Jump to content

ព្រះពុទ្ធសាសនា​នៅ​កូរ៉េ

ពីវិគីភីឌា

ប្រមាណ ១៦០០ ឆ្នាំកន្លងទៅហើយ នៅពេល ដែលប្រទេសចិនបែកបាក់ជាក្រុមផ្សេង ៗ រួមដល់ទៅ ១៦ រដ្ឋ ។ គ្រានោះ ឈូងសមុទ្រកូរ៉េ ប្រកបដោយអាណាចក្រធំ ៗ ៣ អាណាចក្រ គឺ អាណាចក្រ កោគុរិអូ ប៉ីកៈជេ និង សិល្លា ។ អាណាចក្រទាំង ៣ នេះបានប្រកួតប្រជែងដណ្តើមអំណាច និង ធ្វើសង្រ្គាមដាក់គ្នាដើម្បីដណ្តើមភាពជាធំ ក្នុងទង្វើនេះ អាណាចក្រកោគុរិអូ បានដំណើរសម្ព័ន្ធមេត្រីវិទេសោបាយជាមួយអាណាចក្រចៀនចីន ជាអាណាចក្រមួយ ក្នុងចំណោមអាណាចក្រចិនទាំង ១៦ រដ្ឋ និង បានទទួលការឧបត្ថម្ភក្នុងការប្រយុទ្ធជាមួយរដ្ឋផ្សេង ៗ ។

គ្រាមួយអាណាចក្រកោគុរិអូ (ហៅម្យ៉ាងទៀតថា កូម៉ា) គង់មានសង្ឃឹមថា ពង្រឹងសម្ព័ន្ធមេត្រីនោះឲ្យមានភាពរឹងមាំឡើងថែមទៀត ទើបបានបញ្ជូនរាជទូតទៅកាន់ រាជសំណាក់ចៀនចិន ក្រាបទូលសូមអារាធនាព្រះភិក្ខុសង្ឃ ទៅប្រោសសត្វនៅអាណាចក្រកោគុរិអូ ។ ព្រះតេជគុណសាសនទូតស៊ុនតៅ បាននិមន្តមកផ្សព្វផ្សាយពុទ្ធធម៌ នៅដែនដី ដែលក្នុងបច្ចុប្នន្នហៅថា កូរ៉េ ព្រមជាមួយព្រះគម្ពីរ និង ព្រះពុទ្ធរូបជាដើម ដែលជាសក្ការៈវត្ថុដ៏សំខាន់នៃព្រះពុទ្ធសាសនា ។ ហេតុការណ៍នេះកើតឡើងនៅពុទ្ធស័ករាជ កន្លងទៅបាន ៩១៥ ឆ្នាំ ចាត់បានថាជាចំណុចចាប់ផ្តើមនៃប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា ក្នុងប្រទេសកូរ៉េ ។ ពុទ្ធធម៌ ដែលព្រះសាសនទូតបាននាំចូលមកផ្សព្វផ្សាយ បានរីកសាយភាយនៅក្នុងចំណោមជនជាតិកូរ៉េ និង បានទទួលសេចក្តីគោរពយ៉ាងលឿន ក្នុងរយៈវេលាត្រឹមតែ ២០ ឆ្នាំ ក៏បានឃើញផលច្បាស់ប្រាកដ នៃការប្រតិស្ឋានភាពសន្តិសុខរបស់ព្រះពុទ្ធសាសនា ដោយសម្តែងឲ្យឃើញក្នុងរូបភាពនៃវត្ថុ ត្រឹមតែក្នុងរដ្ឋធានីមួយកន្លែង មានវត្តពុទ្ធសាសនាដល់ទៅ ៩ វត្ត ។

នៅពេល ដែលព្រះពុទ្ធសាសនាផ្សាយចូលមកកាន់អាណាចក្រកោគុរិអូបានប្រមាណ ១៣ ឆ្នាំហើយ ផ្នែកខាងអាណាចក្រប៉ីកៈជេ (ហៅម្យ៉ាងទៀតថា កុដារា) ក៏បានស្វាគមន៍ទទួលព្រះជនជាតិឥណ្ឌានាមថា មរនន្ទៈ ចូលទៅផ្សព្វផ្សាយពុទ្ធធម៌ក្នុងដែនដីរបស់ខ្លួន ខ្លះ ។ ព្រះពុទ្ធសាសនាក្នុងអាណាចក្រនេះ បានចំរើនរុងរឿងឡើងយ៉ាងច្រើន រហូតដល់បានក្លាយជាសាសនាប្រចាំជាតិ និង បានបញ្ជូនសាសនទូតចេញទៅផ្សព្វផ្សាយដល់ប្រទេសជប៉ុន តែវេលាបន្ទាប់មក គោលធម៌ប្រៀនប្រដៅ និង ការបដិបត្តិ បានវៀចវេក្លាយទៅជាលទ្ធិបែបពិធីកម្មផ្សេង ៗ , យកចិត្តទុកដាក់ត្រឹមតែការកសាង និង ការផ្សព្វផ្សាយ ក្នុងដែនដីដទៃ រហូតដល់អាណាចក្រអន់ថយសាបសូន្យ នៅពេលបន្ទាប់មក ក៏គង់នៅសេសសល់ត្រឹមតែសិល្បៈវត្ថុ ដូចជាព្រះពុទ្ធរូប ចេតិយ និង វត្តវាអារាមជាសក្ការៈជាដើម។

ផ្នែកខាងអាណាចក្រសិល្លា (ហៅម្យ៉ាងទៀតថា ជិរាគិ) មេដឹកនាំព្រះពុទ្ធសាសនាចូលទៅ មិនមែនជាអ្នកគ្រប់គ្រងប្រទេសជាតិដូចជាអាណាចក្រទាំងពីរខាងដើមនោះទេ គ្រាន់តែកើតចេញពីជំនឿរបស់ប្រជាជន ដែលផ្សាយចេញទៅជាហេតុជម្រុញ ។ តាមតម្រាពេលថា ព្រះសង្ឃចិនព្រះ នាមថា អាតៅ បាននិមន្តមកកាន់អាណាចក្រកោគុរិអូ ហើយផ្សព្វផ្សាយព្រះពុទ្ធសាសនាដល់ប្រជាជន។ ដំបូងអ្នកមានសទ្ធាត្រូវរារាំង និង គាបសង្កត់យ៉ាងខ្លាំង តែទីបំផុតការប្រើអំណាច ក៏ត្រូវបានបរាជ័យចំពោះសទ្ធាដ៏រឹងមាំរបស់ប្រជាជន ព្រះមហាក្ស័ត្រកបានសម្រេចព្រះទ័យបែរមកឧបត្ថម្ភគាំ ទ្រព្រះពុទ្ធសាសនា រហូតដល់ចាត់ជាសាសនាប្រចាំជាតិ ដោយសម្លឹងមើលឃើញនូវប្រយោជន៍ជានយោបាយនៃការគ្រប់គ្រងប្រទេសជាតិ ដើម្បីសាងនូវភាពរួបរួមរឹងមាំ និង ភាពចំរើនរុងរឿងដល់ប្រជាជាតិ ព្រោះពាក្យប្រៀនប្រដៅផ្នែកខាងព្រះពុទ្ធសាសនា ជាគ្រឿងផ្តល់ការសិក្សាដល់ប្រជាជន និង ជាគ្រឿងលើកស្ទួយចិត្តគំនិតប្រជាជន សាងភាពសាមគ្គីព្រមព្រៀងឡើងនៃជាតិ ។

កាលបន្ទាប់មក ពុទ្ធស័ករាជកន្លងទៅ ១២០០ ឆ្នាំ អាណាចក្រសិល្លាបានទទួលជ័យជំនះ បង្រួបបង្រួមអាណាចក្រទាំង ៣ ចូលតែមួយ ។ ខនេះជាហេតុនាំឲ្យកើតការចំបាច់ ដែល នឹងត្រូវសាងមូលដ្ឋាន ដែលនឹងទ្រទ្រង់នូវឯកភាពគ្នាដើម្បីសន្តិសុខរបស់ប្រទេសជាតិ ដោយឲ្យមានភាសានិយាយតែមួយ និង មានសាសនាសម្រាប់ជាគោលសទ្ធា និង ទស្សនគតិតែមួយ ទោះបីភារៈកិច្ចទាំងនេះ ក៏ត្រូវអាស្រ័យព្រះភិក្ខុសង្ឃជាអ្នកដំណើរទៅទស្សនាសំណាក់ និង វត្តសំខាន់ ៗ ទូទាំង ៣ អាណាចក្រខាងដើម បានរួបរួមនាំយកគម្ពីរ និង តម្រាបតម្រាផ្សេង ៗ មកចាត់ទម្រង់រូបបែបសាជាថ្មី ឲ្យសម្ព័ន្ធចូលជារបបបែបផែនតែមួយ ។

នៅពេល ដែលប្រទេសជាតិរួមជាបែបផែនតែមួយរួចហើយ ព្រះពុទ្ធសាសនា និង សិល្បៈវប្បធម៌ ក៏រុងរឿងកាន់តែខ្លាំងឡើង ។ ការសិក្សាគោលធម៌ក៏បានរីកសាយភាយចេញទៅគ្រប់ទិស ពុទ្ធសាសនិកជនក្នុងក្រុម តំបន់និមួយ ៗ នាំគ្នាសិក្សាព្រះធម៌ពីតាមអធ្យាស្រ័យផ្សេងគ្នា ។ ការសិក្សាផ្តោតសំខាន់ក្នុងផ្នែកណា ក៏ត្រូវផ្តោតសំខាន់ការយល់ដឹងក្នុងផ្នែកនោះ ជាហេតុនាំឲ្យមានការបំបែកនិកាយផ្សេង ៗ ជាច្រើន ដោយសំខាន់មាន ៥ និកាយ ដូចជា និកាយ ដែលសិក្សាជាពិសេសក្នុងរឿងខ្លឹមសារនៃនិព្វាន ក៏បានបែកចេញជានិកាយមួយដែរ ។ អ្នកសិក្សា ដែលផ្តោតសំខាន់ផ្នែកខាងព្រះ វិន័យ ក៏បំបែកជានិកាយវិន័យជាដើម ។

សិល្បកម្ម និង ស្ថាបត្យកម្មផ្សេង ៗ ក៏ចំរើនរុងរឿងកើនឡើង ព្រះភិក្ខុសង្ឃ មានការរួមចំណែកក្នុងកិច្ចការប្រទេសជាតិ ដោយជួយទំនុកបំរុងឲ្យមានភាពរួបរួមឲ្យរឹងប៉ឹង ផ្នែកខាងប្រទេស ជាតិក៏បានថ្វាយការឧបត្ថម្ភដល់ភិក្ខុសង្ឃ ដូចជាការរចនាគម្ពីរសាសនាជាចំនួនច្រើនជាង ៥ ហ្មឺនក្បាលជាដើម ។ ទោះបីការបោះពុម្ពព្រះត្រៃបិដក ១៦០០០ ទំព័រ ដោយការចារឹកនៅលើផ្ទាំងឈើ ជារបស់ថ្មីនៃប្រវត្តិសាស្រ្ត ក៏សម្រេចបានដោយព្រះរាជូបត្ថម្ភ ។ ភាពចំរើនរុងរឿងរបស់ព្រះពុទ្ធសាសនាបានប្រព្រឹត្តិទៅដោយល្អ រាប់ចាប់តាំងពីដែនដី ដែលបានបែងចែកជា ៣ អាណាចក្រ រហូតដល់រួមគ្នាបានក្នុងអាណាចក្រសិល្លា ។

តមកក្នុង ព.ស. ១៤៧៨ អាណាចក្រសិល្លា បរាជ័យចំពោះ វាំង កន អ្នកបង្កើតរាជវង្ស នៅសង្គោ (បច្ចុប្បន្ន ក៊ី សង ) និង ស្ថាបនាដែនដីកូរ៉េ ក្នុងនាមថ្មីថា អាណាចក្រកូរិអូ (Koryo) ដែលជាកំណើតនែពាក្យថា កូរ៉េ (Korea)បច្ចុប្បន្ន រហូតដល់រាជវង្សនេះ ។ ផែនដីនេះ មិនសូវមានភាពសុខស្ងប់ និង ភាពចំរើនរុងរឿងប៉ុន្មានទេ ទោះជាយ៉ាងនោះក៏ដោយ ព្រះពុទ្ធសាសនាក៏ឋិតនៅយ៉ាងគង់វង់អស់រយៈកាល ៤៥៧ ឆ្នាំ ។

នៅពុទ្ធសករាជកន្លងទៅហើយបាន ១៩៣៥ ឆ្នាំ ផែនដីកូរ៉េបានប្តូររាជវង្សថ្មី មួយវារៈទៀត រាជវង្សសោសនប្រាថ្មានឹងស្តារលទ្ធិ ខុងចឺ ឲ្យទៅជាសាសនាប្រចាំជាតិ ទើបគាបសង្កត់ព្រះពុទ្ធសាសនាយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យព្រះសង្ឃ ចាំបាច់ត្រូវគេចខ្លួននៅស្ងប់ស្ងៀមតាមជនបទ និង ព្រៃភ្នំ ក្នុងរយៈវេលាយ៉ាងយូររហូតដល់ទៅ ៥១៨ ឆ្នាំ នៃរាជវង្សនេះ, មានការឈ្លានពានពីបរទេសគឺ ជនជាតិចិន និង ជប៉ុន បើទោះបីព្រះសង្ឃមានតួនាទី ក្នុងការពារប្រទេសជាតិ ដល់ថ្នាក់ ចេញជួយប្រយុទ្ធ និង ឋិតនៅក្នុងយាមស្ងប់ នឹងបានជួយសង្រ្គោះសង្គមផ្សេង ៗ ជាការជួយប្រទេសជាតិយ៉ាងច្រើន ប៉ុន្តែក៏មិនបានធ្វើឲ្យព្រះរាជវង្សបែរមកទ្រងទ្រង់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដនោះឡើយ រហូតដល់រាជវង្សនេះមានព្រះមហាក្សត្រត្រឹមតែពីរព្រះអង្គ គឺព្រះបាទ សេសង អង្គបង្កើតអក្សរកូរ៉េ និង ព្រះបាទសេចូ ប៉ុណ្ណោះ ដែលបានឧបត្ថម្ភព្រះពុទ្ធសាសនា ដោយការចាត់ឲ្យមានការប្រែគម្ពីរព្រះពុទ្ធសាសនាពីភាសាចិនមកជាភាសាកូរ៉េ ។ ព្រះមហាក្សត្រដទៃក្រៅពីនេះ ទាំងមុន និង ក្រោយ ទ្រង់សុទ្ធសឹងតែគាបសង្កត់ព្រះពុទ្ធសាសនាទាំងអស់ ។ ព្រះភិក្ខុសង្ឃ ទើបគ្រាន់តែបំពេញតួនាទីរក្សាពុទ្ធវចនៈ និង សិល្លបៈវប្បធម៌ទុក ឲ្យបានជាកេរ្តិ៍មត៌កបន្សល់ទុកដល់ជនជំនាន់ក្រោយតែប៉ុណ្ណោះ ។

ក្នុង ព.ស. ២៤៥៣ ដែនដីកូរ៉េបានធ្លាក់ទៅជាចំណែកមួយនៃប្រទេសជប៉ុន រាជវង្សកូរ៉េក៏បាត់បង់ អស់អំណាចទាំងស្រុង ។ ជប៉ុនក៏បានចេញច្បាប់បង្គាប់បញ្ជាគ្រប់គ្រងវត្តអារាម និង បានព្យាយាមកសាងភាពទ្រុឌទ្រោមឲ្យកើតឡើងដល់គណៈសង្ឃ ដូចជាទំនុកបំរុងព្រះសង្ឃឲ្យមានគ្រួសារ និង ទ្រទ្រង់ជីវិតតាមបែបគ្រហស្ថ ទាំងនេះដើម្បីនឹងទំលាយស្មារតីជាតិនិយម ដែលវត្តជួយរក្សានោះឲ្យរលាយទៅ ជានយោបាយលេបត្របាក់ម្យ៉ាង ។

ព្រះពុទ្ធនៅសក់គូរ៊ាំ (Seokguram) ក្នុងប្រទេសកូរ៉េខាងត្បូងជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅអាវសាននៃសង្គ្រាមលោកលើកទី ២ កងទ័ពសូវៀត និង កងទ័ពសហរដ្ឋអាមេរិក បាន ចលនារុករានចូលមកក្នុងដែនដីកូរ៉េ ក្នុង ព.ស.២៤៨៨ ។ សូវៀតបានចូលមកភាគខាងជើង សហរដ្ឋ ចូលភាគត្បូង ការគ្រប់គ្រងរបស់ប្រទេសជប៉ុនបានបញ្ចប់ ហើយដែនដីកូរ៉េ ក៏ត្រូវបានបែងចែកចេញជា ២ ចំណែកគឺ កូរ៉េខាងជើង និង កូរ៉េខាងត្បូងតាំងពីពេលនោះមក ។ ផ្នែកខាងកូរ៉េភាគខាងត្បូង ភ្លាម ៗ នោះក៏បានទទួលឯករាជ្យ ពុទ្ធសាសនិកជាពិសេសព្រះភិក្ខុសង្ឃ ក៏បានចាប់ផ្តើមចលនាក្នុងការជួយជំរះកិច្ចការគណៈសង្ឃឲ្យបានបរិសុទ្ធ ។ ភិក្ខុ និង ភិក្ខុនី (ហៅតាមប្រជាជនកូរ៉េហៅឯង) រាប់ពាន់អង្គបានណាត់ប្រជុំធំ និង បានសម្រេចជាឯក្កច្ឆន្ទនៅខសំខាន់ ៗ គឺ ឲ្យបញ្ឈប់ខបង្គាប់បញ្ជាផ្សេង ៗ ដែលទំនាស់ដល់ព្រះពុទ្ធសាសនា ពង្រាងឡើងក្នុងសម័យជប៉ុនគ្រប់គ្រងទាំងស្រុង ឲ្យលើកលែងតំណែងគ្រប់គ្រងគណៈសង្ឃ រួមទាំងតំណែងខ្ពស់ បំផុត ដែលជាប់តមកតាំងតែសម័យជប៉ុនគ្រប់គ្រង ឲ្យអ្នកកាន់តំណែងទាំងនោះលាលែងទាំងអស់ ឲ្យគណៈសង្ឃមានការគ្រប់គ្រងដោយខ្លួនឯង និង មានការិយាល័យឋិតនៅរដ្ឋធានី ក្នុងខេត្តផ្សេង ៗ បង្កើតឲ្យសភាគ្រប់គ្រងដោយខ្លួនឯង ដោយឋិតនៅក្រោមការត្រួតត្រាបង្គាប់បញ្ជារបស់ការិយាល័យមជ្ឈឹមក្នុងរដ្ឋធានីមួយដំណរទៀត ។ ការិយាល័យមជ្ឈិមនេះ បានចាត់មហាសន្និបាតម្តងទៀតនៅ ព.ស.២៤៨៩ និង បានពង្រាងរដ្ឋធម្មនុញ្ញគ្រប់គ្រងគណៈសង្ឃច្បាប់ថ្មីឡើង សម្រាប់ជាគោលការណ៍គ្រប់គ្រងគណៈសង្ឃទាំងស្រុង។ ការជំរះគណៈសង្ឃឲ្យបរិសុទ្ធិនោះ បានប្រព្រឹត្តិយ៉ាងសកម្ម ទម្រាំធ្វើឲ្យគណៈសង្ឃកូរ៉េជាគណៈសង្ឃ ដែលបរិសុទ្ធិ ព្រះសង្ឃប្រព្រឹត្តិព្រហ្មចារី មិនមានគ្រួសារបាន ក៏ត្រូវមានការតស៊ូគ្នា រហូតដល់ធ្លាក់ខ្លួនស្លាប់ក៏មាន។ ការជំរះគណៈសង្ឃឲ្យបរិសុទ្ធិនេះ បានចំណាយពេលយូរ និង សម្រេចជាស្ថាពរនៅខែ មេសា ព.ស. ២៥០៥ ។

បច្ចុប្បន្ន គណៈសង្ឃកូរ៉េជាគណៈសង្ឃ ដែលឈានមុខទាន់ហេតុការណ៍ ផ្ញាក់រលឹកគ្រប់ ហេតុការណ៍ ព្រមនឹងកែទម្រង់ខ្លួនដើម្បីសេចក្តីចំរើនគង់វង់នៃសាសនា។ កិច្ចការ ដែលព្រះសង្ឃកូរ៉េចាប់អារម្មណ៍ និង បំពេញយ៉ាងសកម្មបំផុតនោះ មិនមានផ្នែកណាច្រើនជាងការសិក្សា ដែលជាការសមស្របជាមួយភាគីជាតិ ។

ការសិក្សាផ្នែកវិជ្ជាបង្គាប់ក្នុងប្រទេសកូរ៉េទើបមានក្នុង ព.ស. ១៤៩២ តែក្នុង ព.ស. ២៥១១ មានស្ថិតិអ្នកអាន និង សរសេរសៀវភៅបានដល់ទៅ ៩៥% មានសាកលវិទ្យាល័យ ដែលប្រកបដោយមហាវិទ្យាល័យ ៦ គណៈឡើងទៅរួម ២០ សាកលវិទ្យាល័យ ។ មានវិទ្យាល័យឯកជនផ្សេង ៗ ៤៨ កន្លែង ដូច ដែលប្រទេសកូរ៉េមានដែនដីត្រឹមតែ ១៤ ខេត្តមានប្រជាពលរដ្ឋ ដែលជំរឿននៅ ព.ស. ២៥០០ ប្រហែល ២២,៥០០,០០០ អ្នក។

មានតារាងស្ថិតិទាក់ទងនឹងចំនួនវត្ត ព្រះសង្ឃ និង ពុទ្ធសានិកជនក្នុងប្រទេសកូរ៉េ ដែលគួរឲ្យចាប់អារម្មណ៍ ដូចតទៅនេះ ៖

  1. វត្តភិក្ខុសង្ឃប្រមាណ ១៤០០ វត្ត
  2. វត្តភិក្ខុនីប្រមាណ៣០០ វត្ត
  3. រួមប្រមាណ ១៧០០ វត្ត
  4. ភិក្ខុ និង សាមណេរ ៨៩២៥ អង្គ
  5. ភិក្ខុនី និង សាមណេរី ៣៣២៦ អង្គ
  6. រួមទាំងអស់ ១២២៥១ អង្គ
  7. ឧបាសក២,៦៥៨,៥៨២ នាក់
  8. ឧបាសិកា១,២២៧,៩១០ នាក់

រួមទាំងអស់ ៣,៨៨៦,៤៩២ នាក់

ក្នុងចំនួនប្រជាពលរដ្ឋកូរ៉េ ២២ លាន ៥ សែននាក់នោះ ភាគច្រើនគោរពព្រះពុទ្ធសាសនា ហើយបណ្តាពុទ្ធសាសនិកជនទាំងនេះ បុគ្គលជាឧបាសក ឧបាសិកា បានដល់ពុទ្ធសាសនិក ដែលមានសទ្ធាមុះមុត ជាសមាជិកនៃអង្គការព្រះពុទ្ធសាសានទៀតផង ។

ការគ្រប់គ្រងគណៈសង្ឃនៃប្រទេសកូរ៉េ មានព្រះសង្ឃរាជជាប្រមុខ និង មានប្រព័ន្ធការងារប្រកបដោយ សមាគមសង្ឃ ដែលមានសមាជិកជាតំណាងព្រះសង្ឃ ៥០ អង្គ ម្យ៉ាងទៀត គណៈកម្មាធិការសើបអង្កេតរក្សារបៀបវិន័យ និង ភាពស្ងប់រៀបរយមួយក្រុម និង ព្រះភិក្ខុសង្ឃជាអ្នកគ្រប់គ្រងកិច្ចការទូទៅនៃព្រះពុទ្ធសាសនា ដែលមានព្រះថេរៈជាអង្គទ្រង់តំណែង ប្រៀបបានជាមួយនឹងសង្ឃនាយក ជាប្រធានមួយគណៈទៀត ។

ក្នុងការគ្រប់គ្រងព្រះពុទ្ធសាសនាទាំងពួងនេះ គណៈសង្ឃមានវត្តជាការិយាល័យមជ្ឈិមរួមតែមួយកន្លែង គឺវត្តជោគេសា ។ ព្រះទ្រង់តំណែងគ្រប់គ្រងដើមឡើយគង់នៅវត្តណាក៏ដោយ តែនៅពេល ដែលបានជាព្រះសង្ឃនាយក និង សង្ឃមន្ត្រីហើយ នឹងត្រូវផ្លាស់ប្តូរមកគង់នៅ ប្រចាំការិយាល័យនាវត្តជោគេសានេះទាំងអស់ ។ តំណែងសម្តេចព្រះសង្ឃរាជ ចាត់ជាដំណែងពិសេស ជាប្រមុខ ដែលគោរពបូជារបស់ពុទ្ធ សាសនិក មិនមាននាទីគ្រប់គ្រងការងារដោយត្រង់ មានសិទ្ធិពិសេស គឺនឹងគង់នៅនាវត្តណាក៏ដោយ និង ត្រូវប្តូរទៅគង់នៅនាវត្តណាមួយក៏ដោយតាមក្តីប្រាថ្នាមិនបានចាត់ថា ទ្រង់គង់នៅក្នុងវត្តណាមួយ នៅ ព.ស. ២៥១១ សម្តេចព្រះសង្ឃរាជលីជុងដ័ម គង់នៅនាវត្តទោស៊ើន នៅលើភ្នំក្នុងក្រុង ស៊ីអូល មានផ្លូវពីជើងភ្នំឡើងទៅដល់វត្តប្រវែងប្រមាណ ២ គីឡូម៉ែត្រ ។ តំណែងគ្រប់គ្រងភិក្ខុនី វត្តនិមួយ ៗ មានភិក្ខុនីចៅអាវាស និង ចៅអាវាសគ្រប់វត្ត ចំណុះចំពោះអង្គការគ្រប់គ្រងរបស់គណៈសង្ឃទាំងអស់ ដោយន័យនេះ ការគ្រប់គ្រងទាំងភាគីភិក្ខុ និង ភិក្ខុនី ទើបរួមចូលតែមួយ ។

ក្នុងភ្នែកខាងការសិក្សា ក្រៅពីមានសាលារៀនបរិយត្តិធម៌សម្រាប់បង្រៀនភិក្ខុ ភិក្ខុនី សាម ណេរ និង សាមណេរីហើយ គណៈសង្ឃកូរ៉េ នៅមានស្ថានទីសិក្សាផ្នែកសាម័ញ្ញកំរិតផ្សេង ៗ ដែលបើកទទួលអ្នករៀនប្រុសស្រីជាទូទៅផង ។ ស្ថានប័នទាំងនេះ មានគ្រហស្ថជាអ្នកគ្រប់គ្រង ឋិតតែនៅក្នុងការគ្រប់គ្រងថែរក្សារបស់គណៈកម្មាធិការផ្នែកខាងការសិក្សារបស់គណៈសង្ឃ ក្នុងព.ស. ២៥១១ ។ ស្ថាប័នសិក្សាទាំងនេះ ចែកចេញជាប្រភេទបានដូចតទៅនេះ ៖

  1. សកលវិទ្យាល័យ និង វិទ្យាល័យ ៣ កន្លែង
  2. សាលារៀនមធ្យមសិក្សា១១ កន្លែង
  3. សាលារៀនអនុវិទ្យាល័យ១៦ កន្លែង
  4. សាលារៀនបឋមសិក្សា៣ កន្លែង
  5. សាលារៀនមត្តេយ្យ៧ កន្លែង

សកលវិទ្យាល័យពុទ្ធសាសនា ដ៏ចាស់បំផុតរបស់ប្រទេសកូរ៉េ មាននាមថា “ដុងកុក” បង្កើតឡើង នៅ ព.ស. ២៤៤៩ ។ បច្ចុប្បន្នមានអ្នកសិក្សាប្រុសស្រីប្រមាណ ៦០០០ នាក់ មានភិក្ខុសាមណេរសិក្សា (ដោយឆ្ពោះក្នុងសកលវិទ្យាល័យព្រះពុទ្ធសាសនា) ប្រមាណ ៦០ អង្គ ភិក្ខុនី ៧ អង្គ ។ មហាវិទ្យាល័យដុងកុកប្រកបដោយវិទ្យាល័យផ្សេង ៗ ៦ វិទ្យាល័យ និង មានសាខាវិជ្ជា ២៧ សាខា ។

នៅ ព.ស. ២៥០៧ គណៈសង្ឃកូរ៉េបានចាប់ផ្តើមបង្កើតគ្រោងការប្រែ និង ចាត់បោះពុម្ពព្រះត្រៃបិដកច្បាប់ភាសាកូរ៉េ ហៅថា “មជ្ឈមណ្ឌលប្រែព្រះត្រៃបិដកកូរ៉េ” ឋិតក្នុងបរិវេណមហាវិទ្យាល័យដុងកុក មានគណៈកម្មការប្រែ ៦៥ នាក់ ។ តាមគ្រោងការនេះ នឹងចាត់បោះពុម្ពព្រះត្រៃបិដកប្រែជាសៀវភៅ ចេញក្នុងមួយខែមួយក្បាល រួមទាំង ២៤០ ក្បាល ក្នុងពេលទាំងអស់ប្រមាណ ៤៥ ឆ្នាំ ។

បច្ចុប្បន្ន ប្រពុទ្ធសាសនាក្នុងប្រទេសកូរ៉េ ជាបែបនិកាយសេន លាយលំដោយសទ្ធាក្នុងព្រះអមិតាភៈពុទ្ធផង ព្រះមេត្តេយ្យពោធិសត្វផង។

ឯកសារយោង

[កែប្រែ]