Jump to content

រាជបណ្ឌិត្យសភាកម្ពុជា

ពីវិគីភីឌា
រាជបណ្ឌិត្យសភាកម្ពុជា
ឯកសារ:RAC-Academy logo.png
ឡាតាំង: Royal Academy of Cambodia
បង្កើត១៩៦៥
ទីតាំងភ្នំពេញ, កម្ពុជា
វិបសាយwww.rac.gov.kh


រាជបណ្ឌិត្យសភាកម្ពុជា


សាវតា

[កែប្រែ]

នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រម លេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់មានដំណើរ ការនៅឡើយទេដោយសារសង្គ្រាមស៊ីវិលចាប់ពី ឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំង នោះទៅ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភា បានបង្កើតឡើងវិញដោយ ព្រះរាជក្រឹត្យលេខ នស/រកត /០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ រាជ បណ្ឌិត្យសភាកម្ពុជាជាស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់ដ៏ធំមួយរបស់ជាតិ ដែលត្រូវបានបង្កើតឡើងវិញក្នុងដំណាក់កាល ដែលកម្ពុជា ចាកផុតពីសង្គ្រាមស៊ីវិល និងទទួលបាននូវសន្ដិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

បេសកកម្ម

[កែប្រែ]

រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មលើកទឹកចិត្ត ណែនាំ គ្រប់គ្រង និងពង្រីកការស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស និង ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយអង្គការជាតិនិងអន្តរជាតិ ដែលមានគោលបំណងដូចគ្នា។ តាមរយៈអនុក្រឹត្យ លេខ៤៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មុខងារ និងភារកិច្ចដល់ រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖

  • គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ នៅក្នុងនិងក្រៅប្រទេស។​​​​​
  • ស្ថាបនាទំនាក់ទំនងសហប្រតិបត្ដិការ ផ្នែកស្រាវជ្រាវជាមួយ ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្ដរជាតិដែលមានគោលបំណងដូចគ្នា។
  • រៀបចំវេទិកាវិទ្យាសាស្ដ្រ និងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
  • បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
  • បោះពុម្ពផ្សាយឯកសារ និងស្នាដៃស្រាវជ្រាវជាភាសាជាតិឱ្យបានទូលំទូលាយដល់មហាជននៅក្នុងប្រទេស និងជាភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យានៅលើវេទិកាអន្ដរជាតិ។
  • ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវ អំពីប្រទេសកម្ពុជា អំពីបណ្ដាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។
  • ប្រមូលកម្លាំងបញ្ញាញាណរបស់ជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស។
  • លើកសំណើជូនគោរមងារ និងគ្រឿងឥស្សរិយយសវិទ្យាសាស្ដ្រ ដល់ឥស្សរជនឆ្នើមជាតិនិងអន្ដរជាតិ។
  • សហការពិនិត្យនិងវាយតម្លៃសញ្ញាបត្រឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពិសេសថ្នាក់ជាតិ។
  • រួមចំណែក និងធ្វើសហប្រតិបត្ដិការក្នុងការការពារកម្មសិទ្ធិ ផ្នែកវិទ្យាសាស្ដ្រគ្រប់វិស័យទាំងក្នុងនិង ក្រៅប្រទេស។ បច្ចុប្បន្នបានសហការជាមួយនឹងសាកលវិទ្យាល័យនានា និងបណ្ឌិត្យសភា លើសកលលោកផងដែរ។
  • ពិនិត្យ និងវាយតម្លៃ ស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រនានា។
  • ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គម និងរួមវិភាគទានជំរុញការអភិវឌ្ឍ ទាំងភាសាជាតិ ប្រវត្ដិសាស្ដ្រ ជាតិ វិទ្យាសាស្ត្រ ចំណីអាហារ។ល។
  • សហការរួមចំណែកទំនាក់ទំនងជាមួយក្រសួងនានា ទៅតាមជំនាញនៃផ្នែករបស់វិទ្យាស្ថាននីមួយៗ។
  • ត្រៀមបង្កើត និងគ្រប់គ្រងសាខានៃរាជបណ្ឌិត្យសភាកម្ពុជានៅ តាមភូមិភាគនានាលើផ្ទៃប្រទេស។
  • សហការជាមួយក្រសួងដែលពាក់ព័ន្ធ ដើម្បីជួយបង្កើត និងណែនាំការគ្រប់គ្រងសារមន្ទីរបុរេប្រវត្ដិ-សាស្ដ្រនៅតាមខេត្ដ/ក្រុងនានា

ស្ថាប័ននានាក្រោមឱវាទ

[កែប្រែ]

ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្ថាប័ននេះមាន ឈ្មោះថា “រាជបណ្ឌិត្យសភាកម្ពុជា” ចាប់ពីពេលនោះមក។ ក្រោយមកព្រះរាជក្រឹត្យនេះត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ដើម្បីសមស្របទៅនឹងសំណូមពរការងារបច្ចុប្បន្ននិងការរីកចម្រើនរបស់ស្ថាប័ន។ បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានចំនួន០៦ជាស្ថាប័នស្រាវជ្រាវ ដែលក្នុងនោះរួមមាន៖

  • (១) វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មាន៥ផ្នែក
  • (២) វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម មាន៨ផ្នែក
  • (៣) វិទ្យាស្ថានជីវ សាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្ម មាន៤ផ្នែក
  • (៤) វិទ្យាស្ថានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា មាន ៥ផ្នែក
  • (៥) វិទ្យាស្ថានភាសាជាតិ មាន៤ផ្នែក និង
  • (៦) វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិមាន ៦ផ្នែក

រួមមាន ៣២ផ្នែក (នាយកដ្ឋាន) ផ្នែកនីមួយៗមាន ២មុខជំនាញ ព្រមទាំងមានមជ្ឈមណ្ឌលចំនួនប្រាំគឺ៖

  • ផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវ
  • ផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ
  • ក្រុមប្រឹក្សាជាតិភាសាខ្មែរ
  • ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
  • វិទ្យាស្ថាន ខុងជឺ(ចិន) និង
  • មជ្ឈមណ្ឌលសិក្សាចិន
  • មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (កូរ៉េ)
  • មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសកម្ពុជា (ឥណ្ឌា)

ដែលទាំងអស់សុទ្ធតែបាននិងកំពុងបំពេញភារកិច្ចទាំងក្នុង និងក្រៅ ប្រទេសទៅតាមជំនាញរបស់ខ្លួន។

ទន្ទឹមនឹងនោះ រាជ បណ្ឌិត្យសភាកម្ពុជា មានបណ្ណាល័យអេឡិចត្រូនិកមួយ ដែលមានឈ្មោះបណ្ណាល័យអេឡិចត្រូនិកសម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិត សភាចារ្យ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១១ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន។ បច្ចុប្បន្នបណ្ណាល័យ អេឡិចត្រូនិកនេះ មានឯកសារ ជាភាសាជាតិមាន ចំនួន៣០០ក្បាល ភាសាបរទេស ចំនួន៤លានក្បាល ៧០% ជាភាសាចិន និងមានឯកសារសិក្សាក្រាស់ៗចំនួន ១៧២.៥០០ក្បាល ដែល ក្នុងនោះឯកសារមួយចំនួន ១៥០.០០០ ក្បាលជាភាសា ចិន។ ឯកសារទាំងនោះភាគច្រើនបានទទួលពីសកលវិទ្យាល័យ ជីវ ជាំង ប្រទេស ចិន ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភា កម្ពុជា និងសាកលវិទ្យាល័យជីវជាំងប្រទេសចិនក្នុងបំណងបម្រើដល់ការសិក្សាស្រាវ ជ្រាវរវាងប្រទេសទាំងពីរ ក៏ដូច ជាបណ្តាប្រទេស នានាលើសាកលលោកផងដែរ។