រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ
ទឹកជ្រោះក្បាលឆាយមានទីតាំងនៅក្នុងខណ្ឌព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ ។ ភ្ញៀវទេសចរអាចធ្វើដំណើរមកពីខេត្តព្រះសីហនុតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅទិសខាងជើងមានចំងាយ ៧គីឡូម៉ែត្ររួចបត់ឆ្វេងចូលតាមផ្លូវ២១៧ប្រហែល ៩គីឡូម៉ែត្រនិងទៅដល់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ដ៏គួរឲ្យទាក់ទាញនៃទេសភាពស្រុកខ្មែរដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបានពីភាពស្រស់ឆើតឆាយរបស់វា។ ទឹកជ្រោះក្បាលឆាយមានប្រភពទឹកជាច្រើនមកពីជួរភ្នំផ្សេងៗជាច្រើននៅតាមមាត់សមុទ្រ ប៉ុន្ដែមកដល់ចំណុចមុខក្បាលឆាយប្រភពទឹកនៅសល់ផ្លូវទឹកបីសំរាប់ហូរដែលមានកំពស់ពី ២ ទៅ ៤ ម៉ែត្រ។ ចរន្ដទឹកមកដល់ចំណុចក្បាលឆាយផ្លូវទឹកមានតែមួយដែលមានទឹកហូរខ្លាំងហើយធ្លាក់ល្បាក់ទឹកមានកំពស់ ១៤ ម៉ែត្រ ភាគច្រើនអ្នកទេសចរណ៏ចូលចិត្តមកងូតទឹកលេងនៅត្រង់កន្លែងទឹកធ្លាក់នេះណាស់។
ទឹកជ្រោះក្បាលឆាយ មានទិដ្ឋភាពស្អាតបំផុតក្នុងវស្សានរដូវដែលមានភ្លៀងធ្លាក់ជោកជាំចន្លោះខែកក្កដា ដល់ខែតុលា និងមានអាកាសធាតុត្រជាក់ដូចនៅតំបន់ប៉ូល ជាមួយដំណាក់ទឹកធ្លាក់បង្កើតបានជាពពុះទឹកសៗបែកផ្កាត្រែងលាន់ឮស្នូរយ៉ាងពិរោះរណ្តំលាយឡំសត្វបក្សាបក្សីស្រែកយំអឺងកង ប្រៀបបានជាចង្វាក់ភ្លេងកំដរអារម្មណ៍ភ្ញៀវទេសចរណ៍ឲ្យភ្លេចអស់នូវទុក្ខសោកសៅទាំងឡាយ ។ ប៉ុន្តែស្ថិតក្នុងអំឡុងពេលរដូវក្តៅវិញ ទឹកធ្លាក់ក្បាលឆាយបានរីងស្ទើរជិតអស់ តែទោះជាយ៉ាងនេះក្តីវាខំបញ្ចេញសម្រស់ ក៏ដូចជាទឹកហូរ ដើម្បីកំដរភ្ញៀវឲ្យគ្រប់រដូវកាល ។ សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅ ទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែនៅតំបន់ទឹកធ្លាក់នេះមាន លក្ខណៈទឹកធ្លាក់ពីលើ ភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និង ភ្នំដ៏ស្រស់ស្អាតជាពិសេសនៅថ្ងៃបុណ្យទាន ឬ នៅថ្ងៃចុងសប្ដាហ៍។
ប្រវត្តិ
[កែប្រែ]ប្រវត្តិទឹកធ្លាក់ក្បាលឆាយត្រូវបានគេរកឃើញនៅក្នុងឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៣ និង ត្រូវបានរៀបចំជាកន្លែងប្រភពផ្ដល់ទឹកស្អាតសំរាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ ប៉ុន្ដែការស្ថាបនានោះត្រូបានខកខានដោយសារសង្គ្រាមកើតឡើងហើយតំបន់នោះ ក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរក្រហម។ លុះមកដល់ឆ្នាំ១៩៩៧ តំបន់នោះត្រូវបានប្រែក្លាយជាតំបន់អភិវឌ្ឍន៏។ នៅឆ្នាំ១៩៩៨ តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុន អានកូ បានធ្វើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ព្រៃភ្នំនេះប្រែក្លាយមុខមាត់ថ្មីជាតំបន់រមណីយដ្ឋានទេសចរណ៏គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីឆ្នេរនៅក្នុងទីរួមខេត្តព្រះសីហនុ ។