Jump to content

ភ្នំក្រោម

ពីវិគីភីឌា
  ភ្នំក្រោមជាកូនភ្នំមួយមានកំពស់១៤០ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ប្រាសាទភ្នំក្រោមស្ថិតនៅលើភ្នំនេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១៥) ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។ មានអាគារវែងបីទៀតដែលទំនងជាកន្លែងសំរាក គឺពីរនៅខាងត្បូង និង មួយនៅខាងជើង។ អាគារទាំងនោះនៅសល់តែគ្រឹះប៉ុណ្នោះ។ មានសំនង់រាងការ៉េបួនទៀតនៅពីមុខប្រាង្គកណ្តាលបែរមុខទៅទិសខាងលិច ដែលទំនងជាឈាបនដ្ឋាន។ ប្រាសាទនេះមានបណ្ណាល័យ ឬហោត្រ័យចំនួនបួននៅទិសខាងកើត និងមានបណ្ណាល័យចំនួនពីរធ្វើអំពីឥដ្ឋនៅសងខាង ចំណែកបណ្ណាល័យចំហៀងខាងក្នុងធ្វើអំពីថ្មភក់ និងមានកំពែងព័ន្ធជុំវិញ ដែលមានទំហំប្រវែង៥០ម៉ែត្រគុណ៥០ម៉ែត្រ។