ពិធីបុណ្យ
ពិធីរៀបចំបុណ្យសព
[កែប្រែ]ពិធីនេះគឺជារបៀបបុរាណសុទ្ធសាធ ដែលបានដកស្រង់ចេញពីសាស្ត្រាស្លឹករិតដែលមានសេសសល់មួយក្បាលយកមកពីវត្តបារាយណ៍ខាងកើត ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង និង បានកែសម្រួលពាក្យពេចន៍ខ្លះៗ ។ មធ្មតាអ្នកជំងឺ ដែលមិនអាចព្យាបាលតទៅទៀត នោះច្បាស់ជាស្លាប់មិនខានឡើយ គេក៏រកអាចារ្យអ្នកចេះដឹងមកអង្គុយចាំក្បែរអ្នកជំងឺដើម្បីណែនាំវិធីផ្សេងៗតាមទំនៀមទម្លាប់មូលដ្ឋានរបស់បុរាណខ្មែរ ។ អាចារ្យដឹងថាមនុស្សឈឺធ្ងន់ពិតជាស្លាប់ គាត់ត្រូវរកក្រណាត់សប៉ុនៗបាតដៃ ឬធំជាងបន្តិចមកសរសេរពាក្យពេចន៍ជាភាសាបាលីដូចតទៅនេះ ចក្ខុសម្ជស្ស សោតសម្ជស្ស ឃានសម្ជស្ស ជីវ្ហាសម្ជស្ស កាយសម្ជស្ស មនោសម្ជស្ស ដាក់ជាក្រណាត់មួយផ្ទាំងតូចនោះ សរុប ៦ ផ្ទាំង រួចហើយដាក់នៅលើក្បាលអ្នកជំងឺ ទុកត្រៀមដល់កម្លាំងខ្សោយខ្លាំងទើបយកចេញ ។ ឲ្យរៀបចំ ទៀនធូប ស្លាត្រួយមកដាក់ទុកបង្កាលសម្រាប់ពេលស្លាប់ដាក់ឲ្យអោបប្រណម ។ អាចារ្យត្រៀមក្រណាត់ស ៥ ហត្ថ ឬលើសក៏បានមកចងជាទង់ព្រលឹងឲ្យហើយស្រេច ។ ពេលចងទង់ព្រលឹង សូត្របាលីថា ឥមំ ធជបដាកំ តាវតឹស ភវនេ ចេតិយស្ស ឧយ្យោជេមិ ឥមិនា និស្សនេ្ទន ។ សរសេរស្រេចហើយត្រូវដាក់ជាមួយនឹងព្រះពុទ្ធរូបដែលមានខ្សែពីទង់នោះមកភ្ជាប់ជាមួយស្លាត្រួយ ដែលយើងត្រៀមឲ្យអ្នកជំងឺប្រណមនោះ មិនឆ្ងាយមិនជិតល្មមអ្នកជំងឺមើលច្បាស់ ។ បន្ទាប់មកអាចារ្យក៏សុំឲ្យកូនចៅញតិផៅសន្តានរបស់អ្នកជំងឺមកជួបជុំដើម្បីសុំស្មាលាទោសនឹងអ្នកជំងឺសុំអភ័យទោសផ្សេងៗ និយាយតែពាក្យល្អៗដល់អ្នកជំងឺ នេះជាវិធីដែលអ្នករាល់គ្នាជួយជូនកុសលផលបុណ្យដែលខ្លួនបានធ្វើទៅឲ្យអ្នកជំងឺ បន្តមកក៏ឲ្យអាចារ្យទូន្មានប្រៀនប្រដៅថា ៖ "ហៃអ្នកមានវាសនាទាំងឡាយ ចូរអ្នកតាំងចិត្តឲ្យបរិសុទ្ធ កុំឲ្យអ្នកមានចិត្តខឹងសម្បារអ្វី ឬ គុំគួនចងពៀរវេរា នឹងអ្នកដទៃណាមួយឡើយ ។ អ្នកអើយ រូបយើងគេទាំងអស់គ្នាសព្វថ្ងៃ សឹងប្រកបដោយសេចក្តីស្លាប់ មកគ្របដណ្តប់ជាប់វិលវល់ក្នុងវដ្តសង្សារ កើតស្លាប់ៗកើត មានតែយើងទាំងអស់គ្នា តាំងចិត្តយកព្រះនិពា្វនជាអារម្មណ៍ទេ ទើបយើងអាចបញ្ចប់ការវិលវល់កើតស្លាប់យ៉ាងនេះ ។ រីឯរូបអ្នកត្រូវតាំងចិត្តរឹងប៉ឹងមានតែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃទេទើបជាទីពឹងដ៏ឧត្តម ។ អ្នកកុំគិតមមៃស្រមៃមកប្រពន្ធ កូន ទ្រព្យសម្បត្តិអ្វីឡើយ មានតែតាំងចិត្តថ្វាយបង្គំព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ និង នឹកគុណមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ។ មិនតែប៉ុណ្ណោះអ្នកមានគុណក្តីក៏សូមស្មាលាទោសទាំងអស់ កុំឲ្យមានពៀរវេរាកម្មទៅមុខទៀត ។ អាចារ្យប្រាប់អ្នកជំងឺទៀតថា ៖ ទៀន ធូប ស្លាត្រួយទាំងនេះ យើងរៀបចំជូនដំណឹងឲ្យអ្នក ពេលរលាយបញ្ចុះខន្ធទៅហើយ ចូរអ្នកយកទៅថ្វាយបង្គំព្រះចូឡាមណីចេតិយ (Cūlāmani Cetiya) នៅឋានតាវតឹស (Tāvatimsa) ឬឋានត្រៃត្រិង្ស (Trayastrimsa ឬទេវលោកមានទេវតា ៣៣ អង្គ) ឯសំពត់យើងចងជាទង់ព្រលឹងនេះ ជូនឲ្យអ្នកយកទៅថ្វាយបង្គំព្រះចូឡាមណីចេតិយផង ។ ម្យ៉ាងក្រែងអ្នកមានកម្មវេរាឯណាមួយហើយកម្មនោះមករារាំង ឃាំងឃាត់ទារបំណុលធ្វើឲ្យអ្នកវង្វេងផ្លូវ គឺមានទង់នេះជួយដល់អ្នកមានកម្មអាក្រក់នេះ មិនឲ្យមកជិតដល់អ្នកទេ ។ ហើយចូរអ្នកភាវនាជាប់ជានិច្ចថា "ពុទ្ធំ អរហំៗ" ដៃស្តាំកា្តប់ទង់ព្រលឹង ដៃឆ្វេងកាន់យកទៀន ធូប ស្លាត្រួយ តាំងចិត្តចំពោះព្រះចូឡាមណីចេតិយនៅឋានត្រៃត្រឹង្ស ។ ពេលទៅដល់ហើយអ្នកត្រូវតម្លើងទង់នេះលើកឡើងថ្វាយព្រះចេតិយ ។ រួចស្រេចហើយអ្នកឡើងទៅឈប់នៅស្ថានតុសិត (Tusita ឬទេវលោកមានទេវតា ៦ អង្គ) ជាទីសំណាក់អាស្រ័យនៃអ្នកប្រាជ្ញទាំងឡាយមានព្រះពោធិសត្វជាដើម ។ ល ។ ផ្តាំស្រេចហើយអាចារ្យយកក្រណាត់សដែលបានចារពីមុនទុកលើក្បាលដំណេកនោះ មកគ្របទ្វារទាំង ៦ គឺ ចក្ខុសម្ជស្សទ្វារ (ដាក់នៅថ្ងាស) សោតសម្ជស្សទ្វារ (ដាក់ស៊កក្រោមក្បាល) ឃានសម្ជស្សទ្វារ (ដាក់គ្រប់បបូរមាត់ខាងលើ) ជីវ្ហាសម្ជស្សទ្វារ (ដាក់នៅចង្កាខាងក្រោម) កាយសម្ជស្សទ្វារ (ដាក់នៅដៃប្រណម្យ) និង មនោសម្ជស្សទ្វារ (ដាក់នៅទ្រូង) ។
អាចារ្យត្រូវពិនិត្យបើដង្ហើមខ្យល់ព្រះអភិធម្មដង្ហក់ញាប់ឡើងៗ ត្រូវអុជទាន ធូប ថ្វាយបង្គំព្រះ រួចហើយអាចារ្យតាំងភាវនា នវហារាទិគុណ និង វត្តគុណ គឺសូត្រ អតិ្ថឥស្មឹវិភង្គ និង សូត្រព្រះពុទ្ធគុណសារចុះឡើងតែឧស្សាហ៍ផ្លុំត្រចៀកអ្នកជំងឺឲ្យរឿយៗ ។ បន្ទាប់មកសូត្រជាប់រហូតដូចជាកៅវដាធម៌ផ្សេងៗទៀតតាមដោយប្រាជ្ញាខ្លួនចេះចាំស្ទាត់ ។ ពេលនេះអ្នកខ្លះស្ទាត់កម្មដ្ឋានក៏ឲ្យអង្គុយកម្មដ្ឋាន បញ្ជូនកុសលឲ្យបុគ្គលនោះទៅ ។ ក្រៅពីនេះមានប៉ុន្មាននាក់ឲ្យស្រែកឡើងទាំងអស់គ្នាថា ពុទ្ធអរហំ ឲ្យព្រមៗគ្នាធ្វើយ៉ាងណាកុំឲ្យឮសព្វសំឡេង មាន់ ទា ឆ្កែ ឆ្មា ឬសំឡេងទួញយំសោកសៅឡើយ ឲ្យឮតែស័ព្ទព្រះធម៌ដ៏វិសេស ។
លុះដល់ខ្យល់ព្រះអភិធម្មមកដល់ដើមក (ដកចង្ការមាន់) ឲ្យអុជទៀនកល្បមួយ ។ ទៀនយើងយកប្រវែងចង្អុលដៃមកក្រិតជាបីអន្លើ (ធ្វើរបៀបនេះចាស់ៗចង់ដឹងថាតើមនុស្សធ្វើទុក្ខអស់ប៉ុន្មានក្រិតនេះ) ពេលបុគ្គលនោះផុតរលត់ហើយ ឲ្យគ្របមុខទុកកុំប៉ះពាល់ខ្លួនឡើយ លុះដល់កំរិតមួយឲ្យយកក្រណាត់សរសេរអក្សរ ដែលយើងដាក់នោះចេញពីកន្លែងផ្សេងៗមាន ថ្ងាស ឬ ចង្កាជាដើម ។ ឲ្យនិមន្តព្រះសង្ឃបួនអង្គ ឬ ២ អង្គតាមលទ្ធភាព បើគ្មានព្រះសង្ឃ អាចារ្យក៏បាន រួមនឹងអ្នកផ្សេងទៀតត្រូវចេះធម៌ទឹកនោះ សូត្រភវតុ… ៣ ចប់ ។ រួចអាចារ្យ ឬក៏ឲ្យកូនចៅបិទមាត់ត្រឡប់ភែ្នក បន្ទាប់មកលើកឡើងចំអាស់ឲ្យជ្រះស្អាត ដោយយកទឹកសំបូរ ទឹកម្ជូរ ស្រោចជាក្រោយ ។ រួចមកយកក្រាស់ធ្វើពីឫស្សីសិតសក់ក្រោយ ៣ ដង រួចចោលក្រាស់ដោះចេញទៅ (ចាស់ៗថាដើម្បីកើតធម៌សង្វេគរាល់គ្នា) ថាគេត្រលប់ទៅវិញហើយយើងទាំងអស់គ្នាតែងតែទៅទាំងអស់គ្នាជាមិនខាន ។ ស្រេចកាលហើយ យកប្រេង ម្សៅ គ្រឿងក្រអូបលាបអស់ទាំងខ្លួន ។ បន្ទាប់ហែកក្រណាត់ស ៤ ហត្ថស្លៀកដណ្តប់ថ្នាក់ទៅមុខ ៤ ហត្ថទៀតស្លៀកថ្នក់ទៅក្រោយ ៤ ហត្ថទៀតពពានាឆៀងស្មា យកកន្សែង ១ ចំអាមគ្រប់មុខ យកក្រណាត់ស ១២ ហត្ថក្រាលជាសំពត់ស្នប់ ដោយដាក់រុំអំបោះជាខ្សែបាស ខាងក្រោមខ័ណ្ឌនៅក ១ ដើមទ្រូង ១ ចង្កេះ ១ ជើង ១ ។ រូចមកលើកបុគ្គលដាក់លើស្នប់ លើកដៃឲ្យប្រណមកាន់ស្លាត្រួយ ទៀន ធូប និង យកប្រាក់សាច់ ឬមាសតាមលទ្ធភាពបង់ក្នុងមាត់គ្របរុំឲ្យណែនដោយយកម្ជុលមកខ្ទាស់ក៏បាន ទើបចងខ្សែបាសសម្លាប់មុខទាញប្រទាក់គ្នាពីលើមកក្រោមទៀត ។ ពេលចងខ្សែបាសអាចារ្យសូត្រថា សពេ្វពុទ្ធា ពលប្បត្តា… ។
បន្ទាប់មកអ្នកម្ចាស់ផ្ទះត្រូវសំពះរកអាចារ្យយោគី និង យោគី (ភ្លុក) រកអ្នកណាចេះដឹងរាក់ជ្រៅទោះចាស់ក្តីក្មេងក្តីតាមតែបាន ។ បន្ទាប់មករៀបគ្រឿងប្រឡុងមួយចំនួន គ្រឿងបញ្ចុះកំពង់ (អាហារចំណី) មួយចំណែក ។ គ្រឿងប្រឡុងបានទៅព្រះសង្ឃ ។ គ្រឿងបញ្ចុះកំពង់បានទៅយោគី ។ ឯប្រដាប់ទាំងនោះអាស្រ័យធនធាននៃគ្រួសារមាន ក្រ ។ ឯទង់បង្ហូតអាស្រ័យមូលដ្ឋាន មួយក្តី ២ ក្តីតាមលទ្ធភាព ។
បន្ទាប់មកកូនចៅកោរសក់ស្លៀកពាក់ស កាន់ទុក្ខ និមន្តព្រះសង្ឃ ៤ ឬ៨អង្គ សូត្រធម៌អនិច្ចា មាតិកា កុសលា អវិជ្ជា បង្សុកូល ។ រួចហើយឲ្យលើកបុគ្គលដាក់ក្តារមឈូស ។ ឯអាចារ្យយោគីសមាទានសីល ៨ ឲ្យជាប់ ។ រួចហើយអុជទៀនត្បូង ។ ប្រដាប់រៀបទៀនត្បូងមាន ស្រូវមួយកញ្ជើ ប្រាក់តាមលទ្ធភាព សំពត់ ៥ ហត្ថ ចេកទុំមួយស្និត កាំបិតស្លាមួយ ចង្កៀងប្រេងមួយ ក្អមទឹកមួយដាក់លើស្រូវក្នុងកញ្ចើ ។ អាចារ្យយោគីអុជប្រទីបនោះឡើងសន្មតថា ជាទៀនត្បូង ។ ពេលអុជប្រទីបសូត្រថា ៖ ឥមំ ទីឃបទីបំ ឧយ្យោជេមិ ។ ចំពោះទានត្បូងនោះ អាចជាចន្លុះខ្លាញ់ក៏បាន (ពីដើមអុជចន្លុះរកមនុស្សមា្នក់មកអង្គុយចាំកៀកចន្លុះ ទោះប្រុស ស្រី ក្មេង ចាស់ក៏បាន) អាចារ្យផ្តាំអ្នកកៀសទៀននោះ ។ ឯវត្ថុទាំងនោះត្រូវបានអ្នកអង្គុយចាំកៀសនោះ បន្ទាប់មកនិមន្តព្រះសង្ឃ ឬ គ្រហស្ថសូត្រធម៌កំដរចាំបុគ្គលនោះ ។ អាចារ្យយោគីត្រូវឧទ្ទិសកុសលដល់សព អ្នករក្សាសីល ៨ ក្តី អ្នកចាំរក្សាទៀនត្បូងក្តី អ្នកកាន់ទង់ព្រលឹងក្តី អ្នកសូត្រធម៌កៅវដាក្តី បានន័យថាប្រមូលអានិសង្សនៃអ្នកខំប្រឹងប្រែងទាំងអស់ជូនដល់បុគ្គលស្លាប់នោះ ។ បន្ទាប់មកត្រូវរកយោគី (ភ្លុក ៤ នាក់) មកឲ្យអាចារ្យយោគីប្រដៅទូន្មានធម៌ថា អ្នកទាំងអស់អើយ យើងជាអ្នកកាន់បុគ្គលៈ ចូរអ្នកដម្កល់ចិត្តឲ្យជាប់នឹងភាវនាថា ពុទ្ធនុស្សតិ… កុំឲ្យដាច់ហាមក្រមាច់ក្រមើម សើចលេងព្រោះអំពើនេះមិនចំរើនដល់អាត្មាយើងឡើយ ។ បន្ទាប់មកពិធីរំកិលបុគ្គលចេញពីផ្ទះ បើបុគ្គលនេះធុំក្លិនហើយ អ្នកនៅផ្ទះទាំងអស់ត្រូវអនុញ្ញាតឲ្យភ្លុក សុំបើកជញ្ជាំងក្បាលដំណេក ឬ ជញ្ជាំងចុងជើង ដោយសមគួរដល់ធម៌ ។ រួចមកឲ្យនិមន្តព្រះសង្ឃបង្សុកូលបុគ្គលនៅលើផ្ទះតែម្តង លុះព្រះសង្ឃនិមន្តចេញហើយ ភ្លុកយោគីអុជទៀនបង្វិលពពិលជាឧត្តរាវដ្ត ដោយថា ៖ ពុទ្ធាស្សតិ…អានាបានស្សតិ ទាំង ១០ នោះឈ្មោះថា អនុស្សតិកម្មដ្ឋាន ។ បង្វិល ៣ ជុំរួចហើយបង្វិលបុគ្គលចេញចាកផ្ទះ ។ ម្ចាស់ផ្ទះយកក្អមទឹកស្រោចលើថ្មជើងក្រានក្តៅរួចធាក់ទម្លាក់ទៅដើម្បីរម្ងាប់កម្មពៀរវេរាផ្សេងៗ (ទំនៀមថាជាការកើតធម្មសង្វេគដល់អ្នកនៅរស់ )។
តទៅនេះនិយាយពិធីដង្ហែបុគ្គល ៖
របៀបហែបុគ្គលទៅកាន់ប៉ាឆាដើម្បីបូជាត្រូវនិមន្តព្រះសង្ឃមួយអង្គគង់ធ្វើព្រះអភិធម្ម និង មានព្រះសង្ឃ អមបុគ្គលសូត្រមតិកា ។ អាចារ្យយោគីកាន់ទង់ព្រលឹង ដើរបន្ទាប់ពីលោកអភិធម្មដោយភាវនាថា រក្ខានុបស្សនា… ដោយសូត្រមិនដាច់ឡើយ ។ អ្នកប្រាយលាជ ដើរបន្ទាប់ពីអាចារ្យយោគីដៃចាប់លាជបាចទៅមុខ ក្រោយ ឆ្វេង ស្តាំ ឲ្យកើតសង្វេគថា រូបយើងទាំងឡាយកើតមកហើយ ស្លាប់ចោលឆ្អឹង ស ស្ងាចនៅលើមហាប្រថពី ដូចដែលលាជនេះត្រឡប់ពុំបានឡើយ ។ អ្នកប្រាយលាជភាវនាថា ៖ មរណធម្មាមិ្ហ មរណំ អនតីតោ កុំឲ្យភ្លេចឡើយ ។ ឯអ្នកបួសមុខភ្លើងត្រូវឲ្យទូលខ្សែស្បូវភ្លាំង បន្ទាប់ពីអ្នកប្រាយលាជ ក៏ឲ្យភាវនាថា ៖ មរណធម្មោម្ហិ មរណំ អនតីតោ កុំភ្លេចឡើយ ។ ត្រូវរំពឹងថា យើងម្នាក់ៗមានសេចក្តីស្លាប់ជាធម្មតា គ្មាននរណានឹងកន្លងបានឡើយ យើងចេញសាងបព្វជ្ជា និង ស្វែងរកកុសលក្នុងព្រះនិពាន្តឲ្យឃើញច្បាស់ហើយប្រោសអ្នកដ៏មានគុណឲ្យរួចផង ។ ចំពោះភ្លុកទាំង ៤ សែងបុគ្គលនោះក៏ភាវនាថា រូបំ អនិច្ចំ វេទនា អនិច្ចា សញ្ញ អនិច្ចា សង្ខារាអនិច្ចា វិញ្ញាណំ អនិច្ចំ ឯអ្នកដទៃទៀតដែលជួយសែងរាល់គ្នា ក៏រួមពិចារណាដូចគ្នាដែរ ។ ពេលសែងបុគ្គលត្រូវសែងក្បាលទៅមុខ ។ ដល់ទីប៉ាឆាត្រូវដាក់បុគ្គលនោះចុះ អាចារ្យយោគីបូលសុំទឹកដី ។
វិធីរៀបចំសែនសុំទឹកដី
[កែប្រែ]ស្លាជម ៨ សំពត់ ស មួយ អាវកាសត្រណោត (ពីដើមប្រើកាសដោតជាត្រណោត ឥឡូវយើងដាក់ប្រាក់នោះបានហើយ) ផ្លែឈើរួមមាន កប្បាស សំឡីផង ។ តែបើបូជាក្នុងសាលាមេរុ ឬ កន្លែងប្រាសាទនោះមិនសុំទេ ព្រោះទីនោះមុននឹងធ្វើគេក្រុងពាលីរួចហើយ ។ ពេលអាចារ្យយោគីសែនសុំទឹកដីហើយក៏ត្រូវចាប់ជើងថ្ករ សូត្ររម្ងាប់ថា ៖ សិរោមេ ពុទ្ធទេវញ្ចលលាតេ ព្រហ្មទេវតា ហទយំ នរាណញ្ច ហត្ថេបារមី សុរាបាទេ ពិស្ណុកញ្ចេវ សព្វកម្មំ បសិទ្ធិមេ រួចហើយយកចុងជើងថ្ករចុចដោតទៅដី ទាំង ៤ នោះ ដោយដោតម្តងមួយជាឧត្តរាវដ្ដ ។ (ឥឡូវមិនសូវប្រើជើងថ្ករទេ ព្រោះគេមានកនែ្លងដុត ឬ បើកន្លែងកណ្តាលវាលក៏ពុំសូវប្រើដែរដោយគេយល់ ថាបើជើងថ្ករឆេះមិនអស់នាំឲ្យខ្មោចលង) ដូច្នេះបាលីសូត្រខាងលើនេះត្រូវតែត្រូវសូត្រដើម្បីសុំទឹកដីដុតខ្មោច ។ ឯអណ្តាប់បូលភូមិនោះបានអ្នកភ្លុកទាំង ៤ នោះចែកគ្នាទៅ ។ បន្ទាប់អាចារ្យយោគីកាន់ទង់ព្រលឹងដៃស្តាំដើរមុខ អ្នកសែងបុគ្គលដើរតាមក្រោយដោយដើរជាឧត្តរាវដ្ត ពេលដើរអាចារ្យយោគីសូត្រ ឧទេតយញ្ច គ្រប់ ៣ ជុំហើយលើកបុគ្គលដាក់ជើងថ្ករ យកក្បាលទៅកើត ។ យោគីឈរលើក្បាលបុគ្គលដៃជាប់ជើងថ្ករ សូត្រ អបេតយញ្ច…ដល់កាត់ខ្សែបាសឲ្យសូត្រថា អហិរិកំ អន្តោត្តប្បំ វិចិកិច្ឆា ជោតិបរិ យន្តិ តុសិតភវនំ គច្ឆន្តុ សូត្រចប់កាត់ខ្សែបាសទាំងអស់ចេញ ។ ឯកាំបិតកាត់ខ្សែបាសបានទៅអាចារ្យយោគី ។ បន្ទាប់មកភ្លុកទាំង ៤ ទាញបុគ្គលផ្អៀងឲ្យប្រែមុខទៅជើង ។ អាចារ្យ និង ភ្លុកទាំង ៤ ឈួលភ្លើង ដើរជាឧត្តរាវដ្ត សូត្រ អវិជ្ជាបច្ចយា សូត្រចប់ឈួលភ្លើង ។
របៀបឈួលភ្លីង
[កែប្រែ]ប្រសិនបើបូជាសពនៅខែស្រាពណ៍ មិគសិរ ឬចេត្រ ត្រូវឈួលភ្លើងសពពីទិសឧត្តរមុន ។ ប្រសិនបើបូជាសពនៅខែជេស្ឋ អស្សុជ ឬមាឃ ត្រូវឈួលភ្លើងសពពីទិសទក្សិណមុន ។ ប្រសិនបើបូជាសពនៅខែអាសាធ កត្តឹក និងផល្គុន ត្រូវឈួលភ្លើងសពពីទិសបស្ចឹមមុន ។ ប្រសិនបើបូជាសពនៅខែពិសាខ ភទ្របទ ឬបុស្ស ត្រូវឈួលភ្លើងសពពីទិសបូព៌មុន ។ បន្ទាប់មកអាចារ្យភ្លុកទាំង ៤ នៅថែទាំរក្សាភ្លើងដោយភាវនាថា អយំ ខោមេ កាយោ ឯវមេវំអនតីតោ ឲ្យរំពឹងពិចារណាថា រូបកាយអញអើយសឹងដូច្នេះឯងគ្មានអ្នកឯណានឹងកន្លងបានឡើយ ពេលពិចារណាដូច្នេះ នឹងបានផលានិសង្សពីការដុតខ្មោចនេះដូចព្រះយកុលបុត្រ និង សម្លាញ់ទាំង ៤ ជាអ្នកដុតខ្មោតស្រីម្នាក់ ហើយពិចារណាអនិច្ចសញ្ញា សេចក្តីសង្វេគរាល់គ្នា លុះលះជាតិទៅ បានសោយសម្បតិ្តក្នុងសុគតិសួគ៌ ទាំងអស់នោះអំពីសាសនាព្រះពុទ្ធ វិបស្សីសម្មាសម្ពុទ្ធ ។ លុះមកដល់សាសនាព្រះពុទ្ធជាម្ចាស់យើងនេះគណនារាប់បាន ៩១ កប្ប ដោយផលានិសង្សដែលដុចខ្មោចនេះឯង ។ តែបើភ្លុកក្រមេចក្រមើមសើចលេងផ្តេសផ្តាសនឹងនាំខ្លួនទៅកាន់អបាយភូមិទាំង ៤ ពុំលែងឡើយ ។
ចំពោះយោគីលើកទង់ព្រលឹងឡើងបង្ហូតឲ្យសូត្រថា ឥមិនា និស្សន្ទេន ឥមំ ធជបដាកំ មយាតារិកំ បត្ថិតំបុគ្គលស្ស ឧទ្ទិស្សាមិ ដោយអំណាចផលបុណ្យដែលខ្ញុំបានធ្វើនូវទង់សំពត់នេះ ឧទ្ទិសផលដល់បុគ្គលដែលបានស្លាប់សូមកុសលនាំផលបុណ្យនោះទៅដល់ដាក់ព្ធដ៏សួគ៌ទេវលោក ។ លុះភ្លើងឆេះប្រមាណពេញកំឡោះ ឲ្យនិមន្តលោកបង្សុកូល ។ ពេលនេះលោកក៏បានពិចារណា អសុភកម្មដ្ឋាន និង ពិធីបំបួសមុខភើ្លង ។ បំបួលហើយឲ្យសាមណេរនោះទៅឈរខាងក្បាលបុគ្គល អង្គុយក៏បាន ប្រមាណចម្ងាយល្មមភ្លើងក្តៅមិនដល់ ឲ្យសាមណេរប្រមើលរូបបុគ្គលចំរើនក្នុងកាយគតាសតិកម្មដ្ឋាន ។ (ចំពោះការបួសសព្វថ្ងៃគេនិយមទៅបួសក្នុងព្រះវិហារជាមុនព្រោះក្នុងព្រះវិហារមានសីមាត្រឹមត្រូវ រួចទើបមកពិចារណានៅកន្លែងប៉ាឆា) ។ ចំពោះសាមណេរអ្នក ភាវនានោះថា កេសា លោមា នខា ទន្តា តចោ ជាអនុលោម បដិលោម ដរាបដល់ភ្លើងរម្ងាប់ទើបច្រូចទឹក បញ្ជូនកុសលឲ្យបុគ្គលនោះ រួចចាកចេញទីនោះ ទើបហៅពេញជាបួសមុខភ្លើងសងគុណម៉ែហោង លុះភ្លើងឆេះពាក់កណ្តាលក៏ឲ្យនិមន្តលោកទេសន៍មុខភ្លើងត្រង់គម្ពីរ អរិយបុគ្គលក៏បាន ព្រះត្រៃលក្ខណ៍ក៏បាន ព្រះវិសុទ្ធិមគ្គក៏បាន ។ លុះភ្លើងឆេះបុគ្គលសុះហើយ ឲ្យចោលសំពត់ដែលគ្របក្តារមឈូសរម្លង ៣ ដង ស្រេចចោលហួសទៅដើម្បីរម្ងាប់ចង្រៃ ឲ្យកូនចៅយកទៅប្រើប្រាស់ទៀតក៏បាន ។
ពេលដុតសុះអស់ហើយអាចារ្យកាន់ទឹកសំបួរមួយផ្តឹល អ្នកភ្លុក ៤ នាក់កាន់ក្អមគ្រប់គ្នាដើរប្រទក្សិណជាឧត្តរាវដ្ត ស្រេចរំលត់ភ្លើង ដោយសូត្រថា អវិជ្ជាយត្វេវ…សូត្របណ្តើរដើរព័ទ្ធ ៣ ជុំជាឧត្តរាវដ្តស្រេចអាចារ្យប្រមូលរូបខាងក្បាលទៅទិសខាងលិចរួចឧបកិច្ចថា ដូច ឬទេ ល្អ ឬទេ? ថាមិនល្អទេ មិនដូចទេ ។ អាចារ្យរំលាយក្បាលនេះចេញ ធ្វើថ្មីដាក់ក្បាលទៅកើតវិញ សួរទៀត បើថាល្អហើយដូចហើយ ឲ្យសែនឧបកិច្ចដោយយកស្លឹកចេកមួយធាងមកគ្របពីលើរូបនោះយកសំពត់ស ៥ ហត្ថគ្របស្លឹកចេកនោះទៀត និមន្តលោកបង្សុកូល បើគ្មានលោកគឺអាចារ្យយោគី ឬ ភ្លុកបង្សុកូលនោះក៏បានរួចទើបរំលាយរូបនោះចេញពីធាតុលាងទឹកឲ្យស្អាតជ្រះស្រេចហើយលាងទឹកសាប៊ូជាក្រោយ បន្ទាប់មកយកដូងខ្ចីលាងទៀត ជាសម្រេចបរិបូរណ៌ហោង ។
ពេលរើសធាតុហើយអាចារ្យយោគីគាស់ជើងថ្ករ កុំឲ្យភូតបិសាចនៅចាំជើងថ្ករ ក្រែងនឹងលងដល់អ្នកដទៃ ។ គាស់ជើងថ្ករឲ្យសូត្រថា អចិរំ វតយំ កាយោ… ។ រួចសូត្រមន្តថា ឥមំចតុភតំ អបេហិ ។ រីឯចបបានទៅអាចារ្យយោគីគឺសំពត់ទង់ព្រលឹងឲ្យយោគីកាត់ចេញ បោកជ្រះស្អាតធ្វើជាទង់កន្ទុយវែង ប្រគល់ឲ្យអ្នកដើរការដើម្បីយកទៅបង្ហូតថ្វាយទីណាមួយដែលមានព្រះចេតិយទើបគួរ ។ បញ្ជាក់គួរចងចាំ បូជា នឹង ភ្លើង ឲ្យដាក់ក្បាលទៅកើត បោះបណ្តែតទឹកឲ្យដាក់ក្បាលទៅត្បូងកប់ក្នុងដី ឬ ដម្កល់មឈូសទុកក្តី ឲ្យដាក់ក្បាលទៅលិច បើទុកទើរលើចុងឈើ ឬ ក្បាលដំបូកដាកក្បាលទៅជើង បើដាក់ក្នុងកោដ្ឋដាក់ក្បាលឡើងលើ វិធីបញ្ចុះធាតុនិងរកថ្ងៃខែក្រុងពលី ត្រូវរកអ្នកចេះដឹងមើលទីដីបញុះឲ្យច្បាស់លាស់ ទោះបីបញុះនៅត្រង់ណាក៏ដោយ ក៏ត្រូវមើលថ្ងៃអណ្តែតសំរិទិ្ធជោគ ឯថ្ងៃទាំងបានតែថ្ងៃ ៤-៦-១ គឺ ពុធ សុក្រ និង អាទិត្យ ។
បើរកដីល្អបាន រកថ្ងៃល្អបាន ត្រូវរកប្រដាប់ក្រុងពលីរួចមកជីករណ្តៅជ្រុង ៣ ក៏បាន ជ្រុង ២ ដូចខែចំហៀង ២ ជ្រុងក៏បាន ។ ចំពោះជ្រុងរណ្តៅ ៣ ដូចហោងជាងផ្ទះ ឯជ្រុង ឯជ្រុង ២ ដូចខែចំហៀង ។ ឯរណ្តៅជ្រុង ២ នេះត្រូវជីកតាមទំនួលខែ ៖
• ផល្គុណ ចេត្រ ពិសាខ កោងទៅបស្ចឹម ជ្រុងទៅបូព៌បារដីទៅ ឧត្តរ ដាក់មាត់កោដ្ឋផ្អៀងមាត់កោដ្ឋទៅឦសាន ។
• អស្សុជ កត្តឹក ភទ្របទ កោងទៅបូព៌ ជ្រុងទៅបស្ចឹម បារដីទៅទក្សិណ ផ្អៀងមាត់កោដ្ឋទៅអាគ្នេយ៍ ។
• មិគសិរបុស្ស មាឃកោងទៅទក្សិណ ជ្រុងទៅឧត្តរ បារដីទៅបស្ចឹម ផ្អៀងមាត់កោដ្ឋទៅនិរតី ។ ជីករណ្តៅស្រេចហើយយកគ្រឿងសម្រឹត បើគ្មានយកឪទិន ឬពាងក៏បាន ដាក់ទឹកឲ្យពេញប្រៀបដាក់ក្នុងបាតរណ្តៅទើបយកកោដ្ឋ ទៅដាក់លើមាត់ពាង ឬឪទិននោះ លុបដី និមន្តព្រះសង្ឃបង្សុកូល យកទឹកច្រូច យកទឹកអប់មកស្រោចពីលើ ត្រជាក់ត្រជុំហោង ។
តើបុគ្គលិកលក្ខណៈដូចម្តេចដែលធ្វើអាចារ្យយោគី?
ត្រូវប្រកបដោយធម៌ ៤ ប្រការ គឺ (១) ស្ថិតក្នុងសីល ៥ ឬ៨ (២) មានចិត្តមេត្តាអណិតអ្នកទីទាល់ក្រលំបាក ខ្វះទ្រព្យធន កុំឲ្យយោគីបង្គាប់តាមក្បួន គឺឲ្យជួយរលាយបុគ្គលយកបុណ្យកុសល (៣) អលោភោ កុំលោភលន់ ក្រៅគន្លង (៤) ធម្មសណ្ហវាចា គឺចេះពោលពាក្យពីរោះ ចេះស្រដីទូន្មានពីរោះប្រដៅអ្នកជំងឺឲ្យមានតម្រេកក្នុងធម៌ ។ អ្នកធ្វើយោគីបានអានិសង្ស ៣ ប្រការ អាយុវែងមួយ មានញាតិសន្តាន និង បរិវារច្រើនមួយ និង បានប្រាជ្ញាទិព្វមួយ តែបើធើ្វយោគីមិនល្អ មិនប្រកបដោយធម៌ទេ មានទោស ៣ ប្រការ មានសេចក្តីអរហានិន្ទាមួយ កើតជាអ្នកហិនហោចអាប់ប្រាជ្ញាមួយ មានទ្រព្យបានត្រឹមរក្សាទុកឲ្យគេមើតែមួយប៉ុណ្ណោះ ។
ពិធីមើលត្បូងកន្ទុយនាគ
[កែប្រែ]ពេលបញ្ចុះធាតុ ជីករណ្តៅជ្រុង ៣ មើលទីស្ថានល្អ ត្រូវមើលត្បូងនាគកន្ទុយនាគរួចហើយអាចារ្យយោគីយកស្លាត្រួយថ្វាយព្រះធរណីសូត្រថា មោករំ បិតាបាបំ វិនាសន្តិ ។ សូត្រ ២០ ដងទើបជីករណ្តៅជា ៣ជ្រុងស្មើជម្រៅ ១ ហត្ថ ទើបយកទៀន ធូប អុជអមរណ្តៅ រួចហើយសូត្រផ្ចាញ់មារថា បញ្ចមារេ ជិនោ នាថោ សមោ្ពធិមុត្តមំ ឯតេន សច្ជវជេ្ជន បញ្ជមារា បលាយនិ្ត សូត្រ ៣ ចប់បន្ទាប់មកសូត្រដម្កល់ព្រះធរណីថា មឋវីពលំសព្វពោធិមណ្ឌលា អសំខេយ្យា មារសេនំ ជិយន្តុ ជេយ្យ មំ តុលំ យកទៀនធូបមកកាត់ប្រវែងចង្អុលដៃ ជា ៤ យកកន្លះដោតទៀន អុជទាំង ៤ ដោតទៅបាយពំនួតទាំងបួន នោះយកទៅដាក់ទាំង ៤ ទិសនៅរណ្តៅ ទើបស្រាយធាតុដាក់ជាកណ្តាលដោយសូត្របាលីថា តឹស អាគច្ឆនិ្ត មោអ បថវីធាតុ បតនិ្ត ភវេ សូត្រ ១២ ដង ។ រួចសូត្របន្តថា តឹស អាគច្ឆនិ្ត មោអ បថវីធាតុ បតនិ្ត ភវេ សូត្រ ២១ ចប់ រួចបន្តទៀតថា អាគច្ឆនិ្ត ពុតេជោធាតុ បតន្តិ ភវេ សូត្រ ១០ ដងហើយសូត្រទៀតថា ចតុភូតោហភូតំ ធាតុឥ ភវំ សន្តិម្ហិសិនោ សូត្រ ៣ ដង រួចតមកយោគីផ្តាំអស់កូនចៅគ្រប់ៗគ្នាឲ្យខមាទោសអាចារ្យយោគីបង្គាប់ឲ្យថាតាមដូចតទៅ ឧកាស អតីតំ ទោសំ អនាគតំ ទោសំ វេរា កម្មំ បាបសព្វំ ឧប្បជ្ជន្ពុ នោ អហោសិកម្មំ សំវរោតិ កាយកម្មំ មនោកម្មំ វចីកម្មំ មេ ទោសំ អនាគតំ មេ ទោសំ បច្ចុប្បន្នំ មេ សព្វ ទោសំ ខមាមិហំ ។
អាចារ្យយោគីបន្តថា អស់បងប្អូនកូនចៅញាតិផៅ នាំអ្នកមកបញ្ចុះនេះកុំឲ្យអ្នកគិតរលឹកមកដល់បងប្អូនកូនចៅ នូវអស់ទាំងទ្រព្យធនទាំងឡាយឡីយ ។ ព្រោះអ្វីៗសុទ្ធតែអស់ខ្លឹមសារ គ្មានអ្វីស្ថិតស្ថេរទេ សូម្បីភ្នំព្រះសុមេរុកំពស់ ៨៤០០០ យោជន៍ក្តី មហាប្រថពីកម្រាស់ ២៤០០០០ យោជន៍ក្តី ទឹកនព្វមហាសម្រទ្រជំរៅ ៨៤០០០ យោជន៍ក្តី បើភ្លើងប្រល័យកប្បហើយសឹងឆេះវិនាសអស់ហោង ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីទេវតា ឥន្ទ ព្រហ្ម តែងដល់កំណត់ហើយ សឹងតែឆេះឯង ។ ប៉ុន្តែទេវតា ឥន្ទ ព្រហ្ម នេះជាកន្លែងសុខមួយរយៈវែងមុនដល់ភ្លើងឆេះកល្ប ។ ដូចនេះបើបានកើតនៅស្ថានទេវតា ឥន្ទ ព្រហ្ម នោះហើយ សូមឲ្យពរកូនចៅញាតិសន្តាននៅធ្វើការរកស៊ីត្រជាក់ជ្រជុំសុខដុម កុំឲ្យឈឺដម្កាត់ ឬ ភិតភ័យមោះមៃអ្វីឡើយ សូមឲ្យមានអាយុវែង ។ អាចារ្យយោគីនិយាយចប់ឲ្យបងប្អូនកូនចៅជិតនោះទទូលថា សាធុៗ ព្រមៗ រួចហើយកូនចៅយកស្លាដាក់ទៅក្នុងរណ្តៅគ្រប់គ្នា រួចមកអាចារ្យយោគីយកអំបោះទាញជាខ្សែស្នូរ ដាក់លើមាត់រណ្តៅទុកចងប្រវែងចង្អុលដៃទើបលុបដីដោយសូត្រថា ព្រះធរណី ព្រះគង្គារ ចៅវេយ្យ យូរិមិយំ សេឃាតំលោវិទូ ពុទ្ធោ អនន្តធម្មោស ចក្រវាឡ សំឃោ និពា្វនំ បរមំ សុខំ មេត្តញ្ច សព្វលោកស្មឹ មានសម្តា វយេ សពេ្វ សត្តា អវេរាហោន្តុ បន្តមកលុបជាខ្នង អណ្តើកស្រេចហើយ រយៈពេល ៧ ថ្ងៃឲ្យកូនចៅទៅមើលទីស្ថាន បើស្រុតឲ្យលុបថែម ។
កំណត់ចំណាំ៖
ឯទៀន ៥ ធូប ៥ ម្លូត្រួយ ៥ នេះកូនចៅបុគ្គលផ្ទាល់ទុកយកស្មាលាទោសពីបុគ្គលនោះ ។ ឯទៀនកល្បមួយ ធូបមួយ ត្រួយមួយ ផ្កា អុជថ្វាយទៅព្រះពុទ្ធគុណនោះឯង ដោយសូត្រថា ឧកាស អតិពហុបូជា ឥមំ ទីបធូបំ ពុទ្ធគុណំ កោមិ ។ ឯទៀន ៥ ធូប ៥ ផ្កា ៥ នេះអុជថ្វាយទៅធាតុទាំង ៥ ដើម្បីនាំបុគ្គលទៅហោង ។ ដោយសូត្រថា ឧកាស អតិពហុបូជា ឥមំ ទីបធូបំ បូជំ ធាតុគុណំ ករោមិ ។ ឲ្យលោកនាំសោយសម្បត្តិនាយហោង ។ ន ម ក គាថានេះបើសរសេរទង់ព្រលឹងសូត្រ ៣ ចប់ ឧកថេសិៗកិករនានំអហំបិតព្ចានាមិ ។ គាថានេះសរសេរដាក់ដោយទង់ព្រលឹងទាំង ៤ សិ ភ ច សុ ឧ រ សុ ។ គាថាសរសេរដាក់កណ្តាលទង់ព្រលឹងថា ទ្វ រឧ ហ ង (សក់ឲ្យនេះគួចជា ៨ ជាន់) ។ កាលលើកបុគ្គលជម្រះទឹក សូត្រ អត្ថិ ឥមស្មឹ ចប់ស្រោចទឹកទៅ ។ សំ វិ ធា បុ ក យ ប សូត្រកាលប្រែរូបបុគ្គល ។ នមោពុទ្ធាយ នេះសូត្រសូន្យរូបធ្វើជាម្រាមដៃជើងនោះហោង ។ ចក្ខុសម្ជស្សជា សោតសម្ជស្សជា យានសម្ជស្សជា ជី្ហវាសម្ជស្សជា កាយសម្ជស្សជា មនោសម្ជស្សជា ទាំង ៦ បទចារដាក់ ចង្ការបុគ្គល ។ ឥតិបិសោ នមោពុទ្ធាយ ចារដាក់ថ្ងាសបុគ្គល ។ ឥតិបិសោ ចាតមហា រាជិកានំ ទេវានំ រក្ខន្តិ ចារដាក់ទ្រូងបុគ្គល ។ ឥតិបិសោភគវា តាវតឹសានំ ទេវានំ រក្ខន្តិ ចារដាក់បាតដៃស្តាំបុគ្គល ។ អ ម ឧ អ ម ឧ ឧ ម អតិ ចារដាក់ក្រោមខ្នើយបុគ្គល ។ សោ សោ អ អ អា អា ន នេតិ ចារដាក់បាតដៃឆ្វេងបុគ្គល ។
ពេលអ្នកជំងឺមិនទាន់ស្លាប់អ្នកនៅអងត្រចៀកឆ្វេងអ្នកជំងឺ ឲ្យភាវនាផ្ទប់ត្រជៀកថា សតិបដ្ឋាន សតិបដ្ឋាន ១០០ ចប់ ។ ឥតិបិសោភគវាកឹករណំ តាវតឹង្សា ភវនំ គច្ឆន្តិ ទេវា ១០០ ចប់ ឥតិបិសោភគវាកឹករណំ ទេវា រក្ខនិ្ត ១០០ ចប់បែរមុខឥសាន ឲ្យព្រះបាទកំករណាឲ្យបើកផ្លូវ ។ មត្តរាជ្ជ សំវានិតានំ ម អ ឧ ។ ឧប្បចានំ រាជាតិ បរិយន្តិ មហា តុសិត ភបនំគច្ជនិ្ត សូត្រច្រូចទឹកឲ្យបុគ្គល ។ បង្សុកូលលើផ្ទះ សូត្រ ករុណា កុសល មាតិកា ។ ដាក់ក្នុងក្តារហើយក្តី នៅក្រៅក្តី បង្សុកូល សូត្រ ឯកនោមកឹ កុសលា សត្តបករណ៍ ។ ដុតហើយប្រែរូបបង្សុកូល សូត្រ អវិជ្ជា បច្ចយា អវិជ្ជាយត្វេវ ពុទ្ធានុស្សតិ ។
ចំពោះខ្មោចតៃហោង
[កែប្រែ]បើបញ្ចុះនៅទីណា ឲ្យបូជានៅទីនោះពេលដារ ត្រូវសូត្រពិស្តារ ៧ ចប់ចំនួន ១ ព្រឹក ឯ ចង្ហាន់រាប់បាត្រឲ្យយក រមៀត ១ ខ្ញី ១ បុកត្រងយកទឹកលាយជាមួយអង្ករ យកទៅដណ្តាំបាយរាប់បាត្រ ។ ត្រូវមានកន្ទោង ៤ ដាក់ឲ្យភ្លុកទាំង ៤ រាប់បាត្រហើយត្រូវដាក់ទៅកន្ទោងនោះផង ។ ពេលដារត្រូវបន់ជូនផលានិសង្សទៅព្រះកាលព្រះបាទទសមុខ ពេលដារសូត្រពិស្តារ ៦ ចប់ ។ ពេលយកចង្ហាន់ កន្ទោង និង ផ្លែឈើមកហើយ ឲ្យជីករណ្តៅកប់នៅក្រោមរានដែលយើងធ្វើនៅទិសអាគ្នេយ៍ ។ រួចមកសូន្យរូបព្រះកាល រូបព្រះបាទទសមុខ ផ្ទល់ខ្នងគ្នាដាក់លើរាន ។ ឯផ្លែឈើថ្វាយដាក់លើរានក្នុងតោពីរ ឲ្យដុតរូបនោះ ដោយអំពិល ១ ក្រសាំង ១ សង្កែ ១ ទ្រមែង ១ ឲ្យយក ៧ កង់មួយមុខៗដើម្បីដុតរូបព្រះកាល និង ទសមុខនោះ រួចហើយយោគីសូត្ររម្ងាប់ដោយឈមមុខទៅទិសទាំង៨ លុះត្រាតែរលត់ភ្លើងនោះហោង ។
ឯពេលគាស់បុគ្គលឡើង ឲ្យនិមន្តព្រះសង្ឃ ៤ អង្គបែរមុខចេញគ្រប់ទិសជុំវិញបុគ្គលឲ្យលោកសូត្រថា ចរន្តំ ទិសំ អហាសិ សុខំ បរមំ សុខំនិពា្វនំ បរមំ កតា រូបក្ខន្ធោ អនត្តា បរមំ សញ្ញា និព្វានំ សោ ភគវា ឥតិ អរហំ ៣ ចប់ ឬ ៧ ចប់តាមជំពូកបុគ្គល ។ បាលីនេះ យោ ដា សម្មា សម្ពុទា ធម្មោ កត្តានំ រត្តយេ រកត្តានំ មនុ សន្តិ ចាយំ បហាយ មនុស្ស ទេហំ ទេវកាយំ បរិបតន្តិ សូត្រ ៣ ដល់ ៧ ចប់ នេះជាបាលីសូត្រដាក់ក្រណាត់សក្រាលដាក់មនុស្សណាដែលស្លាប់ដោយព្រះកាល និង ព្រះបាទទសមុខ ។ បើបានសូត្រ ៧ ចប់ហើយបែរបន់ថែមជូនព្រះកាល និង ព្រះបាទទសមុខនោះបាត់បាបចង្រៃអ្វីទាំងអស់ហើយ ។ បើពុំបានធ្វើដូចបង្គាប់នេះទេនោះកូនចៅអ្នកនៅរស់នៅមិនបាប រួចកម្មពៀរព្រះកាល និង ព្រះបាទទសមុខទេ ។ យាយ កលា កាក លិច្ចោ វេយ យរិមិយំ លោកំ ឆៗ ទិ ។
នេះនឹងស្រដីពី ស្លាប់ដោយម្រឹត្យូវ ១ ស្លាប់នឹងជំងឺបួស ១ ជំងឺហត់ ជំងឺចុះផ្ទៃ ១ ជំងឺអាបទាញា ១ ជំងឺក្អក ១ ជំងឺហឺត ១ ក្អកក្អតស្លាប់ ១ ស្លាប់ និង ជំងឺ ១ ស្រាប់តែស្លាប់ ១ ស្លាប់ទាំងអំបោលនេះសឹងបង្សុកូលចំអាសបានហោង រីឯស្លាប់នឹងព្រះកាលគឺ រំបល់ ១ សំរាលកូនមិនរួច ១ សំរាលកូនហើយឈឺស្លាប់ ១ នេះហៅថាស្លាប់ដោយព្រាយ មិនអាចចងទង់ព្រលឹងបង្សុកូលបានឡើយឲ្យយកខ្មោចយកទៅកប់យ៉ាងប្រញាប់ដាក់ក្បាលទៅជើង ។
អំពីទង់ព្រលឹង
[កែប្រែ]នៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជា គេតែងនិយមប្រើទង់ក្រពើ និង ទង់ព្រលឹងនៅពេលមានមនុស្សស្លាប់ ។ កាលណាអ្នកជំងឺមានកម្លាំងតិចជិតនឹងអស់ខ្យល់ អស្សាសៈ បស្សាសៈហើយលោកអាចារ្យតែងយកសំពត់សប្រវែង ៤ ហត្ថ បត់ជា ២ យកឈើ ឬបន្ទះ រឫស្សី ២ កំណាត់ដាក់ខ្វែងគ្នាគឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នុងផ្នត់សំពត់ រួចចងបង្រួមក្រសោបក្រោយសម្រាប់កាន់ មានឆ្នាំងបាយថ្មីមួយ ចងបន្តោងភ្ជាប់នឹងដងទង់នោះផង ហើយអាចារ្យសរសេរបាលីក្នុងផ្ទៃនោះថា ៖ ឥមំ ធជ បជាកំ តាវតឹស ភវនេ ចេតិយស្ស ឧយ្យោជេមិ ឥមិន និស្សន្ទេន ។ ឬសរសេរថា ៖ អាទាយ វត ឥទំ អយំ តុសិតភវនំ អាគច្ឆន្តិ អសាមិកំ សុញ្ញំ គណា្ហមិ ។
ហើយអាចារ្យលើកទង់នោះទៅដាក់ក្បាលដំណេកបុគ្គលសា្លប់រួចផ្តាំបុគ្គល( ខ្មោច) នោះថា ទង់ព្រលឹងនេះជាសំបុត្រដើរផ្លូវរបស់អ្នកហើយចូរអ្នកកាន់ឲ្យជាប់ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចូឡាមណីចេតិយព្រោះអ្នកទៅតែម្នាក់ឯងគ្មានអ្នកណានាំផ្លូវទេ ។
ប្រវតិ្តរបស់ទង់ព្រលឹង
[កែប្រែ]កាលពីអតីតកាលដ៏យូរលង់ មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់ បានសុំឪពុកទៅរៀនសិល្បសាស្រ្តឯនគរ តក្ករសិលា លុះរៀនចប់សុំលាអាចារ្យចេញទៅរកគ្រូផ្សេងទៀត ដើម្បីរៀនបន្ថែម ។ លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកព្រឹត្តល្អតាមរបៀបសមណៈ មាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា ក៏ចូលសុំទៅរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន ។ (មាណពនោះបួសរួចហើយលោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន) ។ នៅរៀនយូរៗទៅមាណពនោះ បានសម្រេចពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ ។ មិនយូរប៉ុន្មានមាណពបច្ចេកពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង គួរឲ្យសោកស្តាយសម្រាប់បុគ្គលជាបុថុជ្ជន ។ អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយមួយបញ្ចុះអដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក ។ បុរសជាឪពុកបាត់កូនយូរពេកក៏ទៅតាមកូន ដល់ស្រុកនោះហើយក៏សួររក ។ អ្នកស្រុកបានប្រាប់តាមដំណើររឿងថា ៖ កូនរបស់អ្នកឯងបានសម្រេចជាព្រះបច្ចេកពុទ្ធមួយអង្គចូលបរិនិពា្វនបាត់ហើយ ។ បុរសជាឪពុកក៏យំសោកស្តាយអាល័យកូន ។ បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោចស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ ដោយ ឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ ។ ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាម ។
លុះចំណេរកាលតមកទៀតក៏ក្លាយទៅជាទំនៀមទម្លាប់គឺពេលដែលបែខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថាខ្លួនត្រូវចេញដំណើរទៅតាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ ។
ប្រវត្តិរបស់ទង់ក្រពើ (ទី ១ )
[កែប្រែ]កាលព្រះសម្មាសម្ពុទ្ធ គង់ធរមាននៅឡើយមានសត្វក្រពើញីឈ្មោល ១ គូរមានសេចក្តីជ្រះថ្លានឹងព្រះពុទ្ធសាសនាក៏ចូលទៅសុំព្រះពុទ្ធអង្គបួស តែព្រះពុទ្ធអង្គព្រមអនុញ្ញាត ព្រោះជាសត្វតិរច្ឆាន ។ ក្រពើក្រាបទូលព្រះអង្គថា យើងខ្ញុំព្រះអង្គទាំងពីររូបនេះពុំមាននិស្ស័យសាសនាព្រះអង្គសូមធ្វើសំណូមពរថា(បើយើងខ្ញុំស្លាប់ទៅសូមឲ្យគេយកស្បែកយើងខ្ញុំទៅដោតធ្វើជាទង់ថ្វាយចំពោះព្រះភ័ក្រ្តព្រះអង្គទុកជាសក្ការៈបូជាកុំបីខានឡើយ) ។ ព្រះពុទ្ធអង្គទ្រង់ទទួលសំណូមពរនោះដោយព្រះមេតា្ត ។ លុះក្រពើនោះស្លាប់ទៅគេក៏យកស្បែកក្រពើទៅដោតថ្វាយតាមសំណូមពរមែន ។
លុះព្រះសម្មាសម្ពុទ្ធទ្រង់ចូលនិព្វាន្តទៅ ស្បែកក្រពើនោះក៏ពុករលួយអស់គេក៏នាំគ្នាយកសំពតស ឬក្រដាសមករចនាធ្វើជារាងស្បែកក្រពើដើម្បីជាតំណាងតទៅទៀត ។ ដូចយើងតែងឃើញគេដោតទង់ក្រពើនៅគ្រប់កនែ្លងអាសនៈព្រះពុទ្ធរូបស្រាប់ ។
ប្រវត្តិទង់ក្រពើ (ទី ២)
[កែប្រែ]កាលណាមានមនុស្សស្លាប់ គេតែងយកទង់ក្រពើទៅចងនៅមុខផ្ទះ ឬទីណាមួយដែលញាតិមិត្តបងប្អូនជិតឆ្ងាយអាចមើលឃើញបាន ។ គេចងទង់ក្រពើមួយ ឬ ២ មិនកំណត់ហើយជាទំនៀមទម្លាប់របស់ខ្មែរយើងពេញទាំងប្រទេសទៅហើយ ។ នៅសម័យដើម ឬសម័យនេះក៏ដោយ បើគ្រួសារខ្មែរយើងខ្លះនៅកាន់ទំនៀមទម្លាប់កប់សពប៉ុណ្ណេះប៉ុណ្ណោះឆ្នាំ ទើបលើកយកឆ្អឹងមកបូជា គេតែងតែចងទង់ក្រពើនៅក្បែរផ្នូរខ្មោចរហូតដល់ទង់នោះដាច់ដោយខ្លួនឯង ។ ជួនអីដល់ថ្ងៃខួបនៃសពនោះដែលទទួលមរណភាពគេក៏ចងទង់ថ្មីមួយទៀតក៏មាន ។
ការនិយមចងទង់ក្រពើនេះមានប្រវត្តិដូចតទៅនេះ ៖
ក្នុងរាជសេ្តចអង្គចន្ទទី ២ (រាជធានីនៅឧត្តុង្គមានជ័យ) សេ្តចមានបុត្រមួយអង្គព្រះអង្គ ប្រកបដោយរូបឆោមល្អ ព្រះនាមព្រះអង្គម្ចាស់ក្សត្រី ក្រពុំឈូក ប៉ុន្តែកាលទ្រង់ព្រះជន្មបាន ១៦ វស្សាក៏ត្រូវក្រពើមួយដ៏ធំឈ្មោះ អាធន់ ដែលក្លាយខ្លួនមកពីលោកនេនមួយអង្គឈ្មោះនេនធន់ បានចាប់លេបទាំងរស់ ។ សេ្តចបិតាទ្រង់សា្តយណាស់បានចាត់ការផ្សងកន្ទោងខៀវដេញតាមក្រពើ នេនធន់ អស់ពេលវេលាច្រើនថ្ងៃ ។ លុះដល់ថ្ងៃទី ៧ ក៏ចាប់ក្រពើនេះបាននៅខេត្តក្រចេះ ។ ដោយមាតានៃក្សត្រីក្រពុំឈូកនេះនឹកស្រលាញ់កូនខ្លាំងពេកក៏ឲ្យគេវះពោះក្រពើយកបុត្រចេញមកភ្លាម ប៉ុន្តែក្សត្រីក្រពុំឈូកបានសុគតបាត់សង្ខារទៅហើយ ។ ស្តេចឲ្យបិតាបានឲ្យគេសង់វិហារមួយត្រង់កន្លែងវះក្រពើនេនធន់នោះដោយធ្វើសសរដល់ទៅ ១០០ ។ នៅពីមុខវិហារសសរ ១០០ នោះ ស្តេចឲ្យធ្វើចេតិយមួយយ៉ាងធំ ដើរចាប់ស្រ្តីមានផ្ទៃពោះ ២០ នាក់មកសម្លាប់យកក្បាលធ្វើជាគ្រិះចេតិយហើយឲ្យសាងរូបក្រពើ នេនធន់ទៅពន្លះឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង ។ តាមសេចកី្តតំណាលរបស់អ្នកស្រុកថា កាលពីជំនាន់ដើមគា្មនអ្នកណាហ៊ានដើរកាត់មុខចេតិយនេះទេ បើស្រ្តីមានផ្ទៃពោះដើរកាត់មុខនឹងត្រូវស្លាប់ភា្លម ។ សេចក្តីតំណាលខាងលើនេះ នាំឲ្យយើងយល់ថាទង់ក្រពើនេះមានរឿងរ៉ាវ ឬ បុព្វហេតុមកពីសេ្តចអង្គចន្ទទី ២ បានឲ្យគេវះស្បែកក្រពើនេនធន់ យកមកចងព្រះចេតិយ ព្រះចេតិយ ព្រះម្ចាស់ក្សត្រីក្រពុំឈូកជាបុត្រីនោះឯង ។
ទង់ក្រពើនេះមានដូចស្បែកក្រពើ ដែលគេបានពន្លះចងឆ្កាងមានក្បាល ខ្លួន ជើង កន្ទុយ ប៉ុន្តែដោយហេតុថាសិល្បៈខ្មែរប្រភេទណាក៏ដោយតែងមានការវិវត្តន៍ប្រែប្រួលជានិច្ច ដូច្នេះបានជាទង់ក្រពើនេះជួនអីមាន ជើងដល់ទៅ ៨ មានកន្ទុយ ២ ។ ក្នុងពិធីបូជាសពលោកគ្រូចៅអធិការវត្ត ឬព្រះឧបជ្ឈាយ៍ ឬក៏លោកសង្ឃអង្គណាមួយដែលមានសមណស័កិ្តគុណសម្បតិ្តខ្ពងខ្ពស់គេតែងធ្វើទង់ក្រពើនេះធំវែងមានក្បាច់ច្រើន ហើយប្រើដោយក្រណាត់សំពត់ច្រើនពណ៌ថែមទៀត ។ ប៉ុន្តែតាមធម្មតាគេធ្វើត្រឹម ៥ ម៉ែត្រយ៉ាងវែង គេធ្វើដោយសំពត់សតែម៉្យាង ។ ទង់នេះគេច្រើនប្រើតែ ២ ប៉ុណ្ណោះប៉ុន្តែទង់តូចៗដែលគេដោតនៅជុំវិញឈាបនដ្ឋានជាដើម គ្មានកំណត់ថា ប៉ុន្មានៗឡើយ ។
ប្រវត្តិទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ
[កែប្រែ]កាលបើមានបុគ្គលស្លាប់ថ្មីៗនៅលើផ្ទះ អាចារ្យយោគីត្រូវរកទឹកមួយក្អមតូច និង ថ្មមួយដុំតូចហើយអុធធូប ៣ សរសៃយកទៅដាក់ចុងជើងបុគ្គលរួចធ្វើឧបកិច្ចការពារកុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន ។ បើមិនដូចច្នេះទេ កាលណាមានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះអសុរាកាយនឹងចូលក្នុងរូបបុគ្គលនោះពុំខាន ។ បើមិនបានធ្វើដូច្នេះ ត្រូវព័ទ្ធសីមា ។ បើបានព័ទ្ធសីមាហើយ ទោះមានឆ្មាខ្មៅលោតរំលងក៏មិនមានហេតុអ្វីដែរ ។
តាមជំនឿរបស់ខ្មែរថា អសុរកាយជាពួកបីសាចតែងត្រាច់រង្គត់រកស៊ីគំរង់ហើយជួនកាលអាចបន្លាច មនុស្សផងក៏មានទើបគេត្រូវតែ ការពារបុគ្គលដោយវិធីផ្សេងៗ ។ គេតែងប្រាប់គ្នាឲ្យធ្វើកិច្ចផ្សេងៗចំពោះបុគ្គលស្លាប់ដូច្នេះ ដើម្បីជៀសវាងអន្តរាយដូចមានរឿងមួយដំណាលថា ៖ នៅស្រុកមួយឆ្ងាយពីទីប្រជុំជនជាភូមិសំបូរដោយព្រៃស្ងាត់មានអាកាសធាតុត្រជាក់ ។ នៅតំបន់នោះមានផ្ទះមួយជាជម្រកនៃមនុស្ស ៤ នាក់ គឺឪពុកមា្តយ និង កូនប្រុស ២ នាក់ដែលនៅក្នុងវ័យជំទង់ ។ ឪពុកចេញទៅរកស៊ីស្រុកឆ្ងាយ យូរៗទើបវិលមកផ្ទះម្តង ។ កូនប្រុស ២ នាក់នៅជាមួយម្តាយ ។ ថ្ងៃមួយជាចៃដន្យអ្វីនាងម្តាយនោះមានជំងឺយ៉ាងធ្ងន់ក៏ធ្វើមរណកាលទៅ ។ ប្រជាជនដែលនៅភូមិជាមួយគ្នា ប៉ុន្តែផ្ទះគេនៅឆ្ងាយៗនាំគ្នាមកជួយចាត់ចែងបុណ្យធ្វើក្តារមឈូសដាក់សពរួចស្រេច ដល់ល្ងាចក៏ត្រលប់ទៅផ្ទះគេវិញ ។ ផ្ទះសពនោះក៏ត្រូវនៅត្រមោចកំព្រា មានតែកូន ២ នាក់អុជភ្លើងប៉ប្លុងនៅចាំសពមា្តយរង់ចាំដល់ភ្លឺ និង បានអ្នកជិតខាងមកជួយទៀត ។ ឯសពនៅក្នុងក្តារមឈូសនោះពុំបានព័ទ្ធសីមា ឬ ធ្វើកិច្ចអ្វីមួយឡើយ ព្រោះពេលក៏ខើច និង ទៅរកអាចារ្យពុំទាន់បានណាមួយផ្លូវកាត់ព្រៃ ហើយត្រូវ និង ពេលព្រលប់ជាពេល ដែលសត្វសាហាវចេញរកស៊ីផង ។
ក្នុងរាត្រីនោះក្មេងទាំង ២ នាក់បងប្អូនចេះតែនាំគ្នាភ័យព្រួយ យប់កាន់តែស្ងាត់ទៅ ខ្លែងស្រាក លលកខ្មោចចេះតែបញ្ចញសម្រែកគួរឲ្យព្រឺក្បាលដែលពួកវាតែងតែត្រាច់រង្គត់រកសាកសព សត្វព្រៃជាអាហារ ។ ឯពួកអាសុរាកាយដ៏ធ្វើដំណើរដូចនេះដែរ លុះមកប្រទះឃើញខ្មោចនៅក្នុងក្តារមឈូសដែលមិនទាន់មានសីមាការពារនៅឡើយ ក៏រំលៀកខ្លួនចូលទៅស៊កក្នុងរូបសពនោះ ។ ខ្មោចដែលស្តូកស្តឹងប្រៀបបាននឹងដុំឈើនោះ ក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញ ហើយបំរះប្រវេប្រវាសរចេញពីក្តារមឈូស កុមារបងប្អូនដេកនៅជិតក្តារមឈូស ប្អូនមិនទាន់ដឹងការអ្វីច្រើនក៏ដេកលក់ទៅ នៅតែកុមារជាបងចេះតែមានការព្រួយបារម្ភ ។ លុះឮសូរខ្មោចនោះរើក្នុងក្តារមឈូស វាចេះតែលួចសម្លឹងទៅរកក្តារមឈូស ។ មិនយូរប៉ុន្មានស្រាប់តែខ្មោចនោះអើតក្បាលពីក្តាមឈូសមកក្ងក់ កុមារបងឃើញដូច្នេះភ័យណាស់ កន្រ្ទាក់ដៃប្អូនអូសរត់ចេញពីផ្ទះ ។ ប្អូនក៏ស្ទុះទៅតាមទាំងសើងមើង ។ បងនិយាយបណ្តើរ រត់បណ្តើរ ប្រាប់ប្អូនកុំឲ្យងាកក្រោយឲ្យសោះ ។ ក្មេងទាំង ២ នាក់រត់ទៅ មិនយូរប៉ុន្មានខ្មោចនោះក៏លោតចុះដេញតាមពីក្រោយទៅដែរ ។ ឃើញដូច្នេះ ក្មេងទាំង ២ ខំរត់សំដៅទៅវត្ត ព្រោះគិតឃើញថា មានតែវត្តទេដែលអាចជួយខ្លួនឲ្យផុតអំពីភ័យអន្តរាយនេះ ។ ឯអសុរាកាយលុះទៅតាមដល់របងវត្តឃើញសីមាវត្ត វាមិនហ៊ានចូលក៏ចេញពីរូបសាកសពនោះទៅ ។ ឯសាកសពនោះក៏រលំដួលនៅច្រងាងក្នុងទីនោះឯង ។
លុះព្រឹកឡើង ព្រះសង្ឃ និង អ្នកស្រុកដឹងរឿងហើយក៏ផ្អើលមកមើល ហើយនាំគ្នាលើខ្មោចនៅទៅបូជាធ្វើកិច្ចរំងប់ចង្រៃគ្រប់បែបយ៉ាងទៅតាមទម្លាប់ ។ ដោយខ្លាចមានហេតុអាក្រក់ចៃដន្យ ដូចរឿងដំណាលនេះឯងហើយទើបចាស់ៗបុរាណបានបង្គាប់គ្នាឲ្យរៀបធ្វើកិច្ចផ្សេងៗ និង ឲ្យព័ទ្ធសីមាជាការចាំបាច់ ដើម្បីការពារទុកមុន ។ របៀបនេះក៏បានជាប់ជាទំនៀមទម្លាប់រហូតមក ។
ប្រវត្តិទាក់ទងនឹងទំនៀមទម្លាប់ដាក់ខ្មោចបែរក្បាលទៅទិសខាងលិច
[កែប្រែ]រឿងនេះគេប្រកាន់តៗគ្នាមក តាំងពីកាលព្រះឥសូរកោរជុកឲ្យព្រះវិឃ្នេសជាបុត្រ ដូចមានដំណាលថាក្នុងសាសនាព្រាហ្មថា ព្រះឥសូររៀបចំកោរជុក ព្រះវិឃ្នេសតែភ្លេចអញ្ជើញព្រះអង្គារ ។ ព្រះអង្គារខ្ញាល់កក៏បណ្តាលឲ្យកាំបិតកោរទៅកាត់យកក្បាលព្រះវិឃ្នេសបោះចូលទៅក្នុងមហាសមុទ្រ ។ ព្រះឥសូរក៏ប្រើព្រះវិស្សកម្មឲ្យចុះទៅរកក្បាលមនុស្ស ឬតិរច្ឆានដែលដេកដាក់ក្បាលទៅទិសខាងលិច ។ ព្រះពិណ្ណុការទៅរកមើល ឃើញតែក្បាលដំរី ២ ដេកបែរក្បាលទៅទិសខាងលិច ក៏កាត់ក្បាលដំរីមួយទៅថ្វាយព្រះឥសូរៗក៏តភ្ជាប់ឲ្យព្រះវិឃ្នេស ទើបព្រះវិឃ្នេសមានក្បាលដំរី ។ ព្រោះហេតុនោះទើបមនុស្សបុរាណប្រកាន់ជឿថា ទិសខាងលិចជាទិសអពមង្គល ពេលមានមនុស្សណាស្លាប់ គេដាក់ឲ្យក្បាលបែរទៅទិសខាងលិចហើយក៏ដាក់ជាប់ជាទំនៀមរហូតមក ។
ប្រវត្តិទាក់ទង និង ទំនៀមទម្លាប់ដាក់ប្រាក់កាក់ក្នុងមាត់មនុស្សស្លាប់
[កែប្រែ]មានរឿងបុរាណដំណាលតៗគ្នាមកថា ៖ មានបរុសមា្នក់នៅជាមួយប្រពន្ធ តាំងពីក្មេងដល់ចាស់ ខំរកស៊ីធ្វើការបានសល់មាសមួយបាទតែគ្មានកូនសោះ ។ ប្តីប្រពន្ធបានផ្តែផ្តាំគ្នាទៅវិញទៅមកថា បើមានអ្នកណាស្លាប់មុនត្រូវក៏យកមាសដាក់ក្នុងមាត់អ្នកនោះ ។ ចំណេរតមកមិនយូរប៉ុន្មានប្តីស្លាប់ទៅប្រពន្ធក៏ដាក់ក្នុងមាត់ខ្មោចប្តី ហើយយកខ្មោចប្តីទៅធ្វើបុណ្យបូជា ។ ខ្មោចត្រូវភ្លើងឆេះអស់ ឯមាសវិញត្រូវភ្លើងឆេះរលាយនៅសល់ ៣ ស្លឹង ។
សម័យមួយព្រះមហាក្សត្រព្រះអង្គលោកមានចិត្តលោភគ្របសង្កត់ក៏ចេញព្រះរាជអាជ្ញាឲ្យរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាទជាកំហិត ។ យាយប្រពន្ធរបស់ខ្មោចតានោភ័យក៏យកមាស ៣ ស្លឹងដែលគាត់បានរើសទុកនោះទៅថ្វាយព្រះមហាក្សត្រ ហើយក្រាបទូលថា "ក្រាបទូលព្រះករុណា! មាសនេះពីដើមនេះពេញមួយបាទតែខ្ញុំម្ចាស់យកទៅដាក់ក្នុងមាត់ប្តី ពេលដែលស្លាប់ប្តីខ្ញុំម្ចាស់យកទៅពុំបាន ក៏ត្រូវភ្លើងឆេះអស់ខ្លះទៅ នៅសល់តែប៉ុណ្ណេះសូមព្រះករុណា មេត្តាដល់សត្វទល់ក្រផង,ខ្ញុំព្រះអង្គទាល់មធ្យោបាយនឹងទៅរកមាសឯណា ឲ្យគ្រប់ចំនួនថ្វាយព្រះអង្គពុំបានឡើយ" ។ ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ក៏កើតធម្មសង្វេគស្លុតព្រះទ័យ ទើបទ្រង់ប្រកាស់ឲ្យលើកលែងការរៃយកមាសអំពីបណ្តារាស្រ្តតទៅទៀត ។
អាស្រ័យរឿងនេះ ទើបបណ្តារាស្រ្តទាំងអស់យល់ថា ប្រាក់ ឬ មាសដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់ សូម្បីតែព្រះមហាក្សត្រក៏ចុះចាញ់អានុភាពនេះដែរ ។ ម៉្យាងទៀតអានុភាពប្រាក់ ឬមាសដែលចង់ក្នុងមាត់ខ្មោច ជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន ។
ប៉ុន្តែអ្នកប្រាជ្ញពីបុរាណ ដែលឲ្យយកមាស ឬ ប្រាក់ដាក់ក្នុងមាត់ខ្មោច គឺដើម្បីជាប្រស្នាឲ្យពិចារណាថា សម្បតិ្តទាំងអស់យើងអាចយកដាក់នឹងខ្លួនតែក្នុងវេលាមានជីវិត កាលបើស្លាប់ហើយយើងមិនអាចយកទៅបានទេ ។ រឿងនេះបានជាជាប់ជាទំនៀមទម្លាប់រហូតដល់សព្វថ្ងៃនេះ ។
ប្រវត្តិទាក់ទងនឹងទំនៀមទម្លាប់ដាក់ផ្កា និង ទៀនធូបក្នុងដៃ បុគ្គលស្លាប់
[កែប្រែ]មានរឿងតំណាលថា ៖ មានភិក្ខុមួយរូបមានឈ្មោះមិនប្រាកដ ញោមប្រុសរបស់លោកជាព្រានព្រៃសម្លាប់សត្វច្រើនណាស់ តាំងពីក្មេងដល់ចាស់ ។ លុះវេលាជិតស្លាប់ គាត់ភ្លឹកស្មារតីទៅឃើញសត្វដែលគាត់បានសម្លាប់ ។ ដោយកុសលចិត្តក៏ស្រែកប្រាប់ឲ្យភិក្ខុជាកូនជួយ ។ ភិក្ខុជាកូនថា ៖ ញោមមានបាបកម្មច្រើនបានជាភ្លឹកទៅឃើញតែសត្វធាតុដូច្នេះ ទើបឲ្យមនុស្សរកផ្កា ទៀន ធូប យកមកដាក់ក្នុងដៃញោមប្រុស រួចប្រាប់ថា ចូរញោមខំសម្លឹងមើលផ្កា ទៀន ធូប ជាគ្រឿងបូជាព្រះរតនត្រ័យនេះឲ្យជាប់ ញោមប្រុសនៃភិក្ខុនោះ កើតសទ្ធាជ្រះថា្លមានចិត្តកុសលក៏ធ្វើតាមពាក្យកូន ។ លុះដល់ស្លាប់ទៅក៏កើតនៅនាស្ថានសួគ៌ ។ ព្រោះហេតុនោះបានជាមនុស្សជាន់ក្រោយធ្វើតាមតៗគ្នាមកដោយប្រាថ្នាឲ្យអ្នកជំងឺយកគុណព្រះរតនត្រ័យជាទីពឹង ។ ម្លោះហើយរឿងនេះ ក៏ជាប់ជាទំនៀមទម្លាប់រហូតមក ។
ប្រវតិ្តទាក់ទងនឹងលោកអភិធម្ម និង មាតិកានៅពេលដង្ហែសព
[កែប្រែ]មានរឿងនិទានថា ក្នុងអតីតសម័យព្រេងនាយមានព្រះរាជាមួយអង្គទ្រង់សោយរាជ្យនៅនគរ រណោងស្នោ (ស្យាមប្រទេស) ។ ព្រះរាជាអង្គនេះទ្រង់មានព្រះរាជហឫទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនាយ៉ាងក្រៃលែង តែងធ្វើបុណ្យទានជាអចិន្រ្តៃយ៍ហើយទ្រង់មានព្រះទ័យរាប់អានស្និទ្ធិស្នាល នឹងព្រះសង្ឃដែលគង់ក្បែរព្រះបរមរាជវាំងណាស់ ទ្រង់តែងផ្គត់ផ្គង់ព្រះសង្ឃដោយខាទនីយាហាររាល់ថ្ងៃពុំដែលខាន ។ លុះកាលក្រោយមកព្រះរាជាអង្គនេះទ្រង់ប្រឈួនយ៉ាងធ្ងន់ធ្ងរ ពេទ្យហ្មនានាដែលអញ្ជើញមកព្យាលបាលជំងឺព្រះអង្គក៏ពុំអាចរកថ្នាំណាមកទ្រទ្រង់ជីវិតព្រះអង្គបាន ទ្រង់ក៏សោយទីវង្គតទៅ ។ នាម៉ឺនសព្វមុខមន្រ្តី ក៏ជំនុំគ្នានឹងរៀបចំដង្ហែសពនោះឲ្យសមតាមឋានៈព្រះអង្គ ។ និយាយអំពីភិក្ខុ ៥ អង្គដែលព្រះរាជាទ្រង់តែងតែប្រគេនចង្ហាន់ជានិច្ចកាល នោះក៏ប្រជុំប្រឹក្សាថា (ព្រះរាជាអង្គនេះកាលទ្រង់គង់ព្រះជន្មាយុនៅឡើយ ព្រះអង្គតែងតែផ្គត់ផ្គង់រូបយើងទាំង ៥ នេះខ្លាំងណាស់ ឥឡូវនេះព្រះអង្គចូលទីវង្គតហើយយើងរាល់គ្នាត្រូវធ្វើកិច្ចដូចម្ដេច ដើម្បីជាសាក្ដីភាពនៃការតបស្នងគុណព្រះអង្គនៅពេលដង្ហែព្រះសពចេញទៅប្រទក្សិណទីក្រុងដោយយើងទាំង ៥ រូបជាអ្នកធម៌ស្រាប់គួរនិមន្ដលោកគ្រូចៅអធិកាឲ្យគង់នៅមុខព្រះសព អភិធម្មមាតិកា ឯ ៤ រូបទៀតគួរនៅគង់អមព្រះសពហើយចំរើន សុត្តន្តមាតិកាទៅចុះ ។ គិតគ្នាស្រាច់ហើយលុះដល់ថ្ងៃកំណត់ដង្ហែព្រះសព ព្រះសង្ឃទាំង ៤ អង្គ ក៏នាំគ្នាចូលទៅសុំពួកនាម៉ឺនចាត់ការបុណ្យ ដើម្បីឲ្យបានទៅអង្គុយហែរតាមសេចក្ដីប្រឹក្សាគ្នាមកនោះ ។ ពួកមន្រីចាត់ការបុណ្យក៏យល់ព្រមតាមការសុំរបស់ព្រះសង្ឃ ៥ អង្គ ។ ហើយភាវនាធម៌រហូតដល់កន្លែងបូជាសព ។
តាមរឿងដូចបានពោលមកខាងលើនេះ ទើបកម្មវិធីបុណ្យខ្មោចមានលោកអធិធម្ម ១ អង្គ និង លោកមាតិកា ៤ អង្គជាប់ជាតំណរហូតមក ។
ប្រវត្តិទាក់ទងនឹងទៀនកល្បនៅពេលមានមនុស្សស្លាប់
[កែប្រែ]អតីតកាល មានបុរសម្នាក់ជាមនុស្សត្រឹមត្រូវណាស់ បើទៅកាន់ទីជំនុំចំណោម ឯណា គេតែងរាប់រកទុក្ខជាមនុស្សមានប្រាជ្ញាជាអ្នកដឹងខុសត្រូវ ។ អ្នកនៅភូមិផងរបងជាមួយ បើមានការអ្វីធំដុំគេតែងអញ្ជើញបុរសនោះមកជាប្រធានដើម្បីសួរជាយោបល់ឲ្យជួយអារកាត់រឿងដែលជាប់ជុំពាក់ស្មុគស្មាញ ។
ថ្ងៃមួយក្នុងរដូវប្រាំង មាណពបបួលបុរស ២ នាក់ទៀតដែលនៅផ្ទះក្បែរគ្នា ទៅរកឃ្មុំយកក្រមួន និង ទឹកមកលក់ដើម្បីបំពេញសេចក្តីខ្វះខាតក្នុងគ្រួសារ ។ បុរសទាំង ២ នាក់នោះក៏ស្រុះស្រួល សុខចិត្តទៅជាមួយគា្ន តែបណ្តាអ្នកទាំង ២ នាក់នោះ អ្នកជាមនុស្សស្តាប់បង្គាប់ ឯ អ្នកមួយទៀតរបឹងរឹងរូសមិនសូវចេះស្តាប់បង្គាប់ចេះត្រង់ត្រាប់ពាក្យប្រៀនប្រដៅទេ ។
លុះដើរដល់ព្រៃ ឃើញខ្ទមអ្នកតាមួយដែលពួកថ្មើរព្រៃតែងបូជាដើម្បីសុំបើកព្រៃរួចទើបចូលទៅ ។ មកដល់ជិតកន្លែងអ្នកតានោះ ទើបអ្នកទាំង ៣ នាក់នាំគ្នាធ្វើជំរកឈប់សំរាកបន្តិចសិនយកកម្លាំង នឹងដើរទៅមុខទៀត ។ ក្នុងថ្ងៃនោះគេរកបានឃ្មុំមួយសំបុកមានចំនួន ១២ តម្លឹងហើយត្រលប់មកជម្រកវិញ នាំគ្នាដាំបាយដុតត្រីបិរភោគ ។ តែមុខបរិភោគចាប់បាយនឹងត្រីខ្លះដាក់លើស្លឹកឈើ ថ្វាយអ្នកតាសុំសេចក្តីសុខសប្បាយ នឹងសុំឲ្យទៅរកឃ្មុំបានប្រទះដូចក្តីប្រាថ្នា ។ ឯបុរសម្នាក់ទៀតជាអ្នករឹងរូស នោះឃើញពីរនាក់សែនអ្នកតាក៏នឹងខ្នាញ់ក្នុងចិត្តតែមិនចេញស្តី ។ លុះព្រឹកឡើងមុននឹងចេញទៅរកឃ្មុំទៀត គេនាំគ្នាដាំបាយស៊ីហើយចាប់បាយបេះត្រីដាក់ថ្វាយអ្នកតាដូចថ្ងៃមុនទៀត ។ បុរសរឹងរូសទើសចិត្តណាស់ទ្រាំអត់ពុំបានក៏និយាយគំរោះគំរើយថា (មិនដឹងជាថ្វាយស្អី ក៏ថ្វាយម៉្លេះទេ ! ម្ហូបអាហារតិចផង យកទៅដាក់ចោលទៀត តើដាក់ឲ្យស្អីស៊ី! ) ថាហើយក៏ងើបដើរទៅយកបាយរុកបញ្ចុកមាត់អ្នកតា ហើយនិយាយបែបចង់បញ្ជោះឲ្យអ្នកដែលដាក់ថ្វាយនោះផងថា (ហ៍! ស៊ីទៅអ្នកតា ! ពីមុនថាគេមិនដាក់ដល់មាត់ ឥឡូវអញដាក់ដល់មាត់ហើយម្តេចក៏មិនស៊ីទៅ ឃើញតែទុកចោលឲ្យស្រមោចរោម ម្តងនេះតែមិនស៊ីឲ្យអញឃើញផងទេ លើកក្រោយលែងឲ្យទៀតហើយ) ។ អ្នកទាំង ២ ឃើញបុរសនោះធ្វើមិនគប្បីក៏នៅស្ងៀម រួចបបួលគ្នាចេញដំណើរទៅ ។ ក្នុងថ្ងៃនោះគ្មានរកបានឃ្មុំមួយសំបុកសោះ ព្រោះបុរសរឹងរូសនោះរវល់តែចុកពោះរមួលខ្លួនដើរមិនរួចមិនស្រាកស្រាន្តឡើយ ។ លុះដល់កម្លាំងកាន់តែតិចទៅ បុរសឈឺនោះនិយាយនឹងសម្លាញ់ទាំង ២ ថា ៖ "ចូរឯងចែកក្រមួនមួយភាគផង ត្បិតខ្ញុំក៏បានទៅរកជាមួយដែរ" ។
បុរស ២ នាក់ឆ្លើយថា "ឯងចង់បានក្រមួនយកមកធ្វើអ្វី បើឯងជិតស្លាប់ទៅហើយយ៉ាងនេះ” ។ បុរសឈឺនោះឆ្លើយវិញថា ខ្ញុំយកទៅបានឲ្យតែឯងចែកមកឆាប់ឡើង បើឯងមិនឲ្យខ្ញុំទេ តើខ្ញុំបានអ្វីបំភ្លឺផ្លូវចេញពីព្រៃនេះរួច ។ ឮដូច្នេះ បុរសសម្លាញ់ទាំង ២ នាក់ ក៏នាំគ្នាថ្លឹងក្រមួនចែកជា ៣ ភាគស្មើគ្នា ហើយយកស្លឹកឫស្សីងាប់ប្រវែងបង្គុយលលក ធ្វើជាប្រឆេះហើយយកក្រមួនមួយចំណែកទម្ងន់ប្រហែលជា ៤ តម្លឹងលៃជា ៤ ភាគ យក ៣ ភាគ លញ់ធ្វើទៀនគោល ។ ក្រមួនសល់មួយភាគទៀត គេយកស្លឹកត្រែងស្ងួតមកធ្វើជាប្រឆេះលញ់ទៀនរាយ ៤ ទៀន ហើយកាប់មែកឈើដាក់គងលើមាត់ត្រឡោក ។ លុះអុជទៀនរួច ក៏ឱននិយាយដាក់ត្រចៀកបុរសដែលឈើនោះថា ៖ "នែសម្លាញ់ ចំណែកក្រមួនរបស់ឯង យើងធ្វើជាទៀនអុជឲ្យឯង ចូលឯងយកទៅតាមខ្លួនគ្រាន់បានបំភ្លឺផ្លូវចេញពីព្រៃនេះទៅចុះ " បុរសឈឺទទួលថា អី! ហើយក៏ដាច់ខ្យល់ស្លាប់ទៅ ។
បុរសជាមិត្តក៏នាំគ្នារកឧសភ្លើងមកដុតខ្មោចនោះ ហើយនាំគ្នាវេចខ្ចប់ធាតុយកមកឲ្យប្រពន្ធ ដោយប្រាប់តាមដំណើរតាំងរឿងឈឺរហូតដល់រឿងចែកក្រមួន ។ តែមកដល់ត្រង់នេះប្រពន្ធនៃសពមិនយល់ព្រមដោយអាងថា ៖ ប្តីខ្លួនស្លាប់ទៅហើយតើអាចយកក្រមួនទៅផងមេ្តចបាន? បុរសសំលាញ់ ២ នាក់ពន្យល់យ៉ាងដូចមេ្តចនាងនោះក៏នៅតែមិនព្រម ទទូចយកតែចំណែក ក្រមួនតាំង ២ ថ្ងៃរហូតដល់យប់ ហើយចូលទៅដេករៀងៗខ្លួនទៅ ។ និយាយពីប្រពន្ធរបស់បុរសស្លាប់ លុះដេកលក់ទៅ ក៏យល់សប្តិឃើញប្តីកាន់ទៀនដើរចូលមក ។ នាងក៏ស្រែកទាំងអរផងថា "អ្នកអើយគេមកប្រាប់ខ្ញុំថា អ្នកឯងស្លាប់ទៅហើយ ថែមបានចែកក្រមួនទៅអ្នកផងឦលូវមានស្លាប់ឯណា?អ្នកមកវិញតើ ! " ឯខ្មោចនោះឆ្លើយមកវិញថា "បងស្លាប់មែន ហើយបងបានក្រមួនដែលគេចែកឲ្យនោះ ធ្វើជាទៀនអុជរកផ្លូវចេញមកផ្ទះ កុំអីមិនដឹងជាវង្វេងទៅណាទេ!" ។ ប្រពន្ធឮយ៉ាងនេះក៏ស្រវាឱបប្ដីភ្ញាក់ដឹងខ្លួនឡើង ទើបដឹងខ្លួនថាខ្លួនយល់សប្ដិហើយក៏ឈប់ប្រកាន់ឈ្លោះគ្នាទៀត ។
ដោយហេតុមានរឿងដូច្នេះហើយ ទើបមនុស្សបុរាណជឿថា បើមនុស្សណាជិតស្លាប់ គេត្រូវតែធ្វើទៀនកល្ប អុជដើម្បីឲ្យខ្មោចបានភ្លឺ សម្រាប់បំភ្លឺផ្លូវទៅរកឋានសុខ ។
ឯកសារយោង
[កែប្រែ]- Funeral. retrieved from www.google.com
- សៀវភៅ លំអានទំនៀមខ្មែរបុរាណ រៀបរៀងដោយ លោក ញាណ ភឿន និង លោក ម៉ម ឆៃ