មិម

ពីវិគីភីឌា

សេចក្តីផ្តើម[កែប្រែ]

នៅរោងទងខាងកើតផ្នែកខាងត្បូងនៃប្រាសាទបាយ័ន ឃើញមានរូបទេពអប្សរាមួយអង្គអង្គុយកូតឧបករណ៍តន្ត្រីម្យ៉ាងក្នុងអំបូរទ្រ។ តាមការសិក្សាស្រាវជ្រាវឧបករណ៍នេះបានរកឃើញនៅខេត្តរតនៈគីរី ក្នុងស្រុកអូរជុំ ស្ថិតនៅក្នុងដៃបងប្អូនជនជាតិគ្រឹង និងទំពូន ដែលជាឧបករណ៍ដល់កម្រហើយរកកលផុតរលត់ទៅហើយដែរ បងប្អូនគ្រឹង និងទំពូនបានហៅឧបករណ៍ភ្លេងនេះថា មិម។ ចំពោះជនជាតិខ្មែរសម័យបច្ចុប្បន្នមួយចំនួនមិនបានស្គាល់ ហើយព្រមទាំងមិនដឹងថាមានឧបករណ៍ភ្លេងមួយនេះទេ។ មិមរបកគំហើញ​​ឈ្មោះ​ឧបករណ៍​ភ្លេងនា​សម័យអង្គ​រប្រភព​ឧបករណ៍​ភ្លេងខ្មែរ​មួយចំនួន​នៅ​សម័យ​អង្គរ​បាន​ចាប់កំណើត​ចេញពី​ ខឿនវប្បធម៌​មន​-​ខ្មែរ នា​សម័យមុន​បុរេប្រវត្តិ​សាស្ត្រ ដោយ​មាន​ភស្តុតាង​ជាច្រើន​បង្ហាញ​អំពី​ឥទ្ធិពល និង សារសំខាន់​នៃ​វិស័យ​តូរ្យតន្ត្រី ក្នុង​សង្គម​ខ្មែរ​នា​ជំនាន់​ដើម​ស្រប​តាម​ពិធី​ប្រពៃណី​ផ្សេងៗ ដែល​គេ​បាន​ប្រារព្ធ។ ​ទោះបីជា​ផ្នែក​ខ្លះ​នៃ​វង់ភ្លេង​ខ្មែរ​នា​សម័យ​ទំនើប​ បច្ចុប្បន្ន​គេ​បាន​រកឃើញ​ថា​ជា​ឥទ្ធិពល​ប្រទេសឥណ្ឌា​ប្រទេសចិន​ក៏​ដោយ ក៏​ឧបករណ៍​មួយ​ចំនួន​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រជាជន​ខ្មែរ​ដែរ​ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ។​

ការស្រាវជ្រាវ[កែប្រែ]

​បើ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ យើង​ឃើញថា​មាន​ឧបករណ៍​ភ្លេង​ខ្លះ​របស់​ជនជាតិ​ទំ​ពួន ជាពិសេស​មិម​ជាអាទិ៍ និង​ឧបករណ៍​ភ្លេង​មួយចំនួន​ឆ្លាក់​លើ​ប្រាង្គ​ប្រាសា] មាន​លក្ខណៈ​ដូច​គ្នា​មានន័យ​ថា​ដើមកំណើត​តែមួយ ។តាមរយៈ​ការអង្កេត​ដោយ​យកចិត្តទុកដាក់ អ្នកគ្រូ កែវ ណា​រុំ និង​រូបយើង​ផ្ទាល់​ក៏​បាន​ដឹង​ឈ្មោះ​ពិត​របស់​ឧបករណ៍​នេះ​ដែល​ឆ្លាក់​លើ​ ប្រាសាទ​បាយ័ន គឺ​មិម ដែល​រហូត​ដល់​សព្វថ្ងៃ​នៅ​តែ​ប្រឈមមុខ និង​ភាព​រើសអើង​ពី​សិល្បករ​ខ្លះ​នៅឡើយ​ដែលជា​អ្នក​បរទេស ឬ​ទំនើបនិយម ។ គឺ​ត្រង់​ចំណុច​នេះ​ដែល​យើង​ចង់​បង្ហាញ នូវ​របកគំហើញ របស់​យើង​ទាំង​ពីរ​នាក់​កន្លងមក​ក្រោយ​ពី​ទស្សនកិច្ច​សិក្សា​មួយ​នៅ​ស្រុក​អូរ​ជុំ ក្នុង​ខេត្ត​រតនគីរី ។​ សូម​រំលឹក​ថា ជនជាតិ​ខ្មែរ​យើង​សព្វថ្ងៃ​ឈប់​ប្រើប្រាស់​ភ្លេងមិម​នេះ​ទៀត​ហើយ ហើយ​បើ​តាម​ការស្រាវជ្រាវ យើង​ឃើញ​ថា​ជនជាតិដើម​ភាគតិច​ជាពិសេស​ជនជាតិ​ទំ​ពួន នៅ​ពេញនិយម​នៅ​ឡើយ​តាម​ប្រពៃណី​ដូនតា នៅតាម​តំបន់​ព្រៃ​ភ្នំ​នៅ​ក្នុង​ភូមិភាគ ឦសាន​នៃ​ប្រទេស​កម្ពុជា

​អ្នកដើរ​ទស្សនា​តាម​ថែវ​នៃ​ប្រាសាទ​បាយ័ន បាន​ឃើញ​នូវ​ទេពអប្សរ​ជាច្រើន​កំពុង​អង្គុយ​កូត​ឧបករណ៍​ភ្លេង​ម្យ៉ាង​ស្រដៀង ​នឹង​ទ្រ។ អ្នកណា​ក៏​ឆ្ងល់​ដែរ​ថា តើ​គេ​កូត​យ៉ាងម៉េច​បើ​ទ្រ​នោះ​អត់​មាន​ប្រអប់​សូរ​សោះ ឬ​មួយ​ក៏​សិល្បករ​ភ្លេង​ឆ្លាក់​ឧបករណ៍​នោះ​មិនឲ្យ​ចប់​ចុង​ចប់​ដើម ។

​​ម្យ៉ាងវិញទៀត​គេ​ក៏​មិនដឹង​ដែរ​ថា តើ​ឧបករណ៍​នេះ​មានឈ្មោះ​អ្វី​ដែរ ។ អាថ៌កំបាំង​នេះ​ត្រូវ​បាន​បំភ្លឺ​ដោយ​ការសិក្សា​ស្រាវជ្រាវ​ខាង​ជាតិពន្ធុ​វិទ្យា និង​បដិមា​កម្ម​បុរាណ​ខ្មែរ ។

​ឧបករណ៍​នេះ​កំពុង​ពេញនិយម​នៅ​ខេត្ត​រតនគីរី ស្រុក​អូរ​ជុំ​ដោយ​បងប្អូន​ខ្មែរ​ជនជាតិ​ទំពួន និង​គ្រឹង កំពុង​រក្សា​រហូតមក​ទល់​សព្វថ្ងៃ​នេះ។ ជនជាតិ​ខ្មែរ​លើ​បាន​ហៅ​ឧបករណ៍​នេះ​ថា ’​មិម​” ចំពោះ​ខ្មែរ​កណ្តាល​មិនដែល ឮ​ហើយ​ក៏​មិន​ដែល​ដឹង​ថា​មាន​ឧបករណ៍​នោះ​ផង។

មិម ឬ​ម៉ឹម​មាន​ខ្យល់ និង​ន័យ​ប្រហាក់ប្រហែលគ្នា ។ សូមជម្រាបថា ជនជាតិ​ខ្មែរ​នៅ​ប្រទេស​ថៃ នៅ​រក្សា​សំនៀង មិម ដូច​បងប្អូន​កុល​សម្ព័ន្ធ ហើយ​ពាក្យ​នេះ​គឺ​ពាក្យ​មន​-​ខ្មែរ សុទ្ធសាធ ។ ដោយហេតុថាវាលេងនៅចន្លោះធ្មេញលើក្រោមដូចបៅដោះម្ដាយ ពាក្យ​បៅ​នេះ​ខ្មែរ​តែង​និយាយ​ទំយើ​កូនចៅ​ថា ម៉ឹម​រហូត​ដល់មិ​មក៏​មាន ដូច្នោះ​ហើយ​បានជា​គេ​ហៅ​ឧបករណ៍​នេះ​ថា​ម៉ឹម ។

ការលេង[កែប្រែ]

ការ​ដែល​គ្មាន​ប្រអប់​សូរ​នោះ គឺ​លោក​ជំនួស​ដោយ​ប្រើ​ក្រអូមមាត់​មាន​លក្ខណៈ​អាច​បន្លឺ​សូរ​តាម​បំណង​នៃ​ អ្នក​កូត ។ តន្ត្រីករ​មិមបាន​យក​ខ្សែ​អំ​បោះទៅ​ចង​នៅ​ចុង​ក្រោម​ជិត​កន្លែង​កូត រួច​បន្លាយ​មក​ដាក់​ក្នុង​មាត់ ។ ដើម្បី​ស្ថិតនៅក្នុង​មាត់​បាន គឺ​គេ​យក​ស្រកាពង្រូល​មក​ចោះ​រន្ធ រួច​ស៊ក​ខ្សែ​អំបោះ​ក្នុង​រន្ធ​នោះ​ដោយ​បង្ខាំង​នឹង​កន្លាស់​ឬ​ស្សី តូច​មួយ​ហើយ​ដាក់​ចន្លោះ​ធ្មេញ​លើ​ក្រោម​ប្រៀប​ដូច​ទារក​បៀម ឬ​បៅដោះ​ម្តាយ ។

​ជនជាតិ​ខ្មែរ​លើ​លេង​មិម​រួមជាមួយ​នឹង​ឧបករ​ណ៍ត​ន្រី្ត​ចំនួន ២-៣ បែប​ប្លែកៗ​ទៀត​នៅ​ក្រោម​ដំបូល​ផ្ទះ​ប្រក់​ស្លឹក​ខាន់​ម៉ា ឬ​លេង​ទោល​តែឯង​នៅក្នុង​ខ្ទម​សង់​កណ្តាល​ស្រែចម្ការ​ជិត​ជ្រោះ​ជ្រលង​ដងអូរ កណ្តាល​ព្រៃ​ភ្នំ អម​ដោយ​ធម្មជាតិ​ខៀវស្រងាត់ និង​ជំនោរ​ខ្យល់​ត្រជាក់​កែ​អផ្សុក​នៅពេល​សម្រាក​ពី​ការងារ។ ​ខុសប្លែក​ពី សម័យអង្គរ​ឧបករណ៍​មិមអាច​មានតួនា​ទីលេ​ង​កំដ​រការ​រាំ​របស់​នាង​ទេពអប្សរ​ ជាមួយ ឧបករណ៍​ពិណ ដែល​បាន​និរាស​លាចាក​ពី​ប្រទេស​កម្ពុជា​យើង​ក្នុងពេល​បច្ចុប្បន្ន​នេះ​ហើយ ៕

ឯកសារយោង[កែប្រែ]

Cambodia Express News Archived 2013-06-17 at the វេយប៊ែខ ម៉ាស៊ីន.