Jump to content

ពាក្យសច្ចាប្រណិធានអ៊ីប៉ូក្រាត

ពីវិគីភីឌា

​​​​នៅពេលដែលត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ចក្នុងមុខវិជ្ជាជីវៈជាគ្រូពេទ្យ យេីងខ្ញុំសូមសន្យា និងសូមសច្ចាយ៉ាងឱឡារិកថាស្មោះត្រង់ និងត្រឹមត្រូវជានិច្ចចំពោះមុខច្បាប់។

កង្វល់ទីមួយរបស់យេីងខ្ញុំ គឺការធ្វើឱ្យប្រសើរឡើងនូវការការពារ ឬការលើកកំពស់សុខភាពរាងកាយ និងស្មារតីជូនដល់បុគ្គលនិងសង្គម។

យេីងខ្ញុំសូមគោរពនូវស្វ័យភាព និងសុឆន្ទៈរបស់មនុស្សគ្រប់រូប ដោយគ្មានការបែងចែកវណ្ណៈ ឬជំនឿសាសនាឡើយ។ យេីងខ្ញុំនឹងធ្វើអន្តរាគមន៍ ដើម្បីការពារអ្នកទាំងឡាយណាដែល មានការចុះថយកម្លាំងដោយ សារជម្ងឺដម្កាត់ ឬរងរបួស ឬក៏អ្នកទាំងឡាយណាដែលទទួលរងការរំលោភលើបូរណភាព និងសេចក្ដីថ្លៃថ្នូរ។

ទោះបីស្ថិតនៅក្រោមការបង្ខិតបង្ខំយ៉ាងណាក្ដី យេីងខ្ញុំនឹងមិនយកចំណេះដឹងទៅប្រើប្រាស់ឱ្យផ្ទុយនឹងច្បាប់មនុស្សជាតិឡើយ។ យេីងខ្ញុំនឹងផ្ដល់ព័ត៌មានដល់អ្នកជម្ងឺស្ដីពីមូលហេតុ​ និងផលវិបាកផ្សេងៗនៃការ សម្រេចចិត្តចំពោះមុខនានា។ យេីងខ្ញុំនឹងមិនបំភ័ន្តនូវការទុកចិត្តរបស់គេជាដាច់ខាត និងមិនឆក់ឱកាសប្រើប្រាស់អំណាច ដើម្បីកេងយកកម្រៃមកធ្វើជាមរតកផ្ទាល់ខ្លួនឡើយ។ យេីងខ្ញុំនឹងខិតខំថែទាំព្យាបាលឱ្យ អស់ពីចិត្តពីថ្លើមដល់ជនក្រីក្រ និងអ្នកទាំងឡាយណាដែលគេមកពឹងពាក់យេីងខ្ញុំ។ យេីងខ្ញុំមិនបណ្ដែតបណ្ដោយខ្លួនឱ្យស្ថិតក្រោមឥទ្ធិពលនៃការស្រេកឃ្លានលាភសក្ការៈ ឬការស្វែងរកភាពរុងរឿងផ្ទាល់ខ្លួន ឡើយ។

ស្ថិតក្នុងភាពស្និទ្ធស្នាលជាមួយមនុស្សម្នាទាំងឡាយ យេីងខ្ញុំនឹងលាក់ការសម្ងាត់របស់គ្រួសារគេ ហើយឥរិយាបថរបស់យេីងខ្ញុំនឹងមិនបង្វែរចេញឱ្យខុសពីភារកិច្ចរបស់ខ្លួនឡើយ។ យេីងខ្ញុំនឹងធ្វើអ្វីៗទាំងអស់ដើម្បី​បន្ថយនូវការឈឺចាប់ដល់អ្នកជម្ងឺ។ យេីងខ្ញុំនឹងមិនអូសបន្លាយពេលវេលាឱ្យអ្នកជម្ងឺធ្ងន់ ស្លាប់ដោយមិនសមហេតុផលឡើយ។ យេីងខ្ញុំនឹងមិនបង្កលក្ខណៈអ្វី ដែលនាំឱ្យមានមរណភាព ដោយគ្មានការពិចារណា និងពិភាក្សាឡើយ។ យេីងខ្ញុំនឹងរក្សាឯករាជ្យភាពជាចាំបាច់​ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ យេីងខ្ញុំនឹងមិនផ្ដើមធ្វើអ្វីមួយ ដែលហួសពីសមត្ថភាពរបស់ខ្លួនឡើយ។ យេីងខ្ញុំនឹងថែរក្សា និងធ្វើឱ្យកាន់តែសុក្រឹតជានិច្ច ដើម្បីធានាឱ្យបាននូវការបម្រើសមស្របតាមសំណូមពរ។

យេីងខ្ញុំនឹងផ្ដល់ជំនួយដល់សហភាតរៈទាំងឡាយ ក៏ដូចជាក្រុមគ្រួសាររបស់គេដែរ នៅពេលដែលមានគ្រោះកាចចង្រៃមកយាយី។

យេីងខ្ញុំសូមឱ្យមនុស្សគ្រប់រូប និងសហភាតរៈទាំងឡាយ យល់ព្រមទទួលនូវសេចក្ដីរាប់អានអំពីយេីងខ្ញុំ ប្រសិនបើយេីងខ្ញុំមានភាពស្មោះត្រង់នឹងពាក្យសន្យាទាំងអស់នេះ។ សូមឱ្យយេីងខ្ញុំអាប់ឱនកេរ្តិ៍ឈ្មោះ និងត្រូវទទួលការ ត្មះតិះដៀល ប្រសិនបើយេីងខ្ញុំមិនបានគោរពតាមពាក្យសន្យាទាំងនេះទេ។