រមណីយដ្ឋានព្រែកអំបិល
រមណីយដ្ឋានព្រែកអំពិលមានទីតាំងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ចំងាយ១៨គីឡូម៉ែត ពីក្រុងកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅទិសខាងលិច(កំពត-វាលរេញ)។ ព្រែកអំពិលគឺជារមណីយដ្ឋានធម្មជាតិមួយ ដែលមានសម្រស់ដ៏ត្រកាលគួរអោយចង់ ទស្សនា និងកំសាន្ត ព្រោះទីនោះជាតំបន់ឆ្នេរ សមុទ្រ ដែលមានបណ្តោយពីកើតទៅលិចប្រមាណ២០០០ម៉ែត្រ ចាប់ពីព្រែកតាទែនរហូតដល់ព្រែកស្ងាវ។ឆ្នេរព្រែកអំពិលមានទិដ្ឋភាពប្រហាក់ប្រហែលឆ្នេរក្រុងកែប នៅតាមបណ្តោយមាត់ឆ្នេរមានរុក្ខជាតិដូចជា ដើមស្ងាវ ដើមកាប៉ាង (ដើមឆ័ត្រ)ដុះជាជួរចោលម្លប់ត្រជាក់ត្រឈឹង ត្រឈៃលាយឡំនឹងខ្យល់ជំនោររំភើយបក់មកពីសមុទ្របានបង្កើត អោយមានអាកាសធាតុត្រជាក់ជានិច្ចគួរចង់សំរាកកំសាន្ត។ មិនតែប៉ុណ្ណោះគេអាចមើលពីឆ្នេរព្រែកអំពិលទៅឃើញបណ្តាកោះជាច្រើនដូចជា កោះថ្មីកោះត្រល់ កោះខ្ទះ កោះសេះ ។ល។ ប៉ែកខាងកើតនៃឆ្នេរខ្សាច់សមានផ្ទាំងថ្មដារធំៗរកេតរកូតរាយប៉ាយជាច្រើន ត្រូវបានគេហៅ ថាថ្មរោងដោយថ្មមួយផ្ទាំងធំនៅទីនោះមានសណ្ឋានដូចជារោង ហើយភ្ញៀវដែលទៅកំសាន្តតែងចូលចិត្តទៅយកខ្យល់អាកាស និងថតរូបទុកជាអនុស្សាវរីយ៌។