​ពោធិសត្វ​ប្រកប​ដោយ​ព្រហ្មវិហារ​ចំពោះ​សត្វ ដែល​មាន​ជីវិត​នៅ​ក្នុង​លោក ដែល​ទទួល​នូវ​សេចក្ដី​សុខ – ទុក្ខ​ដូច​យើង​ទាំងអស់​គ្នា, មាន​សំដែង​ក្នុង​គម្ពីរ​ពី​បុរាណកាល, តាំង​ពី​ព្រះ​សម្មា​សម្ពុទ្ធ ព្រះអង្គ​បាន​យោន​យក​កំណើត​ជា​ព្រាហ្មណ៍​ម្នាក់​នៅ​ភ្នំ​មុន្ទ ? (មុណ្ឌៈ) នៅ​ជិត​ភូមិ​ទាលិទ្ទ ? (ទលិទ្ទគ្រាម ) ភូមិ​ភាគ​ក្នុង​ប្រទេស​លំបាក​ដោយ​គ្មាន​ភ្លៀង, ស្រូវ​ដុះ​មិន​ទាន់​ខ្ពស់​ល្មម​ឲ្យ​បក្សា​គ្រួច​ច្រូត​បាន, ទទួល​ស្លាប់​មួយ​រំពេច, នៅ​តាម​ដង​ព្រៃ​ភានុវង្ស ចេញ​ចំហាយ​ក្ដៅ​ជប់​ទឹក​រីង​អស់​ពី​បឹង​ត្រពាំង, ស្មៅ​នឹង​រុក្ខា​លតាវល្លិ៍​ទៅ​ជា​មាន​សភាព​ស្លាំង​ក្រៀម, ហើយ​ពួក​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​ភ្នំ​ទុរគម​វង្វេង​ផ្លូវ ដោយ​ខំ​ស្វែង​រក​អាហារ​បរិភោគ ។ ក្នុង​ពេល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​បាន​ទត​យល់​តាម​ជញ្ជាំង​ដែល​មាន​ចំហាយ​ក្ដៅ​ហុយ មាន​វល្លិ៍ នុល្ហ :"​ ដុះ​ព័ទ្ធ នូវ​ខ្លា​ញី​មួយ​ស្គាំងស្គម​ដោយ​អត់​អាហារ​ស្ទើរ​តែ​មរណា, និន្រ្ទា​លើ​ផែន​សិលា, សេចក្ដី​ស្រេក​ឃ្លាន​បញ្ចេញ​ឥទ្ធិពល, ចក្ខុ​មាន​រស្មី​ពណ៌​បៃតង, ជីវ្ហា​ប្រសាទ​ក្រៀម​ស្ងួត​លៀន​វែង​ចេញ​ពី​មាត់​ហា​ហត់​ស្ទើរ​ផុត​ដង្ហើម, ថ្ពាល់​មាន​តែ​ស្បែក​ជ្រួញជ្រីវ, ស្បែក​មាន​គំនូរ​ឆូត​ឆ្លាក់​យូរយារ, តាម​ឆ្អឹង​ជំនីរ​ដូចជា​ផ្លាន​ដែល​ពុក​ផុយ ដោយ​សារ​ភ្លៀង​មិន​អាច​តុប​នូវ​ដំបូល​គេហដ្ឋាន​បាន ។ ខ្លា​នោះ​មាន​កូន​តូច​ៗ​ពីរ, ស្រេក​ឃ្លាន​អាហារ​ដើរ​ចុះ​ឡើង ហើយ​ក៏​ជញ្ជក់​ដោះ​ដែល​គ្មាន​ទឹក​ដោះ​មួយ​ដំណក់ ។ ចំណែក​ខាង​ម្ដាយ​វា​ស្គម​នៅ​តែ​ឆ្អឹង​ខំ​លិទ្ធ​កូន​ទាំងពីរ​ដោយ​មុទិតា​ចិត្ត ហើយ​បង្ហាញ​ឆ្អឹង​ជំនី​ទៅ​កូន​ទាំង​នោះ ស្រែក​រោទ៍​ចុក​ណែន​ដល់​បំពង់​ក ដោយ​សេចក្ដី​ស្នេហា​លើស​សេចក្ដី​ស្រេក​ឃ្លាន​ទៅទៀត ហើយ​ជួនកាល​មាន​ស្រែក​ខ្លាំង​លាន់​ឮ​រំពង ដូចជា​សព្ទ​ផ្គរ​យក​ច្រមុះ​រុញ​ទៅ​នឹង​ដី​ខ្សាច់ ។ ព្រះ​បរម​ពោធិសត្វ ទ្រង់​បាន​ទត​យល់​នូវ​ខ្លា​នោះ​ហើយ ទ្រង់​ក៏​មាន​មេត្តា​ករុណា​ពន់ពេក ដោយ​មាន​និស្ស័យ​សាង​ជា​ពុទ្ធភូមិ ហើយ​ទ្រង់​ព្រះ​តម្រិះ​ថា មាន​តែ​មធ្យោបាយ​មួយ​យ៉ាង ដើម្បី​នឹង​ស្រោចស្រង់​សត្វ​សាហាវ​ដែល​នៅ​ក្នុង​ព្រៃ​នេះ, ដល់​ព្រះ​សុរិយា​អស្ដង្គត សត្វ​ទាំងនេះ​មុខ​ជា​ស្លាប់​មិន​ខាន​ដោយ​អត់​អាហារ ។ គ្មាន​ចិត្ត​អ្នកណា​ទោរទន់​ទៅ​កាន់​សត្វ ដែល​មាន​សភាព​ប្រឡាក់​លោហិត​ជានិច្ច ហើយ​សត្វ​នេះ​ដែល​ស្គាំងស្គម គឺ​មក​តែ​ពី​មិន​បាន​បរិភោគ​ឈាម ។ ព្រោះ​ហេតុ​ដូចនេះ, បើ​អញ​ឲ្យ​ជីវិត​សត្វ​នេះ​បាន ដោយ​ហេតុ​ថា​គ្មាន​បុគ្គល​ណា​ទទួល​ទុក្ខ​ក្រៅ​ពី​អញ ដោយ​សេចក្ដី​មេត្តា​ជា​យ៉ាង​ក្រៃ​ពេក ខ្លួន​អញ​មុខ​ជា​នឹង​សម្រេច​ទៅ​តាម​យថាកម្ម​ក្នុង​ពេល​នេះ​មិន​ខាន>>។ ព្រះ​បរមពោធិសត្វ លុះ​ទ្រង់​ព្រះ​តម្រិះ​ដូចនេះ​ហើយ ក៏​បោះបង់​ចោល​ព្រះ​សុពណ៌​បាទា, ដំបង​នឹង​ខ្សែ​អំបោះ​ពិសិដ្ឋ (Corndon Sacré )(១) ឈ្នួត​ក្បាល​នឹង​សំពត់​កោសេយ្យពស្រ្ត រួច​ទ្រង់​ចាក​ចេញ​ពី​គុម្ពោត​ព្រៃ​នោះ យាង​មក​តាម​ដី​ខ្សាច់​មាន​ព្រះ​បន្ទូល​ថា : ឱ មេ​ខ្លា​អើយ ! នេះ​ជា​អាហារ​របស់​អ្នក"​ ។ ក្នុង​មួយ​រំពេច, ស្រាប់​តែ​ខ្លា​ញី​ដែល​រៀប​នឹង​ស្លាប់​នោះ​បញ្ចេញ​សព្ទសូរ​យ៉ាង​ខ្លាំង ហើយ​ក៏​លោត​ចេញ​ពី​កូន​វា ស្ទុះ​ទៅ​លើ​ព្រះ​ពោធិសត្វ ដែល​ជា​ទុក្ករ​បុគ្គល ​ដោយ​ពេញ​ចិត្ត, ហើយ​ក៏​យក​ក្រចក​ដែល​មាន​ពណ៌​លឿង​យ៉ាង​មុត​ខ្វារ​ខ្ញាំ​ហែក​សាច់​ព្រះអង្គ​នោះ ប្រៀប​ដូចជា​ព្រះ​ខ័ន​មាន​សភាព​កោង​ស្រួច ហើយ​ក៏​បរិភោគ​នូវ​ព្រះ​ពោធិសត្វ​ស្រោច​ដោយ​លោហិត​ពាស​ពេញ​ព្រះអង្គ ហើយ​ខ្យល់​អស្សាស​បស្សាស នៃ​សត្វ​សាហាវ​នោះ បញ្ចេញ​ចំហាយ​ក្ដៅ​ដូច​ភ្លើង​លាយ​ជា​មួយ​គ្នា នឹង​សព្ទ​ថ្ងូរ​នៃ​ព្រះទ័យ ព្រះ​ករុណា​របស់​ព្រះ​ពោធិសត្វ គួរ​ឲ្យ​ស្ញប់ស្ញែង​ពន់​ពេក ។ (១) ខ្សែ​អំបោះ​ពិសិដ្ឋ គឺ​ខ្សែ​អំបោះ​បី​សរសៃ​វេញ​គួប​គ្នា ដែល​ពួក​ឧត្ដមវណ្ណ​តែង​ពាក់​ជា​កិត្តិយស ។ ការ​ដែល​ពាក់​ខ្សែ​អំបោះ​ពិសិដ្ឋ​នេះ គឺ​ត្រូវ​ឲ្យ​មាន​ពិធី​មួយ​រៀប​ចំ​ជា​ឧឡារិក​ចំពោះ​ក្មេង​ជំទង់ ដែល​មាន​អាយុ​៨​ឆ្នាំ ហើយ​គេ​តាំង​ឋានន្តរ​ជា (ទ្វិជៈ ) ប្រែ​ថា មាន​កំណើត​ពីរ​ដង ។

នេះ​ហើយ​ជា​ករុណា​ទិគុណ​នៃ​ព្រះ​ពោធិសត្វ ហើយ​ពី​កាល​មុន​នោះ​ទៅ​ទៀត ព្រះអង្គ​បាន​ធ្វើ​ពលិកម្ម​ចំពោះ​ទេវតា​ឥន្ទព្រហ្ម ដោយ​សេចក្ដី​មេត្តា​ករុណា​ជា​អនេកប្បការ ។ មួយ​ទៀត​ក្នុង​ពេល​នោះ​ព្រះ​បាទ​ពិម្ពិសារ​ទ្រង់​បាន​សវនា​យល់​ច្បាស់ នូវ​រាជ​វង្ស​ព្រះ​ពោធិសត្វ ព្រម​ទាំង​កិច្ច​ដ៏​ឧត្ដម​ក្នុង​ការ​ស្វះស្វែង​រក​ធម៌, បាន​អង្វរ​ឲ្យ​ព្រះ​អង្គ​គង់​នៅ​ទីក្រុង​នេះ ហើយ​ក៏​មាន​ព្រះ​រាជ​ឱង្ការ​ថា ឱ ទ្រង់​មាន​ឋានៈ​ជា​ព្រះ​រាជ​បុត្រ ! ទ្រង់​មិន​គួរ​មក​រង​លំបាក​អត់​ឃ្លាន​ដូចនេះ​ទេ, ព្រះហស្ត​ទ្រង់​សម​នឹង​កាន់​ព្រះ​ទម្រង់​គទាវុធ (Xeptre ), មិន​ត្រូវ​កាន់​អំបែង​សូម​ទាន​គេ​ទេ ។ សូម​ទ្រង់​នៅ​នឹង​យើង​ទាល់​តែ​អស់​ជីវិត, យើង​គ្មាន​ព្រះ​រាជ​បុត្រ​គ្រង​រាជ្យ​សោះ ហើយ​សូម​ទ្រង់​ធ្វើ​ជា​គ្រូ​បាធ្យាយ​បង្រៀន​នូវ​គតិ​បណ្ឌិត​ឲ្យ​ប្រជារាស្រ្ត​របស់​យើង ស្វាធ្យាយ​ក្នុង​ព្រះ​រាជ​អាណាចក្រ, ទ្រង់​នៅ​ក្នុង​ប្រាសាទ​ខ្ញុំ​ហើយ ខ្ញុំ​នឹង​រក​នាង​ខត្តិយានី​មួយ​ថ្វាយ"​ ។

វគ្គ​ទី ៨

[កែប្រែ]

គម្ពីរ​ពោល​ពិត ឱ​បង​អើយ ! ជីវភាព​នៃ​មនុស្ស​នីមួយ​ៗ គឺ​លទ្ធផល​នៃ​ការ​រស់​នៅ​ពី​អតីតជាតិ ការ​កំហុស​ពី​អតីតជាតិ នាំ​មក​នូវ​ទុក្ខ​លំបាក កុសល​ដែល​បាន​បំពេញ​ពី​អតីតជាតិ នាំ​ឲ្យ​កើត​សោមនស្ស ។ អ្នក​ត្រូវ​តែ​ច្រូត​កាត់​នូវ​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ​ពី​មុន​មក ។ អ្នក​ឃើញ​ចម្ការ​នេះ​ទេ ! ល្ង​នេះ​ពី​ដើម​ជា​ល្ង ស្រូវ​សាលី​នេះ​ពី​ដើម​ជា​ស្រូវ​សាលី ។ ធម៌​ស្ងាត់​នឹង​ស្រមោល​ជ្រាប​នូវ​រឿង​នេះ​ទាំងអស់ ព្រោះ​ហេតុ​ដូច​នេះ បាន​ជា​កើត​ជោគ​វាសនា​របស់​មនុស្ស ។ មនុស្ស​ទើប​នឹង​ច្រូត​កាត់​ល្ង​នឹង​ស្រូវ​សាលី ដែល​បាន​សាប​ព្រោះ​ពី​អតីតជាតិ ហើយ​នឹង​ស្មៅ​អាក្រក់​មាន​សភាព​ពុល ដែល​ធ្វើ​ឲ្យ​មាន​ជម្ងឺ​ចំពោះ​មនុស្ស​នឹង​ទុក្ខ​ចំពោះ​ភព​ទាំងអស់ ។ បើ​មនុស្ស​នោះ ប្រព្រឹត្ត​ករណីយកិច្ច​ដោយ​ស្មៅ​អាក្រក់​នោះ​ចេញ​ស្រឡះ​ពី​សន្ដាន​ហើយ ដាំ​ពូជ​ល្អ​បរិសុទ្ធ​ស្អាត​នៅ​កន្លែង​ដដែល គឺ​ដី​ដែល​មាន​ជីជាតិ​ល្អ មុខ​ជា​អ្នក​ត្រូវ​ច្រូត​នូវ​ផលិតកម្ម​ដ៏​បរិបូណ៌​មិន​ខាន ។ បើ​អ្នក​ដែល​រស់​នៅ បាន​ដឹង​នូវ​ហេតុ​ដែល​កើត​ទុក្ខ ហើយ​ទទួល​ទុក្ខ​នោះ​ដោយ​ខន្តី​ព្យាយាម​សង​បំណុល​ចាស់ ដែល​ជំពាក់​ដោយ​ការ​កំហុស​ជា​មុន ខំ​ប្រព្រឹត្ត​នូវ​ព្រហ្មវិហារ​នឹង​សច្ចធម៌ តែ​កុំ​ប្រព្រឹត្ត​នូវ​ទារុណ​កម្ម​ចំពោះ​អ្នក​ដទៃ អ្នក​នោះ​ឈ្មោះ​ថា​បាន​លាង​ជម្រះ​មន្ទិល​ពី​ឈាម​ខ្លួន នូវ​ពាក្យ​ភូត​ភរ​កុហក​នឹង​អត្តទត្ថភាព (egoisme) ឲ្យ​ស្អាត​ពី​សន្តាន​ឈ្មោះ​ថា​បាន​ទទួល​ទុក្ខ ដោយ​សេចក្ដី​រីករាយ​ហើយ​មិន​ប្រកាន់​ទោស ព្រម​ទាំង​ធ្វើ​ចិត្ត​ឲ្យ​ល្អ​ចំពោះ​សេចក្ដី​រំលោភ​នៃ​ជន​ដទៃ បើ​រាល់​ថ្ងៃ​មនុស្ស​នោះ​ខំ​ព្យាយាម​ធ្វើ​ចិត្ត​ទន់​ភ្លន់ ប្រកប​ដោយ​សន្តិភាព សុចរិត​គួរ​ជា​ទី​ពេញ​ចិត្ត​ស្មោះ​ត្រង់ ហើយ​ដក​យក​ចេញ​គ្រប់​កន្លែង​ទាំងអស់​នូវ​តណ្ហា​ដែល​បាន​ចាក់​ឫស​ភ្ជាប់​ជ្រៅ ហូរ​ឈាម​សស្រាក់​ទាល់​តែ​ការ​ស្រឡាញ់​ជីវភាព​នោះ​រលត់​រលាយ​អស់ បើ​អ្នក​នោះ​ប្រព្រឹត្ត​បែប​ណេះ​បាន ដល់​ធ្វើ​មរណកាល​ទៅ មុខ​ជា​នឹង​ទៅ​កើត​ជា​ជាតិ​ថ្មី​គេ​ហៅ​ថា សំណុំ​អត្តា​ប្រកប​ដោយ​លទ្ធផល​នៃ​ជីវភាព ដែល​គេ​បញ្ឈប់​នូវ​បញ្ជី​បុណ្យ​បាប ប្រកប​ដោយ​ទុក្ខ​ផិត​រលត់​សង​រួច​ជ្រះ​ស្រឡះ​ហើយ បញ្ជី​បុណ្យ​ប្រព្រឹត្ត​ឬ​យូរ​មក​ហើយ ស្ថិត​នៅ​មាន​អានុភាព​ឲ្យ​ផល​ល្អ អាក្រក់​តាម​ហេតុ​ក៏​វិនាស​សាប​សូន្យ ។ មនុស្ស​បែប​នេះ មិន​ត្រូវ​ការ​នឹង​ជីវភាព ៗ ដែល​ស្ថិត​នៅ​ពី​មុន​មក​មាន​លំនាំ​ផុត​ត្រឹម​នេះ អ្នក​នោះ​បាន​បំពេញ​ករណីយកិច្ច​ចំពោះ​ជោគ​វាសនា​ជា​មនុស្ស​ជាតិ​ពេញ​លេញ ។ អ្នក​នោះ​លែង​ទទួល​ទុក្ខ​ទោស បាប​អកុសល​មិន​អាច​ធ្វើ​ចិត្ត​ឲ្យ​មន្ទិល​សៅហ្មង​សេចក្ដី​ទុក្ខ​ដែល​បាន​មក​ពី​ការ​សប្បាយ​ក្នុង​អាមិស នឹង​ការ​រង​លំបាក​នៅ​លើ​ផែនដី លែង​ធ្វើ​ឲ្យ​សន្តិភាព អ្នក​នោះ​កករ​ល្អក់ ហើយ​សេចក្ដី​ស្លាប់​នឹង​កើត​លែង​វិល​ចុះ​ឡើង​ចំពោះ​បុគ្គល​បែប​នេះ​ជា​ដាច់​ខាត ។ អ្នក​នោះ​ចូល​ទៅ​កាន់​ព្រះ​និព្វាន ។ អ្នក​នោះ​រួម​ស្និទ្ធ​ជិត​តែ​មួយ​ឯក​ឯង​ក្នុង​ជីវភាព តែ​អ្នក​នោះ​លែង​រស់​នៅ​ក្នុង​លោក អ្នក​នោះ​បាន​ក្រេប​នូវ​អាមិស​សុខ​ដោយ​ហេតុ​អ្នក​នោះ​លែង​យោន​យក​កំណើត​ទៀត ឱម មុនី បទ្មេ ឱម (Om Mani Padme Hung) (១) ដំណក់​ទឹក​សន្សើម​ស្រក់​ចូល​ទៅ​បាត់​ក្នុង​មហា​សាគរ ។ (១) ឱម រតនៈ ក្នុង​បុប្ផា​បទុម ធម៌​ដែល​ពួក​ពុទ្ធមាមក​ខាង​ទីបេត៍​សូត្រ ។ ព្រះ​ពុទ្ធ​រូប​គេ​តែង​ប្រតិស្ឋាន​ព្រះ​ហស្ត​កាន់​ផ្កា​ឈូក​ដែល​មាន​រតនវត្ថុ​នៅ​ក្នុង​នោះ ។

នេះ​ជា​លទ្ធិកម៌ ចូរ​អ្នក​ខំ​ហាត់​ស្វាធ្យាយ​ឲ្យ​ច្បាស់ ។ លុះ​ត្រា​តែ​លំអង​នៃ បាប​នោះ​រលាយ​បាត់​សាប​សូន្យ លុះ​ត្រា​តែ​ជីវិត​ផុត​រលត់​ដូច​ជា​អណ្ដាត​ភ្លើង​ដែល​ថមថយ​កំឡាំង​ដោយ​គ្មាន​ប្រេង ទើប​សេចក្ដី​ស្លាប់​នោះ​ជា​អវសាន ។ កុំ​ឲ្យ​ពោល​ថា "ខ្ញុំ​ស្ថិត​នៅ​ទីនោះ​ពី​អតីតកាល" ឬ "ខ្ញុំ​សកថិត​នៅ​ទីនេះ​ក្នុង​អនាគត​កាល" ។ កុំ​គិត​ថា អ្នក​ចេញ​ពី​ផ្ទះ​សាច់​មួយ​ទៅ​នៅ​ផ្ទះ​សាច់​មួយ​ទៀត​ដូច​ជា​អ្នក​ដំណើរ​ចាំ​ច្បាស់លាស់ ឬ​ភ្លេច​ថា​បាន​សំណាក់​នៅ​ទីនោះ​ដោយ​ស្រួលបួល ឬ​ដោយ​លំបាក ។ ពី​អតីត ឥឡូវ​នោះ​ស្ថិត​នៅ​ជា​អធិបតេយ្យ​លើ​ភព​ទាំងអស់​មុន​នឹង​ភ្លើង​ឆេះ​កល្ប ។ ឱ​បង​ប្អូន​អើយ ! តើ​អ្វី​ជា​ឧបសគ្គ ? គឺ​ងងឹត​ដែល​ផ្សាយ​ចេញ​ពី​អវិជ្ជា​នាំ​ឲ្យ​អ្នក​ទាំង​អស់​នាំ​គ្នា​វង្វេង យក​សភាព​ភាន់​ច្រឡំ​ថា​ជា​សភាព​មែន​ពិត ហើយ​នាំ​ឲ្យ​កើត​នូវ​តណ្ហា​ប្រាថ្នា​នូវ​សភាព​ភាន់​ច្រឡំ​នោះ ៗ ដល់​សេចក្ដី​ប្រាថ្នា​នោះ​មក​ដល់​ពេល​ជា​អវសាន ត្រូវ​ការ​បូក​ប្រមូល​នូវ​ជីវភាព​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ចក្រវាឡ​វិញ ជីវភាព​នោះ​បាន​សង់​នូវ​គេហដ្ឋាន​របស់​ខ្លួន​ដូច​ជា​ដង្កូវ​នាង​ចូល​ទៅ​ស្ថិត​នៅ​ក្នុង​សំបុក ។ ហើយ​បាន​ចូល​ទៅ​រួម​នាម​នឹង​រូប​តែ​មួយ​គេ​ឯង​មាន​មុខ​ការ​ផ្សេង​ៗ ដូច​ជា​ពង​បស់​ក្នុង​ខណៈ​ដែល​មេ​ក្រាប ពស់​នោះ​អាច​ផ្សាំ​នូវ​ស្រកា​នឹង​ចង្កូម​ឲ្យ​បាន​ស្រួល ដូច​ជា​​ពូជ​ដើម​ត្រែង ហិច​ហើរ​ទៅ​លើ​ភ្នំ ថ្មដា​នឹង​ខ្សាច់ ទាល់​តែ​ទៅ​ដល់​បឹង​ជ្រុះ​ធ្លាក់​ចុះ​ចំរើន​ដុះ​ដាល​ឡើង​ជា​លំដាប់ ។ ដូច​គ្នា​នឹង​ជីវភាព​នោះ​វិល​ត្រឡប់​មក​រក​សុខ ឬ​ទុក្ខ​វិញ ។ កាល​ណា​សេចក្ដី​ស្លាប់​នាំ​មក​នូវ​ផល​អាក្រក់​ចំពោះ​ពេជ្ឈឃាត បាប​អកុសល​ដែល​មន្ទិល​ប៉ុន្មាន ក៏​ត្រាច់​រង្គាត់​ទៅ​ក្នុង​សមុទ្រ​សង្សារ​ដោយ​អំណាច​វាយោ​ដែល​ប្រកប​ដោយ​អជ្ជដាកាស​ងងឹត​ចុះ​អ័ព្ទ​ហើយ​មាន​សភាព​ពុល​នោះ​ផង ។ តែ​បើ​មាន​មនុស្ស​ល្អ​សុចរិត​ទទួល​មរណភាព មាន​វាយោ​បក់​ត្រជាក់​ស្រួល ពិភព​លោក​មាន​សភាព​រីករាយ​ស្រស់​ស្រាយ ដូច​ជា​ទន្លេ​នៅ​វាល​ខ្សាច់​រហោស្ថាន​ហូរ​បាត់​ទៅ​ក្នុង​ខ្សាច់​មួយ​រំពេច ហើយ​ទើប​ចេញ​ហូរ​ជា​ថ្មី​ភ្លឺ​ចាំង​បរិសុទ្ធ​ដូច្នោះ ។

(មាន​ត)

ឯកសារ​យោង

[កែប្រែ]