ពាក្យកាព្យប្រដៅជនប្រុសស្រី
ពាក្យកាព្យប្រដៅជនប្រុសស្រី
ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ (១៩៣៥?)
បទពាក្យ ៧
១-ខ្ញុំសូមបង្គំព្រះសម្មា សម្ពុទ្ធណាៗក្នុងត្រៃភព
ចម្រើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ ខ្ញុំសូមគោរពនមស្ការ ។
ព្រះចមច្រកពិននរិន្ទឫទ្ធិ ជាម្ចាស់ជីវិតលើសិរសា
សូមថ្វាយបង្គំព្រះករុណា សូមទ្រង់មេត្ដាប្រោសប្រណី ។
ឱនកាយថ្វាយបង្គំប្រណម្យនឹក សូមក្រើនរំឭករាស្រ្ដប្រុសស្រី
ធ្លាប់ជ្រកទីពឹងព្រះបារមី ឱ្យរៀនបាលីទៅបរលោក ។
សរណគមន៍បីឱ្យប្រតិបត្ដិ កម្ចាយកម្ចាត់ក្ដីទុក្ខសោក
រូបយើងសព្វថ្ងៃថ្លៃមិនថោក បានមកភពភាន់ទាន់សាសនា ។
៥-ផ្លូវប្រេតនរកទៅញឹកញយ គួរកុំបណ្ដោយតាមតណ្ហា
គួរគិតសង្ខេបឃាត់សង្ខារ សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់ ។
ជម្ពូទ្វីបនេះធំបំផុត មួយម៉ឺនយោជន៍គត់ដំណែលព្រះ
សត្វស្លាប់តាមកម្មមិនចាំចាស់ អាយុខ្លីណាស់ក្រាស់កុសល ។
រូបំ អនិច្ចំ អនត្ដា កើតរូបកាលណាកម្មតាមដល់
តាមដានដរាបបាបឱ្យផល បាបខ្លះសេសសល់ពីនរក ។
ខ្លះមកអំពីប្រេតតិរិច្ឆាន ខ្លះមកពីស្ថានសួគ៌សោយសុខ
វេរតាមរកបានឃើញមុខ ចុះមករងទុក្ខទទួលកម្ម ។
អ្នកធ្លាក់ទៅរងនរកប្រេត ដើមហេតុពីព្រោះដាច់សីល៥
ទឹកក្ដៅខ្លះដេកទៅដេកត្រាំ រាប់លានកោដិឆ្នាំទម្រាំរួច ។
១០- មកកើតជាមនុស្សស្ថានកណ្ដាល មិនរាងមិនចាលដល់តិចតួច
ប្រពន្ធកូនគេនៅតែលួច សត្វធំសត្វតូចរិតសម្លាប់ ។
ស្រារឹតតែផឹកឱ្យស្រវឹង គុណទោសមិនដឹងប្រឹងចាក់កាប់
ស្រេកឃ្លានបំពានធ្វើលើច្បាប់ មិនស្ដាប់ពុទ្ធដីកាព្រះអង្គផ្ដាំ ។
ពិតមែនជាមិនលឺព្រះឱស្ឋ ព្រះសង្ឃទ្រង់ប្រោសឱ្យសីស៥
ទទួលរំពេចភ្លេចមិនចាំ ប្រព្រឹត្ដសាងកម្មមិនព្រមលែង ។
កើតមកពូជពង្សពេញជាមនុស្ស សេចក្ដីត្រូវខុសចាំជាក់ស្ដែង
សម្លាប់រូបសត្វឥតគិតក្រែង បំពេញរូបឯងឱ្យធំធាត់ ។
សម្លាប់មិនថាសត្វឈ្មោលញី យកសាច់មកស៊ីឱ្យឆ្ងាញ់មាត់
ទទួលសីលភ្លើធ្វើឱ្យភ្លាត់ លក់សត្វឱ្យព្រាត់មេព្រាត់កូន ។
១៥- ព្រាត់គូកម្សត់វដ្ដសង្សារ ដូចលក់ជីតាលក់ជីដូន
ពុំនោះលក់បងបំបែកប្អូន ងងឹតឈឹងសូន្យមើលមិនយល់ ។
ខ្លះទៅនរកមិនទាន់មក ខ្លះឃ្លាតទៅជ្រកពួកអសុរ
ជវ័នសង្ខារលប់វិលវល់ អំពល់តែកើតស្លាប់កើតស្លាប់ ។
កម្មកិតតាមខ្លួនមិនដែលឃ្លាត គ្រប់ប្រាំរយជាតិមិនដែលឆាប់
សត្វជ្រូកមាន់ទាគេចាក់កាប់ សម្រាប់គេស៊ីជាអាហារ ។
សត្វគោក្របីដំរីសេះ គេជិះគេទឹមជាធម្មតា
គេកាប់លក់សាច់ផ្ដាច់សង្សារ រកចិត្ដមេត្ដាករុណាគ្មាន ។
រូបខន្ធរលត់រលាយទៅ សល់នៅសង្ខារនិងវិញ្ញាណ
វេទនាសញ្ញានឹកស្រេកឃ្លាន សន្និដ្ឋានថាដូចអ្នកមានគុណ ។
២០- សត្វញីសត្វឈ្មោលអន្ទោលទុក្ខ អាពុកឬម្ដាយពីជាតិមុន
ជាតិមកពីរងទោសទុក្ខធ្ងន់ ក្រែងស៊ុនទៅលើសាច់ញាតិឯង ។
ជ្រូកគោក្របីនៅតូចស្ទាវ គេក្រៀកវះក្រៀវឃើញស្ដែងៗ
បើគិតឱ្យសព្វគ្រប់កន្លែង ជូនក្រែងជាតិមនុស្សមកជាសត្វ ។
អ្នកពឹងនិងអ្នកធ្វើដៃដល់ ចៅក្រមអកុសលជំនុំកាត់
បញ្ជីទាំងពីរឈ្មោះមិនបាត់ គេចាត់ធ្វើទោសទាំងអស់គ្នា ។
មិនមានអ្នកាណាធ្ងន់ណាស្រាល យម្ភបាលវះក្រៀវគ្រប់វេលា
មានលោកយមរាជរាជសភា ជំនុំគិតគ្នាមើលបញ្ជី ។
បញ្ជូនអ្នកធ្វើចុះនរក ជំនុំឃុំទុកអ្នកទិញស៊ី
ទិញសត្វស្លាប់រស់ទោះឈ្មោលញី ទាំងពីរចំណែកចំណាំមុខ ។
២៥- អ្នកមួយទិញស៊ីមិនរួចខ្លួន ត្រឹមឯត្រីអូនយួនដូរលក់
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ ។
ឃើញច្បាស់ជារស់មិនទាន់ងាប់ អង្គុយបង្គប់ឱ្យយួនវ៉ៃ
រកខ្យល់ច្រឡោតដោតញ័រដៃ ឃើញក្ស័យស្រាប់ៗមិនទិញយក ។
អានេះបន្ធូរលែងមិនបាន ត្រូវច្រំធាក់ច្រានឱ្យជ្រុលជ្រក
ទម្លាក់ឱ្យជ្រៅរងទុក្ខសោក លៃលកអ្នកទោសរឿងអ្នកទិញ ។
អ្នកទៅឃើញត្រីនៅបម្រះ វេទនាចិត្ដណាស់ប្រាសដើរចេញ
អ្នកនេះត្រូវលែងឱ្យទៅវិញ មានសែហ្វលិញគិញក្នុងនរក ។
ឱ្យជូនខ្លាចក្រែងវង្វេងផ្លូវ ត្រូវមើលខុសត្រូវគ្រប់ភូមិស្រុក
បើកក្រាំងសៀវភៅកត់ឈ្មោះទុក បញ្ជីពីរមុខបាបនិងបុណ្យ ។
៣០- ប្រគល់យមរាជយម្ភុបាល ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់
អ្នកសាងមគ្គផលស្គាល់ទោសគុណ ទៅសោយសុខមុនតាមទុនទាន ។
អ្នកសាងធុនទាបភាពអកុសល មិនចង់បានផលសួគ៌និព្វាន
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន មិនហ៊ានកាន់សីលថាខ្លាចដាច់ ។
មិច្ឆាទិដ្ឋិចូលពេញទី បញ្ជីសម្រាំងតាំងសម្រេច
ចុះវង្សអាជីវកភ្លក់ស៊ីអាច់ ព្រោះពោលបង្កាច់ព្រះពុទ្ធដីកា ។
វចីទុច្ចរិតមានគ្រប់យ៉ាង ទានសីលមិនសាងអាងផឹកស្រា
ឮលោកសម្ដែងធម៌ទេសនា ពិរោះពិស្ដារមិនដឹងស្ដាប់ ។
អស់យើងគួរស្ដាយជាតិកំណើត សំណាងមកកើតក្នុងភទ្ទកប្ប
អគាវិន័យព្រះប្រញប្ដ ជាឫសគល់ច្បាប់គួររក្សា ។
នេះចប់ចំណែកខាងបាសក កុំធ្វើអាក្រក់រាល់រូបបា
រំពឹងក្រែងចូលព្រះសិអារ្យ នមស្ការគោរពរំឭកគុណ ។
ព្រះចមច្រកពង្សមុនីនាថ កំពូលផុតជាតិជាងមហាជន
ទ្រង់សោយសម្បត្ដិសម្បើមបុណ្យ សម្បូណ៌លើសលន់លុបលោកា ។
៣៥- លោកីយ៍ដឹងហើយគួរកោតខ្លាច ទ្រង់មានអំណាចព្រះចេស្ដា
គួរស្ដាប់ព្រះរាជឱង្ការ បន្ទូលត្រួតត្រាគួរត្រងត្រាប់ ។
ព្រះទ័យទ្រង់ត្រេកស្រឡាញ់សង្ឃ ប្រមាណសែនអង្គក្នុងភទ្ទកប្ប
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ ឈ្មោះច្បាប់បាដិមោក្ខសំវរសីល ។
ចែកចេញជាកងសិក្ខាបទ កំណត់ពីររយម្ភៃប្រាំពីរ
មិនឱ្យមានមោះហ្មងមន្ទិល អ្នកបួសកុំខ្ជិលកាន់ឱ្យខ្ជាប់ ។
បាណាអទិន្នាជាបឋម ជាតិរូបទៀតផ្សំត្រូវជាដប់
លោកសង្ឃឥឡូវកាន់មិនសព្វ កាន់ក្នុងបន្ទប់លាយបន្លំ ។
បន្លិចលុយកាក់សម្ងាត់ ទោសត្រូវអាបត្ដិលាក់សម្ងំ
បាសកផ្ញើទានគ្មានអារម្មណ៍ សន្សំតែទ្រពក្ដៅក្រហាយ ។
៤០- ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ មិនមានធម្មយុត្ដិមហានិកាយ
បើចេះខ្លាចក្រែងមិនក្លែងក្លាយ សមសុខសប្បាយមិនទាស់គ្នា ។
លោកសង្ឃគ្រប់វត្ដមានធំតូច សង្ឃខ្លះខិលខូចសង្ឃខ្លះជា
បរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍ មានពាក្យនិន្ទាតែរាល់វត្ដ ។
បាដិមោក្ខពីររយម្ភៃប្រាំពីរ អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់
កងបាចិត្ដិយនិងទុក្កដ ចូលមាត់ចូលកមិនដឹងខ្លួន ។
កងបាចិត្ដិយកៅសិបពីរ និស្សគ្គិយ៍សាមសិបបារាជិកបួន
បើចេះហើយចាំឱ្យមាំមួន ល្អបរិសុទ្ធសួនមិនសាយសុស ។
ប៉ុន្ដែសិក្ខាមិនសូវចាំ ចំណាំត្រង់ណេះចោលត្រង់ណោះ
ត្រង់ណាដែលដឹងជាខ្លួនខុស ហ៊ានឈ្លោះពីព្រោះគេមិនដឹង ។
៤៥- សង្ឃាទិសេសប្រហែសបាន ដប់បីសន្ដានប្រមាណថ្លឹង
បើធ្លប់សង្រួមឱ្យយ៉ាងតឹង មិនអរមិនខឹងមិនខាតខុស ។
ឥន្រ្ទីយ៍ប្រាំមួយនាំឱ្យភ្លាត់ បាចិត្ដយ៍ទុក្កដលាយចម្រុះ
ឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ ភ្នែកមើលណេះណោះឃើញសុសសាយ ។
សោតិន្ទ្រីយោសូរតិចខ្លាំង ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ
ជីវ្ហិន្រ្ទីយាពោលនាយអាយ សើចលេងសប្បាយចំអន់គ្នា ។
បរិស័ទអាបត្ដិទុក្កដញឹក បារាជិកច្រើនណាស់តែឧបជ្ឈាយ៍
ទ្រព្យក្នុងសម្បាច់សម្បូណ៌ហៀរ ត្រូវទោសអទិន្នាគរុភណ្ឌ ។
ទ្រព្យសង្ឃជាដើមគឺចំណាំ អវហារម្ភៃប្រាំចាំគ្នេរគ្នាន់
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់ អវហាប្រាំជាន់បារាជិក ។
៥០- ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក កិបទុកមិនចែកឱ្យលោកភិក្ខុ
គ្រឿងយាវជីវិតកាលិក ទុកខួបល្ងាចព្រឹកម៉ៅតែឯង ។
ម្យ៉ាងទ្រព្យគេហែចូលវិហារ បាសកបូជាដល់គម្ដែង
គេវេរបាលីមានខ្លីវែង គេតែងនឹងថាសង្ឃស្ស ។
ប្រកាសប្រគេនជំនុំសង្ឃ ចំពោះគ្រប់អង្គថាទេមៈ
លោកសង្ឃសាធុគ្មានសល់ម្នាក់ សង្ឃរាជទុកដាក់មិនចែកចាយ ។
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ អវហារម្ភៃប្រាំបែបបរិយាយ
នេះសុទ្ធតែសីលផ្លូវអន្ដរាយ លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ ។
ពីព្រោះឥន្រ្ទីយ៍ទាំង៦ លោកណាមិនព្រួយមិនប្រុងគិត
លោភោមោហោបាំងងឹត សិស្សមានគំនិតមិនហ៊ានថា ។
៥៥- សូមទានសន្ដោសសម្ដែងច្បាប់ ព្រះសង្ឃកុំចាប់ចងទោសា
ខ្លួនខ្ញុំសូមសុំបវារណា ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ ។
ខ្ញុំមិនមានពោលពាក្យបង្កាច់ ខ្លាចសីលលោកដាច់ខ្ញុំតម្រង់
តម្រូវតែតាមច្បាប់ព្រះអង្គ ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា ។
កាលអង្គសម្ដេចព្រះចមភព បន្ទូលប្រារព្ធគ្រប់ប្រការ
ប្រកាសប្រាកដបទសិក្ខា ប្រញប្ដប្ដេជ្ញាមហាបរិស័ទ ។
ភិក្ខុភិក្ខុនីអស់អរហន្ដ អានន្ទមិនទាន់បានអរហត្ដ
ព្រះធម៌វិន័យកុំឱ្យបាត់ ប្រយត្នឱ្យគង់ប្រយោជន៍យូរ ។
ក្រោយនោះព្រះអង្គចូលនិព្វាន អរហន្ដហោះធ្យានមានជាគ្រូ
មិនមានអ្នកណាដាក់ទូ ទេសនាបង្ហូរពីព្រះឱស្ឋ ។
៦០- ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស
សម្ដែងធម៌អាថិមេត្ដាប្រោស បាបបុណ្យគុណទោសនិងសីលទាន ។
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ អហន្ដអរហត្ដចូលនិព្វាន
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ មិនមានអ្នកណាតែងទុក ។
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ ស្រេចលើអានន្ទចាំទំនុក
ដំណែលព្រះអង្គដឹងគ្រប់មុខ ជង្រុកធម៌អាថិមហាអានន្ទ ។
ជាព្រះអនុជអាណិតសត្វ ក្រែងបាត់បិដកមិនគ្រប់គ្រាន់
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ ។
ចេះចប់អភិធម្មចាំរហូត វិន័យព្រះសូត្រ ៥ប្រការ
ប្រកាសអស់អង្គអរហន្ដា បិដកឯណាជាឫសគល់ ។
៦៥- បមត្ថព្រះសូត្រអានន្ទចាំ វិន័យទាំង៥ឧបាលីយល់
អរហន្ដទាំងអស់កើតរវល់ អំពល់អីពីរឿងធម៌អាថិ ។
ព្រះបាទអជាតៈសត្រូវ ជួយគិតតម្រូវព្រះសាសនា
សម្មតិឱ្យឈ្មោះហៅក្សត្រា ព្រោះព្រះមហាក្សត្រីយចូលគំនិត ។
និយាយឱ្យដឹងដើមកំណើត កកើតអក្ខរាចារស្លឹករឹត
បកប្រែបាលីសេចក្ដីពិត ពិនិត្យត្រឹមត្រូវតាមពុទ្ធដីកា ។
ទសជាតក៍ទាំង១០មានគ្រប់វត្ដ ប្រែត្រូវប្រាកដព្រះគាថា
ព្រះធម៌សូត្រមន្ដឬសូត្រដារ អ្នករៀនអក្ខរាពីរចំណែក ។
ចំណេះចំណាំចាំដោយខ្លួន ខ្លះរៀនមានក្បួនចាស់ចារចែក
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក កើតឈ្លោះប្រកែកប្រកួតខឹង ។
៧០- ប្រកាន់តែខាងខុសរហូត មិនរៀនមេសូត្រឱ្យចេះដឹង
អាងចេះតែ ក កា ប៉ុណ្ណឹង ខំប្រឹងចំអើតអួតខ្លួនត្រូវ ។
ក្ដៅណាស់ពីរឿងយោជាយ៉ោ ដំឡើងភ្នែកស្លោមុខក្រញូវ
ថាធ្លាប់យោនាពីខ្មោចឪ ឥឡូវយ៉ោណាមិនសុខចិត្ដ ។
អ្នកម្ខាងអាងស្រះតួប្រាំបី ឱ្យដឹងបាលីជាកម្រិត
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត ព្រោះត្បិតឱ្យត្រឹមត្រូវមាត្រា ។
អ្នកបួសគ្រប់វត្ដគ្រប់នគរ ស ដាក់ជើង ល រាប់ស្លស្លា
បើ ស ជើង ម រាប់ ស្មស្មា អ្នកមានប្រាជ្ញាល្មមស្ដាប់បាន ។
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង បើខឹងខ្ញុំឃាត់ថាឱ្យខាន
ខ ដាក់ជើង ម ពីបូរាណ ក្មេងតូចប៉ុន្មានស្គាល់ ខ្មខ្មា ។
៧៥- ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង គួរខ្មាសបារាំងអ្នករាជការ
ដើមហេតុអំពីព្រះករុណា ឱ្យសាងសាលាប្រែបាលី ។
ទ្រង់ចាំទំនៀមពីបូរាណ ហើយបានជំនុំព្រមកុង្សីយ៍
បំណាច់ធ្វើស្ដេចគ្រងផែនដី ទិសទាំងប្រាំបីរំពៃគ្រប់ ។
ព្រះកាយពលមិនរវល់រែក ព្រះទ័យរំលែកទាំងថ្ងៃយប់
ចូលទែនបន្ទំទីបន្ទប់ បន្ទូលមិនឈប់រាល់វេលា ។
មេត្ដាប្រោសប្រាណអ្នកមានសក្ដិ ប្រទានលុយកាក់គ្រប់ភ្នាក់ងារ
ទ្រង់ត្រួតស្រ្ដីស្នំស្រឹង្គារ ក្រែងគ្រុនរងារមិនបានសុខ ។
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ សោយរាជសម្បត្ដិសម្បើមស្ដុក
ព្រះកាយប្រកបគង់ស្រណុក ព្រះទ័យវិតក្កជាធម្មតា ។
៨០- មួយព្រួយនឹងឱបព្រះនគរ ពីរព្រួយនឹងពព្រះសាសនា
បីត្រួសលោកសង្ឃកាន់សិក្ខា សង្រួមកិរិយាមិនបរិសុទ្ធ ។
នឿយណាស់ព្រះនេត្រព្រះកាណ៌ា ព្រះឱស្ឋត្រួតត្រាច្រើនបំផុត
ដាស់តឿនបំភ័យពួកកុលបុត្រ ឱ្យប្រុងលំអុតសង្រួមកាយ ។
បានចេញប្រកាសដាក់ប្រាកដ ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ
លោកសង្ឃមិនត្រូវស្រើបសប្បាយ អស់ល្បែងទាំងលាយគ្រប់ចំពូក ។
មិនត្រូវចំពោះស្ដាប់តន្រ្ដី កុំបីមើលរាំវានាំភ្លូក
កុំដើរភ្លើៗមើលអុំទូក អ្នកបួសធ្វើលោកមិនត្រូវការ ។
បើមានត្រូវកិច្ចដើរយប់ថ្ងៃ សង្ឃបងនិស្ស័យចាស់វស្សា
កុំដើរទឹមស្មាទៅណាៗ អ្នកចេះសិក្ខាគេទាស់ភ្នែក ។
៨៥- លោកនេនកុំសុំលុយចិនចាយ បិណ្ឌបាតតែបាយម្នាក់១វែក
គ្រឿងម្ហូបចំណីបាសកចែក កុំស្ពាយពុនរែកវាថោកឫក ។
របស់បាសកគេប្រគេន ប្រគល់លោកនេនបានលោកភិក្ខុ៍
ចិញ្ចឹមជីវិតនិងបាយទឹក បិណ្ឌបាតតែព្រឹកយប់សូត្ររៀន ។
លោកណាត្រឹមត្រូវមិនសូវខុស ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន
លោកណាមិនចេះកុំវេះវៀន ពាក្យប្រៀនប្រដៅឱ្យផ្អើលភ្ញាក់ ។
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ វិន័យស្ថិតលើស្ដេចមហាចក្រ
ព្រះមហាចមពង្សទ្រង់ចំពាក់ ចំពោះធុរៈនឹងសាសនា ។
ពីត្រឹមនោះរៀងដរាបមក ដល់ស្រុកគោកធ្លកមានសាវតារ
ប៉ុន្មានរាជ្យហើយមិនដឹងថា ដល់មកករុណាយើងសព្វថ្ងៃ ។
៩០- ហេតុនេះលោកសង្ឃប្រុងពិនិត្យ សៀភៅស្លឹករឹតមានរាល់ដៃ
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ បើនៅសង្ស័យឱ្យសិក្សា ។
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ ឈ្មោះច្បាប់គន្លងព្រះពុទ្ធដីកា
បង្គំថ្វាយដល់ព្រះករុណា សូមទ្រង់មេត្ដាជ្រាបព្រះទ័យ ។
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង ពុំត្រូវទំនងក្រិត្យវិន័យ
សូមទានសន្ដោសអត់ទោសពៃ ក្រួញក្រាបសិរសីក្រោមព្រះបាទ ។
ព្រះសង្ឃទាំងអស់ទោះតូចធំ អភ័យទោសខ្ញុំសូមអនុញ្ញាត
ពាក្យខ្ញុំមិនមានពោលប្រមាថ សង្ឃជាល្អស្អាតខ្ញុំមិនថា ។
ខ្ញុំពោលតែលោកធ្វើអាក្រក់ បើខ្ញុំកុហកខូចមុសា
ហេតុនោះខ្ញុំសូមបវារណា និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ ។
៩៥- ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ ឱ្យស្វែងតម្រង់រៀនតម្រិះ
ឱ្យមើលតម្រាប់លោកអ្នកចេះ កុំដេកតែអេះតិះដៀលគ្នា ។
អ្នកម្ដាយឪពុកឱ្យឈ្មោះអ៊ូ ពូជពង្សអម្បូរខ្មែរអ្នកជា
អាពុកឈ្មោះ អ៊ុក មានសក្ដិងារ ចៅពញាធម្មធារាធ្វើមេស្រុក ។
ក្នុងខែត្រភ្នំពេញឃុំកំបូល ជាប់ផៅត្រកូលម្ចាស់អង្គ ប៉ុក
អាពុកអ្នកម្ដាយឈ្មោះពញា ម៉ុក គាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។
អ្នកម្តាយអាពុកបងប្អូនជិត ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ បង្កកើតខ្ញុំទូលបង្គំ ។
បង្កើតពីដើមគំនិត ភ័យភិតខ្លាចបាបចង់បានបុណ្យ
បានបែកចែងច្បាប់ប្រាប់មហាជន បួនច្បាប់ពីមុនជូនរាជការ ។
១០០- បោះពុម្ពសៀវភៅចែកសព្វសាយ បណ្ណាល័យចាត់ថ្វាយព្រះករុណា
មិនបានថ្វាយផ្ទាល់ដល់ហត្ថា សូមទ្រង់មេត្ដាប្រោសប្រណី ។
ឱនកាយប្រណម្យសូមអនុញ្ញាត ក្រាបក្រោមព្រះបាទព្រះបារមី
ចែងច្បាប់បរមត្ថអត្ថបាលី សេចក្ដីចែងចប់ម៉្លេះហើយហោង ។៚
ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ