របាំស្នែងទន្សោង
ក. ប្រភព
[កែប្រែ]បើនិយាយពីដើមកំណើតនៃរបាំនេះ មានប្រភពលេចឡើងច្រើនទាក់ទងទៅខាងរឿងនិទាន ដូចជាអ្នកភូមិអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាននិទានថា កាលនោះ មានព្រានព្រៃម្នាក់ ឈ្មោះព្រាន «ពរ» បានទទួលព្រះរាជបញ្ជាហើយក៏ចេញទៅរកបរបាញ់ទន្សោង។ ព្រានទោយូរណាស់ទើបត្រឡប់ចូលគាល់ព្រះរាជាវិញដោយយដៃទទេរ គ្មានទន្សោងឡើយ។ ស្តេចក៏ត្រាស់សួរថា « ហេតុអ្វីក៏ពុំបានទន្សោងមួយសោះ ដូច្នោះ? » ព្រានព្រៃ ក្រាបបង្គំទូលថ « ទូលព្រះបង្គំបានទៅដល់ព្រៃ ដែលសម្បូរទៅដោយសត្វទន្សោង និងម្រឹគដទៃៗ ប៉ុន្តែដោយទូលព្រះបង្គំរវល់តែមើលទស្សនីយភាពមួយយ៉ាងចម្លែកណាស់ គឺសត្វទន្សោងមួយគូញីឈ្មោលចេះរេរាំបានយ៉ាងល្អ ជាហេតុនាំឱ្យទូលព្រះបង្គំជក់ចិត្តមើលមិនអាចបាញ់វាកើតឡើយ។ គ្រាដំបូងទូលព្រះបង្គំ គងស្នាលើស្មាលបៗចូលទៅប្រុងបាញ់ដែរ តែដោយសារសោភណភាពនៃក្បាច់ ចង្វាក់រេរាំរបស់សត្វនេះ ស្រស់ស្អាតពេក ក៏ខកខានរកតែតម្លោះព្រួញឱ្យរត់ទៅមុខមិនកើត។ មិនតែប៉ុណ្ណោះ មានខ្លាធំមួយបានលបមកបម្រុងនឹងចាប់ទន្សោងនោះដែរ ក៏ចាប់មិនកើត បែរជាគោះជើង ធ្វើជាចង្វាក់ឱ្យសត្វនោះរាំទៅវិញ។ ឯសត្វកន្លង់មួយហ្វួងហើរស្រ ប្រទក្សិណជុំវិញទន្សោងទាំងពីជួយ ធ្វើជាសូរសំនៀងពីរោះល្វើយល្វែងណាស់ ។ » ព្រះរាជាទ្រង់ព្រះសណ្តាប់ដូច្នេះហើយ ក៏បង្គាប់ឱ្យព្រានធ្វើត្រាប់តាមទស្សនីភាពនោះថ្វាយព្រះអង្គទត។ ព្រានខំធ្វើត្រាប់ឱ្យបានគ្រប់កាយវិការ និងសូសៀងសត្វថ្វាយព្រះរាជាទ្រង់ទតគ្មានសល់ចន្លោះអ្វី។
ការសម្តែងកាយវិកាយរបស់ព្រាន ពរ នេះហើយ ដែលកើតបានជាវង់របាំនេះឡើងដោយ ៖
- អ្នកពាក់ស្នែងពីរនាក់ ជាតំណាងទន្សោងញី-ឈ្មោល
- សម្លេងស្គរតំណាងសន្ធឹកខ្លាធំ
- សម្លេងព្លយជាតំណាងសូរសត្វកន្លង់។
វង់ភ្លេងនៃរបាំនេះ គេហៅថា «ភ្លេងមហោពរ» គឺគេសម្គាល់តាមឈ្មោះព្រាន ពរ ដែលជាអ្នកបង្កើតវាឡើង។
ប៉ុន្តែបើយើងដេញដោលរិះរេ គិតស្រាវជ្រាវតាមបែបជាតិពិន្ធុសាស្រ្តវិញ យើងយល់បានម្យ៉ាងទៀតថា ក្នុងចំណោមជនជាតិដើមភាគតិចនៅក្នុ្ងងប្រទេសកម្ពុជា មានជនជាតិមួយហៅថា «ព័រ» ដែលច្រើនរស់នៅតាមជួរភ្នំក្រវាញ ត្រង់ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់, ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង ។ របាំនេះសោតក៏មានតែត្រង់ភូមិភាគទាំងនេះដែរ។ ការណ៍នេះនាំឲ្យគេសន្និដ្ឋានបានថា ព្រាន ពរ នេះ គឺជាព្រានសាសន៍ព័រ ។ ព្រោះហេតុនេះ យើងសរុបបានថា របាំស្នែងទន្សោងជាកេរដំណែលមកពីពួកព័រ សម្រាប់លេងប្រកបពិធីអ្វីមួយ ដោយយកលំនាំតាមរបរគ្នាគេជាអ្នកប្រមាញ់ ។
តាមសេចក្តីអភិប្បាយយ៉ាងវែងរបស់លោក រ. បារាដាត៍ ក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ាប្រទេស របាំស្នែងទន្សោងនេះប្រាកដជាកើតឡើងពីពួកជាតិព័រពិតមែន ដោយលោកបានទៅធ្វើសេចក្តីសង្កេតដល់ទីកន្លែងរស់នៅជាមួយពួកព័រនេះអស់រយៈពេលយ៉ាងយូរ ។ លោកបានអះអាងទៀតថា លោកធ្លាប់ឃើញពួកព័រលេងនេះរបាំផ្ទាល់ភ្នែកហើយលោកមានទាំងថតរូបចុះផ្សាយក្នុងអត្ថបទលោកទៀតផង ។ ដូច្នេះ យើងអាចសរុបសេចក្តីបានថា បណ្ដាជនដែលរស់នៅលើទឹកដីយើងពីបុរាណ មានសាសន៍ព័រជាអាទិ៍ សុទ្ធតែបានបង្កើតរបាំលំហែចិត្តដោយប្រតិដ្ឋយកតាមលំនាំនៃការប្រកបរបរចិញ្ចឹមជីវិត គឺកាលនោះគេរស់នៅក្នុងព្រៃមានតែម្រឹគជាញាតិមិត្ត ឬជាចំណីអាហារប្រចាំថ្ងៃ ម្ល៉ោះហើយ ការប្រតិដ្ឋក្បាច់រាំរែកនិងប្រដាប់តាក់តែងកាយដោយផ្ដេកផ្ដួលទៅរករូបភាពនិងកាយវិការម្រឹកទាំងនោះដែរ។
ឯកសាររបស់លោក រ. បារដាត៍ (R. Baradat ) បញ្ជាក់ទៀតថា របាំនេះលេងនៅក្នុងបុណ្យភូមិដែលសំខាន់ៗ ប៉ុន្តែខ្មែរយើងខ្លះចាំថា គេលេងនៅក្នុងវាំងសម្រាប់តែក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរ ។ ( អរិយធម៌ខ្មែរ, IFL, ២០១៨ )
ខ. គ្រឿងភ្លេងនិងអ្នកសម្ដែង
[កែប្រែ]- គ្រឿងភ្លេងមាន ស្ករ ២ ព្លយ ១ និងកញ្ឆែ ១
- អ្នកលេងរបាំនេះមានចំនួន ១២ នាក់ មានប្រុសមានស្រី ៖ អ្នកកាន់គ្រឿងភ្លេង៣នាក់ អ្នកពាក់ស្នែងទន្សោង ២នាក់ ពាក់កន្ទុយក្ងោក ២នាក់ អ្នកច្រៀង ២នាក់ និងអ្នកអុកកញ្ឆែម្នាក់ដែលគេហៅថា «មេ» ជាគ្រូ ។ ( អរិយធម៌ខ្មែរ, IFL, ២០១៨ )
ចំពោះអ្នកសម្ដែងទាំងអស់គឺគេជ្រើសភាគច្រើនស្ថិតក្នុងវ័យកណ្ដាល ដែលមានបទពិសោធក្នុងការបរបាញ់ក្នុងអាជីពជាប្រចាំថ្ងៃ។ ក្បាច់ដែលពួកគេរាំនោះ គឺមានលក្ខណៈយឺតៗមិនញាប់នោះទេ ដៃទាំងពីររបស់អ្នករាំ មិនរាបស្មើ ពោលគឺរេចុះ រេឡើង បត់ចុះ បត់ឡើង មកលើត្រឹមចង្កេះ ត្រាប់តាមកាយវិការរបស់ទន្សោងគោព្រៃ ដែលមើលទៅគួរឱ្យកោតសរសើរយ៉ាងក្រៃលែង ។
ចំពោះចម្រៀងរបាំនេះ គឺមានលក្ខណៈលន្លង់លន្លោចគួរឱ្យរន្ធត់ជាពន់ពេកដោយហេតុថា អ្នកដែលច្រៀងនោះមានទេពកោសល្យ។ អ្នករាំប្រុស ជាអ្នកតំណាងឱ្យទន្សោងឈ្មោល និងអ្នករាំស្រី តំណាងឱ្យទន្សោងញី ដែលពាក់ស្នែងពិត ព្រោះតំណាងឱ្យសត្វព្រៃពិតៗ។ រាល់កាយវិការសម្ដែង គឺប្រៀបដូចជាកាយវិការរបស់សត្វទន្សោងគោព្រៃពិតៗ។ ( ទំព័រហ្វេសប៊ុក ពន្លឺព្រះពុទ្ធសាសនានិងសង្គម, ២០២១ )