Jump to content

មហាសករាជ

ពីវិគីភីឌា

មហាសករាជ (ម.ស.) មាន​បញ្ហា​ប្រឈម​ថា​ តើ​ឥណ្ឌា​ ឬខ្មែរ​ជា​អ្នក​បង្កើត​វា​ឡើង?​ ព្រោះ​មាន​គេ​និយម​ថា​ ព្រះកេតុមាលា​ផ្ដើម​បង្កើត​មហាសករាជ​។ ឆ្លើយតប​នឹង​បញ្ហានេះ​ វចនានុក្រមខ្មែរ​ភាគ​ទី១​ ទំព័រ​៧២២​ និង​ភាគ​ទី២​ ទំព័រ​១០៨១​ បាន​សរសេរថា​ មហាសករាជ​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ ព.ស ៦២១​ឆ្នាំ ដោយ​ពួក​តាត៌ គឺ​ស្រប​ជា​មួយ​នឹង​ឆ្នាំ​ដែល​ព្រះ​កេតុមាលា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បង្កើត​បញ្ញត្តិឱ្យ​ប្រើ​មហា​សករាជ​ក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ។ លុះ​ដល់​ ព. ស. ៦២៣ ព្រះ​កេតុ​មាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី​ ហើយ​ក៏​បាន​តាំង​ជា​មហាសករាជ​ពី​ពេល​នោះ​មក​។

ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក​ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀងរាល់​ឆ្នាំ ហៅ​ថា "សករាជ" ៗ នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក​ហៅ​ថា ពួក​តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌៀ ក្នុង​កាល ព. ស. ៦២១ ឆ្នាំ ។ កាល​ជន​ពួក​នេះ​មាន​ជ័យជំនះ​ក្នុង​ការ​លុកលុយ​ចូល​មក​វាត​អំណាច​ក្នុង​ ប្រទេស​ឥណ្ឌៀ​ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រ​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ ឬសាលិវាហនៈ, ហើយ​ក៏​ចាប់​ផ្ដើម​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ថា "ស័ក ឬ​សការជ" ដែល​ចំណេរ​ត​មក ហៅ​ថា "មហា​សករាជ" ប្រែ​ថា "សករាជ​ធំ" នេះ​កើត​មុន​ចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់​មាន​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​តាំង​ពី​រវាង​សតវត្សរ៍​ទី​១០ នៃ​ពុទ្ធសករាជ (ព.ស. ៩២១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រើ​អក្សរ​សង្ខេប​ថា ម.ស.១។
មហា​សករាជ ប្រាកដ​ជា​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ​ជា​ដំបូង​ក្នុង ព. ស. ៦២១ ឆ្នាំ អំពី​ជន​ពួក​មួយ ដែល​មាន​រៀបរាប់​ខាង​លើ​នេះ, មិន​មែន​កើត​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ខ្មែរ​ដោយ​ព្រះ​កេតុមាលា​តាំង​ឡើង​ ក្នុង ព. ស. ៦២១ នោះ​ទេ។
ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ ភាគ​ទី ២ ថា ព្រះ​កេតុមាលា​កាល​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ក្នុង ព. ស. ៦២១ ឆ្នាំ​មែន ជា​មួយ​នឹង​ឆ្នាំ​ដែល​ប្រទេស​ឥណ្ឌៀ​បង្កើត​ឲ្យ​ប្រើ​មហា​សករាជ, ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ ក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ ។ លុះ​ដល់​មក ព. ស. ៦២៣ ឆ្នាំ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី ក៏​តាំង​ជា​មហា​សករាជ​ដរាប​មក ។ (ត្រង់​នេះ​ហើយ​ប្រហែល​ជា ព្រះ​កេតុមាលា​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ តាម​ប្រទេស​ឥណ្ឌៀ ហើយ​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហា​សករាជ ជា​បឋម​នៅ​ប្រទេស​ខ្មែរ)៕

ឯកសារយោង

[កែប្រែ]