Jump to content

ភាសិតោវាទសង្ខេប

ពីវិគីភីឌា

ភិក្ខុឃឹម សាលីម



ឧកាស ខ្ញុំសូមគោរព!
  • អ្នកឯណាមួយ ជាអ្នកប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ជាអ្នកប្រតិបត្តិដោយត្រឹមត្រូវ ជាអ្នកប្រតិបត្តិតាមធម៌ជាប្រក្រតី អ្នកនោះឈ្មោះថា ធ្វើសក្ការៈ ធ្វើសេចក្តីគោរពរាប់អានបូជានូវព្រះតថាគត ដោយបដិបត្តិបូជា ជាបូជាដ៏ឧត្តម។
  • កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញនូបកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រៀនប្រដៅ នៃព្រះពុទ្ធទាំងឡាយ។
  • អំណត់គឺសេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបួស ដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
  • កិរិយាមិនតិះដៀល (អ្នកដទៃ) ១ កិរិយាមិនបៀតបៀន (អ្នកដទៃ) ១ កិរិយាសង្រួមក្នុងបាតិមោក្ខ១ ភាវៈដឹងប្រមាណ ក្នុងភត្តាហារ១ ទីដេកនិងទីអង្គុយដ៏ស្ងាត់១ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត១ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំង ឡាយ។
  • សេចក្តីអត់ធន់ ជាហេតុ ជាទីតាំងនៃគុណគឺសីលសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នោះ តែងចម្រើន ដោយសេចក្តីអត់ធន់មែនពិត។
  • សេចក្តីអត់ធន់ តែងកាត់បង់នូវឫសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ ឈ្មោះថាជីករំលើងនូវឫសនៃទោស ទាំងឡាយ មានពាក្យតិះដៀល និងការឈ្មោះប្រកែកជាដើម។
  • សេចក្តីអត់ធន់ ជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញ សេចក្តីអត់ធន់ ជាគ្រឿងដុតបង់នូវបាបរបស់អ្នកដែលមានតបធម៌ សេចក្តីអត់ធន់ ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌ សេចក្តីអត់ធន់ ជាគុណជាតិនាំមកនូវប្រយោជន៍ និងសេចក្តីសុខ។
  • អ្នកអត់ធន់ ជាអ្នកមានមិត្រសម្លាញ់ ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី។ អ្នកអត់ធន់ រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។
  • អ្នកអត់ធន់ ជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួន ដល់ជនទាំងឡាយឯទៀតផង។ អ្នកអត់ធន់ ជាអ្នកឡើងកាន់ផ្លូវជាទីទៅ កាន់ស្ថានសួគ៌ និងព្រះនិព្វាន។
  • អ្នកអត់ធន់ ឈ្មោះថាធ្វើតាមនូវព្រះពុទ្ធដីកាជាឱវាទ នៃព្រះសាស្តាមែនពិត។ អ្នកអត់ធន់ ឈ្មោះថាបូជានូវព្រះវិជិតមារ ដោយការបូជាដ៏ឧត្តម។
  • ភាវៈកើតជាមនុស្ស គឺសត្វទាំងឡាយបានដោយកម្រ។ កិរិយាត្រាស់ជាព្រះពុទ្ធ គឺសត្វទាំងឡាយបានដោយកម្រ។ កិរិយាដល់ព្រមដោយខណៈ គឺបានកើតជួបនឹងព្រះពុទ្ធ ឬនឹងព្រះពុទ្ធសាសនា គឺសត្វទាំងឡាយបានដោយកម្រ។ ធម៌របស់សប្បុរស គឺសត្វទាំងឡាយ បានដោយកម្រក្រៃលែង។
  • កិរិយាបានត្រាស់នៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ។ កិរិយាសម្តែងនូវធម៌របស់សប្បុរស នាំមកនូវសេចក្តីសុខ។ សេចក្តីព្រមព្រៀងគ្នារបស់សង្ឃ ឬពួកក្រុម នាំមកនូវសេចក្តីសុខ។ សេចក្តីព្យាយាមរបស់អ្នកដែលព្រមព្រៀងគ្នាទាំងឡាយ នាំមកនូវសេចក្តីសុខ។
  • សេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរ (ក្នុងទីស្ងាត់) ជាអ្នកមានធម៌បានស្តាប់ហើយ ពិចារណាឃើញ (នូវធម៌) នាំមកនូវសេចក្តីសុខ។ កិរិយាមិនបៀតបៀន គឺកិរិយាសង្រួមចំពោះសត្វទាំងឡាយ នាំមកនូវសេចក្តីសុខក្នុងលោក។
  • ភាវៈប្រាសចាករាគៈ គឺកិរិយាកន្លងនូវកាមទាំងឡាយ នាំមកនូវសេចក្តីសុខក្នុងលោក។ កិរិយាធ្វើឲ្យវិនាសនូវអស្មិមានះ នេះឯង នាំមកនូវសេចក្តីសុខដ៏ឧត្តម។
  • កិរិយាត្រឡប់បានអត្តភាពជាមនុស្ស ជាការលំបាក។ សេចក្តីរស់នៅរបស់សត្វទាំងឡាយ ជាការលំបាក។ កិរិយាស្តាប់នូវ ព្រះសទ្ធម្ម ជាការកម្រ។ កិរិយាបានត្រាស់នៃព្រះពុទ្ធទាំងឡាយ ជាការលំបាក។
  • បុគ្គលឯណា បានស្តាប់នូវព្រះសទ្ធម្មរបស់ព្រះសាស្តា (ដែលរាប់បញ្ចូល) ក្នុងពាក្យប្រៀនប្រដៅនៃព្រះវិជិតមារទាំងពួង បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិអស់សែនកប្ប។
  • ព្រះសម្មាសម្ពុទ្ធ ជចម្បងជាងអស់អ្នកប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ៥ប្រការនេះ គឺក្នុងពេលព្រឹក ទ្រង់ស្តេចទៅ បិណ្ឌបាត១ ក្នុងពេលល្ងាច ទ្រង់សម្តែងធម៌ទេសនា១ ក្នុងពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអធ្រាត្រ ទ្រង់ដោះប្រស្នានៃទេវតា១ ក្នុងពេលជិតភ្លឺ ទ្រង់ប្រមើល មើលនូវសត្វលោកដែលគួរត្រាស់ដឹង និងមិនគួរត្រាស់ដឹង១។
  • ព្រះវិជិតមារ ទ្រង់យាងចុះមកអាស្រ័យនៅក្នុងព្រះគភ៌ (នៃព្រះវរមាតា) ក្នុងឆ្នាំរកា។ ទ្រង់ប្រសូត្រចាកព្រះគភ៌ក្នុងឆ្នាំច។ ទ្រង់សោយសម្បត្តិក្នុងឆ្នាំឆ្លូវ។ ទ្រង់ព្រះផ្នូសក្នុងឆ្នាំថោះ។ ទ្រង់ត្រាស់ដឹងជាព្រះសព្វញ្ញុពុទ្ធក្នុងឆ្នាំរកា ទ្រង់សម្តែងនូវព្រះធម្មចក្កក្នុង ឆ្នាំថោះ។ ទ្រង់យាងចូលកាន់ព្រះនិព្វានក្នុងឆ្នាំម្សាញ់។ ព្រះពុទ្ធសាសនានឹងគ្រប់៥០០០គត់ក្នុងឆ្នាំជូត។ ទ្រង់យាងចុះកាន់ព្រះគភ៌ (នៃព្រះវរមាតា) ក្នុងថ្ងៃព្រហស្បតិ៍។ ប្រសូត្រក្នុងថ្ងៃសុក្រ។ បានត្រាស់ជាព្រះសម្ពុទ្ធក្នុងថ្ងៃពុធ។ បរិនិព្វានក្នុងថ្ងៃអង្គារ។ ទ្រង់យាង ចុះកាន់ព្រះគភ៌ (នៃព្រះវរមាតា) ក្នុងថ្ងៃពេញបូណ៌មីខែអាសាធ។ ប្រសូត្រក្នុងថ្ងៃពេញបូណ៌មីខែវិសាខ។ បានត្រាស់ជាព្រះសម្ពុទ្ធ ក្នុងថ្ងៃពេញបូណ៌មីខែវិសាខ។ បរិនិព្វានក្នុងថ្ងៃពេញបូណ៌មីខែវិសាខ។
  • កាលព្រះសម្មាសម្ពុទ្ធ ជាអគ្គបុគ្គល ជាទីពឹងនៃសត្វលោក បរិនិព្វានទៅហើយ ព្រះបដិមាផង ពោធិព្រឹក្សផង ព្រះស្តូបផង ព្រះជិនធាតុផង ព្រះធម៌៨ហ្មឺន ៤ពាន់ធម្មក្ខន្ធ ដែលព្រះអង្គទ្រង់សម្តែងហើយដោយប្រពៃផង ជាវត្ថុ គឺព្រះសម្មាសម្ពុទ្ធទ្រង់ ប្រតិស្ឋានទុក ក្នុងឋានដ៏ប្រព្រឹត្តទៅ ដើម្បីជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់ទាំងឡាយ។
  • បុគ្គលគួរតម្កល់នូវឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងហើយទុកក្នុងចិត្ត ហើយធ្វើការបូជា ដោយបដិបត្តិបូជា ដោយនូវប្រការដែលព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងហើយ គួរធ្វើឲ្យសម្រេច នូវសម្បត្តិជាលោកិយៈ និងលោកុត្តរៈ។ ខ្ញុំសូមគោរព អារាធនាទុកដោយប្រការដូច្នេះ។
  • ខ្ញុំសូមគោរព សម្តេចព្រះសិរីសក្យមុនីសព្វញ្ញុពុទ្ធជាម្ចាស់ ទ្រង់បរិនិព្វានហើយដោយអនុបាទិសេសនិព្វានធាតុ ក្នុងចន្លោះ ដើមសាលព្រឹក្សទាំងគូ ជិតក្រុងកុសិនារា ក្នុងបច្ចូសសម័យដ៏មានកម្លាំង ក្នុងថ្ងៃនៃនក្ខត្តឫក្សឈ្មោះអនុរាធៈ ក្នុងថ្ងៃអង្គារ យាមអង្គារ ជាតិថីពេញបូណ៌មីខាងខ្នើតខែវិសាខ ក្នុងគិម្ហរដូវ ឆ្នាំម្សាញ់ ឯណោះហោង៕
ភាសិតោវាទសង្ខេប ចប់