រាជវង្សសៀ

ពីវិគីភីឌា

រាជវង្សសៀ (២ ១០០ ឆ្នាំមុនគ.ស - ១ ៧០០ ឆ្នាំមុនគ.ស)[កែប្រែ]

រាជវង្សសៀចាត់ទុកជារាជវង្សដំបូងគេក្នុងប្រវត្ដិសាស្ដ្រចិនដែលជារបបផ្ទេររាជសម្បត្ដិពីឪពុកទៅកូន។ តាមរយៈកំណត់ត្រាប្រវត្ដិសាស្ដ្ររបស់ស៊ឺម៉ៅសៀន ធ្វើឲ្យអ្នកប្រវត្ដិសាស្ដ្រចិនចាប់ផ្ដើមរាប់យុគសម័យសៀដោយចាប់ផ្ដើមពីសៀវីដល់ល្វីគុយ ឬសៀចៀ ក្នុងរយៈពេលជាង ៤០០ ឆ្នាំ មានក្សត្រគ្រងរាជបល្ល័ង្ក ១៧ អង្គ មានការបន្ដអំណាចរហូតដល់ ១៤ ជំនាន់មនុស្ស។ ការបង្កើតរាជវង្សសៀដែលមានឬសគល់មកពីការដណ្ដើមគ្រប់គ្រងទ្រព្យសម្បត្ដិជារបស់ខ្លួន ជាសញ្ញាបង្ហាញថាសង្គមសម័យបុរេប្រវត្ដិដែលទ្រព្យសម្បត្ដិជារបស់រួមតាំងពីយូរមកហើយ កំពុងត្រូវជំនួសដោយសង្គមបែបដណ្ដើមគ្រប់គ្រងទ្រព្យសម្បត្ដិផ្ទាស់ខ្លួន ហើយនេះក៏ជាការវិវត្ដន៍ក្នុងប្រវត្ដិសាស្ដ្រក្នុងកំឡុងពេលមួយ ដែលជាធម្មតាការកើតឡើងនៃប្រព័ន្ធថ្មី តែងត្រូវប្រឈមនឹងកម្លាំងប្រឆាំងពីភាគីអភិរក្ស ពេលសៀឈី បុត្ររបស់សៀវីទទួលតំណែងបន្ដពីបីតា ក៏បានអញ្ជើញបណ្ដាមេដឹកនាំកុលសម្ព័ន្ធពីតំបន់ផ្សេងៗ មកចូលរួមពីធីជប់លៀង ដើម្បីទទួលស្គាល់ការឡើងតំណែងរបស់ព្រះអង្គ។ ក្រុមហ៊ូស៊ឺមិនពេញចិត្ដសៀឈី ដែលបញ្ឈប់របបការជ្រើសរើសអ្នកមានសមត្ថភាពមកគ្រប់គ្រងតំណែងមេដឹងនាំដូចពីសម័យមុន ពុំបានចូលរួមពិធីជប់លៀងនោះ ទើបសៀឈីលើកងទ័ពចេញទៅបង្រ្កាបហ៊ូស៊ឺ ដោយច្បាំងគ្នានៅកាន។ ហ៊ូស៊ីចាញ់សង្គ្រាមក៏ត្រូវបាត់ឈ្មោះ។ ជ័យជម្នះនេះ ធ្វើឲ្យជំហានដំបូងរបស់របបអំណាចថ្មីនេះរឹងមាំឡើងៗ។

របបគ្រប់គ្រងថ្មីនេះវិវត្ដន៍ឡើងជាសន្សឹមៗ ក្នុងពេលដែលមេដឹកនាំថ្មី ត្រូវប្រឈមនឹងបញ្ហាខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រង ឬសគល់នៃអំណាចដែលបានមកពីការដណ្ដើមគ្រប់គ្រងទ្រព្យសម្បត្ដិជារបស់ខ្លួន ក្នុងកំឡុងពេលនៃការពង្រីកខ្លួនឆ្ពោះទៅរកការមានអំណាចខ្លាំជាងនេះ សភាពនៃការកៀបសង្កត់ ប្រជែងដណ្ដើម និងការស្រេកាឃ្លានក្នុងការចង់បានសេចក្ដីសុខរបស់អ្នកគ្រងអំណាចក៏នៅមានសភាពធ្ងន់ធ្ងរ និងរមែងមិនអាចជៀសបាននូវការដណ្ដើមផលប្រយោជន៍និងអំណាចក្នុងក្រុមអ្នកគ្រប់គ្រងអំណាចដូចគ្នាបាន។

ដូច្នេះ ពេលសៀឈីស្លាប់ កូនប្រុសរបស់ព្រះអង្គទាំងប្រាំនាក់ក៏ដណ្ដើមអំណាចគ្នា លទ្ធផលគឺពេលថៃខំាងបានឡើងគ្រងរាជ្យបន្ដពីឈី (គ្រងរាជ្យ ២៩ ឆ្នាំ) ក៏ពុំបានចាប់អារម្មណ៍យកចិត្ដទុកដាក់គ្រប់គ្រងប្រទេស វីវក់តែនឹងសុរានិងនារី។ ក្រោយមកក៏ត្រូវអ៊ីដែលជាស្ដេចនៃនគរឆុងឆ្លៀតឱកាសចូលមកដណ្ដើមអំណាច។ ក្រោយមកពេលអ៊ីត្រូវមន្ដ្រីរបស់ខ្លួនឈ្មោះហានចួប្រហារហើយ សៅខាំង (គ្រងរាជ្យ ២១ ឆ្នាំ)បុត្ររបស់ថៃខាំងដែលភាសខ្លួនទៅនៅនគរយ៉ូវវី បានទទួលជំនួយពីយ៉ូវវី រួបរួមពលចាស់របស់សៀជាថ្មី ហើយអាស្រ័យកំឡុងពេលដែលផ្ទៃក្នុងរបស់ក្រុមហានចួកើតជ្រួលច្របល់ ចូលដណ្ដើមអំណាចដើម្បីបង្កើតរាជវង្សសៀជាថ្មី។

នេះជាហេតុការណ៍ដែលជាគោលប្រវត្ដិសាស្ដ្រសម័យរាជវង្សសៀ ដែលគេនិយមហៅថា “ថៃខាំងបាត់បង់នគរ អ៊ីដណ្ដើមគ្រប់គ្រងសៀ ហើយសៅខាំងរំដោះសៀ”។

  ពេលដល់ចុងសម័យរាជវង្សសៀ អំណាចផ្ទៃក្នុងផ្ដើមរង្គោះរង្គើ ខាងក្រៅរំខានមិនឈប់ឈរ ទំនាក់វណ្ណៈសង្គមកើតឡើងធ្ងន់ធ្ងររាល់ថ្ងៃជាលំដាប់។ ពេលសៀចៀ បានឡើងគ្រងរាជបល្ល័ង្ក (កំឡុងឆ្នាំ ១៧៦៣ មុនគ.ស គ្រងរាជ្យបាន ៥២ ឆ្នាំ) ពុំបានធ្វើបដិវត្ដន៍ផ្លាស់ប្ដូរអ្វីឡើយ នៅឈ្លក់វង្វេងតែនឹងអំណាច ដោយបញ្ជាឲ្យកសាងតំណាក់រាជវាំង ខ្ជីខ្ជាប្រាក់កាសច្រើនសន្ធឹកសន្ធាប់ សប្បាយស្រីស្រារាល់ថ្ងៃ ដោយពុំចាប់អារម្មណ៍នឹងសុខទុក្ខប្រជារាស្ដ្រ។

ប្រជារាស្ដ្រក៏នាំគ្នាជេរប្រទេច ពួកមន្ដ្រីដែលមានស្វាមីភក្ដិ បែរជាត្រូវជាប់គុកឬប្រហារជីវិត បណ្ដាមន្ដ្រីមេទ័ពនាំគ្នាងាករេចិត្ដ ទើបសៀចៀត្រូវនៅឯកា សាងថាំង ដែលជាបឋមក្សត្ររាជវង្សសាងឃើញឱកាសហុចឲ្យ បានយកលេស “បញ្ជាទេវតា” ចោទថាសៀចៀធ្វើខុសចំពោះមេឃ ទើបត្រូវតែដាក់ទោស ដោយសុំឲ្យប្រជារាស្រ្ដនឹងមេទ័ពរួមកម្លាំងកម្ចាត់ ដើម្បីបំពេញបំណងទេវតា សង្គ្រាមរវាងសាងថាំងនិងសៀចៀនៅមិងថៀវ សាងថាំងឈ្នះ សៀចៀភាសខ្លួន និងស្លាប់នៅម៉ាន់ឆៅ រាជវង្សសៀដល់កាលអវសាន។


រូបថត[កែប្រែ]

ឯកសារយោង[កែប្រែ]

  • Deady, Kathleen W. and Dubois, Muriel L., Ancient China. Mankato, MN: Capstone Press, 2004.
  • Lee Yuan-Yuan and Shen, Sinyan. Chinese Musical Instruments (Chinese Music Monograph Series). 1999. Chinese Music Society of North America Press. ISBN 1-880464-03-9
  • Allan, Sarah (1991), The Shape of the Turtle: Myth, Art and Cosmos in Early China (S U N Y Series in Chinese Philosophy and Culture). State University of New York Press. ISBN 978-0-7914-0459-1
  • Allan, Sarah, "Erlitou and the Formation of Chinese Civilization: Toward a New Paradigm", The Journal of Asian Studies, 66:461–496 Cambridge University Press, 2007

ប្រភពសារព៌ត័មាន[កែប្រែ]