Jump to content

ភូមិសាស្ត្រនយោបាយបារាំង

ពីវិគីភីឌា

ភូមិសាស្ត្រនយោបាយបារាំង

[កែប្រែ]

តើ​បារាំង​នៅ​តែ​ជា​មហាអំណាច​ពិភពលោក​ដែរ​ឬ​ទេ?

[កែប្រែ]

សតវត្សរ៍​ទី​២០ ដែល​កន្លង​ផុត​ទៅ​នេះ គឺ​ជា​សម័យកាល​មួយ ដែល​ប្រទេស​បារាំង​បាន​ផ្តើម​បាក់​កម្លាំង​និង​បាត់បង់​កិត្យានុភាព។ សង្គ្រាម​លោក​ពីរ​លើក វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​បន្តបន្ទាប់​គ្នា បាន​ធ្វើ​ឲ្យ​បារាំង​ឃ្លាត​ចេញ​បន្តិច​ម្តងៗ ពី​លក្ខន្តិកៈ​ជា​មហាអំណាច​ពិភព​លោក។ តើ​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ គេ​អាច​និយាយ​បាន​ដែរ​ឬ​ទេ​ថា ដោយ​សំអាង​ទៅ​លើ​វិស័យ​ទូត សេដ្ឋកិច្ច យោធា នយោបាយ​និង​វប្បធម៌ បារាំង​នៅ​តែ​ជា​មហាអំណាច​ពិភពលោក​មួយ​ដដែល​ត​ទៅ​ទៀត?

យ៉ាង​ណា​ក៏​ដោយ សព្វថ្ងៃ បារាំង​នៅ​បន្ត​ដើរ​តួនាទី​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ និង​នៅ​ក្នុង​ការ​ទូត​ពិភពលោក។ ដោយសារ​ថា ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​ សហប្រជាជាតិ បារាំង​មាន​សិទ្ធិ​វេតូ(Véto)និង​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​អន្តរជាតិ​ ធំៗ។ អ៊ីចឹង​ហើយ បាន​ជា​ទាហាន​បារាំង​បាន​និង​កំពុង​បន្ត​ទៅ​បំពេញ​បេសកកម្ម​នៅ​ទីណា​ដែល​មាន ​កងទ័ព​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ។ មិន​តែ​ប៉ុណ្ណោះ បារាំង​ក៏​ជា​សមាជិក​ចម្បង​មួយ​ដែរ​របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង ​ជើង ហៅ​កាត់​ថា​OTAN។ ទាំង​នេះ​ស្តែង​ឲ្យ​ឃើញ​ថា​បារាំង​បន្ត​មាន​ឆន្ទៈ​មោះមុត ក្នុង​ការ​ជួយ​ធានារ៉ាប់រង​សណ្តាប់ធ្នាប់ និង​ស្ថិរភាព​នៃ​ពិភពលោក​បច្ចុប្បន្ន។

បារាំង​នៅ​បន្ត​ដើរ​តួនាទី​សំខាន់​នៅ​លើ​ឆាក​អន្តរជាតិ​បាន ក៏​ដោយសារ​តែ​ខ្លួន​ជា​មហា​អំណាច​យោធា​ពិភពលោក​ដែរ។ ចូរ​កុំ​ភ្លេច​ថា បារាំង​មាន​អាវុធ​នុយក្លេអ៊ែរ មាន​មូលដ្ឋាន​យោធា​នៅ​ប៉ូលីនេស៊ី(Polynésie) នៅ​អង់ទីយ្យ៍(Antilles) នៅ​ហ្គីយ៉ាន(Guyane) នៅ​សេនេហ្កាល់(Sénégal) នៅកូតឌីវ័រ​(Côte-d'Ivoire) នៅឆាដ​(Tchad) នៅ​ជីប៊ូទី(Djibouti) នៅ​នូវែលកាឡេដូនី(Nouvelle-Calédonie)។ គួរ​និយាយ​បន្ថែម​ទៀត​ថា បារាំង​ជា​ប្រទេស​លេខ​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក ដែល​មាន​បណ្តាញ​ទូត​ធំ​និង​សំខាន់​ជាង​គេ នៅ​ក្នុង​លោក។

យ៉ាងណាមិញ ដូច​ដែល​លោក​សាស្រ្តាចារ្យJoseph Nye នៃ​សកល​វិទ្យាល័យ​Harvard នៅ​សហរដ្ឋអាមេរិក បាន​សរសេរ​អ៊ីចឹង​ថា អានុភាព​និង​មហិទ្ធិឫទ្ធិ​របស់​ប្រទេស​មហា​អំណាច​ពិភពលោក​នីមួយៗ លែង​អាស្រ័យ​តែ​នឹង​កត្តា​យោធា​ទៀត​ហើយ និង​ថា ពី​អំណើះ​ត​ទៅ វា​អាស្រ័យ​ជាពិសេស​នឹង​សេដ្ឋកិច្ច ខ្សែ​រយៈ​នៃ​បណ្តាញ​ឥទ្ធិពល សមត្ថភាព​ក្នុង​ការ​បង្កើត​គោលគំនិត​អ្វី​មួយ ហើយ​បញ្ចុះបញ្ចូល​មតិ​សាធារណៈ​អន្តរជាតិ​ឲ្យ​ទទួល​យក​គំនិត​នោះៗ។

សេដ្ឋកិច្ច នេះ​ហើយ​គឺ​ជា​ចំណុច​ខ្សោយ​របស់​បារាំង។ សូម្បី​តែ​អង់គ្លេស អ៊ីតាលី ឬ​អាល្លឺម៉ង់​ក៏​ធ្លាប់​និយាយ​ហើយ​ដែរ​ថា តួនាទី​ទូត នយោបាយ​និង​យោធា​របស់​បារាំង​នៅ​លើ​ឆាក​អន្តរជាតិ​បច្ចុប្បន្ន មាន​លក្ខណៈ​ធំ​ហួស​និង​ធំ​ជ្រុល បើ​ប្រៀប​ទៅ​នឹង​អានុភាព​សេដ្ឋកិច្ច​មិន​ខ្លាំងក្លា​ទាល់​តែ​សោះ​នៃ​ប្រទេស​ នេះ។ ការពិត គឺ​អ៊ីចឹង​មែន បើ​និយាយ​ពី​សេដ្ឋកិច្ច បារាំង​ជាប់​ចំណាត់​ថ្នាក់​លេខ​៥​តែ​ប៉ុណ្ណោះ គឺ​នៅ​ក្រោយ​សហរដ្ឋអាមេរិក ចិន ជប៉ុន​និង​អាល្លឺម៉ង់។ បើ​និយាយ​ពី​ទំហំ​នៃ​ផ្ទៃ​ដី​វិញ បារាំង​ជាប់​លេខ​៤៧ និង​ជាប់​លេខ​២០ បើ​និយាយ​ពី​ចំនួន​ប្រជាជន។

បើ​សិន​ជា​បារាំង​ដែល​មាន​មាឌ​មិន​ធំ និង​ដែល​មាន​សេដ្ឋកិច្ច​មិន​ខ្លាំង អាច​បន្ត​ដើរ​តួនាទី​សំខាន់​នៅ​លើ​ឆាក​អន្តរជាតិ ត​ទៅ​ទៀត​បាន គឺ​ដោយសារ​តែ​មរតក​ប្រវត្តិសាស្រ្ត​និង​វប្បធម៌។

តាំង​ពី​សម័យ​បដិវត្តន៍​បារាំង​នៅ​ឆ្នាំ​១៧៨៩​រហូត​មក​ទល់​សព្វ​ថ្ងៃ បារាំង​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​"មាតុភូមិ​នៃ​សិទ្ធិមនុស្ស" និង​ថា​ជា​ដែនដី​និរទេស​សម្រាប់​ជន​ភៀសខ្លួន​នយោបាយ ដូច​ដែល​ឧត្តមសេនីយ៍ de Gaulle ធ្លាប់​បាន​ថ្លែង​អ៊ីចឹង​ថា "មាន​ចំណង​ស្អិតល្មួត​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ រវាង​ភាព​រុងរឿង​របស់​ប្រទេស​បារាំង​និង​សេរីភាព​របស់​មនុស្សជាតិ"។ បាន​ន័យ​ថា បារាំង​ជា​ប្រទេស​មួយ​ដែល​តែងតែ​ឲ្យ​អាទិភាព​ទៅ​លើ​តួនាទី​អន្តរជាតិ​របស់​ ខ្លួន​និង​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​រងគ្រោះ​នៃ​របប​នយោបាយ​ ផ្តាច់ការ អ្នក​ដែល​បាត់បង់​សេរីភាព សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ។

មិន​តែ​ប៉ុណ្ណោះ ភាសា​និង​វប្បធម៌​បារាំង ទោះ​បី​ជា​កំពុង​​បាត់បង់​កិត្យានុភាព​បន្តិច​ម្តងៗ​នៅ​ចំពោះមុខ​ការ​លេច​ ត្រដែត​ឡើង​នៃ​ភាសា​អង់គ្លេស​ក៏​ដោយ នៅ​បន្ត​ជួយ​លើក​តម្កើង​មិន​តិច​ទេ​កេរ្តិ៍ឈ្មោះ​នៃ​ប្រទេស​បារាំង។ ពិភពលោក​ស្គាល់​ឈ្មោះ​ទស្សនវិទូ​និង​អ្នកនិពន្ធ​បារាំង​ធំៗ ដូចជា​Rousseau,Voltaire, Descartes, Molière, Victor Hugo។ ពិភពលោក​ស្គាល់​និង​ចង់​ស្គាល់​ប្រទេស​បារាំង។ ត្រង់​នេះ គួរ​និយាយ​ថា បារាំង​ជា​ប្រទេស​ទេសចរណ៍​ទី​១ នៅ​ក្នុង​លោក។ ចំនួន​អ្នក​ចូល​មក​លេង​កម្សាន្ត​ក្នុង​ប្រទេស​នេះ កើន​ទៅ​ដល់​៧០​លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ។

យ៉ាង​ណា​ក៏​ដោយ ថ្នាក់​ដឹក​នាំ​បារាំង​ជា​បន្ត​បន្ទាប់ យល់ដឹង​ច្បាស់​ណាស់​ថា មិន​យូរ​មិន​ឆាប់ ប្រទេស​របស់​ពួក​ខ្លួន​នឹង​បាត់បង់​អំណាច​ឥទ្ធិពល នៅ​លើ​ឆាក​អន្តរជាតិ។ មូលហេតុ​ធំ​គឺ​មក​អំពី​បារាំង​គ្មាន​មធ្យោបាយ​សេដ្ឋកិច្ច​គ្រប់គ្រាន់ ដើម្បី​សម្រេច​បាន នូវ​មហិច្ឆតា​ជា​មហា​អំណាច​ពិភពលោក ទន្ទឹម​នឹង​ការ​លេច​ត្រដែត​ឡើង​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​សំខាន់ៗ ដូច​ជា​ចិន ឥណ្ឌា និង​ប្រេស៊ីល។ អ៊ីចឹង​ហើយ​បាន​ជា លោក​ប្រធានាធិបតី​Nicolas Sarkozy​បាន​ធ្លោយ​មាត់​និយាយ​ថា នៅ​លើ​ឆាក​អន្តរជាតិ បារាំង​មិនមែន​ជា​មហាអំណាច​ធំ​សម្បើម ហើយ​ក៏​មិនមែន​ជា​មហាអំណាច​តូចតាច​ដែរ តែ​ជា​មហា​អំណាច​ដែល​គេ​ទទួល​ស្គាល់​ថា​មាន​ឥទ្ធិពល។

នៅ​ក្នុង​បរិបទ​បែប​នេះ ទីក្រុង​Paris យល់​ឃើញ​ថា អនាគត​នៃ​លក្ខន្តិកៈ​ជា​មហាអំណាច​ពិភពលោក​របស់​ប្រទេស​បារាំង ពឹងផ្អែក​ទាំង​ស្រុង​ទៅ​នឹង​ការ​បន្ត​កសាង​ស្ថាបនា​សហភាព​អឺរ៉ុប។ ពីព្រោះ​ក្នុង​នាម​ជា​មហាអំណាច​យោធា​ទី១ និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ នៅ​ក្នុង​សហភាព​អឺរ៉ុប បារាំង​អាច​នឹង​បន្ត​មាន​ទឹកមាត់​ប្រៃ​នៅ​លើ​ឆាក​អន្តរជាតិ បើ​សិន​ជា​នៅ​ទី​បំផុត​សហភាព​អឺរ៉ុប​ក្លាយ​ជា​សហព័ន្ធ​មួយ ដូច​សហរដ្ឋអាមេរិក និង​មាន​កងទ័ព​ព្រម​ទាំង​រដ្ឋាភិបាល​អឺរ៉ុប​រួម​គ្នា​មួយ។ ក៏​ប៉ុន្តែ គោល​គំនិត​នេះ ជា​សុបិន​នៅ​ឡើយ មិន​ងាយ​សម្រេច​បាន​ស្រួលៗ​នោះ​ទេ៕

ឯកសារយោង

[កែប្រែ]

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/France