រឿងស៊ឹមអ្នកបរឡាន (វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ)
- ម៉ោងប៉ុន្មានហើយ? មកចាំខ្ញុំយូរហើយឬ? ម៉េងបានសួរទៅស៊ឹមដែលកំពុងតែឈរមើលម៉ាស៊ីនបូមដី នៅត្រង់ផ្លូវបែលហ្ស៊ិក និងផ្លូវស៊ីសុវត្ថិ។
- មកមួយស្របក់ហើយ។ម៉ោង៨ជាងកន្លះហើយ។ព្រឹកនេះមេឃស្រទំជាប់។
- ខ្ញុំមិនយឺតទេ បើដូចនោះ តស់យើង ទៅផ្ទះមីងប្រេម។
- ផ្ទះគាត់នៅឆ្ងាយពីទីនេះឬ?
- នៅឆ្ងាយដែរ។នៅកន្លែងគាត់ធ្វើការឯណោះ។អាទិត្យមុនគាត់នៅខាងលិចម៉ាស៊ីននេះចម្ងាយប្រហែល២០០ម៉ែត ជាមួយនឹងគូលីរទេះភ្លើងចាក់ដី។ក្រុងយើងត្រូវតុបតែងកាយទទួលជនបរទេស មកមើលបុណ្យ ម៉្លោះហើយ មីងប្រេម និងក្រុមគាត់ក៏ត្រូវបែកគ្នាចេញពីទីនេះ...។ណ្ហើយ កុំមើលម៉ាស៊ីនយូរពេក យើងត្រូវឆាប់ទៅ កុំឲ្យមីងប្រេមទន្ទឹងមើលផ្លូវ...។
ថាហើយម៉េង និងស៊ឹមបានឡើងកង់មួយម្នាក់ ជិះតាមផ្លូវបែលហ្ស៊ិកទៅឯជើង ម្ភៃនាទីក្រោយមកគាត់បានចូលទៅក្នុងភូមិមួយ មានផ្ទះពីរខ្នងធំៗ សង់មិនទាន់ហើយ។ម៉េងបាននាំស៊ឹមដើរសំដៅទៅពពួកខ្ទមគូលី ហើយចង្អុលប្រាប់ស៊ឹមថា៖
- ស៊ឹម នេះផ្ទះមីងប្រេម។ឃើញគាត់ទេ កំពុងតែរៀន...។
ម៉េង និងស៊ឹមបានទៅដល់ផ្ទះមីងប្រេម។គេបានសួរសុខទុក្ខគ្នារួចហើយ មីងប្រេមអញ្ជើញភ្ញៀវឲ្យចូលទៅក្នុងខ្ទមគាត់ដែលចុះតែកូនគ្រែតូចមួយ។គ្រែនេះជាកន្លែងដេករបស់មីងប្រេម នាងប្រុញ និងអាប្រាជ្ញកូនតូចគាត់។គ្រែនេះជាកន្លែងទទួលភ្ញៀវ ហើយនៅពេលភ្ញៀវចេញ គ្រែនេះក៏ក្លាយទៅជាកន្លែងបាយទៀត។នៅក្រោមគ្រែមានឆ្នាំងដី ពាងក្រឡ លាយឡំចម្រុះនឹងចានគ្រើមបីបួន។មីងប្រេមបានហៅនាងប្រុញឲ្យយកអាប្រាជ្ញមកឲ្យគាត់ ហើយបង្គាប់ឲ្យរកថ្នាំដាក់ជូនម៉េង និងស៊ឹម។បន្ទាប់មកគាត់និយាយ៖
- ស្មានតែមិនអញ្ជើញមក ខ្ញុំចាំមើលផ្លូវតាំងពីព្រឹក...។
- មិនមកឯណាបាន ខ្ញុំនឹកមីងណាស់។ស៊ឹមបានតប។មីងរៀនចេះច្រើនហើយ មើលទៅបែបឧស្សាហ៍...។
- មិនទាន់ចេះទេ ទើបតែរៀនដល់បំបែក។តាំងពីខ្ញុំស្តាប់អ្នកនិយាយយប់ថ្ងៃសៅរ៍មក ខ្ញុំបានឆ្លៀតរៀនជាប់។នាងប្រុញក្មួយខ្ញុំមើលសៀវភៅដាច់ខ្លះ វាបានរៀនដល់ថ្នាក់ទី៣នៅស្រុកខ្ញុំ។រាល់យប់វាបានដាក់ច្បាប់ឲ្យខ្ញុំ... ខ្ញុំរៀនទៅទៀត។
- យើងដើរផ្លូវត្រូវហើយ។ម៉េងបានបន្ថែម។
- វិញ្ញាណខ្ញុំ វាមិនមូលក្នុងការរៀនសូត្រសោះ។វាប្រេះបែកខ្ញែកមួយរយជំពូក។មីងប្រេមបានថ្លែងទុក្ខ។ខ្ញុំពិបាកជាប់ ព្រួយជាប់ ពិបាកកាយ ដោយខ្ញុំមិនសូវជាពិបាកចិត្តដោយមិនដឹងជាទៅនៅឯណាប្រាកដ ដល់អស់ការធ្វើនៅទីនេះ។
- មីងគ្មានបងប្អូនទេឬ នៅភ្នំពេញ? ស៊ឹមបានសួរ។
- មានដែរ តែឯងក្រមិនហ៊ានទៅបៀតគេឡើយ។អាប្រាជ្ញកើតមកបានជិតមួយខួប ប្តីខ្ញុំត្រូវគ្រាប់ស្លាប់នៅឱកាសដែលបារាំងទៅព័ទ្ធភូមិដុតផ្ទះអស់ពីរខ្នង។អាកូនបងខ្ញុំបាន១៨ឆ្នាំ ពេលនោះភ័យពេក រត់បាត់ទៅ មិនដឹងជាស្លាប់ឬរស់ទេ។ខ្ញុំចេញពីភូមិកំណើតជិតបួនឆ្នាំហើយ... ពិបាកណាស់នៅស្រែនោះ...។
- មកភ្នំពេញមីងនៅឯណា?
- ខ្ញុំនៅស៊ីឈ្នួលគេក្នុងគ្រួសារ។ខ្ញុំបម្រើគេ យកតែបាយចិញ្ចឹមអាប្រាជ្ញខ្ញុំ កាលនោះវាមានអាយុជាងមួយខួប។
- មីងចេញមកធ្វើគូលីហាងយូរហើយ?
- ចាស៎ ជាង៦ខែហើយ។តាំងពីមីក្មួយខ្ញុំនេះ វាមកនៅជាមួយ។មីនេះ ម៉ែឪវាស្លាប់ចោលអស់ទៅ រកអ្វីរៀនគ្មាន បានជាវារត់មកនៅជាមួយខ្ញុំ។វាទើបតែបានអាយុ១៣ឆ្នាំ...។ពិបាកណាស់ឯងក្រនោះ។គ្មាននរណាមើលឃើញឡើយ។ឥឡូវខ្ញុំនៅតែសម្បកខ្លួនប៉ុណ្ណឹងទេ។ថ្ងៃណាឈឺធ្វើការមិនកើត មុខជាដាច់ពោះហើយ។មិនដឹងជារកស៊ីអ្វីឲ្យបានសល់ទុកដាក់នឹងគេឡើយ ធ្វើការញើសជាទឹក នៅតែខ្វះជានិច្ច។មួយរៀលច្រៀកជាមួយរយចំរៀក នៅតែខ្វះទៀត។ប្រាក់បើកថ្ងៃសៅរ៍មិនដែលសល់ដល់អង្គារទេ។ទំនិញសព្វគ្រប់ឡើងថ្លៃ...។បើចេះតែយ៉ាប់ទៅៗដូចនេះ តើយ៉ាងណាទៅ។ណាអាណិតមីប្រញមិនទាន់ដល់អាយុផង ក៏ខំមកកាប់ជញ្ជូនដីនឹងគេ។
- មានតែយើងទេដែលចេះស្គាល់ទុក្ខវេទនាក្រុមយើង។ស៊ឹមបានកាត់។
- មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរកាន់ជើងយើង។ម៉េងបានបន្ថែម។
- មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរ តែចំនួនតិចតួចណាស់។ស៊ឹមបានប្រកែក។សំខាន់គឺយើងត្រូវពឹងលើកកម្លាំងយើង ដូចជានៅក្នុងកន្លែងធ្វើការនេះដែលមានគូលីជាប់១០០នាក់ យើងត្រូវចាត់តាំងបង្ហាត់បង្រៀនគ្នាឲ្យចេះរៀនសូត្រ ឲ្យចេះមើលកាសែត។នៅស្រុកប្រជាធិបតេយ្យពិតប្រាកដ ក្នុងហាងដូចជាយើងនេះ សុទ្ធតែមានសមាគម ឬសហជីពការពារក្រុមអ្នកធ្វើការ ហើយដឹកនាំអ្នកធ្វើការឲ្យចេះការពារកម្លាំងរបស់ខ្លួន...។រាល់ជាង រាល់គូលី សុទ្ធតែបានមើលកាសែតចេះដឹងរឿងនយោបាយក្នុងស្រុក និងក្រៅស្រុក...។
- ក្រជិតងាប់ មាត់ជិតស្លាប់ មានលុយមានពេលឯណាទិញកាសែតមើល។មីងប្រេមបានប្រកែក។
- បើម្នាក់ៗស្ម័គ្រចិត្តសន្សំប្រាក់កាក់មួយអាទិត្យ ចូលទិញកាសែតក្នុងកន្លែងយើងនេះ យើងអាចទិញកាសែតមួយថ្ងៃៗ បានពីរសន្លឹក ហើយនៅសល់ទិញសៀវភៅចែកគ្នាមើល ឬជួយអ្នកឈឺថ្កាត់ខ្លះទៀតផង...។
- យើងកំពុងតែគិតដែរ រឿងនេះ។ម៉េងបានតប។ឥឡូវជាង និងគូលីចូលចិត្តនិយាយពីការរស់នៅ ពីសមាគមណាស់...។បើស៊ឹមឯងចង់ស្គាល់ពួកយើងប្រែខុសពីដើមយ៉ាងណា សូមមកលេងថ្ងៃធ្វើការ ពេលនេះកាន់តែថ្ងៃហើយ យើងល្មមលាមីងប្រេម។
ស៊ឹមបានចោលភ្នែកមើលនាឡិកាដៃ គាត់លោជាភ្ញាក់លាន់មាត់ថា "យី ម៉ោងជិត១១ហើយ ថ្ងៃហើយ តស់យើងទៅម៉េង! ថ្ងៃក្រោយសឹមជួបទៀត តែសូមមីងបន្តការរៀនសូត្រទៅទៀត។ស្រុកយើងចម្រើន ទាល់តែមីង ទាល់តែយើងទាំងអស់គ្នាមានផ្ទះ មានសម្លៀកបំពាក់គ្រប់គ្រាន់ឡើង" ។