Jump to content

ព្រះពុទ្ធ​សាសនា

ពីវិគីភីឌា

ពុទ្ធប្រវត្តិសង្ខេប

ព្រះសម្មាសម្ពុទ ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម []

ឯកសារយោង

[កែប្រែ]