Jump to content

មង្គលសូត្រ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ពហូទេវា)

មង្គល គឺជាសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ដែលបានមកពីការប្រព្រឹត្តប្រតិបត្តិរបស់ អ្នកដែលត្រូវការសេចក្តីសុខចម្រើន មង្គលមិនមែនបានមកដោយការអុជធូបបួងសួង បន់ស្រន់សុំពីអាទិទេព ឬព្រះសម្មាសម្ពុទ្ធឡើយ គឺបានមកពីអំពើល្អដែលខ្លួនបានធ្វើ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពីមង្គលទាំងនោះដូចមានសេចក្តីខាងក្រោមនេះ ៖ សូត្រនេះឈ្មោះមង្គលសូត្រ គឺព្រះអានន្ទបានស្តាប់មកហើយយ៉ាងនេះថា៖ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង ទេវតាមួយអង្គ កាលដែលវេលាបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយ បង្គំចំពោះព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ, កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថាយ៉ាងនេះថា៖

ប្រារព្ភកថា

ឯវម្មេ សុតំ (សូត្រនេះឈ្មោះមង្គលសូត្រ)

គឺខ្ញុំឈ្មោះអានន្ទ បានស្តាប់មកហើយយ៉ាងនេះថា៖

ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ

សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង វត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។

អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឱភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ

លំដាប់នោះឯង ទេវតាអង្គ១ កាលដែលវេលារាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំចំពោះអង្គព្រះដ៏មានព្រះភាគហើយ ឈរនៅក្នុងទីដ៏សមគួរ។

ឯកមន្តំ ឋិតា ខោ សា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ

កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូល ព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថា (យ៉ាងនេះ) ថា

ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំ ព្រូហិ មង្គលមុត្តមំ។

ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គ ទ្រង់ព្រះ មេត្តាសម្តែងប្រាប់ នូវមង្គលដ៏ឧត្តម។

(ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងតបពាក្យទេវតានោះ ដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថា)

គាថាទី១

អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ។

កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គល ដែលគួរបូជាទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

គាថាទី២

បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អត្តសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ។

កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១ កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

គាថាទី៣

ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិតោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តមំ។

ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយដោយច្រើន១ សិល្ប៍សាស្រ្តគឺសេចក្តីឆ្លៀវឈ្លាសក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១ វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

គាថាទី៤

មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ។

កិរិយាបម្រើនូវមាតា១ កិរិយាបម្រើនូវបិតា១ សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា១ ការងារទាំងឡាយដែលមិនច្របូល ច្របល់១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

គាថាទី៥

ទានញ្ច ធម្មចរិយា ច ញាតកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ។

កិរិយាបរិច្ចាគទាន១ កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្រ្គោះដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

គាថាទី៦

អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ។

កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុង ធម៌ទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

គាថាទី៧

គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញុតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ។

សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌តាមកាល១ ទាំង៥នេះ ជាមង្គលដ៏ឧត្តម។

គាថាទី៨

ខន្តិ ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ។

សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយ១ ធម្មសាកច្ឆា គឺកិរិយាសន្ទនាទៅវិញទៅមក នូវធម៌តាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

គាថាទី៩

តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចានទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ។

សេចក្តីព្រាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ចទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

គាថាទី១០

ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ។

ចិត្តនៃបុគ្គលឯណា ដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធូលី គឺរាគៈទៅប្រាសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

អវសាន្តគាថា

ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ៕

ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួង តែងដល់នូវ សិរីសួស្តីក្នុងទីទាំងពួង (ម្នាលទេវតាអ្នកចូរប្រកាន់ជឿថា) មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់នូវបុគ្គលពាលជាដើម នោះ របស់ទេវតា និងមនុស្សទាំងអម្បាលនោះ ជាមង្គលដ៏ឧត្តម៕

(មង្គលសូត្រ ចប់)

ឯកសារយោង

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋ-ធម្មបទ-ឧទាន-ឥតិវុត្តក-សុត្តនិបាត > មង្គលសូត្រ (សៀវភៅភាគ​៥២ ទំព័រ​ទី ៤)

พระไตรปิฎก เล่มที่ ๒๕ พระสุตตันตปิฎก เล่มที่ ๑๗ ขุททกนิกาย ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > มงคลสูตรในขุททกปาฐะ

Mangala Sutta: Blessings (Khp 5)


ឯកសារសិក្សាបន្ថែមទាក់ទងនឹងមង្គលសូត្រ

មង្គលសូត្រចែកតាមក្រុម