ពិធីបូជាក្របី
នៅលើជញ្ជាំងប្រាសាទបាយ័នដែលព្រះបាទជយ វ័រ្មនទី ៧ បានស្ថាបនាឡើងដើម្បីឧទ្ទិសដល់ព្រះអវលោកេស្វរៈដែលជាព្រះ ពោធិសត្វដ៏សំខាន់បំផុតនៃលទ្ធិព្រះពុទ្ធសាសនាមហាយាននៅចុងស.វទី ១២នៃគ.ស គេបានឃើញរូបចម្លាក់បុរាណមួយយ៉ាងល្អប្រណីតបង្ហាញពីការបូជាក្របី ។
ការបូជាក្របីជាពិធី បូជាយ៉ាងធំបំផុតសម្រាប់មនុស្សខ្មែរជំនាន់នោះ ជាពិសេសសម្រាប់មេទ័ពប្រារព្ធឡើងមុនពេលចេញទៅសមរភូមិ ឬទៅច្បាំង និងឧទ្ទិសជូនចំពោះវិញ្ញាណក្ខ័ន្ធបុព្វបុរសដើម្បីសុំនូវសិរីមង្គល និងជ័យជំនះទៅលើបច្ចាមិត្ត ។ ដូចនេះ ការបូជាក្របីក៏ជាពិធីពិសិដ្ឋិមួយដើម្បីប្រមូលកំលាំងថាមពល ប្រឈមមុខនឹងសត្រូវដែលគេប្រព្រឹត្តមុនពេលចេញទៅធ្វើសង្គ្រាមដោយមាន ការ ប្រជុំគ្នាយ៉ាងអធឹកអធមជុំវិញការសម្លាប់ក្របី ។
តាមរយៈទំនៀមទម្លាប់រ បស់បងប្អូនខ្មែរលើដែលបានតពូជពង្សពីសម័យបុរេប្រវត្តិសាស្ត្រ ដូចជាពួករដែ ស្ទៀង និងខ្មុ (ដូចពួកព្នង) ស្ថិតនៅក្នុងអម្បូរមន-ខ្មែរ បានឱ្យដឹងថាក្រោយពិធីបូជាក្របីរួច គេបែងចែកសាច់ទៅតាមមនុស្សរួមអាវុធ ឬរួមលោហិតដើម្បីយកទៅបរិភោគ ហើយជួនកាលត្រូវច្រៀងរាំយ៉ាងសប្បាយ ដើម្បីបង្កើនសេចក្តីអង់អាចឡើង ។
ទំនៀមទម្លាប់នេះ ខ្មែរយើងសព្វថ្ងៃឈប់និយមហើយ ព្រោះគេចាត់ទុកថាហួសសម័យគួបផ្សំនឹងតម្លៃយ៉ាងខ្ពស់របស់សត្វដែលគេ ពិបាករកបានដោយងាយ ប៉ុន្តែបងប្អូនតាមព្រៃភ្នំខ្ពង់រាបនៅតែនិយមខ្លះ ។
ម្យ៉ាងវិញទៀតការបូជា ក្របីនៅសម័យបាយ័នមានកំណើតយូរយារណាស់មកហើយ ដូចមានចម្លាក់ប្រាសាទបាយ័នជាសក្ខីភាពស្រាប់ ។ ទំនៀមទម្លាប់ប្រជាប្រិយខ្មែរនេះ និងទំនៀមទម្លាប់ពួកខ្មែរលើ បានកើតចេញពីពុម្ពវប្បធម៌តែមួយដែលបានចាប់ បដិសន្ធិឡើងនៅសម័យបុរេប្រវត្តិសាស្ត្រ ។
ហេតុដែលនាំឱ្យ អ្នកស្រាវជ្រាវខ្មែរសន្និដ្ឋានថា ជាសំណង់វប្បធម៌បុរេប្រវត្តិសាស្ត្រ ព្រោះគេបានជួបប្រទះនូវលលាដ៍ក្បាល និងឆ្អឹងក្របីតាមស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើន ។
ម្យ៉ាងទៀតជួនកាលនៅ សម័យប្រវត្តិសាស្ត្រនគរភ្នំពីស.វ.ទី ១ ដល់ទី ៦ នៃគ.ស គេតែងតែឃើញនូវស្លាកស្នាមនៃពិធីបូជានោះ ដូចជាឆ្អឹងដែលគេចោលក្នុងអណ្តូង ឬកប់ក្នុងដី ឬស្ថានីយនានានៅក្នុងស្រុកអង្គរបុរីជាដើម ។ សរុបសេចក្តីមក វត្តមាននៃពិធីបូជាក្របីនៅលើជញ្ជាំងប្រាសាទខ្មែរ ជាវត្ថុសញ្ញាមួយបង្ហាញនូវចំណាស់ ក៏ដូចជាភាពសំយោគវប្បធម៌-អរិយធម៌ខ្មែរ នាសម័យអង្គរ (ម.ត្រាណេ) ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.