ព្រះចៅសង់ស៊ីខាន់

ពីវិគីភីឌា

ជីវប្រវត្តិព្រះចៅសង់ស៊ីខាន់[កែប្រែ]

កាលនៅកុមារព្រះអង្គមានព្រះនាមថា តេមុតស៊ីន(បុត្រច្បងក្នុងចំណោមបុត្រទាងបួន)។ ព្រះបិតានាម យេស៊ូហ្គៃ ជាព្រះញាតិវង្សនៃអាណាចក្រម៉ុងហ្គោល ដែលត្រូវពួកតាតារ និងពួកគីតាត់កម្ទេចឱ្យសាបសូន្យនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១២។ ព្រះមាតានាម អ៊ូលុន មានដើមកំណើតនៅកុលសម្ព័ន្ធមែគីត។ យេស៊ូហ្គៃជាមេកុលសម្ព័ន្ធគីយ៉ាត់ ដែលជាចំណែកមួយនៃអាចក្រម៉ុងហ្គោល ដែលនៅមានមហិទ្ធិឬទ្ធីគ្រាន់បើជាងគេ ក្នុងចំណោមកុលសម្ព័ន្ធម៉ុងហ្គោលនានានៃសម័យនោះ។ លុះពេលព្រះអង្គមានព្រះជន្មបាន ១១វស្សាគឺបិតាយេស៊ូហ្គៃ បានសោយទីវង្គតកុលសម្ព័ន្ធគីយ៉ាត់ក៏សឹងតែរលាយបាត់រូប។ លុះធំពេញវ័យព្រះរាជកុមារប្រកបដោយថាមពលទាំងបញ្ញាវាងវៃផង។ គ្រួសារគីយ៉ាត់ចេះតែរីកដុះដាលចម្រើនឡើងដែរ។ ឃើញដូចនេះពួកអភិជនគីយ៉ាត់ចាស់ៗពិសេសពួលតៃស្វីតក៏នឹកភ័យខ្លាច ម្យ៉ាងក្រែងអំណាចនៃកុលសម្ព័ន្ធនេះវាតទីទំលំទូលាយដូចជំនាន់បុព្វបុរសមុន ម្យ៉ាងទៀតខ្លាចការសងសឹងព្រះអង្គតេមុតស៊ីនចំពោះខ្លួនផង គេក៏សម្រេចចិត្តចូលរួមគ្នាកម្ចាត់ព្រះអង្គតេមុតស៊ីនចោល។ ក្រោយពីពួកព្យាបាទចាប់យកទៅធ្វើទារុណកម្មអស់មួយរយៈមក ព្រះអង្គបានរស់រួចខ្លួន។ កុលសម្ព័ន្ធក្រោមកិច្ចដឹកនាំរបស់ព្រះអង្គតេមុតស៊ីនបានរីកលូតលាស់ជាលំដាប់ ហើយតែងស្វែងបង្កើតមិត្តភាពជាមួយកុលសម្ពន្ធផ្សេងៗជាច្រើន។ លុះពេលបានព្រះជន្ម ២០វស្សាព្រះអង្គចាប់ផ្តើមវាយបង្ក្រាបកុលសម្ព័ន្ធនានានៃភូមិភាគម៉ុងហ្គោលបានច្រើន។ នៅឆ្នាំ១២០៦ ក្រុមប្រឹក្សាអភិជនកុលសម្ព័ន្ធទាំងអស់បានធ្វើមហាសន្និបាត ដើម្បីប្រកាសព្រះអង្គតេមុតស៊ីនជាអធិរាជ ក្នុងគោរម្យនាមថា ព្រះចៅសង់ស៊ីខាន់។ ក្រោយមកព្រះចៅសង់ស៊ីខាន់ផ្តើមវាយដណ្តើមយករដ្ឋនានា ដោយបង្កើតជាចក្រភពមួយដ៏សម្បើម ដែលមានទិតាំងនៅលើទ្វិបអាស៊ីខាងជើង ព្រំប្រទល់ខាងកើតទៅដល់ប៉េកាំង ខាងលិចដល់អ៊ុយក្រែនក្នុងសហភាពសង្គមសូវៀត[១]

ឯកសារយោង[កែប្រែ]

  1. សៀវភៅ សិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី១៩១