រាជវង្សលៀវ

ពីវិគីភីឌា

រាជវង្សលៀវ (ឆ្នាំគ.ស ៩១៦-១១២៥)[កែប្រែ]

រាជវង្សលៀវ ស្ថាបនឡើងដោយជនជាតិឈីតាន់ មានដើមកំណើតនៅម្ដុំទំនាបទន្លេលៀវក្នុងខេត្ដលៀវនិងនិងម៉ុងកូលខាងក្នុង។ ក្រោយមកចម្រើនរុងរឿងឡើងរហូតអាចគ្រប់គ្រងដែនដីភូមិភាគខាងជើងរបស់ចិនអស់រយៈពេលជាងពីរសតវត្ស ដោយចាប់កំណើតឡើងក្នុងកំឡុងពេលជាមួយគ្នានឹងសម័យប្រាំរាជវង្ស និងដួលរលំទៅវិញតំណាលគ្នានឹងរាជវង្សសុងខាងជើង។

ថ្វីបើក្នុងកំឡុងពេលខាងលើ រាជវង្សលៀវបានបើកសមរភូមិប្រយុទ្ធជាមួយជនជាតិហានក្នុងដែនដីភាគកណ្ដាលអស់រយៈពលយ៉ាងយូរ តែក្នុងផ្នែកវប្បធម៌ ការគ្រប់គ្រង សង្គមនិងសេដ្ឋកិច្ច សុទ្ធតែបានទទួលឥទ្ធិពលពីជនជាតិហានយ៉ាងស៊ីជម្រៅ។

ការបង្កើតប្រទេស[កែប្រែ]

ចុងសម័យរាជវង្សថាង យេលីអាប៉ៅជី រួបរួមជនជាតិឈីតាន់ឲ្យមានឯកភាព ស្ថាបនានគរឈីតាន់* ឡើងក្នុងឆ្នាំគ.ស ៩១៦ ក្រោយមកកែសម្រួលប្រទេសជាទ្រង់ទ្រាយធំ គិតបង្កើតតួអក្សរឈីតាន់ បង្កើតរាជធានីថ្មីនៅក្រុងហួងទូ (ក្រោយមកប្ដូរឈ្មោះទៅជាសាងជិង បច្ចុប្បន្ននៅខេត្ដប៉ាលិនឆួឈីរបស់ម៉ុងកូលខាងក្នុង។ ឆ្នាំគ.ស ៩២៦ បង្រួមនគរប៉ហៃចូលជាមួយ (បច្ចុប្បន្នគឺផ្នែកមួយនៃខេត្ដលៀវនិង ហឺយឡុងចៀននិងកូរ៉េខាងជើង)) បង្រួបបង្រួមផែនដីភាគខាងជើងចូលជាមួយគ្នា។

ឆ្នាំគ.ស ៩២៦ យេលីអាប៉ៅជីស្លាប់ ដើមឡើយប៉ៅជីតែងតាំងយេលីធូអ៊ី បុត្រាច្បងជារជ្ជទាយាទ តែហងហៅស៊ូលី និងមន្ដ្រីរាជសំណាក់ផ្ដល់ការគាំទ្រចំពោះយេលីតឺកួង បុត្រាបន្ទាប់ដែលមានសមត្ថភាពផ្នែកយោធាឡើងគ្រងរាជ្យបល្ល័ង្កជំនួស បង្ខំឲ្យយេលីធូអ៊ីភាសព្រះកាយទៅនៅរាជសំណាក់ហូវថាង។

យេលីតឺកួង (ឆ្នាំគ.ស ៩២៦-៩៤៧)​ បន្ដទស្សនៈនយោបាយរបស់បិតា ដោយប្រើមូលដ្ឋានគ្រប់គ្រងតាម “ប្រពៃណីតំបន់និយម” ដោយចាត់បែបចែកមន្ដ្រីរាជសំណាក់ចេញជាភាគីជើងនិងភាគីត្បូង។ ភាគីជើងមន្ដ្រីរាជការឈីតាន់គ្រប់គ្រងមើលថែជនជាតិឈីតាន់និងជនជាតិចិញ្ចឹមបសុសត្វផ្សេងៗ ដោយប្រើរបៀបគ្រប់គ្រងរបស់ជនជាតិដើម។ ចំណែកភាគីត្បូងមានទាំងមន្ដ្រីរាជការជនជាតិហាននិងជនជាតិឈីតាន់គ្រប់គ្រងមើលថែជនជាតិហាននិងប៉ហៃ ដោយភាគច្រើនធ្វើកសិកម្មនៅភាគខាងត្បូងនិងភាគខាងកើតនៃនគរ ដោយប្រើរបៀបគ្រប់គ្រងតាមបែបរាជវង្សថាង។

ក្រៅពីនេះ យេលីតឺកួងបានសិក្សាវប្បធម៌របស់ជនជាតិហាន ចាប់អារម្មណ៍លើការអភិវឌ្ឍន៍ផ្នែកកសិកម្ម ធ្វើឲ្យសភាពសេដ្ឋកិច្ចនិងកម្លាំងទ័ពរបស់ឈីតាន់រីកចម្រើនយ៉ាងលឿនរហ័ស។

មិនយូរប៉ុន្មាន យេលីតឺកួងក៏បានឱកាលពង្រីកឥទ្ធិពលរបស់ខ្លួនចូលភូមិភាគកណ្ដាល។ ឆ្នាំគ.ស ៩៣៦ ឈីតាន់បោះដៃចូលជួយស៊ឺជិងថាងផ្ដួលរំលំរាជវង្សហូវថាង (មួយក្នុងចំណោមប្រាំរាជវង្ស) ស្ថាបនានគរហូវជិនដោយបានទទួលដែនដីតំបន់ហឺប៉ិយនិងសានស៊ី ១៦ ស្រុក (បច្ចុប្បន្នមានដូចជា ប៉េកាំងនិងតាថុង) រួមទាំងបណ្ដាការប្រចាំឆ្នាំជាការតមស្នង។ តែពេលស៊ឺជិងថាងស្លាប់ អ្នកបន្ដរាជបល្ល័ង្ករបស់ស៊ឺជិងថាងចង់បានឯករាជ្យ កងទ័ពឈីតាន់ក៏វាយចូលរាជធានីខៃហ្វឺង ផ្ដួលរំលំរាជវង្សហូវជិនបានសម្រេច តែដោយសារកងទ័ពឈីតាន់មិនបានរៀបចំកងស្បៀងជួយពីក្រោយ ទើបទាហានចាំបាច់ចេញប្លន់ដណ្ដើមស្បៀងពីប្រជាជនតាមផ្លូវដែលធ្វើដំណើរ ជាហេតុធ្វើឲ្យប្រជាជនងើបបះបោរប្រឆាំងយ៉ាងចាស់ដៃវិញ កងទ័ពឈីតាន់បានត្រឹមដកថយត្រឡប់ទៅភូមិភាគខាងជើងវិញ។

ចរន្ដដណ្ដើមអំណាចនយោបាយ[កែប្រែ]

ឆ្នាំគ.ស ៩៤៧ ក្នុងពេលដងទ័ពត្រឡប់ទៅភូមិភាគខាងជើងវិញ យេលីតឺកួងស្លាប់យ៉ាងទាន់ហន់នៅហឺប៉ិយ ខណៈដែលកងទ័ពពុំអាចខ្វះមេដឹកនាំបាន ដូច្នេះទើបបណ្ដាមេទ័ពលើកយេលីរួន បុត្រារបស់យេលីធូអ៊ីរជ្ជទាយាទអង្គមុន ដែលរួមចម្បាំងក្នុងជួរកងទ័ពជាមួយគ្នាឡើងជាមេទ័ព ទ្រង់ព្រះនាមថា លៀវស៊ឺចុង (ឆ្នាំគ.ស ៩៤៧-៩៥១)

តែក្នុងរាជសំណាក់លៀវ ស៊ូលីថៃហៅដែលគាំទ្រលីហ៊ូ ប្អូនប្រុសរបស់យេលីតឺកួងជាអ្នកបន្ដរាជបល្ល័ង្ក ពេលជ្រាបដំណឹងក៏បញ្ជូនលីហ៊ូនាំទ័ពមកដណ្ដើមអំណាចមកវិញ តែលីហ៊ូបរាជ័យ ទើបទាំងពីភាគីត្រូវងាកមកចរចាគ្នា។

ចុងក្រោយថ្វីបើទាំងពីរភាគីសម្រេចឲ្យទាយាទនៃទាំងពីរខ្សែស្រឡាយឆ្លាស់គ្នាឡើងធ្វើជាមេដឹកនាំ ដោយស៊ូលីថៃហៅព្រមទទួលឲ្យ “ក្មួយប្រុស” លៀវស៊ឺចុងគ្រងរាជ្យបន្ដ។ តែចរន្ដការដណ្ដើមអំណាចផ្ទៃក្នុងរាជសំណាក់លៀវនៅមិនទាន់រលត់អស់ទេ លៀវស៊ឺចុងប្រើច្បាប់ធ្ងន់ធ្ងរក្នុងការកម្ចាត់សត្រូវនយោបាយដោយដាច់ខាត ទាំងផ្ដល់ការជួយជ្រោមជ្រែងជនជាតិហានយ៉ាងច្រើន បង្កការមិនពេញចិត្ដចំពោះមន្ដ្រីជាន់ខ្ពស់របស់ជនជាតិខ្លួន ជាហេតុធ្វើឲ្យមានគំនិតចង់ផ្ដួលរំលំរាជបល្ល័ង្កជាច្រើនលើក តែចុងក្រោយត្រូវបង្ក្រាបរាបទាបអស់។

រហូតដល់ឆ្នាំគ.ស ៩៥១ រាជវង្សហូវចូវឡើងជំនួសរាជវង្សហូវហាន លិវឆុងទាយាទរាជវង្សហូវហានបំបែកខ្លួនចេញស្ថាបនានគរប៉ើយហាន ក្រោយមកងាកមកស្វាមីភក្ដិចំពោះរាជវង្សលៀវ ដើម្បីសុំឲ្យនគរលៀវបញ្ជូនទ័ពមកជួយការពារ។ លៀវស៊ឺចុងគិតចង់ឆ្លៀតឱកាសនេះវាយចូលភូមិភាគកណ្ដាលម្ដងទៀត ទើបនាំកងទ័ពចុះមកភូមិភាគខាងត្បូង តែក្នុងពេលធ្វើដំណើរកើតហេតុក្បត់គ្នា។ លៀវស៊ឺចុងត្រូវលួចធ្វើឃាត។ ក្រោយពេលបង្ក្រាបក្រុមក្បត់បានហើយ មេទ័ពទាំងឡាយនាំគ្នាលើយេលីជិង បុត្ររបស់យេលីតឺកួងឡើងជា លៀវមូចុង ជាក្សត្រអង្គបន្ត។​

លៀវមូចុង (ឆ្នាំគ.ស ៩៥១-៩៦៩) ថ្វីបើឡើងគ្រងរាជ្យ តែផ្ទៃក្នុងនៅមានការដណ្ដើមអំណាចរវាងបងប្អូន កើតមានចលាចលនិងការបោសសម្អាតសត្រូវផ្នែកនយោបាយជាច្រើនលើក។ ការគ្រប់គ្រងផ្ទៃក្នុងបរាជ័យ ប្រទេសជាតិចុះទន់ខ្សោយ ក្នុងពេលជាមួយគ្នា ភូមិភាគកណ្ដាលកើតការផ្លាស់ផែនដី រាជវង្សសុង ចូលមកជំនួសរាជវង្សហូវចូវ សុងថៃជូចៅខួងអ៊ិនឃើញឱកាសបង្រួបបង្រួមផែនដីភាគខាងត្បូងមុន លុះពេលក្រោយមកម្ដងទៀត ស្ថានការណ៍ភូមិភាគខាងជើងក៏ប្រែប្រួលអស់។

សន្ធិសញ្ញាសន្ដិភាព[កែប្រែ]

ឆ្នាំគ.ស ៩៦៩ លៀវមូចុងត្រូវគេលបធ្វើឃាត។ យេលីសៀន បុត្រារបស់លៀវស៊ឺចុងមកពីខ្សែរជ្ជទាយាទអង្គច្បងឡើងគ្រងរាជ្យបល្ល័ង្ក ទ្រង់ព្រះនាមថា លៀវជិងចុង (ឆ្នាំគ.ស ៩៦៩-៩៨២)។ ចាប់ពីពេលនេះតទៅ រហូតដល់រជ្ជកាលស្ដេចលៀវសឺងចុង (ឆ្នាំគ.ស ៩៨៣-១០៣១) ពេលឆ្លងកាត់បដិវត្ដន៍ដ៏ធំមួយ ប្ដូរសង្គមឆ្ពោះទៅរកវប្បធម៌បែបហាន ក៏ចូលដល់យុគមាសនៃរាជវង្សលៀវ។

ពេញមួយរជ្ជកាលស្ដេចលៀវជិងចុងមានសុខភាពចុះខ្សោយ ទើបសៀវហងហៅចូលគ្រប់គ្រងរាជកិច្ចជំនួសទាំងអស់។ ឆ្នាំគ.ស ៩៧៩ សុងថៃចុងនៃរាជវង្សសុងបញ្ចូលប៉ើយហានចូលជាដែនដីរបស់ខ្លួនបានសម្រេច។ ក្រោយមកមិនយូរ លៀវជិងចុងសុគត់ បុត្រាវ័យ ១២ វស្សាយេលីឡុងស៊ី ឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមលៀវសឺងចុង។ ក្រោមការមើលថែរបស់សៀវថៃហៅ (ឆ្នាំគ.ស ៩៥៣-១០០៩) ក្នុងកំឡុងពេលនេះ រាជវង្សសុងនិងរាជវង្សលៀវវាយប្រយុទ្ធគ្នាជាច្រើនលើក តែមិនអាចយកឈ្នះគ្នាបាន។ សង្គ្រាមក្នុងកំឡុងពេលខាងលើ ត្រូវបានគេស្គាល់ជាទូទៅតាមរយៈតំណាលវីរកម្មដ៏ល្បីល្បាញរបស់មេទ័ពត្រកូលយ៉ាង។

ឆ្នាំគ.ស ៩៩០ ដែនដីភាគខាងលិច (ខេត្ដសានស៊ីបច្ចុប្បន្ន) កើតអាណាចក្រថ្មីស្ថាបនាឡើងក្នុងនាម ស៊ីសៀ ដោយលីជីឆៀន (ឆ្នាំគ.ស ៩៦៣-១០០៤) ** ចងសម្ព័ន្ធជាមួយរាជវង្សលៀវ។ រាជវង្សសុងត្រូវប្រឈមនឹងការរុករានពីសត្រូវចំនួនពីរទិស។ លុះដល់ឆ្នាំគ.ស ១០០៤ ក្រោយពេលធ្វើសង្គ្រាមម្ដងហើយម្ដងទៀត រាជវង្សសុងខាងជើងនិងរាជវង្សលៀវក៏ធ្វើសន្ធិសញ្ញាសន្ដិភាពនៅឆានយួន (បច្ចុប្បន្នគឺក្រុងភូយ៉ាងខេត្ដហឺណាន) ដោយរាជវង្សសុងខាងជើងព្រមបញ្ជូនសួយសារអាករឲ្យរាជវង្សលៀវរៀងរាល់ឆ្នាំ ដើម្បីប្ដូរជាមួយកិច្ចព្រមព្រៀងមិនឲ្យរាជវង្សលៀវលើកកងទ័ពមកប្លន់រាស្ដ្រនៅតាមតំបន់ជាដែនភាគខាងជើងទៀត ខណៈដែលរាជវង្សសុងខាងជើងក៏ត្រូវព្រមលះបង់មហិច្ឆតាដណ្ដើមក្រុងប៉េកាំងនិងតាថុងដែលបាត់បង់រួចទៅហើយ។ សន្ធិសញ្ញាខាងលើនាំមកនូវសន្ដិភាពជូនដែនដីភាគខាងជើងរយៈពេលជាងមួយរយឆ្នាំ ជាកត្ដាជម្រុញឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងការលាយផ្សំរវាងវប្បធម៌ជនជាតិនិងដែនដីភូមិភាគកណ្ដាលនាពេលក្រោយមកទៀត។

ដំណើរឆ្ពោះទៅរកការរលំរលាយ[កែប្រែ]

ឆ្នាំគ.ស ១០០៩ ក្រោយពេលសៀវថៃហៅទម្លាក់ដៃចោលភារកិច្ចទាំងអស់ ដោយប្រគល់អំណាចឲ្យទៅលៀវស៊ឺងចុង ក្រោយមកមិនយូរសុគត់ លៀវស៊ឺចុងគ្រប់គ្រងនគរលៀវបន្ដរហូតដល់ឆ្នាំគ.ស ១០៣១ ក៏សុគត់ ជាសម័យកាលដែលរាជវង្សលៀវចម្រើនរុងរឿងដល់កម្រិតកំពូល សភាពសង្គមចម្រើនតាមតម្រុយអរិយធម៌របស់ជនជាតិហានយ៉ាងបរិបូរណ៍។ រជ្ជកាលស្ដេចលៀវស៊ិងចុង និងលៀវតៅចុង ក្នុងសម័យក្រោយមកកើតការដណ្ដើមអំណាចផ្ទៃក្នុងរាជសំណាក់លៀវជាបន្ដបន្ទាប់។

លុះដល់ឆ្នាំគ.ស ១០៧៥ ក្រោយការបង្កចលាចលរបស់យេលីអ៊ីស៊ិន ជាមួយចាងសៀវចៀ  រជ្ជទាយាទត្រូវបានប្រហារ កើតការបោសសម្អាតសត្រូវនយោបាយជាទ្រង់ទ្រាយធំ ប្រទេសជាតិស្ថិតក្នុងសភាពរង្គោះរង្គើយ៉ាងខ្លាំង ក្រុមជនជាតិភាគខាងជើងនាំគ្នាងើបបះបោរបង្កចលាចលជាបន្ដបន្ទាប់ ទ្រព្យសម្បត្ដិក្នុងព្រះរាជ្យឃ្លាំងនិងកម្លាំងទាហានត្រូវបាត់បង់ដោយសារការបង្ក្រាបចលនាក្បត់។

រហូតដល់ឆ្នាំគ.ស ១១០១ លៀវតៅចុងធ្លាក់ខ្លួនឈឺសុគត់ ធៀនចួទី ឡើងគ្រងរាជ្យបន្ដ។ ខណៈនោះកងកម្លាំងរបស់ជនជាតិនីចឺន ដែលនៅតាមជាយដែននគរលៀវ ក្រោមការដឹកនាំរបស់វ៉ាន់យៀនអាគូតា មានកម្លាំងរឹងមាំឡើង បង្កចលាចលឡើងនៅដែនដីប៉ហៃភាគខាងកើតនៃនគរលៀវ។ ក្រោយពេលយកឈ្នះទ័ពលៀវដែលបញ្ជូនមកបង្ក្រាបបានហើយ អាគូតាក៏ស្ថាបនានគរជិនឬគិម ឡើងក្នុងឆ្នាំគ.ស ១១១៥។  ក្រោយមកវាយដណ្ដើមយកដែនដីនគរលៀវត្រើយខាងកើត និងក្រុងសំខាន់របស់នគរលៀវរហូតបានទាំងអស់ (រួមទាំងប៉េកាំងនិងតាថុង)។ ធៀនចួទីបានគេចខ្លួនទៅភាគខាងលិច តែចុងក្រោយត្រូវចាប់ខ្លួនបាន រាជ្យវង្សលៀវត្រូវរលំរលាយ។

*ឈ្មោះនគរនិងឈ្មោះរាជវង្សជាឈ្មោះតែមួយ តែមានការផ្លាស់ប្ដូរឈ្មោះជាច្រើនលើក ដូចជា ក្នុងឆ្នាំគ.ស ៩៣៨ ឈីតាន់ស្ថាបនាដែនដី ១៦ ស្រុកដែលបានទទួលដោយដាក់ឈ្មោះថា តាលៀវ ឆ្នាំគ.ស ៩៤៧ ផ្ដួលរំលំរាជវង្សហូវជិនស្ថាបនាតាលៀវឡើងនៅក្រុងខៃហ្វឺ ក្រោយមកឆ្នាំគ.ស ៩៨៣ ប្រើឈ្មោះឈីតាន់ ដល់ឆ្នាំគ.ស ១០៦៦ ត្រឡប់មកប្រើឈ្មោះនគរលៀវម្ដងទៀត។

** ជាជនជាតិតាំងសៀង លីជីឆៀន ជាឈ្មោះក្នុងភាសាហាន ប្រើត្រកូលតាមរាជវង្សនៅភូមិភាគកណ្ដាលដើម្បីសម្ដែងភក្ដីភាព ក្រោយមកប្ដូរមកជាត្រកូលចៅ តាមរាជវង្សសុង។

แผ่นดินเหลียวเมื่อราวปี 1000