ពើងតាខុ
ព័ត៌មានទូទៅ
[កែប្រែ]រូបភាពតូច ព្រៃឈើបៃតងខ្ចី រំលេចនូវថ្មធម្មជាតិ និងខ្លះរាយប៉ាយនៅខាងក្រោម គឺជាទស្សនីយភាពដ៏គួរឱ្យទាក់ទាញមួយមើលពីពើងតាខុ ឬពើងជ្រួញ ដែលទើបត្រូវបានបើកឲ្យចូលកម្សាន្តកាលពីឆ្នាំ២០១៨។ ផ្ទាំងថ្មធំសម្បើមលយចេញពីជួរភ្នំ មានផ្ទៃធំទូលាយល្មមអាចឲ្យភ្ញៀវទេសចរ ដែលធ្វើដំណើរឡើងទៅលើខ្នងភ្នំគូលែន ឬឈ្មោះដើម មហេន្ទ្របព៌ត អាចឆៀងចូលគយគន់ទិដ្ឋភាពស្រស់ត្រកាលនៃសម្រស់ធម្មជាតិមួយផ្នែកនៃអតីតរាជធានីបុរាណរបស់កម្ពុជាមួយនេះ។ ទីនេះ ក៏ជាចំណុចស័ក្តិសមបំផុតសម្រាប់ការថតរូបដ៏ពេញនិយម ដែលបង្ហាញពីភាពស្រៀវខ្លួនផងដែរ។ ធ្វើដំណើរពីជើងភ្នំនៅត្រង់ចំណុចបង់ប្រាក់ប្រមាណ ៣ គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងចូលមកដល់ច្រកចូលពើងតាខុ ឬពើងជ្រួញ ដែលមានដាក់ស្លាកសម្គាល់នៅឆ្វេងដៃ ដោយត្រូវបន្តដំណើរកាត់ព្រៃចម្ងាយ ៥០ម៉ែត្រ ទើបទៅដល់ទីនោះ។ នៅពេលរាត្រី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួន ច្រើនមកអាំងសាច់ គយគន់ផ្កាយ បោះតង់សម្រាកលេងកម្សាន្តនៅទីនោះយ៉ាងមានសុវត្ថិភាពផងដែរ តែកុំបោះចោលសំរាមបែបអណាធិបតេយ្យឲ្យសោះ។ ភ្នំគូលែន ជាអតីតទីក្រុងបុរាណ ដ៏អច្ឆរិយៈ និងល្បីល្បាញមួយនាសម័យអង្គរ ស្ថិតនៅទិសឦសាន ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ភ្នំគូលែន សម្បូររមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើនកន្លែង ដែលបាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត និងសិក្សាស្រាវជ្រាវជាហូរហែ[១]។
ឯកសារយោង
[កែប្រែ]- ↑ ដកស្រង់ពី www.postkhmer.com