ភូមិសាស្ត្រនយោបាយដើមបូព៌ា សហរដ្ឋអាមេរិក និងអៀរ៉ាក់
ភូមិសាស្ត្រនយោបាយដើមបូព៌ា សហរដ្ឋអាមេរិក និងអៀរ៉ាក់
[កែប្រែ]ហេតុអ្វីបានជារដ្ឋការអាមេរិកាំងរបស់ Bush ធ្វើសង្គ្រាមនៅអៀរ៉ាក់
[កែប្រែ]បើសិនជាសង្គ្រាមAfghanistan ជាការសងសឹករបស់អាមេរិក តបតនឹងមហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១របស់អង្គការភេរវកម្ម Al-Qaida សង្គ្រាមនៅIrakវិញ គឺជាគន្លឹះសំខាន់ជាងគេបង្អស់មួយ នៃចង្កោមយុទ្ធសាស្រ្តរបស់រដ្ឋការលោកBush នៅភូមិភាគដើមបូព៌ា។ គោលដៅនៃយុទ្ធសាស្រ្តនោះ គឺធ្វើឲ្យប្រទេសIrakទន់ខ្សោយ និងធ្វើឲ្យភូមិសាស្រ្តនយោបាយក្នុងតំបន់ប្រែប្រួល។
ជាយូរឆ្នាំកន្លងមកហើយ គឺតាំងពីសង្គ្រាមIran-Irakបានចប់មក និងជាពិសេសតាំងពីសង្គ្រាមនៅឈូងសមុទ្រPerse ឆ្នាំ១៩៩០-១៩៩១ បានចប់មក ប្រទេសIrak របស់Saddam Hussein ជាឧបសគ្គមួយធំសម្រាប់នយោបាយអាមេរិកាំង នៅភូមិភាគដើមបូព៌ា។ មូលហេតុ គឺមកពី Saddam Hussein បានចេញមុខជេរប្រមាថនិងចេញមុខប្រឆាំងនឹងសហរដ្ឋអាមេរិក។ ម៉្លោះហើយ ចំពោះលោកBushកូន ការដែលលោកBushឱពុក មិនបានរំលំរបបSaddam Hussein នៅដើមទសវត្សរ៍ទី៩០ គឺជាកំហុសមួយធ្ងន់ធ្ងរ។ ចំពោះរដ្ឋការរបស់លោកBushកូន អាមេរិកចាំបាច់ត្រូវតែរកលេសកំទេចរបបIrak ឲ្យបានទាន់ពេលវេលា ដើម្បីទុកជាគំរូសម្រាប់បណ្តាប្រទេសដទៃផ្សេងនៅក្នុងតំបន់ ដែលមានគំនិតផ្សងព្រេង ចង់យកតម្រាប់តាមSaddam Hussein។
មិនតែប៉ុណ្ណោះ Irakរបស់SaddamHussein ក៏ជាដែនអំណាចចុងក្រោយនៃចរន្តជាតិនិយមអារ៉ាប់។ ចរន្តជាតិនិយមអារ៉ាប់នេះ ដែលបានលេចធ្លោឡើង នៅទសវត្សរ៍ទី៥០ នៅប្រទេសEgypte នៅប្រទេសIrak និងនៅប្រទេសSyrie តាមរយៈគណបក្សBaasចង់ធ្វើឲ្យឥទ្ធិពលអាមេរិកាំងនៅភូមិភាគដើមបូព៌ា រលាយសាបសូន្យ។ ផ្ទុយទៅវិញ ចរន្តជាតិនិយមអារ៉ាប់នេះ មានសមានចិត្តចំពោះអឺរ៉ុប ជាពិសេសចំពោះប្រទេសបារាំង។ រីឯបណ្តាប្រទេសអឺរ៉ុបវិញ ក៏ដូចគ្នាអ៊ីចឹងដែរ គាំទ្រពួកអ្នកជាតិនិយមអារ៉ាប់ដែលពួកគេវាយតម្លៃថា ជាពួកចំរើននិយម និងជាអ្នកលើកស្ទួយគ្រហស្តភាព ផ្ទុយពីចលនាអ៊ីស្លាមជ្រុលនិយមផ្សេងៗ ដែលងងឹតងងល់នឹងប្រពៃណីចាស់គំរឹលដុះស្លែ។
ក្រៅពីនេះ មានមូលហេតុបន្ទាប់បន្សំមួយទៀត ដែលបានជម្រុញឲ្យរដ្ឋការអាមេរិកាំងរបស់Bush រកលេសកំទេចរបបរបស់Saddam Hussein នៅIrak នោះគឺប្រេងកាត។ គួររំឭក ថានៅឆ្នាំ២០០៣ នាពេលដែលសង្គ្រាមIrak ទើបតែបានផ្ទុះឡើង ក្រុមអ្នកតំណាងបក្សប្រឆាំងIrak នៅបរទេសដែលស្និទ្ធនឹងអាមេរិក បាននាំគ្នានិយាយដោយឥតលាក់លៀមថា ពេលណារបបSaddam Hussein រលំហើយ ពេលនោះក្រុមហ៊ុនប្រេងកាតរបស់បារាំង ឬរបស់អឺរ៉ុបនឹងមិនត្រូវអនុញ្ញាតឲ្យមករុករកប្រេងកាតនៅIrakទេ និងថារបបថ្មីIrak នឹងរកស៊ីជាពិសេសជាមួយក្រុមហ៊ុនប្រេងកាតរបស់អាមេរិក។
រដ្ឋការរបស់លោកBushកូន មានគោលដៅមួយច្បាស់ នោះគឺពង្រឹងនិងពង្រីកឥទ្ធិពលអាមេរិកាំង នៅក្នុងភូមិភាគដើមបូព៌ា។
នៅក្នុងស្មារតីរបស់លោកBush ការផ្តួលរំលំរបបSaddam Hussein និងការដាក់បន្តុបរបបមួយថ្មី ដែលមាននិន្នាការផ្អៀងមករកទីក្រុងWashington នឹងបើកលទ្ធភាពឲ្យអាមេរិកបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់មួយនេះ តំបន់ដែលក្រុមទីប្រឹក្សារបស់លោកBush ប្រសិទ្ធនាមឲ្យថាមហាមជ្ឈិមបូព៌ា។ ម្យ៉ាង ពីព្រោះរដ្ឋការរបស់លោកBush ស្រមៃចង់ឃើញរលកប្រជាធិបតេយ្យ ដែលនឹងលេចចេញពីIrak ក្រោយសករាជSaddam Hussein គ្របដណ្តប់ទៅលើតំបន់ដើមបូព៌ាទាំងមូល។ ចំពោះលោកBush គឺនៅពេលនោះហើយ ដែលគេនឹងអាចបង្កើតសន្តិភាពមួយបានរវាងIsraël និងPalestine។
ម្យ៉ាងទៀត ពីព្រោះការកំទេចរបបSaddam Hussein ដែលមានកម្លាំងយោធាខ្លាំងជាងគេ នៅក្នុងតំបន់នឹងធ្វើឲ្យពិភពអារ៉ាប់ទាំងមូលទន់ខ្សោយ ហើយនឹងធ្វើឲ្យប្រទេសជាមិត្តរបស់អាមេរិក ដូចជាIsraël និងTurquie ខ្លាំង។
មកទល់សព្វថ្ងៃ នៅក្នុងភូមិភាគដើមបូព៌ា Israël និងTurquie ជាប្រទេសមិត្តតែពីរគត់ដែលសហរដ្ឋអាមេរិកទុកចិត្ត ពីព្រោះប្រទេសទាំងពីរនេះ គ្មានជម្រើសអ្វីផ្សេងក្រៅពីពឹងពាក់អាមេរិក។
ដូចដែលយើងបានលើកឡើងរួចហើយថា Israëlជាប្រទេសឯកានៅក្នុងតំបន់ភូមិសាស្រ្ត នយោបាយមួយប្រកបទៅដោយអរិភាព។ម្ល៉ោះហើយIsraël មិនអាចដោះដៃចេញពីសហរដ្ឋអាមេរិកបានទេ Israël នឹងបន្តត្រូវការថវិកា អាវុធ និងការគាំទ្រពីអាមេរិកយូរឆ្នាំតទៅមុខទៀត។
រីឯប្រទេសTurquieវិញដែលឋិតនៅចន្លោះទ្វីបអឺរ៉ុបនិងភូមិភាគដើម បូព៌ា ក៏ជាប្រទេសឯកាដែរ។ ម្យ៉ាង ពីព្រោះសហភាពអឺរ៉ុប មិនព្រមទទួលប្រទេសនេះឲ្យចូលជាសមាជិក។ ម្យ៉ាងទៀត ពីព្រោះបណ្តាប្រទេសអារ៉ាប់នៅភូមិភាគដើមបូព៌ាយល់ឃើញថា ប្រទេសមួយនេះ ត្រូវបានប៉ះពាល់ជ្រួតជ្រាប ដោយវប្បធម៌បស្ចិមលោកខ្លាំងពេក។ ម៉្លោះហើយ Turquieនឹងបន្តត្រូវការអាមេរិក យូរឆ្នាំតទៅទៀត។ គួរនិយាយថា ដើម្បីធ្វើសង្គ្រាមនៅIrak ទ័ពអាមេរិកាំងបានប្រើប្រាស់មូលដ្ឋានយោធារបស់ប្រទេសTurquie ហើយចូរកុំភ្លេចថា ទាហានTurquie ដែលចូលរួមក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងOTAN មានចំនួនរហូតដល់ទៅ ៧សែន៩ម៉ឺន៧ពាន់នាក់ ពោលគឺមានចំនួនច្រើនជាងគេបង្អស់ បន្ទាប់ពីសហរដ្ឋអាមេរិក។
ឯកសារយោង
[កែប្រែ]ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/reasons-behind-bush-iraq-war