Jump to content

ពាក្យពេចន៍ម៉ែឪ

ពីវិគីភីឌា


មកដល់កូនជាទីស្រលាញ់

[កែប្រែ]

មកដល់កូនជាទីស្រលាញ់ សេចក្តីល្អនិងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និង​មិន​ធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រថា្នល្អ សេចក្តីស្រ​លាញ់ និងការ​គ្រប់​គ្រង​គ្រប់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឪ្យការប្រាថ្នាអាក្រក់ និងការ​ច្រ​ណែនថិតនៅផងឡើយ ។ទឹកចិត្តស្រលាញ់របស់ម៉ែឪទៅលើកូន មិនមានកំណត់ទី​​​បំផុត ជាសេចក្តី​​​ស្រលាញ់ដ៏បរិសុទ្ធ ។ ម៉ែឪ​មិន​ជា​ទុក្ខ​ឬ ខ្មាសគេអ្វីឡើយ ដែលមានកូនជាមនុស្សក្រទ្រព្យសម្បត្តិ នោះ ប៉ុន្តែ ម៉ែឪជា​ទុក្ខនិងខ្មាស គេជា​ទី​បំផុត បើថាកូនជាមនុស្សអាក្រក់ ។ ម៉ែឪ មានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបាន​ឃើញ​កូនៗ​មាន​សេច​ក្តីចម្រើនក្នុងជីវិត មានការងារល្អ មានគ្រួសារកក់ក្តៅ ហើយជាពិសេស ខ្លាំង​ណាស់នោះ គឺម៉ែ​ឪ​មាន​នូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪ​មិន​មែនជាទេវតា តែក្រៃលែង​ជាង​ទេវតាទៅទៀត មិនមែជាព្រះព្រហ្ម តែ​ក្រៃ​​លែងជាងព្រះព្រហ្ម​ទៅទៀត ព្រោះម៉ែឪ ឲ្យសេច​ក្តី​ស្រ​លា​ញ់ ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។ ម៉ែឪប្រាថ្នា ឲ្យជីវិតកូនមានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែ​ឪ​ព្យា​យាមពន្យល់កូនទូន្មានកូនដូច្នេះ ត្រូវកូនយកចិត្តទុកដាក់ស្តាប់នូវពាក្យពេចន៍ម៉ែឪអោយ បានច្បាស់លាស់ និងត្រូវគិតឲ្យបានយល់ ហើយ​បរិបត្តតាមឲ្យបានល្អជាទីបំផុត នោះសេចក្តីចម្រើននឹងកើតមានដល់អ្នក ។

ការពិតក្នុងចិត្ត

[កែប្រែ]

កូនជាទីស្រលាញ់ ឥឡូវនេះកូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏​ខ្លះៗ​ដែរ ។ កូនគង់តេបានដឹងហើយថា ឪពុកម្តាយស្រលាញ់កូនច្រើនប៉ុណ្ណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើម​ប្រ​មាត់​រប​ស់ ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់កនុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរ​ថា​គឺ​ដើម្បី​កូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រ​ពះ​ពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយ​ហត់​ដូច្នេះ​ទេ ។ ដែលពោលយ៉ាងនេះ មិន​មែន​​ចង់​រំ​លឹក​គុណ ហើយប្រថា្ននូវការតបស្នងអ្វីក្រៅអំពីចង់​ឲ្យកូន​ជា​មនុស្ស​ល្អឡើយ ។​ តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែមគ្រាន់តែនិយាយាមិនចេញ​ ហាក់​ដូច​ជា​​ទឹកលិចដល់មាត់ អីចឹងឯង ។ ចូរកូដឹងចុះ សូម្បី​មា​​តាបិតា ទាំងឡាយមានទ្រព្យ​សម្បត្តិច្រើនលើស​ពី​កា​រប្រើប្រាស់ទៅ​ទៀត​ក៏ដោយ តែក៏នៅចង់បានជំនូន​ ចង់បានរបស់ដែលកូនអោយដែរ ទោះបីរបស់​នោះ​មិនសូវល្អ មិនសូវថ្លៃ ប្រៀប​និង​របស់​ដែលម៉ែឪមាន​មិនបាន​ក៏​ដោយ ឲ្យតែថា ជារបស់កូន​ដែល​កូន​ជូន​ហើយ ឪពុក​ម្តាយសប្បាយចិត្តណាស់ ។ កាលដែលកូនមាននំ មានផ្លែឈើមកជូននោះ ឪពុក​ម្តាយ​ឆ្អែត​ស្រេច​ហើយក៏ដោយ ក៏នៅតែទទួលពិសារដោយពេញចិត្តដែរ ។ សម្លៀក​បំ​ពាក់​ដែលកូននាំមកជូន ទោះ​ជា​មិន​ស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូនយកចិត្តកូន ។ ទោះជាកូន មិន​មាន​​អ្វី​មក​ជូន​​សោះ គឺគ្រាន់តែបង្ហាញមុខ ហើយមានដៃសំពះថ្វាយបង្គំប៉ុណ្ណឹង ក៏ម៉ែឪពេញចិត្ត​ទៅ​ហើយ ។ នេះជាបំនងប្រាថ្នា​ ដែលមានក្នុងចិត្តរបស់ឪពុម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសតាមសេចក្តីពិត ប៉ុន្តែ ឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយ​បង្គំ​មក ទិញផ្លែ​ឈើល្អៗអោយមក យ៉ាងម៉េចរួចទៅ ម្លោះហើយមាតាបិតា ខ្លះបានបិទភ្នែកលាចាកលោក​នេះ​ទៅ ទាំងដែលមិនធ្លាប់​ ឃើញកូនក្រាបសំពះខ្លួនម្តងផង ។

កំណាព្យ

•​​ ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម ពាក្យប្រាជ្ងពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។

• អរុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច រំលឹកចំៗកុំអោយភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស។

• ទ្វីបលោកល្អស្រស់ព្រោះសូរិយា មាតាបិតាគឺជាព្រះ ជាដួងតារាយាត្រារះ កូនត្រូវសំពះទិសបូព៌ា។

• ទិសបូព៌មានន័យបូព្វការី បង្កើតប្រុសស្រីពេញពសុធា ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ។

គ្រួសារកក់ក្តៅ

[កែប្រែ]

កូនជាទីស្រលាញ់ ពាក្យថាគ្រួសារ ជាពាក្យដែលមានសេចក្តី​​ឬអត្ថន័យច្រើន គឺសំដៅដល់ការស្រលាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ នៅប្រទេសខាងលិច ភរិយា​តែង​យក​ត្រកូល​ប្តីមក​ប្រើ​ហើយ​តែង​ហៅ​​គ្នាថា «អ្នកផ្ទះខ្ញុំ» ឬគ្រួសារខ្ញុំជាដើម ។សម័យដែលកូននៅក្មេងៗ យើងតែងហៅគ្នាថាគ្រួសារ មានសំឡេងសើចសប្បាយ មានសំឡេងរត់ប្រ​ឡែង​គ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាព​រស់រវើក ។ ឪពុក​ម្តាយ សូម្បីធ្វើការ​ហត់​នឿយ​​អស់កំលាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយ​កាន់​ជួយ​ទទួលយករបស់របរ និងសាកសួរពីការនឿយហត់ប៉ុណ្ណឹង ម៉ែឪក៏ភ្លេចអស់នូវភាព​នឿយ​ហត់​​​​ទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងលក់សប្បាយចិត្ត ទាំង​អស់នេះឯងណាកូន ដែលគេថា​គ្រួសារមានភាពកក់ក្តៅនោះ ។ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូន កូនត្រូវតែចេះស្រលាញ់​គ្នា ។ សាច់​ឈាម​​ជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ដូច្នេះ ចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និង​មើល​​ថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននិងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នាវាជារឿងដែលគួរអោយខ្មាស់អៀន​ណាស់កូនអើយ មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម្យ៉ាទៀតកូន​ត្រូវគិត​ដល់​ទ្រូង​ម្តាយ​​ឪពុកផង​ ។ គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញ លេងជាមួយគ្នាវិញ​ដូចដើម។

កំណាព្យ

•​ គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៍​​ មិនតាមកិលេស ចេះរស់ក្នុងពរ​ អាយុបវរ គុណធម៍ក្នុងចិត្ត ។