ព្រះរាជសម្ភារ
កុំទុកចិតអភិប្រាយ
សេចក្តីផ្តើម
[កែប្រែ]ព្រះរាជសម្ភារ ជារាជកវីបណ្ឌិតពុទ្ធសាសនិក ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដែលមានខ្សែស្រឡាយជាស្តេច ។ ព្រះអង្គទ្រង់ចេះស្ទាត់នូវព្រះត្រៃបិដក ជំនាញទាំងគតិលោក និង គតិធម៌ ហើយបានបន្សល់ទុកស្នាដៃប្រកបដោយគតិបណ្ឌិតសម្រាប់ជាតិខ្មែរ ។ ជាអកុសល ព្រះធម្មរាជបណ្ឌិតអង្គនេះបានទទួលការវិនាសអន្តរាយយ៉ាងទារុណក្រោមអំណាចនៃសេចក្តីស្នេហា ។
ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឱ្យសុខ
ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក
ដ្បិតភរិយាជា ។
បាត់យសដ្បិតខ្ជិល បាត់ញាតិទានសីល ដ្បិតសេពសុរា
ប្រមាថបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា
ប្រាជ្ញពុំស្មើពុត បំរើលំឧត ពុំស្មើក្តីគាប់
មានគុណពុំស្មើ អ្នកមានបុណ្យភ័ព្វ ស្វែងរករៀនច្បាប់
ពុំស្មើចិត្តជា ។
សក្តិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្តា
សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា
កុំឲ្យមើលងាយ ។
បារាំងអប្បលក្ខណ៍ វាចោមបាញ់អ្នក ព្រះរាជសម្ភារ
ពីលើចុងត្នោត ពុំកោតចេស្តា អ្នកយកហត្ថា រារាំងខាំងឃាត់ ។
ទេវតាអើយចង្អៀតចិតអ្វីម្ល៉េះ ជួបចូលខែនេះចេះតែផ្សារ
រសាប់រសល់ខ្វល់ចិន្តា ចង្អៀតឱរាគ្នានហៅស្បើយ ។
ធ្វេសធ្វេវិញ្ញាណគិតកនិដ្ឋា អនិច្ចាវេទនាឱកម្មអើយ
ពុំគួរបើមកដូច្នេះឡើយ ទេព្តាអើយពុំទ្រង់មេត្តាសោះ ។
ឯមនុស្សលោកិយនៅក្នុងដែន សល់សែនហៅពេញឥតសប្បុរស
រីត្រង់ទេវតាដែលទ្រង់យស ប្រែចិន្តាអស់ដូចមនុស្សដែរ ។
រឿងនេះព្រះរាជសំភារក្ស័ត្រ កាលប្រាសព្រាត់អគ្គកនិដ្ឋា
ស្តេចទ្រាំទុក្ខម្នេញពេញឱរ៉ា ក្តៅផ្សាស្ទើរបង់ព្រះជន្មា ។
អនិច្ចាក្សត្រមកក្រុងក្រៃ ព្រះទ័យអាល័យពនិតា
អស់ព្រះជន្មទៅទុកវាចា ឱ្យអគ្គកនិដ្ឋាទតឯក្រោយ ។
វេទនាគ្រានេះព្រះទ័យក្សត្រ ព្រួយព្រាត់ឈឺផ្សាព្រះទ័យផ្ចង់
ឥតអ្នកណាមួយជួយព្រះអង្គ ស្តេចបង់ព្រះជន្មដោយសត្យា ។
នេះជាល្បះកំណាព្យដកស្រង់ចេញពី ច្បាប់ព្រះរាជសម្ភារ ដែលជាស្នាព្រះហស្ថមួយក្នុងចំណោមស្នាព្រះហស្តជាច្រើនរបស់ព្រះអង្គ ដែលរហូតមកដល់ពេលនេះបានខូចខាតបាត់បង់ជាច្រើន ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់នូវយុគៈ និង របត់ដែលមិនអនុគ្រោះ ។
ស្នាព្រះហស្ថ
[កែប្រែ]1. លិខិតផ្ញើទៅព្រះម៉ែ យួរវតី
2. កំណាព្យ សរសើរហេមន្តមាស
3. កំណាព្យ កន្លង់មាសមង្គលថ្លៃ
4. កំណាព្យ ព្រលឹងមាសអើយ
5. កំណាព្យ កាព្យនិរាស្ត្រ
6. ច្បាប់ព្រះរាជសម្ភារ ឬ ច្បាប់រាជនេតិ
7. ច្បាប់ហៃសាធុជន ឬ ច្បាប់ត្រីនេត្រ
8. កំណាព្យ ចារឰដ៏ចុងត្នោត មុនពេលទ្រង់ចូលទីវង្គត
ទាំងនេះជាស្នាព្រះហស្តដែលកវីរាជបណ្ឌិតពុទ្ធសាសនិក យើងបាននិពន្ធឡើងក្នុងកាលដែលទ្រង់គង់នៅជាបព្វជិតខ្លះ, ពេលទ្រង់មានព្រះទ័យប្រតិព័ទ្ធជាមួយព្រះនាងអង្គវតីខ្លះ, និងក្នុងពេលព្រះអង្គគ្រងរាជសម្បត្តិ ដូចជាកាលទ្រង់គង់នៅកោះឃ្លោកជាដើម ហើយជាអវសាន ទ្រង់និពន្ធនៅលើចុងត្នោត ដែលចារនៅលើស្លឹកត្នោត ។ ទ្រង់ក៏បាននិពន្ធផងដែរក្នុងពេលដែលព្រះបាទឧទ័យ កាន់តំណែងជារាជានុសិទ្ធ នាក្រុងឧដុង្គ ក្នុងសម័យឧដុង្គឮជ័យ នាសតវត្សរ៍ទី ១៧ ។
ក្នុងចំណោមស្នាព្រះហស្តទាំងឡាយ ច្បាប់ព្រះរាជសម្ភារ ជាច្បាប់ឧបទេស តាក់តែងឡើងជាកំណាព្យប្រកបដោយឃ្លោងឃ្លា ជួនរណ្តំ ណែងណង ជាមួយអត្ថន័យឧត្តមគតិយ៉ាងជ្រាលជ្រៅ ។ ឃ្លា វគ្គ និង ល្បះ ខ្លះបានក្លាយជាសុភាសិតខ្មែរ ដែលខេមរជន និង អ្នកសិក្សាមួយចំនួន ចេះចាំរត់មាត់ សូត្របានយ៉ាងជំនាញ ដូចយ៉ាងកំណាព្យ “ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាអោយសុខ ...” នេះជាដើម ។
មានភាពស្មុគស្មាញក្នុងការវិនិច្ឆ័យទៅលើព្រះរាជជីវប្រវត្តិនៃព្រះរាជកវីអង្គនេះ ដោយហេតុមានភាពមិនសូវចុះសម្រុងគ្នារវាងឯកសារជាតិ និង ឯកសារផ្សេងៗ លើបញ្ហាព្រះនាមរបស់ព្រះអង្គកាលនៅកុមារ, ព្រះនាមនៃមាតារបស់ព្រះអង្គ ក៏ដូចជាកាលបរិច្ឆេទនៃការប្រសូត្រ ការសាងភាពជាបព្វជា ពេលទ្រង់រាជាភិសេក និង គ្រាដែលទ្រង់បានជួបនឹងព្រះនាង អង្គវត្តី ដូចដែលយើងនឹងធ្វើការពិភាក្សាដូចតទៅនេះ។
ព្រះរាជពង្សាវតារប្រទេសកម្ពុជាធិបតី៖ កាលនៅកុមារ ទ្រង់ព្រះនាម ពញាតូ ។ លុះពេលឡើងសោយរាជ្យ ទ្រង់ព្រះនាមថា ព្រះស្រីធម្មរាជា ។ ក្រោយមកទ្រង់បានយាងទៅគង់នៅក្នុងរាជវាំងកោះឃ្លោក គឺកោះឧកញ៉ាតី សព្វថ្ងៃនេះ ។ នៅទីនោះ ទ្រង់ត្រាស់អោយគេឆ្លើយឆ្លង នឹងព្រះអង្គថា ព្រះរាជសម្ភារបរមពិសេស (អាដេម៉ារដ៍- ឡឺគ្លែរ៖ ព្រះរាជសម្ភារបារមីពិសេស) ។
ពង្សាវតាររបស់លោក អាដេម៉ារដ៍ ឡឺគ្លែរ ចារថា ទ្រង់ព្រះនាម ពញា សូ ហើយមាតារបស់ទ្រង់ គឺអ្នកម្នាង សុខ ។ ប៉ុន្តែឯកសារមហាបុរសខ្មែរបញ្ជាក់ថា មាតារបស់ទ្រង់គឺព្រះអង្គចូវ ដែលជាបុត្រី នៃស្តេចអណ្ណាម ។
ទស្សនាវដ្តីមិត្តសាលាបាលី, ទស្សនាវដ្តីកម្ពុជសុរិយា, សៀវភៅប្រជុំពាក្យកាព្យ៖ គ្រាន់តែនិយាយថា កាលនៅកុមារទ្រង់ព្រះនាមពញាតូ ប៉ុន្តែមិនបានបញ្ជាក់ពីមាតារបស់ទ្រង់ឡើយ ។
ទស្សនាវដ្តីអក្សរសាស្ត្រខ្មែរ, សៀវភៅព្រះរាជសម្ភារ-អ្នកនិពន្ធខ្មែរ៖ មាតារបស់ព្រះអង្គ គឺ អ្នកម្នាង សុន ។
ពង្សាវតាររបស់អ្នកនិពន្ធ ម៉ាដឺឡែន ហ្ស៊ីតូ, ស្នាដៃលោក ល្វីសី មីណេរ, ពង្សាវតាររបស់លោក អា. ដូហ្វាំង ម៉ឺនីញ៉េរ៍ និង សទ្ទានុក្រមលោកសាស្ត្រាចារ្យ ម៉ុញ សារី មិនបានបញ្ជាក់ពីមាតារបស់ព្រះអង្គឡើយ ។
សៀវភៅអក្សរសាស្ត្រខ្មែរ របស់លោក លាង ហាប់អាន៖ មាតារបស់ទ្រង់គឺ អ្នកម្នាង សុន ។
ប្រវត្តិរូបសង្ខេប
[កែប្រែ]- ព្រះរាជពង្សាវតារប្រទេសកម្ពុជាធិបតី៖ ទ្រង់ប្រសូត្រនៅ គ.ស ១៦០១ ហើយឡើងសោយរាជ្យ នៅថៃ្ង ៥ កើត ខែកត្តិក ព.ស ២១១៧ ឆ្នាំថោះ នព្វស័ក គ.ស. ១៦២៩ ក្នុងព្រះជន្មាយុ ២៦ ព្រះវស្សា ។
- ឯកសារមហាបុរសខ្មែរ៖ ប្រសូត្រឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២១៤៧, គ.ស. ១៦០៥ ។
- ទស្សនាវដ្តីមិត្តសាលាបាលី, ទស្សនាវដ្តីកម្ពុជសុរិយា, សៀវភៅប្រជុំពាក្យកាព្យ៖ ប្រសូត្រនៅ គ.ស. ១៦០០ , សាងផ្នួសនៅព្រះជន្ម ២១ ព្រះវស្សា , លាចាកសិក្ខាបទ និង ឡើងសោយរាជនៅព្រះជន្ម ២៦ វស្សា ។
- អក្សរសាស្ត្រខ្មែរ, ព្រះរាជសម្ភារ-អ្នកនិពន្ធខ្មែរ៖ ប្រសូត្រ គ.ស. ១៦០៣, សាងផ្នួសនៅវត្ត សុគន្ធមានបុណ្យ នាថៃ្ង ១៤ កើត ខែអាសាធ ឆ្នាំ កុរ បញ្ចស័ក គ.ស. ១៦២៤, សោយរាជ្យនៅ គ.ស. ១៦២៩ ។
- ពង្សាវតារ របស់លោក អាដេម៉ារដ៍ ឡឺគ្លែរ៖ ប្រសូត្រនៅ គ.ស. ១៦០៣, ចាកសិក្ខាបទក្នុងព្រះជន្ម ២៦ វស្សា, សោយរាជ្យនៅ គ.ស. ១៦២៩ ។
- ពង្សាវតាររបស់អ្នកនិពន្ធ ម៉ាដឺឡែន ហ្ស៊ីតូ ៖ ប្រសូត្រ .... រាជាភិសេកនៅ គ.ស. ១៦២៥ ។
- ស្នាដៃរបស់លោក ល្វីសឺ មីណេរ និង ពង្សាវតាប្រទេសកម្ពុជារបស់លោក អា. ដូហ្វាំ មឺនីញ៉េរ៍៖ ប្រសូត្រ.... សោយរាជ....
- សទ្ទានុក្រអក្សរសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យ ម៉ុញ សារី៖ ព្រះរាជសម្ភារ (១៦០២-១៦៣៤ ) សោយរាជ (១៦២៦-១៦៣៤ ) ។
- ប្រវត្តិអក្សរសាស្ត្រខ្មែរ របស់លោក លាង ហាប់អាន៖ ប្រសូត្រ .... សោយរាជ្យនៅ គ.ស. ១៦២៩ ។
- ប្រវត្តិសាស្ត្រខ្មែរ ភាគ ១-ភាគ ២ និពន្ធដោយលោក ត្រឹង ងា៖ ប្រសូត្រ.... សាងផ្នួសនៅនគរវត្ត កាលព្រះជន្ម ២១ វស្សា , សោយរាជ....។
- ជីវប្រវត្តិអ្នកនិពន្ធខ្មែរសម័យឧដុង្គ៖ ប្រសូត្រឆ្នាំ ១៦០១ , សោយរាជសម្បត្តិ ឆ្នាំ ១៦២៧ ។
តាមការសិក្សាមកនេះ យើងគួរធ្វើការសន្និដ្ឋានបានខ្លះៗថា កាលនៅជាកុមារ ទ្រង់ព្រះនាមថា ពញា តូ (ឬ ពញាសូ) ។ ទ្រង់ជាបុត្រច្បងនៃព្រះបាទ ជ័យ ជេដ្ឋា (ឬ ព្រះជេស្តាទី ២) មាតាគឺអ្នកម្នាង សុខ (ឬ អ្នកម្នាង សុន), ចំពោះឯកសារដែលអះអាងថា មាតារបស់ទ្រង់គឺព្រះអង្គចូវ ដែលជាបុត្រីនៃស្តេចអណ្ណាមនោះ (គួរតែមិនអាចចាត់ជាការត្រឹមត្រូវឡើយ) ។ ចៅពញា តូ (ឬ ពញា សូ ) ត្រូវបានបិតា គឺព្រះបាទជ័យជេដ្ឋា ផ្សំផ្គុំជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រីយ៍ អង្គវត្តី (ឬ បុប្ផាវតី, យួរវត្តី, ចន្ទវត្តី, ព្រះម៉ែយួរវត្តី) ជាបុត្រី របស់ព្រះបាទជ័យជេដ្ឋា និង អ្នកម្នាងទង ។ ហេតុនេះ រាជកុមារ ពញ្ញា តូ និង រាជធិតា អង្គវត្តី គឺជាព្រះរៀម (បងប្រុស) និង កន្និដ្ឋា (ប្អូនស្រី) ដែលមានបិតា (ព្រះបាទជ័យជេដ្ឋា ) ជាមួយគ្នា ប៉ុន្តែទីទៃមាតា ។
ទ្រង់ជារាជទាយាទ ដែលទទួលបានការអប់រំយ៉ាងតឹងរឹងពីបិតា លុះព្រះជន្ម ២១ (ឬ ២២) វស្សា បានយាងទៅសាងព្រះផ្នួសក្នុងព្រះពុទ្ធសាសនា នៅនគរវត្ត (ឬ វត្តសុគន្ធមានបុណ្យ) ។ បិតា គឺព្រះបាទជ័យជេដ្ឋា ចូលទីវង្គតនៅ គ.ស. ១៦២៨ ក្នុងព្រះជន្មាយុ ៥២ ព្រះវស្សា ហើយកិច្ចការនគរត្រូវបានប្រគល់ទៅអោយព្រះអនុជរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ឧទ័យ ដោយហេតុពេលនេះ ព្រះរាជទាយាទ គឺព្រះអង្គម្ចាស់ ពញា តូ នៅទ្រង់ជាបព្វជិតនៅឡើយ ។
ព្រះរាជពង្សាវតារសរសេរដៃនៅពុទ្ធសាសនបណ្ឌិតខ្សែ ៤ បានចារថា ការទាក់ទងគ្នារវាងព្រះរាជានុសិទ្ធ ឧទ័យ និង ព្រះនាង អង្គវត្តី បានកើតមានឡើងកាលព្រះបាទជ័យជេដ្ឋា បានព្រះជន្ម ៤១ វស្សា គឺនៅខែកត្តិក ឆ្នាំឆ្លូវ នព្វស័ក ទ្រង់អាពាធ (ឈឺ) ហើយព្រះអង្គម្ចាស់ ឧទ័យ ចូលទៅថែព្រះរាជរោគព្រះរាជា ដែលជាព្រះរៀមជារៀងរាល់ថៃ្ង ជាហេតុនាំអោយបានជួបនឹងព្រះនាងអង្គវត្តីហើយកើតក្តីប្រតិព័ទ្ធ ចំពោះព្រះនាងដែលជាភគ្គនិយោ (ក្មួយស្រី) បង្កើត ។
ឯកសារដដែលនេះបានបន្ថែមថា ព្រះនាង អង្គវត្តី ក៏បានព្រមព្រៀងនឹងរាជានុសិទ្ធឧទ័យ ដោយពុំមានក្តីអាល័យចំពោះព្រះរាជទាយាទ ជាគូកំណាន់របស់ខ្លួនដែលកំពុងទ្រង់បព្វជា និង ដោយមានការផ្សំផ្គុំពីបិតា ហើយមានការដឹងឮពីសេនាមុខមន្ត្រីឡើយ ។ ព្រះអង្គម្ចាស់ឧទ័យ បានអភិសេកព្រះនាងអង្គវត្តី ជាទេពីទីពីររបស់ព្រះអង្គ ។
មានភាពមិនចុះសម្រុងគ្នាអំពីដំណើរជួបគ្នារវាងព្រះនាង អង្គវត្តី និង ព្រះរាជទាយាទ ពញា តូ ឯកសារខ្លះអះអាងថា ខត្តិយពង្សទាំងទ្វេអង្គាដែលជាអតីតគូស្នេហ៍ និង ជាគូដណ្តឹងផងនេះ បានជួបគ្នានៅនគរវត្ត នៅពេលដែលរាជានុសិទ្ធឧទ័យ នាំរាជវង្សានុវង្សទៅទទួលព្រះរាជទាយាទ ពេលដែលបណ្ឌិតពុទ្ធសាសនិកអង្គនេះ លាចាកសិក្ខាបទ ។ ខណៈឯកសារខ្លះនិយាយថា ជួបគ្នានៅនគរវត្តដែរ ប៉ុន្តែនៅពេលដែលព្រះពញា តូ វិលត្រឡប់ពីធ្វើសង្គ្រាមជាមួយសៀមវិញ ។ រីឯឯកសារខ្លះទៀត និយាយថា ជួបគ្នានៅរាជវាំងឧដុង្គ បន្ទាប់ពីព្រះអង្គលាចាកសិក្ខាបទ ឡើងសោយរាជ្យ រួចហើយព្រះឧទ័យមានជំងី ទើបព្រះចៅពញា តូ យាងទៅមើលព្រះបិតុលា (មា ឬ ពូ) ក៏បានជួបព្រះនាងអង្គវត្តី ជាអតីតគូកំណាន់ ដែលបានក្លាយជាព្រះទេពីរបស់ព្រះឧទ័យទៅហើយនោះ នាំអោយរោគស្នេហ៍ចាស់រើឡើងវិញនៅក្នុងដួងហឫទ័យ នៃខត្តិយពង្សទាំងទ្វេ ។
ទោះមានភាពផ្សេងគ្នាយ៉ាងនេះក្តី អ្វីដែលជាភាពរួមគ្នានោះគឺថា ទ្រង់ជាបុត្រច្បងនៃព្រះបាទជ័យជេដ្ឋា (ឬ ចេស្តាទី ២) មាតា គឺអ្នកម្នាង សុខ ឬ សុន ។ កាលនៅជាកុមារ ទ្រង់មាននាមថា ពញា តូ ឬ ពញា សូ , ហើយចេញសាងព្រះផ្នួសនៅពេលមានព្រះជន្ម ២១ ឬ ២២ ព្រះវស្សា នៅនគរវត្ត ឬ វត្តសុគន្ធមានបុណ្យ ។ លាចាកសិក្ខាបទ បន្ទាប់មកឡើងគ្រងរាជ្យបន្តពីព្រះឧទ័យជាម្ចាស់មា នៅព្រះជន្ម ២៦ ព្រះវស្សា ហើយត្រូវបានគេថ្វាយព្រះនាមថា “ព្រះបាទសម្តេច ស្តេចព្រះរាជឱង្ការព្រះស្រីធម្មោរាជាធិរាជ រាមាធិបតី” ប៉ុន្តែពង្សាវតារកំណត់ ព្រះនាមទ្រង់ត្រឹមតែ “ព្រះស្រីធម្មោរាជា” ប៉ុណ្ណោះ ។
ដើមឡើយ ទ្រង់គង់នៅរាជវាំងឧដុង្គ នាក្រុងឧដុងឮជ័យ លុះក្រោយមក ទ្រង់បានយាងទៅគង់ប្រថាប់នៅឯវាំងកោះឃ្លោក ដែលសព្វថៃ្ងហៅថា កោះឧកញ៉ាតី ហើយទ្រង់បានត្រាស់បង្គាប់អោយគេហៅព្រះអង្គថា ព្រះរាជសម្ភារបរមពិសេសវិញ ។ ទ្រង់ជាធម្មរាជា និង ជាបណ្ឌិត ហើយជាពុទ្ធសាសនិកដ៏ឆ្នើម ទ្រង់ពុំសូវសព្វព្រះទ័យចំពោះអំណាចឡើយ ទើបទ្រង់បានប្រគល់សិទ្ធិ និង កិច្ចការនគរទៅព្រះឧទ័យវិញ ហើយទ្រង់បានយាងមកលាក់ព្រះកាយធ្វើកិច្ចការផ្នែកអក្សរសាស្ត្រ ដោយទ្រង់បានចងក្រងប្រវត្តិសាស្ត្រ និង កែប្រែរាជស័ព្ទ និង និពន្ធច្បាប់ផ្សេងៗជាច្រើន ។ មិនតែប៉ុណ្ណោះ ទ្រង់បានរៀបចំកងទ័ព ដើម្បីទៅច្បាំងដណ្តើមយកខេត្តខូរ៉ាត (នគររាជ ) ពីសៀម ។
ចម្បាំងនេះមិនទាន់ជោគជ័យសមតាមព្រះរាជបំណងឡើយ ហើយទ្រង់បានដកទ័ពមកវិញជាមួយនឹងឈ្លើយសឹកមួយចំនួន ។ ការជួបគ្នារវាងព្រះយុវក្សត្រ ប្រកបដោយបញ្ញាញាណ មានព្រះទ័យសន្តោស ជាធម្មរាជា និង ជារាជកវីបណ្ឌិតពុទ្ធសាសនិក អង្គនេះជាមួយនឹងព្រះនាង អង្គវត្តី ដែលពេលនេះបានក្លាយជាព្រះទេពីរបស់ព្រះឧទ័យទៅហើយនោះ ធ្វើអោយស្នេហាចាស់បានពុះពោរកញ្ជ្រោលរញ្ជួយកក្រើកឡើងសាជាថ្មីរវាងខត្តិយជាតិទាំងទ្វេ បាននាំអោយមានចម្បាំងគ្នាឯងរវាងព្រះឧទ័យ និង ក្សត្រព្រះរាជសម្ភារ ដែលត្រូវជាមា និង ក្មួយបង្កើតទៅវិញ ។
ព្រះរាជសម្ភារ បានបរាជ័យសង្គ្រាមនេះ ហើយមេទ័ពរបស់ទ្រង់ ៤ រូប (ឯកសារជាទូទៅនិយាយថា មេទ័ពទាំង ៤ រូបនេះជាជនជាតិចិនគឺ៖ ចុងតុក ១, ឡុកចុងអៀ ១, សាមចាន់ទៀវ ១ និង ថុងចិនតុក ១) ហើយយុវក្សត្រ និង ព្រះនាងអង្គវត្តី បានភៀសព្រះកាយទៅដល់ខេត្តកញ្ជរ គឺខេត្តក្រចេះសព្វថៃ្ងនេះឯង ទើបកងទ័ពបារាំង (ឯកសារខ្លះថាកងទ័ពព័រទុយហ្កាល់ ព្រោះពាក្យបារាំងសម័យនោះសំដៅដល់ជាជាតិលោកខាងលិច ជាពិសេសជនជាតិព័រទុយហ្កាល់ និង អេស្ប៉ាញ មិនមែនជាបារាំងសែសទេ) ដែលជាកងទ័ពរបស់ព្រះឧទ័យ បានដេញតាមទៅទាន់ ហៀបនឹងធ្វើគត់ ។ ប៉ុន្តែ ព្រះអង្គបានស្រែកឃាត់ពួកកងទ័ពបរទេសទាំងនេះថា កុំទាន់អាលធ្វើគត់ទ្រង់ ។ ទ្រង់បានឡើងដើមត្នោត ហើយបានទ្រង់លិខិតបណ្តាំដល់បច្ឆាជន (ជនជំនាន់ក្រោយ) ដោយទ្រង់ចារជាកំណាព្យ នៅលើស្លឹកត្នោតនោះ ។ កំណាព្យនោះសព្វថៃ្ង ត្រូវបានគេស្គាល់ថា កំណាព្យចារឰដ៏ចុងត្នោត (មុនពេលទ្រង់សុគត) ដែលមានខ្លឹមសារដូចតទៅនេះ៖
សាធុសម្ទាយ កុំបីរាយមាយ នឹងក្តីកាមា
តែឱ្យវង្វេង ក្នុងវដ្តសង្សារ ស្លាប់ទៅកាលណា
បានសោយតែទុក្ខ ។
ហេតុតែក្សត្រី នាំឱ្យអប្រីយ៍ ដូចត្រីក្នុងភក់
បើបុរសផង ចង់ឆ្លងនរក កុំធ្វើវីវក់
ដូចអញច្នេះណា ។
ពីព្រោះកាមេ ឥឡូវទាល់តែ ក្សិណក្ស័យមរណា
សូវស្លាប់ទៅគាប់ ឱ្យជាប់ធម្មា សូមអស់ទេវា
ជួយជាទិព្វញ្ញាណ ។
ទើបព្រះភូមិ- ន្ទ្រាធិបតិន ទ្រង់អធិដ្ឋាន
ពីនេះទៅមុខ ខ្ញុំសូមឱ្យបាន ជាព្រះពុទ្ធញ្ញាណ
នាំសត្វទាំងឡាយ ។
ឱ្យអ្នកទាំងពួង ជាទាហានហ្លួង នាំយកទៅថ្វាយ
ព្រះបិតុច្ឆា (ពូ) ទ្រង់ជ្រាបអធិប្បាយ កុំទ្រង់រាយមាយ នឹងក្តីកាមេ ។
(ព្រះរាជពង្សាវតារ ទំព័រ ៣៩១-៣៩២)
លុះទ្រង់ចារបណ្តាំនេះចប់ ទ្រង់ក៏ស្រែកប្រាប់ទៅកងទ័ពទាំងនោះ ហើយក៏ត្រូវកងទ័ពបរទេសទាំងនោះបាញ់នឹងកាំភ្លើង ឯកសារខ្លះថា គ្រាប់កាំភ្លើងមាស ត្រូវព្រះអង្គធ្លាក់ពីលើចុងត្នោតសោយទីវង្គត ក្នុងព្រះជន្ម ២៩ ព្រះវស្សា ។ ចំណែកព្រះនាងអង្គវត្តី ក៏ត្រូវកងទ័ពព្រះឧទ័យប្រហារនៅគ្រានោះដែរ ។ គុណធម៌ គុណភាព គំនិតប្រាជ្ញា ផែនការក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញពីបច្ចាមិត្រ សុទ្ធតែត្រូវបរាជ័យ និង វិនាសសាបសូន្យទាំងអស់ បន្សល់ទុកនៅតែវិនាសកម្ម និង សោកនាដកម្មប៉ុណ្ណោះ ។ ទាំងនេះជាមហន្តរាយដែលកើតចេញពីកំហុសក្នុងធម៌កាមេ ។