ពុទ្ធទំនាយអំពីកុកនិងខ្លា
ផ្គរលាន់ទិសបូព៌ាសូរសណ្តុក-----អ្នកតាម្ចាស់ស្រុកឱបដៃយំ
កំពឹសឡើងពងលើកំពូលភ្នំ-----ក្អែកសសម្ងំក្នុងគុម្ពត្រែង ។
ពោធិព្រឹក្សរិលគល់ពុំចាក់ឫស-----ពស់វែកត្រាំពិសគ្រប់កន្លែង
ក្របីលាក់ខ្លួនពួនសម្រួចស្នែង-----រាជហង្សហើរស្វែងកាច់សម្បុក ។
ពពេចក្រាបពងក្រោមគង្គារ-----ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក
អ្នកផងឃើញហើយខំរើសទុក-----ដំណរទៅមុខទើបដឹងខ្លួន ។
ស្វាក្រេះក្រញ៉ឹងប្រឹងហាត់គុន-----លុះឃើញសេះលន់ទើបរត់ពួន
កុកស-កវែងរែងអួតខ្លួន-----ថាដឹងចំនួនត្រីក្នុងទឹក ។
កុកសាប់រកស៊ីដោយវាលត្រាញ់-----ស្រស្រាក់ស្រស្រាញ់ពុំមានភ្លឹក
កុកគ្រោងយោងខ្លួនដើរកាត់ទឹក-----ចាប់ត្រីរាល់ព្រឹកគ្មានមេត្តា ។
ខ្លាញីរកស៊ីដោយសំសាន្ត-----លាក់ប្រាណសម្ងំចាំសាសនា
លុះឮផ្គរលាន់សប់ទិសា-----ទើបខ្លាយាត្រាពីក្នុងព្រៃ ។
សត្វកុកនិងខ្លានៅដោយខ្លួន-----មិនដែលជួបជួនគ្នាឡើយណី
បើជួបកាលណាអស្ចារ្យក្រៃ-----គ្រប់សាសន៍ដទៃភ័យមិនខាន ។
ត្បិតអ្នកទាំងពីរសឹងកោងកាច-----អួតអាងអំណាចតែរៀងបា្រណ
មានឫទ្ធិចេស្តាពន់ប្រមាណ -----សឹងហៅក្លាហានឥតឧបមា ។
ឥឡូវសូមសួរអ្នកទាំងឡាយ-----ចិត្តស្ម័គ្រមេត្រីចូលខាងណា
តើចូលខាងកុកឬខាងខ្លា----- អ្នកមានបញ្ញាទើបថាត្រូវ ៕