រាជវង្សហានខាងកើត
រាជវង្សហាន
[កែប្រែ]លិវប៉ាំង បានបង្កើតរាជវង្សហានឡើង ហើយបញ្ឈប់របបផ្ដាច់ការដ៏សែនហាវរបស់ឈិនស៊ីហង់តេទាំងស្រុង ដោយសន្យាជាមួយប្រជារាស្រ្តថា នរណាសម្លាប់មនុស្សត្រូវទទួលទោសប្រហារជីវិត នរណាលួចឬប្លន់ទ្រព្យសម្បត្ដិគេត្រូវទទួលទោស។ នៅដើមរាជវង្សហាន នគរក្រីក្រណាស់។ ដោយសារទើបឆ្លងផុតពីសង្គ្រាម ទើបលិវប៉ាំងបណ្ដោយឲ្យរាស្ដ្រប្រកបរបររកស៊ី ដោយប្រមូលពន្ធត្រឹម ១/៣០ នៃផលិតផលដែលប្រមូលបាន ដើម្បីស្រោចស្រង់ប្រទេសជាតិ។ ក្រោយពេលលិវប៉ាំងគ្រប់គ្រងនគរមិនយូរប៉ុន្មាន ដោយភាពភ័យខ្លាច ក៏បានដកជំនួយការជំនាញទាំង ៣ ចេញពីតំណែង។ លុះដល់ចុងសម័យលិវប៉ាំង លីហងហៅបានគ្រប់គ្រងអំណាច។ ក្រោយពេលលិវប៉ាំងស្លាប់ លីហងហៅបានប្រើអំណាចកម្ចាត់អ្នកដែលប្រឆាំងនឹងនាងទាំងអស់ ថែមទាំងធ្វើឲ្យលិវអ៊ិង ឬហានហ៊ុយទីហង់តេឡប់សតិ ធ្វើឲ្យនាងមានអំណាចដោយពេញលេញ។ ពេលនាងសុគត់ បណ្ដាខ្សែស្រឡាយរាជវង្សហាន ក៏ចាត់ការកម្ទេចត្រកូលនាងទាំងអស់ ហើយលើកលិវហឺង បុត្រាមួយអង្គទៀតរបស់លិវប៉ាំងឡើងគ្រងរាជ្យជា ហាន់វ៉ើនទី។ ហង់តេអង្គនេះគ្រប់គ្រងនគរបានល្អ អាណិតស្រឡាញ់ប្រជារាស្ដ្រនិងមានសមត្ថភាព។ ព្រះចៅហានជិងទី ហង់តេអង្គបន្ទាប់មកក៏ដូចគ្នា។ សម័យនៃស្ដេចពីរព្រះអង្គនេះ ប្រទេសជាតិរីកចម្រើនយ៉ាងលឿន តែពេលបន្ទាប់មក ក្នុងរជ្ជកាលព្រះចៅហានអ៊ូទី (លិវឆឺ) ហង់តេអង្គទី ៥ បានធ្វើរបកគំហើញផ្លូវសូត្រ (Silk Route) ដែលជាផ្លូវឆ្ពោះទៅទិសខាងលិចនៃប្រទេសចិន ក្នុងការធ្វើពានិជ្ជកម្មផ្សេងៗ តែក៏បាននាំប្រទេសទៅរកសង្គ្រាម និងភាពអាក់ខានផ្សេងៗ ។ ការដើរកម្សាន្ដយ៉ាងឥតប្រយោជន៍ បំផ្លាញប្រាក់កាសដែលសន្សំទុកពីពីររជ្ជកាលមុនរហូតទាស់តែអស់ រហូតបង្កឲ្យកើតចលនាប៉ះបោររបស់អ្នកស្រែ ទើបដឹងខ្លួនខុសនិងសុំទោសប្រជាជន។ ក្រោយមក ក្នុងរជ្ជកាលព្រះចៅហានយួនទី មានស្រីស្រស់អ្នកស្រោចស្រង់ជាតិម្នាក់ គឺ វ៉ាំងចៅជ្វិន អ្នកដែលត្រូវបញ្ជូនទៅអភិសេក ជាមួយក្សត្រកុលសម្ព័ន្ធសុងនូ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ធ្វើឲ្យឃ្លាតឃ្លាពីសង្គ្រាមអស់រយៈពេលរាប់សិបឆ្នាំ។ ពុទ្ធសាសនាក៏ចូលមកដល់ទឹកដីចិន ក្នុងរាជវង្សហាននេះឯង។ ព្រះចៅមិងទី ទ្រង់បានបញ្ជូនក្បួនដង្ហែរទៅអញ្ជើញព្រះគម្ពីរផ្សេងៗ មកប្រតិស្ថាន ហើយព្រះអង្គក៏ជាពុទ្ធមានកជនដែរ។ រាជវង្សនេះ មានភាពរីកចម្រើក្នុងផ្នែកផ្សេងៗ មានការធ្វើក្រដាស សសេរអក្សរបានហើយ។ ក្នុងកំឡុងពាក់កណ្ដាលសម័យកាល ដោយសារភាពគ្មានសណ្ដាប់ធ្នាប់ក្នុងរាជសំណាក់ វ៉ាងម៉ាងបានដណ្ដើមរាជបល្ល័ង្គ បង្កើតជារាជវង្សស៊ិន តែគ្រងរាជ្យបានត្រឹមជាងដប់ឆ្នាំ លិវស៊ិវ ខ្សែញាតិវង្សហាន បានធ្វើសង្គ្រាមដណ្ដើមអំណាចមកវិញ បង្កើតរាជវង្សហានជាថ្មី ហើយប្ដូររាជធានីទៅលួយ៉ាង ទទួលនាមជា ព្រះចៅហានកួងអ៊ីទី សម័យនេះហៅថា រាជវង្សហានខាងកើត (តុងហាន) ។ ក្នុងយុគសម័យនេះ គេរកឃើញលទ្ធិចរិយធម៌ មានការជ្រើសរើសអ្នកមានចរិយធម៌ឲ្យមកកាន់តំណែងផ្សេងៗ ។ នៅចុងសម័យរាជវង្សហានហង់តេខ្សោយអំណាចណាស់ ដោយសារមានការរៀបការនឹងគ្នាក្នុងខ្សែរាជវង្ស ធ្វើឲ្យហង់តេជាច្រើនអង្គអស់ព្រះជន្មតាំងពីនៅអាយុតិច ថែមទាំងពួកខាន់ធី(មន្ដ្រីធំ) មានឥទ្ធិពលខ្លាំងក្នុងរាជសំណាក់ ដោយសារជិតស្និទ្ធនឹងហង់តេពេក ជាហេតុធ្វើឲ្យកើតរឿងច្របូកច្របល់ក្នុងរាជវង្ស។ សម័យព្រះចៅហានឡេនតេ មានចោរចងកន្សែងលឿងបង្កចលាចល លិវប៉ី (ឡៅពី) ខ្សែញាតិវង្ស តៀវហ៊ុយ និងកួនអ៊ូ បីនាក់បងប្អូនរួមសម្បថ បានប្រាបប្រាមចោររាបទាប។ ក្រោយពេលនោះមិនយូរ ព្រះចៅហានឡេនតេអស់ព្រះជន្ម ពួកខានធីថ្លើមកាន់តែរីកធំ ហូជិន បងប្រុសហងហៅ បានបញ្ជូនទាហានចូលមកសម្លាប់ខាន់ធីក្នុងវាំង តែមិនអស់ទើបត្រូវខាន់ធីធ្វើផែនការសម្ងាត់ បន្លំរាជឱង្ការបស់ហងហៅ ហៅហូជិនចូលវាំង ហើយរៀបអន្ទាក់សម្លាប់ចោល។ ចូឆូ បានលើកទ័ពចូលមកសម្លាប់ខាន់ធីសឹងអស់ តែក្រោយមក តាំងតុ មេទ័ពម្នាក់ទៀត បានចូលមកក្នុងរាជវាំង ហើយកៀបពុំឲ្យរជ្ជទាយាទបានគ្រងរាជ្យ ឲ្យព្រះអនុជបន្ទាប់គ្រងរាជជំនួស ព្រះនាមថា ព្រះចៅហាន…តេ ហង់តេអង្គចុងក្រោយនៃរាជវង្សហាន។ ចំណែកតាំងតុតែងតាំងខ្លួនឯងជាមហាឧបរាជ ក្ដោបអំណាចក្នុងដៃ ថែមទាំងក្រោយមកបានលួចប្រហាររជ្ជទាយាទ និងព្រះមាតាទៀត ធ្វើឲ្យពួកមន្ដ្រីពុំពេញចិត្ដជាខ្លាំង។ ក្រោយមក លិពូ កូនធម៌របស់តាំងតុបានសម្លាប់តាំងតុចោល (ត្រង់នេះក្នុងរឿងសាមកុកនិយាយថា ដោយសារមារយាស្ដ្រីឈ្មោះនាងតៀវសៀន តែការពិតយ៉ាងណាក៏ពុំដឹងច្បាស់ ព្រោះតៀវសៀនពុំមានរូបរាងពិតប្រាកដ) ។ កូនចៅរបស់តាំងតុដែលនៅសេសសល់ បានធ្វើទុក្ខព្រះចៅហាន…តេ។ ក្រោយមក ចូឆូបានមកជួយបង្ក្រាប និងតែងតាំងខ្លួនឯងជាមហាឧបរាជតាមលំនាំរបស់តាំងតុម្នាក់ទៀត ធ្វើឲ្យមន្ដ្រីជាច្រើននាក់មិនពេញចិត្ដជាខ្លាំង កើតការបែងចែកប្រទេសជាច្រើននគរ ចុងក្រោយសល់តែ ៣ នគរ គឺនគរស៊ូរបស់លិវប៉ី នគរវ៉ើយរបស់ចូឆូ និងនគរអ៊ូរបស់ស៊ុនកួន ដូចក្នុងពង្សាវតាសាមកុក ហើយក៏បានវាយប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយពេលចូឆូស្លាប់ ចូភីកូនចូឆូ បានកៀបឲ្យព្រះចៅហាន…តេឲ្យដាក់រាជ្យសម្បត្ដិ ក្រោយពេលក្លាយជាហង់តេអាយ៉ងជាង ៣០ ឆ្នាំ រាជវង្សហានក៏ត្រូវអស់អាណត្ដិត្រឹមប៉ុណ្ណេះ ហើយបង្កើតជារាជវង្សវ៉ើយឡើង។ សង្គ្រាមនៅតែមានជាបន្ដទៀត ចុងក្រោយ ក្រោយពេលនោះជិតហាសិបឆ្នាំទៀត នគរស៊ូត្រូវរលំរលាយមុនគេ ក្រោយពេលនោះ ស៊ុម៉ាអៀនបានដណ្ដើមរាជបល្ល័ង្កពីរាជវង្សវ៉ើយ បង្កើតជារាជវង្សជិន ហើយធ្វើសង្គ្រាមបង្ក្រាបនគរអ៊ូបានសម្រេច។ ការច្បាំងគ្នាដ៏យូររាប់សិបឆ្នំាក៏ត្រូវបញ្ចប់ រាជវង្សជិននៅមិនបានយូរប៉ុន្មាន ដោយសារភាពទន់ខ្សោយរបស់ក្សត្រ ធ្វើឲ្យប្រទេសចិនត្រូវរងការវាយលុកពីខាងក្រៅ រហូតធ្វើឲ្យរាជវង្សជិនត្រូវប្ដូររាជធានីទៅភាគខាងត្បូង ហៅថា រាជវង្សតាំងជិន ទើបផែនដីចិនត្រូវបែងចែកជាខាងជើង-ខាងត្បូង ខាងត្បូងមានរាជវង្សផ្សេងៗ ផ្លាស់គ្នាឡើងគ្រប់គ្រងជាច្រើនរាជវង្ស គឺ រាជវង្សជិន រាជវង្សសុង រាជវង្សឈី រាជវង្សលៀង រាជវង្សឆឺន។ ចំណែកខាងជើង ជាដែនដីអនារ្យជន មានរាជវង្សផ្សេងៗ គឺ រាជវង្សវ៉ើយខាងជើង រាជវង្សវ៉ើយខាងកើត រាជវង្សឈីខាងជើង រាជវង្សវ៉ើយខាងលិច រាជវង្សចូវខាងជើងឬប៉ើយចូវ។ ក្នុងសម័យរាជវង្សខាងជើង-ខាងត្បូងនេះ មានបុគ្គលសំខាន់ម្នាក់គឺ ព្រះពោធិធម្ម (តាក់ម៉) ជាអាចារ្យអង្គដំបូងនៃពុទ្ធសាសនានិកាយសេន ដែលផ្ដោតលើការផ្សព្វផ្សាយសច្ចៈធម៌ពីចិត្ដទៅចិត្ដ ។ លោកចូលមកក្នុងសម័យរាជវង្សលៀង (ខាងត្បូង) រជ្ជកាលរបស់ព្រះចៅលៀងប៊ូទី ហង់តេអង្គនេះមានសទ្ធាចំពោះពុទ្ធសាសនាណាស់ តែត្រូវឆ្លើយតបជាប្រស្នាធម៌ពីលោក ធ្វើឲ្យមានការមិនពេញចិត្ដ លោកឃើញថាប្រហែលជាជជែកគ្នាពិបាកយល់ ទើបឈប់សន្ទនាជាមួយ (មានសៀវភៅប្រវត្ដិហង់តេអង្គនេះ បានកត់ត្រាទុកថា ទ្រង់អភិវឌ្ឍន៍ច្រើនណាស់ តែពេលចុងក្រោយ បានទៅបំពេញធម៌ក្នុងល្អាងភ្នំ និងជម្រះកម្មចាស់ ដែលធ្លាក់បានសាងកាលពីជាតិមុនជាមួយស្វា ដែលបានកើតមកជាមេទ័ពធ្វើឲ្យត្រូវអត់អាហារស្លាប់ក្នុងល្អាងភ្នំនេះឯង តែចុងក្រោយបានសម្រេចធម៌។ យើងពុំបា្រកដចិត្ដដូចគ្នាព្រោះក្នុងកំណត់ត្រាពុំបាននិយាយអំពីរឿងនេះ គ្រាន់តែស្ដាប់តៗ គ្នាប៉ុណ្ណោះ) ក្រោយមក លោកបានទៅអង្គុយតាំងសមាធិនៅល្អាងភ្នំមួយកន្លែងនាភាគខាងជើងជាច្រើនឆ្នាំ ដោយពុំពាល់អាហារឬទឹកឡើយ (ពុំប្រាកដថា ៧ ឬ ៩ ឆ្នំា) រហូតមានសិស្សម្នាក់ដែលមានសទ្ធាខ្លាំង មកអង្គុយចាំលោកនៅមុខល្អាង (ក្នុងរឿងនិយាយថា សុខលះបង់ដៃដើម្បីឲ្យលោកព្រមបង្រៀន) លោកមើលឃើញពីការតាំងចិត្ដ ទើបផ្ទេរសច្ចៈធម៌ឲ្យ និងតំណែងរបស់លោកដែរ។ ការបាក់បែករបស់ចិនជាងបួនរយឆ្នាំនេះបានធ្វើឲ្យមានការប្រែប្រួលកើតឡើងក្នុងសង្គមចិនគួរសមដែរ ដោយសារមានអារ្យធម៌របស់អនារ្យជនចូលមកលាយឡំជាមួយ។ អ្វីដែលឃើញច្បាស់នោះគឺ ការផ្ដល់ឥស្សរភាពនិងសិទ្ធិដល់ស្ដ្រីខ្លាំងឡើងដែលពីមុនធ្លាប់តែកៀបសង្កត់សឹងស្មើបាតដី (មើលបានតាមរយៈប៊ូឆេកធៀន) បុរសទទួលស្គាល់ស្ដ្រីដែលធ្លាប់មានស្វាមីហើយ (ស្វាមីស្លាប់) រហូតយកមកធ្វើជាភរិយាបាន (បើពីមុនវិញ ខ្ពើមរអើម មើលងាយមើលថោក តែគេឲ្យតម្លៃតែស្រ្ដីមេម៉ាយ ស្ដ្រីដែលឆ្លងកាត់រៀបការតែប៉ុណ្ណោះ ពុំមែនជាស្រ្ដីខូចខ្លួននឹងប្រុសដោយពុំបានរៀបការនោះឡើយ ព្រោះដូច្នេះ បើដូចករណីខូចខ្លួនមុនរៀបការដូចសម័យនេះ មិនដឹងថាទទួលយកគ្នាបានឬអត់ទេ កុំភ្លេចថា មនុស្សសម័យមុនគេថែរក្សាខ្លួនប្រាណ មិនទំមុនស្រគាលដូចសម័យនេះទេ) ។ នៅចុងសម័យរាជវង្សប៉ើយចូវ (ខាងជើង) យ៉ាងចៀន ដែលជាមន្ដ្រីរបស់រាជវង្សប៉ើយចូវ បានអាស្រ័យឥទ្ធិពលរបស់វង្សត្រកូល ពុះពារគ្រប់ឧបសគ្គជាច្រើន ពីបណ្ដាញាតិវង្ស ដែលព្យាយាមចង់លួចប្រហារនិងទន្លាក់កំហុសឲ្យត្រូវប្រហារជាច្រើនគ្រា តែចុងក្រោយ ដោយមានការជួយសង្គ្រោះពីសំណាក់មន្ដ្រីក៏បានធ្វើបដិវត្ដន៍ការគ្រប់គ្រងជាថ្មី ហើយទីបំផុត ក៏បង្ខំឲ្យហង់តេរាជវង្សប៉ើយចូវដាក់រាជសម្បត្ដិ ហើយតាំងរាជវង្សស៊ុយឡើង ក្រោយមក ក៏អាចធ្វើសង្គ្រាមជាមួយរាជវង្សឆឺន (ខាងត្បូង) រួបរួមផែនដីខាងជើងខាងត្បូងបានសម្រេច បញ្ចប់ការបាក់បែករបស់ចិន។
រាជវង្សហានខាងលិច (ឆ្នំា ២០២ មុនគ.ស-ឆ្នាំ ៨ នៃគ.ស)
[កែប្រែ]ប្រវត្ដិការបរាជ័យរបស់សៀងវីឬឆប៉ាអង ដែលនំាទៅរកការបើកទំព័រប្រវត្ដិសាស្ដ្រថ្មីរបស់ចិន បានត្រូវយកមកសម្ដែងជារឿងល្ខោននៅមហោស្រពប៉េកាំង ដោយភាគច្រើនសំដែងវគ្គ “ប៉ាវ៉ាំងចៀជី” ដែលជាវគ្គដែលឆប៉ាអងលានាងស្អំសំណប់ចិត្ដ មុនពេលសម្លាប់ខ្លួននៅមាត់ទន្លេអ៊ូចៀន។
រាជវង្សហានស្ថាបនាឡើងដោយលិវប៉ាំងឬបឋមក្សត្រហានកៅជូ ដែលចាត់ទុកជាស្ដេចចក្រព័ត្ដិដ៏អស្ចារ្យអង្គទី ២ នៃជនជាតិចិនដែលអាចរួបរួមប្រទេសចិនឲ្យមានឯកភាព។ រាជវង្សហានបែងចែកជា ២ ដំណាក់កាល រាជវង្សហានដំបូងមានរាជធានីនៅឆាងអាន ទើបបានទទួលនាមថា ហានខាងលិច ពេលមកដល់ចុងសម័យហានបានប្ដូររាជធានីមកនៅលួយ៉ាង ទើបហៅគេហៅថា ហានខាងកើត។
លិវប៉ាំងអ្នកបង្កើតរាជវង្សហាន ពីដើមគ្រាន់តែជាមន្ដ្រីតូចតាចប៉ុណ្ណោះ ពេលឈិនស៊ីហួងឬជិនស៊ីហង់តេនៃរាជវង្សឈិនអស់ព្រះជន្ម អំណាចរបស់រាជវង្សឈិនរង្គោះរង្គើ មានការងើបឡើបបះបោរពីបណ្ដាប្រជារាស្ដ្រនិងខ្សែស្រឡាយស្ដេចនគរមុនៗ មានការតាំងខ្លួនជាធំនៅគ្រប់ទិសទី។ លិវប៉ាំងក៏ជាក្រុមមួយដែលកើតឡើងពីការរួមកម្លាំងតូចតាច ក្រោយមកបានលើកទ័ពចូលរាជធានីសៀនយ៉ាងបិទទំព័រប្រវត្ដិសាស្ដ្ររាជវង្សឈិន និងប្រគល់នគរឲ្យទៅសៀងអ៊ីឬឆប៉ាអងដែលមានមូលដ្ឋានអំណាចនៅនគរអ៊ូនិងគ្រប់គ្រងកម្លាំងរឹងមាំជាងគេនាពេលនោះ ទើបលិវប៉ាំងបានទទួលការតម្លើងយសឡើងជាហានចុងអង។ ក្រោយពេលសន្សំកម្លាំងទ័ពបានច្រើននិងរឹងមាំហើយ បានបើកការប្រយុទ្ធដណ្ដើមបល្ល័ង្កពីសៀងវី។ សង្គ្រាមលើកនេះមានឈ្មោះថា សង្គ្រាមឈូហាន ស៊ីពេលដល់ទៅ ៤ ឆ្នាំ រហូតដល់ឆ្នាំ ២០២ មុនគ.ស លិវប៉ាំងបានទទួលជ័យជម្នះទាំងស្រុង ឈានឡើងគ្រងបល្ល័ង្កស្ដេចចក្រព័ត្ដិ បង្កើតរាជវង្សហាន។
ប្រព័ន្ធគ្រប់គ្រងប្រទេសរបស់រាជវង្សហានជាទូទៅយកទម្រង់តាមរាជវង្សឈិន តែដោយសាររាជវង្សឈិនគ្រប់គ្រងផ្ដាច់ការពេកជាហេតុធ្វើឲ្យរលំរលាយយ៉ាងលឿន ទើបស្ដេចហានកៅជូ ប្រកាសឈប់ប្រើច្បាប់ទារុណនិងសាហាវមួយចំនួន ថែមទាំងធ្វើនយោបាយជាមិត្ដនឹងប្រជាជន ដូចជា កាត់បន្ថយការយកភាស៊ីនិងការកេណ្ឌកម្លាំងទាសករ ដោះលែងកម្លាំងទាហាននិងប្រជាជនឲ្យទៅស្រុកកំណើតរបស់ខ្លួន រៀបចំចាត់ចែងបែងចែកដីធ្លីឲ្យបណ្ដាទាហានដែលច្បាំងឈ្នះសឹកសង្គ្រាម ថែមទាំងប្រទានរង្វាន់ជាស្បៀងអាហារនិងតំណែងរាជការឲ្យទៀតផង។ ក្រៅពីនេះ នៅមានការគ្រប់គ្រងពានិជ្ជករអ្នកមាន មិនឲ្យឆ្លៀតឱកាសឡើងថ្លៃទំនិញ។ ផ្ទៃដីកសិកម្មបានទទួលការទំនុកបម្រុងម្ដងទៀត។ ពេលធ្វើបានដូច្នេះ ធ្វើឲ្យសភាពសង្គមបានមានពេលក្នុងការស្ដារនិងរៀបចំជាថ្មី និងឈានទៅរកភាពសុខសាន្ដដូចដែលធ្លាប់មានពីមុនមក។
រហូតមកដល់រជ្ជកាលរបស់ស្ដេចវ៉ើនទី និងជិងទី ក្នុងរយៈពេលជាង ៦០ ឆ្នាំក្រោយមកទៀត ក៏នៅតែផ្ដល់ភាពសំខាន់លើកសិកម្ម មានការប្រមូលភាស៊ីតិចតួចនិងកេណ្ឌកម្លាំងទាសករក្នុងកម្រិតទាប។ សភាពសេដ្ឋកិច្ចនិងសង្គមបានទទួលការអភិវឌ្ឍន៍រហូតមានការរីកចម្រើនយ៉ាងលឿន មិនថាជាពានិជ្ជកម្មអំបិល ពានិជ្ជកម្មដែកថែប ការងារហត្ថកម្ម និងការលក់ដូរផ្សេងៗ ក៏កាន់តែរីកចម្រើនឡើងជាលំដាប់។ ដោយសារនៅកំឡុងពេលដើមសម័យរាជវង្សហានបានមានការផ្ដល់គុណសម្បតិ្ដដល់មន្ដ្រីនិងញាតិវង្សចំនួនជាច្រើន ដូច្នេះអំណាចរបស់មន្ត្រីនិងញាតិវង្សអស់ទាំងនេះកាន់តែរឹងមាំឡើងជាលំដាប់ ទើបក្នុងរជ្ជកាលស្ដេចជិងទីកើតហេតុការណ៍ “ក្បត់ ៧ នគរ” ឡើង។ ក្រោយពេលពួកក្បត់ត្រូវបង្ក្រាបរាបទាបអស់ហើយ ឥទ្ធិពលអំណាចអស់បណ្ដាមន្ដ្រីក៏ធ្លាក់ចុះ អំណាចកណ្ដាលក៏រឹងមាំឡើង។ ពេលដល់រជ្ជកាលស្ដេចអ៊ូទី (រយៈពេលគ្រងរាជ្យ ៥៤ ឆ្នាំ ជាស្ដេចហានដែលគ្រងរាជ្យយូរជាងគេបំផុតនៅចិន) ទើបចាត់ទុកជាយុគមាសរបស់រាជវង្សហានខាងលិច សេដ្ឋកិច្ចរុងរឿង ទ្រព្យសម្បត្ដិក្នុងព្រះរាជឃ្លាំងសល់ហូរហៀរ។
ក្នុងរជ្ជកាលស្ដេចអ៊ូទី មានបង្កើតប្រាក់ធ្វើពីលោហៈចាយទូទាំងប្រទេស មានច្បាប់ហាមមិនឲ្យលួចផលិតប្រាក់លោហៈប្រើដោយខ្លួនឯង។ ឧស្សាហកម្មស្លលោហៈក្លាយជាកិច្ចការរបស់រដ្ឋ មានការបង្កើតច្បាប់ដឹកជញ្ជូន ធ្វើច្បាប់អនុញ្ញាតផ្សេងៗ ធ្វើឲ្យចំណូលរបស់រដ្ឋកើនឡើងយ៉ាងខ្លាំង។ ដោយហេតុនេះហើយទើបស្ដេចហានអ៊ូទីងាកទៅចាប់អារម្មណ៍នយោបាយក្រៅប្រទេស ដូចជា កុលសម្ព័ន្ធសុងនូដែលតែងតែវាយរុករាននៅតំបន់ជាយដែនភាគខាងជើងអស់រយៈពេលជាយូរមកហើយ។ ស្ដេចហានអ៊ូទីបានលើកទ័ពទៅបង្ក្រាបដល់ទៅ ៣ លើក រុញច្រានកុលសម្ព័ន្ធសុងនូឲ្យត្រឡប់ទៅតំបន់វាលសមុទ្រខ្សាច់ភាគខាងជើង នាំសន្ដិសុខមកឲ្យដែនដីព្រំដែនភាគខាងលិចរបស់ចិន ថែមទាំងរុករានដីកសិកម្មថ្មីៗ នៅដែនដីភាគខាងលិចឆៀងខាងជើង ជួសជុលមហាកំពែងចិន រៀបចំភ្លើងសញ្ញាតឿនគ្រោះអាសន្នតាមជាយដែន និងបានបញ្ជូនចាងឆៀនទៅធ្វើជាមន្ដ្រីទូតចងសម្ព័ន្ធមេត្រីជាមួយដែនដីភាគខាងលិច ដើម្បីបើកផ្លូវពានិជ្ជកម្មនៅកាន់អាស៊ីកណ្ដាល ដែលយើងស្គាល់ក្នុងឈ្មោះជា “ផ្លូវសូត្រ” ។
ការរកឃើញផ្លូវសូត្រនាំមកនូវការផ្លាស់ប្ដូរវប្បធម៌រវាងលោកខាងកើតនិងលោកខាងលិច តាមរយៈពានិជ្ជកម្មផ្លូវគោក។ ហានអ៊ូទីបានទទួលយកគំនិតរបស់តុងចុងស៊ូ លើតំកើងទសន្សៈខុងជឺ លះបង់ទស្សនៈនៃសំណាក់ទស្សនវិជ្ជាផ្សេងៗ សិក្សាគម្ពីរអ៊ូជិង ដែលជាតម្រាស្ដីអំពីការប្រតិបត្ដិខ្លួននៃបញ្ញាជន ក្នុងការនៅរួមគ្នាក្នុងសង្គម ជាហេតុធ្វើឲ្យទស្សនៈខុងជឺបានផ្សព្វផ្សាយទៅកាន់សាធារណជនយ៉ាងទូលំទូលាយនាពេលក្រោយមកទៀត។ ក្នុងពេលជាមួយគ្នាដែរ ក៏មានការសាងសង់បណ្ណាល័យជាតិ ដើម្បីរក្សាឯកសារនិងតម្រាផ្សេងៗ ដែលជាកន្លែងបណ្ដុះចំណេះដឹង និងមានការរីកចម្រើនផ្នែកវប្បធម៌យ៉ាងខ្លាំងនាពេលក្រោយមក ដូចដែលអ្នកជំនាញប្រវត្ដិសាស្ដ្រចិនស៊ឺម៉ាឆៀន បានរៀបចំធ្វើកំណត់ត្រាប្រវត្ដិសាស្ដ្រ ដែលប្រើជាមូលដ្ឋានឯកសារយោងប្រវត្ដិសាស្ដ្រចិនរហូតដល់បច្ចុប្បន្ន។
ពេលដល់រជ្ជកាលស្ដេចចៅទី និងស្វៀនទី ថ្វីបើសេដ្ឋកិច្ចចិននៅឈានទៅមុខ តែបែរជាបង្កប់នូវស្រមោលរារាំងនៃនយោបាយ កើតការលាក់លួចអំណាចនិងការព្យាយាមរំលំអំណាចរដ្ឋបាលហាន ធ្វើឲ្យប្រជាជនកើតការភ័យខ្លាច។ ចំណែកនយោបាយចំពោះកុលសម្ព័ន្ធក្រៅប្រទេសគឺ កុលសម្ព័ន្ធសុងនូ ស្ដេចហានបានងាកទៅប្រើនយោបាយចងសម្ព័ន្ធមេត្រីជំនួសវិញ ដោយមានការចាត់បញ្ជូនអង្គបុត្រីរបស់ថ្នាក់ដឹកនាំធំៗ ទៅរៀបការជាមួយមេដឹកនាំកុលសម្ព័ន្ធរហូតកើតជារឿងតំណាលវ៉ាំងចៅច្វិន។
ក្នុងរជ្ជកាលស្ដេចហានយួនទី ក្រុមមន្ដ្រីដែលពុំមានខ្សែស្រឡាយជាអ្នកខ្ពស់ខ្ពស់កាន់តែមានអំណាចខ្លាំងជាងមុន ប្រព័ន្ធការគ្រប់គ្រងទន់ខ្សោយ កើតទំនាស់បុណ្យសក្ដិនិងការបះបោរពីសំណាក់ប្រជារាស្ដ្រជាប្រចាំ។ ពេលដល់រជ្ជកាលស្ដេចហានឆឺងទី ក្រុមត្រកូលវ៉ាំងដែលជាញាតិខាងព្រះមាតារបស់ឆឺងទីចូលគ្រប់គ្រងអំណាចនយោបាយ។ ត្រកូលវ៉ាំងមានបងប្អូន ៤ នាក់និងក្មួយប្រុសឈ្មោះវ៉ាំងម៉ាំង ចូលកាន់កាប់តំណែងមេទ័ពនិងមានទ្រព្យសម្បត្ដិមហាសាល។
លុះមកដល់រជ្ជកាលស្ដេចហានអៃទី រាជវង្សហានខាងលិចត្រូវពួករាស្ដ្របះបោររង្គើរាជបល្ល័ងសឹងនឹងពុំអាចគ្រងរាជបល្ល័ង្កបាន។ វ៉ាំងម៉ាំងយកយុទ្ធសាស្ដ្រ “បញ្ជាទេវតា” មកប្រើដើម្បីដោះស្រាយបញ្ហា តែត្រូវបរាជ័យ។ ពេលហានភិងទី ឡើងគ្រងរាជ្យបល្ល័ង្ក វ៉ាំងម៉ាំងមានអំណាចជាថ្មី ទើបផ្គុំកម្លាំងកម្ចាត់សត្រូវនយោបាយជាថ្មី ថែមទាំងចាត់តាំងស្ម័គ្របក្សពួក រកវិធីទិញទឹកចិត្ដប្រជាជននិងបញ្ញាជន ដើម្បីគាំទ្រអំណាចខ្លួន។ ពេលហានភិងទីអស់ព្រះជន្ម យូជឺអ៊ិង ដែលនៅក្មេងឡើងគ្រងរាជ្យបន្ដ។ វ៉ាំងម៉ាំងឃើញឱកាសមកដល់ បានដកអំណាចយូជឺអ៊ិង ហើយតែងតាំងខ្លួនឯងឡើងជាហង់តេ (គ.ស ៨-២៣) ចាប់ពីពេលនោះមករាជវង្សហានខាងលិចក៏ដល់តំណាក់កាលរលំរលាយ។
សម័យរាជវង្សហានខាងលិច ត្រូវគេចាត់ទុកជាសម័យកាលដែលមានការរីកចម្រើនរុងរឿងបំផុតក្នុងសម័យប្រវត្ដិសាស្ដ្រចិន ជាយុគសម័យបង្កើតមជ្ឈមណ្ឌលរួមចិត្ដនៃភាពជាជនជាតិចិន ឬដែលក្រោយមកហៅថាជនជាតិហាន។ ក្រោយពេលឈិនស៊ឺហួងឬជិនស៊ីហង់តេបឋមក្សត្រចិនដែសអាចបង្រួបបង្រួមផែនដីចិនឲ្យមានឯកភាពហើយ ក្នុងសម័យចាន់កួ ការប្រយុទ្ធគ្នារវាងនគរផ្សេងៗ បានធ្វើឲ្យកើតការលាយបញ្ជូលគ្នានៃវប្បធម៌ជនជាតិផ្សេងៗ ។ ពេលដល់សម័យរាជវង្សហានខាងលិច មិនថាជាទម្រង់នៃប្រព័ន្ធគ្រប់គ្រង ភាសាអក្សរ ការសិក្សាវប្បធម៌ ទំនាមទម្លាប់ប្រពៃណីផ្សេងៗ ក៏បានទទួលរងនូវការរួមបញ្ចូលគ្នា កើតជាវប្បធម៌រួមគ្នាដែលហៅថា “វប្បធម៌នៃជនជាតិហាន” ។ ចាប់តាំងពីពេលនោះមក ជនជាតិហានដែលមានការរីកចម្រើនជាង តែងតែត្រូវបានទទួលឲ្យធ្វើជាមេដឹកនាំក្នុងដែនដីនេះ ហើយនេះជាលទ្ធផលនៃការវិវត្ដន៍ក្នុងប្រវត្ដិសាស្ដ្រនិងការលាយបញ្ចូលគ្នាដោយធម្មជាតិ។ នៅក្រោយសម័យរាជវង្សហាន ថ្វីបើមានការផ្លាស់ប្ដូរមេដឹកនាំឬរាជវង្សជាច្រើន តែក្រុមមេដឹកនាំនៅតែជាជនជាតិហានដដែល។
រាជវង្សហានខាងកើត (គ.ស ២៥-២២០)
[កែប្រែ]វ៉ាំងម៉ាំង ដកតំណែងយូជឺអ៊ិង យុវក្សត្រអង្គចុងក្រោយនៃរាជវង្សហានខាងលិច ដើម្បីតែងតាំងខ្លួនជាស្ដេច ដោយរៀបចំរៀបប្រព័ន្ធការគ្រប់គ្រងថ្មីនិងបង្កើតរាជវង្សស៊ិន ឡើង។ តែការបរាជ័យនៃការរៀបចំថ្មីបានធ្វើឲ្យមានការបះបោរពីសំណាក់ប្រជារាស្ដ្រ កើតជាចលនាក្បត់នៅតាមតំបន់ផ្សេងៗ មានដូចជា កងកម្លាំងចិញ្ចើមក្រហម ដែលដឹកនាំដោយហ្វានឆុងពីតំបន់សានទុង និងកងកម្លាំងលីវលិន ដែលដឹកនាំដោយលិវស៊ិវ មកពីហ៊ូប៉ឺយ ជាដើម។ ក្នុងបណ្ដាកងកម្លាំងទាំងអស់នេះ កងកម្លាំងរបស់លិវស៊ិវរឹងមាំជាងគេ។
ក្រោយពេលចប់សង្គ្រាមនៅឃុនយ៉ាំង ជ័នជម្នះជាស្ថាពររបស់កងកម្លំាងលីវលិនលើកងទ័ពរាជវង្សថ្មី ធ្វើឲ្យលិវស៊ិវឆ្លៀតឱកាសចូលដណ្ដើមកងកម្លាំងប្រដាប់អាវុធនៅភាគខាងជើង ពង្រីកមូលដ្ឋានរបស់ខ្លួនទៅហឺប៉ិយ ដែលជាដែនដីភាគខាងជើងរបស់ចិនបច្ចុប្បន្ន។ ពេលដល់ពាក់កណ្ដាលគ.ស ២៥ លិវស៊ិវក៏តាំងខ្លួនឡើងធ្វើជាហង់តេគ្រប់គ្រងដែនដីហឺប៉ិយ ក្រោមព្រះនាមថា កួងអ៊ូទី និងប្រើឈ្មោះរាជវង្សហានដូចដើម ដោយអ្នកប្រវត្ដិសាស្ដ្របានបែងចែកយុគសម័យនេះជាសម័យហានខាងកើត ដោយសាររាជធានីស្ថិតនៅក្នុងក្រុងលួយ៉ាង។
ភារកិច្ចដំបូងរបស់កួងអ៊ូទីគឺការបង្ក្រាបកងកម្លាំងចិញ្ចើមក្រហមដែលកំពុងឡោមព័ទ្ធក្រុងឆាងអាន ពេលដល់ឆ្នាំរជ្ជកាលទី ១២ ក៏អាចបង្ក្រាបក្រុមរបស់ស៊ុនស៊ូនៅសេឆួនបានយ៉ាងរាបទាប បង្រួបបង្រួមប្រទេសចិនឲ្យមានឯកភាពជាថ្មីម្ដងទៀត។ ក្រោយមកបានប្រកាសដោះលែងទាសករ ដែលចាត់ទុកជាការដោះលែងកម្លាំងការផលិតដ៏ធំមួយ។ ក្រៅពីនេះ នៅមានការជួសជុលប្រព័ន្ធធារាសាស្ដ្រនៅទូទាំងប្រទេស ស្ដារវិស័យកសិកម្មឲ្យមានជីវិតរស់ឡើងវិញ។ ពេលដល់រជ្ជកាលស្ដេចមិងទី ក៏បានលុបចោលការធ្វើជំនួញអំបិលនិងដែកថែបបែបផ្ដាច់មុខ និងពានិជ្ជកម្មផ្សេងៗ ទៀត មានជាអាទិ រោងចក្រស្លនិងរំលាយទង់ដែង ជំនួញក្រណាត់ជាដើម ធ្វើឲ្យប្រទេសជាតិនិងការធ្វើជំនួញនៅសម័យរាជវង្សហានខាងកើតចម្រើនរុងរឿងឡើង ក្រុងលួយ៉ាងក្លាយជាមជ្ឈមណ្ឌលពានិជ្ជកម្មក្នុងប្រទេស។ ចំណែកមជ្ឈមណ្ឌលខាងត្បូង មានដូចជា ក្រុងយ៉ាំងចូវ ជិងចូវ អ៊ីចូវ ក៏រីកចម្រើនខាងពានិជ្ជកម្ម ហត្ថកម្ម ចំនួនប្រជាជនក្នុងក្រុងកើនឡើងយ៉ាងលឿន។
ក្នុងរជ្ជកាលស្ដេចចាងទី និងហឺទី មានការធ្វើដំណើរចេញទៅទាក់ទងចងសម្ព័ន្ធមេត្រីជាមួយដែនដីខាងលិច ដើម្បីភ្ជាប់ពានិជ្ជកម្មផ្លូវសូត្រ។ ក្នុងពេលនោះដែរ បណ្ដាម្ចាស់ដីទាំងផ្នែកទាហាននិងស៊ីវិលក៏ស្ថិតនៅក្នុងកំឡុងនៃការសន្សំបារមី។ ក្រោយរជ្ជកាលស្ដេចហឺទី បណ្ដាខ្សែញាតិវង្សនិងមន្ដ្រីថ្នាក់ខ្ពស់មានអំណាចខ្លាំងឡើង ឃើញថាញាតិវង្សនិងមន្ដ្រីបានផ្លាស់គ្នាឬរួមគ្នាចូលគ្រប់គ្រងអំណាចជាញឹកញាប់ក្នុងពេលផ្លាស់រាជការផែនដី ក្នុងបួនរជ្ជកាលផែនដីក្រោយមកដូចជា ស៊ុនទី ឆុងទី ជឺទី និងហឺងទី ក្សត្រទាំង ៤ អង្គជាប់ខ្សែព្រះវង្សលៀងជី ចាំជាទីប្រឹក្សារាជាការផែនដីដល់ទៅ ២០ ឆ្នាំ សន្សំមាសប្រាក់បានជាង ៣ ០០០ លាន។
នៅក្រោយសម័យកណ្ដាលនៃរាជវង្សហានខាងកើត ក្រុមគ្រួសារត្រកូលធំៗ ចូលមកកាន់អំណាចនយោបាយ ធ្វើឲ្យកើតជាសភាពប៉ូលនយោបាយបែបផ្ដាច់មុខ។ ពេលដល់ចុងសម័យរាជវង្សហានខាងកើត បានកើតចរន្ដរិះគន់នយោបាយគ្រប់គ្រងនៅសម័យនោះ រហូតធ្វើឲ្យកើតព្រឹត្ដិការណ៍នយោបាយ។ ក្រោយពេលចប់រជ្ជកាលស្ដេចហឺងទី ក្រុមមន្ដ្រីក៏ផ្ដើមមានអំណាចខ្លាំង រហូតដល់មានការទិញលក់តំណែងរាជការយ៉ាងបើកចំហ អំណាចប្រទេសធ្លាក់ចុះ សង្គមពោរពេញទៅដោយមនុស្សពនេចរគ្មានទីលំនៅ កើតគ្រោះទុរ្ភឹក្សគ្រប់ទីកន្លែង។
ពេលដល់រជ្ជកាលស្ដេចលិងទី កើតចលនាក្បត់ចងកន្សែងលឿងនាភាគខាងជើង ចូលមករំលំរាជវង្សហានខាងកើត បណ្ដាម្ចាស់ដីដែលមានកម្លាំងរឹងមាំក៏ឆ្លៀតឱកាសនេះតាំងខ្លួនជាធំ វាយប្រយុទ្ធគ្នាដណ្ដើមអំណាច រហូតដល់ចុងក្រោយនៅសល់តែ ៣ ក្រុមអំណាចធំៗ ដែលកើតជានគរបីនោះគឺ នគរវ៉ុយ នគរស៊ូ និងនគរអ៊ូ ឬដែលយើងស្គាល់ក្នុងឈ្មោះថា “សាមកុក” នេះឯង។
ចំពោះការរីកចម្រើនផ្នែកអរិយធម៌និងបច្ចេកទេសនៅសម័យរាជវង្សហានខាងកើតមានច្រើនណាស់ ដូចជា នៅដើមសម័យ កើតមានទស្សនវិទូវត្ថុនិយមដែលលេចធ្លោឈ្មោះវ៉ាំងឆុង។ ចំណែកការសិក្សាផ្នែកប្រវត្ដិសាស្ដ្រក៏មានការកត់ត្រាប្រវត្ដិជនជាតិហាន។ ខាងផ្នែកអក្សរសិល្ប៍ដែលជាតួអង្គជំនួសឲ្យសម័យកាលនេះមានដូចជា រឿងប្រជាប្រិយនិងចម្រៀងប្រជាប្រិយផ្សេងៗ ។ ក្នុងកំឡុងចុងសម័យបានលេចឡើងនូវ កវីតែងកំណាព្យប្រចាំសម័យកាល មានដូចជា ខុងយ៉ុង ឆឺនលិន វ៉ាំងឆាន់ ស្វីកាន់ យួនវី អ៊ិងយ៉ាំង និងលិវឺន ដែលមានស្នាដៃលេចធ្លោជះឥទ្ធិពលដល់សម័យសាមកុកដែលជាសម័យកាលបន្ទាប់។
ក្នុងកំឡុងពាក់កណ្ដលនៃសម័យរាជវង្សហានខាងកើត មានអ្នកប្រាជ្ញដែលមានឈ្មោះល្បី ដូចជា ចាងហឺង ដែលទស្សនវិទូផង កវីនិពន្ធផង និងបច្ចេកទេសផង ដោយគាត់បានបង្កើតឧបករណ៍វាស់ទីតាំងផ្កាយនិងឧបករណ៍វាស់ផែនដីរញ្ជួយដែលអាចប្រើក្នុងផ្នែកវិទ្យាសាស្ដ្របានទៀតផង។ ក្នុងរជ្ជកាលស្ដេចហឺទី មានឆៃលុន ជាអ្នកបង្កើតបច្ចេកទេសផលិតក្រដាសពីរុក្ខជាតិ ដែលធ្វើឲ្យក្រដាសមានតម្លៃចុះថោកនិងនិយមប្រើយ៉ាងទូលំទូលាយ ដែលជាការសាងគុណសម្បត្ដិឲ្យពិភពលោកយ៉ាងអស្ចារ្យ។ ក្រៅពីនេះ បច្ចេកទេសផ្សេងៗ លើផ្នែកកសិកម្ម ការគណនានិងវេជ្ជសាស្ដ្រ ក៏ជួបភាពជោគជ័យធំធេងដែរ។ សាសនាព្រះពុទ្ធនិងសាសនាតាវដែលមានឥទ្ធិពលស៊ីជម្រៅក្នុងផ្នត់គំនិត វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃក្នុងសង្គមចិន ក៏សុទ្ធតែចម្រើនរុងរឿងក្នុងយុគសម័យនេះដែរ។