ពិធីបញ្ជាប់ពាក្យ

ពីវិគីភីឌា

នៅក្នុងសម័យដើម ពិធីភ្ជាប់ពាក្យត្រូវបានរៀបចំធ្វើឡើងច្រើនខែ ឬច្រើនឆ្នាំមុនពេលរៀបការ។ នៅពេលបច្ចុប្បន្នគេច្រើនរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃរៀបការតែម្ដង។
តាមប្រពៃណីខ្មែរ ភ្ជាប់ពាក្យជាពិធីមួយមានអត្ថន័យជ្រាលជ្រៅ។ ពិធីនេះ រៀបចំឡើងដើម្បីជាចំណងអនុស្សាវរីយ៍សម្រាប់អនាគតស្វាមីភរិយា។ ពិធីភ្ជាប់ពាក្យ មានភាពអធិកអធមណាស់ មានផ្លែឈើគ្រប់មុខ នំចំណី ប្រាក់ មាស ពេជ្រ (ខាន់ស្លា) ទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ ញាតិមិត្តទាំងសងខាងជួយកាន់ជំនូនទាំងអស់ ដង្ហែយកទៅផ្ទះកូនស្រីដោយមានចាស់ទុំ អ្នកផ្លូវចៅមហានាំមុខ។
លុះទៅដល់ផ្ទះខាងស្រី ម្ដាយឪពុក បងប្អូនខាងស្រី អង្គុយក្នុងបន្ទប់កិត្តិយសមួយរង់ចាំទទួលពាក្យ និងជំនូនពីអ្នកផ្លូវចៅមហា
បន្ទាប់ពីបានចែចូវត្រូវរូវគ្នារួចរាល់ហើយ កូនក្រមុំកម្លោះអញ្ជើញភ្ញៀវ និងបងប្អូនទាំងសងខាងពិសាស្លា។ ដូចនេះ ហើយទើបមានពាក្យទំនៀមថា ស៊ីស្លាភ្ជាប់ពាក្យ

ការភ្ជាប់ពាក្យ[កែប្រែ]

ការភ្ជាប់ពាក្យជាបែបបទដែលកើតចេញពីដំណាក់ស្វែងយល់ចិត្ត និងជាសកម្មភាពនៃការប្ដេជ្ញាចិត្ត ក្នុងនោះស្រី និងប្រុសយល់ព្រមរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា បន្ទាប់ពីអភិវឌ្ឍន៍ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលបានយ៉ាងជ្រាលជ្រៅ។ សកម្មភាពនេះ ត្រូវបានមិត្តទទួលដឹងឮ បន្ថែមលើនេះទៅទៀត មានការបំពាក់ចិញ្ចៀនភ្ជាប់ពាក្យរបស់សាមីខ្លួនទាំងពីរនៅក្នុងពិធីទៀតផង។

អត្ថន័យនៃការភ្ជាប់ពាក្យ[កែប្រែ]

ការភ្ជាប់ពាក្យជាជំហានចុងក្រោយនៃការស្វែងយល់ចិត្ត។ តាមរយៈការភ្ជាប់ពាក្យនេះ សាមីខ្លួនទាំងពីរ នឹងទៅដល់ការរៀបអាពាហ៍ពិពាហ៍។ ការភ្ជាប់ពាក្យបានបំពេញបំណងមួយដល់សាមីខ្លួនទាំងពីរ និងសហគមន៍ ព្រោះការភ្ជាប់ពាក្យបង្ហាញថា ការរៀបការនឹងឈានមកដល់ហើយ។
ការភ្ជាប់ពាក្យគួរតែធ្វើឡើងឲ្យបានរយៈពេលវែងបន្តិចមុនពេលរៀបការ ដើម្បីផ្ដល់ឱកាសគ្រប់គ្រាន់ឲ្យសាមីខ្លួនទាំងពីរបានស្វែងយល់ សាកល្បង សិក្សា ដោះស្រាយភាពខុសគ្នាពីគ្នាទៅវិញទៅមក ធ្វើឲ្យការសម្រេចចិត្តរបស់គេលើការរើសគូស្រករ ប្រកបបានដោយជោគជ័យ។ ការភ្ជាប់ពាក្យគួររៀបចំឡើងក្នុងរយៈពេលច្រើនខែមុនរៀបអាពាហ៍ពិពាហ៍ ដើម្បីឲ្យភាគីទាំងសងខាងកែលំអខ្លួនឲ្យបានប្រសើរលើការរស់នៅ។

សារសំខាន់នៃការភ្ជាប់ពាក្យ[កែប្រែ]

សាមីខ្លួនដែលបានភ្ជាប់ពាក្យហើយ ត្រូវប្រើពេលវេលាមុនរៀបការ ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ដូចនេះពួកគេត្រូវតែ៖

  • មានចិត្តទូលំទូលាយចំពោះគ្នានិងគ្នា ដោយមិនចង្អៀតចង្អល់ បើនរណាម្នាក់រក្សាមិត្តភាពចាស់ និងបង្កើតមិត្តភាពថ្មី។
  • លាតត្រដាងពីប្រវត្តិអតីតកាលដែលគេធ្លាប់បានជួបប្រទះ ដូចជា៖
  • បញ្ជីបំណុល ឬកាតព្វកិច្ចផ្សេងៗទៀតដែលអាចជះឥទ្ធិពលទៅលើការរៀបអាពាហ៍ពិពាហ៍។
  • បញ្ជាក់ឲ្យឃើញពីភាពកក់ក្ដៅ ឬការស្រឡាញ់យល់ចិត្តគ្នាទៅលើសកម្មភាពផ្សេងៗ ដោយមិនទាក់ទងនឹងការរួមភេទ។ ចំណង់ចំណូលចិត្តខាងភេទមុនពេលរៀបការ ត្រូវតែជំនះដាច់ខាត ដើម្បីចៀសវាងកំហុស ការខ្មាសអៀន និងការស្ដាយក្រោយ។
  • រកវិធីដោះស្រាយការយល់ច្រឡំ និងការខ្វែងគំនិតគ្នាដើម្បីជំនះរាល់ការមន្ទិលសង្ស័យ និងផ្សះផ្សាមនោសញ្ចេតនាគ្នាមុនពេលរៀបការ។
  • ជូនពាក្យទៅគេវិញបើអ្នកយល់ថា ភាគីម្ខាងមិនអាចធ្វើជាប្ដី ឬប្រពន្ធល្អបាន។

មុខងារដ៏សំខាន់នៃ ការភ្ជាប់ពាក្យគឺដើម្បីចៀសវាងពីការចាប់បង្ខំ ឲ្យរៀបការជាមួយមនុស្សណាដែលគេគិតថា គ្មានសុភមង្គល ក្រោយពីគេរៀបការរួច។ ការរៀបការរួចមិនទទួលបានសុភមង្គលមានមូលហេតុដូចខាងក្រោម៖

  • មានអារម្មណ៍មិនស្និទ្ធស្នាល ឬមិនចុះសម្រុងគ្នា
  • គ្មានចំណាប់អារម្មណ៍ ឬមិនស្រឡាញ់គ្នាទៅវិញទៅមក
  • ត្រូវម្ដាយឪពុក ឬអាណាព្យាបាល គ្របសង្កត់ផ្លូវចិត្តដោយគ្មានសមត្ថភាពប្រឈមមុខ នឹងទំនួលខុសត្រូវនៃជីវិតរៀបការ
  • មានមន្ទិលសង្ស័យជាញឹកញាប់ មិនប្រាកដប្រជា និងមានជម្លោះ។

គូស្វាមី ភរិយាគួរចេះពិភាក្សាគ្នា ដើម្បីកំណត់ពីចំនួនកូនតាមចិត្តប្រាថ្នា។
ពួកគេអាចអនុវត្តវិធីពន្យារកំណើតដោយសុំដំបូន្មានពីមណ្ឌលសុខភាព ឬសេវាពន្យារកំណើត។ ការពន្យារកំណើតនេះកាន់តែផ្ដល់ សារៈសំខាន់ចំពោះកូនក្រមុំមានអាយុ២០ឆ្នាំ ឬគ្រួសារមានស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ៕

ឯកសារវិភាគ[កែប្រែ]

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩

មើលផងដែរ[កែប្រែ]