ម្រាមដៃទាំង៥ខ្វែងគំនិ
ម្រាមដៃទាសគ្នាទារគុណសម្បត្តិ
មុតមាំមធ្យ័តអារកាត់រៀងខ្លួន
មេដៃថាអញអស្ចារ្យមាំមួន
ឯងម្រាមទាំងបួនមិនធួនស្មើឡើយ។
ព្រោះអញមេធំពុំមានអ្វីព្រួយ
បើបានលេខមួយគឺអញនេះហើយ
ធ្វើជាសញ្ញាជំនួសចម្លើយ
មេដៃអញហើយអំណាចជាងគេ។
ឯម្រាមចង្អុលនឹកខ្វលចិន្តា
ទើបតបវិញថាឯងគ្រាន់តែមេ
អ្នកដែលពូកែអញឯណេះទេ
ចង់បញ្ជាគេចង្អុលតាមចិត្ត ។
ឯម្រាមកណ្តាលក៏ឈឺឆ្អាលដែរ
ថាឯងពូកែតែនៅតូចល្អិត
អញខ្ពស់មាឌធំមើលឃើញជុំជិត
មិនពីបាកគិតដូចអ្នកតូចទាប ។
រីឯនាងដៃនិស្ស័យស្នេហា
ទន់ភ្លន់សង្ហាស្លូតបូតសុភាព
មិនព្រួយរងកម្មចាំទទួលលាភ
មាសពេជ្រតម្រៀបត្រៀបទុកឱ្យស្រេច។
កែវកងផងច្នៃតម្លៃយ៉ាងណា
គ្រឿងអលង្ការរចនាគ្រប់ក្បាច់
គេតែងលម្អបំពាក់រំលិច
ចាំបាច់ត្រូវពាក់ឱ្យនាងដៃមុន ។
កូនដៃនៅខ្ចីខំស្តីតវ៉ា
ថាខ្ញុំនេះណាជាអ្នកមានបុណ្យ
ក្រចកមុតស្រួចរាងតូចស្រទន់
គ្មានធ្វើអ្វីធ្ងន់ព្រោះខ្ញុំកូនពៅ។
មើលចុះម្រាមដៃកែខៃគំនិត
ខំបញ្ចេញឫទ្ធិមិនគិតរាក់ជ្រៅ
បើបង់អាសារម្រាមណាមួយទៅ
ប្រអបដៃនៅខ្វះលក្ខណ:ហើយ ។
ចង់កាន់ចង់ទ្រយកអ្វីមិនស្រួល
រអាក់រអួលដួលមុខដួលក្រោយ
បើម្រាមទាំងដប់ប្រេះស្រាំគ្នាហើយ
នុ៎ះដៃនឹងខ្សោយៗលែងសូវខ្លាំង ។
បើម្រាមទាំងអស់ស្រស់ស្រួលគ្នាវិញ
រួបរួមបំពេញជួយជាកម្លាំង
ពុះពាប្រយុទ្ធមិនស្លុតតតាំង
លុះច្បស់នឹងខ្លាំងៗគ្រប់កិច្ចការ ។
តែបើនឹងគិតគំនិតប្រៀបធៀប
ដោះស្រាយបញ្ហារដ្ឋាបូរី ។
មេដៃបីដូចជាអ្នកដឹកនាំ
ពុះពាមុតមាំជូនជាតិប្រុសស្រី
ឱ្យរាស្រ្តបានរស់មានសិទ្ឌិសិរី
ចាកផុតទុក្ខភ័យពីក្តីអន្តរាយ ។
រីចង្អុលដៃបីដូចសាសនា
ជួយជាប្រាជ្ញាផ្លូវចិត្តផ្លូវកាយ
ឱ្យស្គាល់បាបបុណ្យទោសគុណទាំងឡាយ
ប្រជាសុខកាយសប្បាយផ្លូវធ៍ម ។
ឯម្រាមកណ្តាលដំណាលអ្នកចេះ
ពេញដោយតម្រិះត្រិះរិះបានល្អ
អាចជួយដោះទុក្ខអ្នកស្រុកក្រីក្រ
ដែលត្រដររស់ព្រោះអវិជ្ជា ។
នាងដៃកូនដៃដូចប្រជាជន
វណ្ណៈអធនចិត្តធ្ងន់គ្រប់គ្រា
កម្មករកសិករមានក្ររួមគ្នា
បំពេញការងារតាមមុខនាទី ។
ដូច្នេះម្រាមដៃបីដូចជនជាតិ
មិនគួរវិវាទឱ្យឃ្លាតសាមគ្គី
គ្រប់ជាន់គ្រប់ថ្នាក់គួរស្ម័គ្រពលី
កុំបែកជាពីរវេញជាធ្លុងមួយ ៕
ដកស្រង់ពីអាយ៉ៃ លោក – ព្រហ្មម៉ាញ