Jump to content

រឿងកុលាបប៉ៃលិនវគ្គទី៤

ពីវិគីភីឌា

ត្រង់នេះ នាងនារីសង្កេតមើលទឹកមុខចៅចិត្រ ឃើញស្ងួតស្រពោនទៅច្រើន ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖

  • ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញ ហើយថែមទាំងជាស្រ្តីផង ឃុនតោងគិតថា ការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯង នុះ តើវាមានរសជាតិដូចម្ដេចខ្លះ ? តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយ ចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន។

នាងនារីអង្គុយសំងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯង ថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !

  • នារី៖ ចុះចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?

នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។

ចៅចិត្រសំឡឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរួសរាយឆ្លើយថា៖

  • ខ្ញុំបាទបានស្រួលច្រើន ! ឃុននារី តាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ ស្រួលចិត្តឡើងច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រាកដ !

អាកាសនៅបប៉ៃលិន តាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះ ក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកម្លោះក្រមុំទាំងពីរនាក់។ ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖

  • យប់ជ្រៅហើយ ឃុននារី អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះ អាចធ្វើឱ្យឈឺ ឬទៅជាគ្រុនក៏សឹងបាន !

ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖

  • កម្មករកម្លោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ានបង្គាប់អញឲ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ។

តែនាងក៏គិតយល់ថា៖

  • ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឲ្យគ្រុនរងា ឬផ្ដាសាយបានមែន ។

លុះដល់ព្រឹកឡើង ចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដង ដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ ។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖

  • តាសុន រថយន្តមិនឆេះទេឬ ?

តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជំរាបទៅលោកហ្លួងថា៖

  • មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសំអាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវាគៀចដូច្នេះទៅ !

ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជំរាបសួរថា៖

  • ទានប្រោស ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?

លោក ហ្លួងតបទៅថា៖

  • ខ្ញុំទៅទទួលលោក បាឡាត់ស្រុក ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឲ្យទៅសោះ ចៅចិត្រ !

នាងនារីសំឡឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។

  • នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?

នាងសួរដោយសេចក្ដីព្រួយ ។

  • ចិត្រ៖ សុំឲ្យខ្ញុំបាទរវៃមើលបន្តិច ក្រែងលោឆេះឡើងបាន។

ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖

  • ទានប្រោស ទាស់ត្រង់ណេះ រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឲ្យរវៃម្ដងទៀត ។

តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖

  • ពូកែគ្រាន់បើ អ្នកក្មួយអញ !

លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖

  • ចៅចិត្រពូកែមែន រៀនចេះពីណា ប្រសប់លាក់ចំណេះណាស់ ?

ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជំរាបទៅលោកហ្លួងថា៖

  • ទានប្រោស មិនបានរៀនឯណាទេ គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿង ដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។

ហើយចាប់ចបលើកលីលើស្មា ។

ឯតាសុន បានឮសំដីចៅចិត្រថា ធ្លាប់បររថយន្តមកដែរ ក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែ ទើបគាត់ជំរាបសុំច្បាប់លោកហ្លួងថា៖

  • ទានប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឲ្យចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ។

ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖

  • ចិត្រ ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?

ចៅចិត្របែរទៅមើលតាសុន ឃើញសំដែងអាការអង្វរ ទើបចៅចិត្រជំរាបទៅលោកហ្លួងថា៖

  • ខ្ញុំបាទបរជូនបាន ទានប្រោស។

តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖

  • អរគុណអ្នកក្មួយណាស់ សូមអ្នកក្មួយសំឡាញ់ជួយយកតែបុណ្យទៅចុះ ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតន សម្បត្តិដើរចេញទៅ។

ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង ។ ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។

ចៅចិត្រសួរដោយកិរិយា សុភាពថា៖

  • ត្រឡប់ទៅឥឡូវឬនៅទេ ឃុន ?
  • នៅទេ នាងតបកំបុតៗហើយថា ចិត្រតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្រ្ចែង ចិត្រកាន់យកទៅផងណា។

ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដង សោះ តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឲ្យប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឲ្យអាម៉ាស់មុខយ៉ាងណា ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះ ទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយ ចៅហ្វាយក្រមុំ មានរូបឆោមស្រស់ប្រិមប្រិយនោះទៅ ។

  • នារីបង្គាប់៖ ចិត្រ ទៅសួរទិញត្រីរ៉ស់ធំៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយថ្លៃប៉ុន្មាន ? រើសឲ្យធាត់ៗបន្តិច ។
  • ចៅចិត្រនិយាយសុំខ្លួនថា៖ សូមកុំប្រើឲ្យខ្ញុំបាទទិញឡើយ ឃុន ! ហើយនិយាយតទៅទៀតថា៖ តាំងពីខ្ញុំបាទកើតមក ខ្ញុំបាទមិនដែលទិញត្រីសាច់ ឬ បន្លែបង្ការអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្លៃពេក ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស ។
  • នារី៖មិនអីទេ ទៅសួរទិញចុះចាំខ្ញុំតថ្លៃឲ្យ។
  • ចិត្រ៖ សុំឲ្យឃុនតថ្លៃទិញខ្លួនឯងចុះ។
  • នារី៖ នេះពិតជាគាត់ឯង មិនព្រមធ្វើតាមបង្គាប់យើងទេឬ ?
  • ចិត្រ៖ ឱ ! ឃុនបង្គាប់ខ្ញុំបាទបានជានិច្ច ប៉ុន្តែមិនមែនបង្គាប់ឲ្យកាន់កញ្រ្ចែងដើរទិញត្រីទេ។
  • នារី៖ ម៉េច ? គ្រាន់តែឲ្យទិញត្រីរ៉ស់ពីរបីប៉ុណ្ណឹង តើវាខូចកិត្តិយសប៉ុណ្ណាទៅ ?
  • ចិត្រ៖ មិនមែនខូចកិត្តិយសអ្វីទេ ប៉ុន្តែមុខក្រសួងទិញត្រីខ្ញុំបាទមិនធ្លាប់ធ្វើ ។

នាងនារីក្ដៅក្រហាយឡើងមុខក្រហម តែមិនមានអំណាចបង្គាប់ឲ្យគេធ្វើតាមបាន ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗ នាងនៅខឹងខ្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបក ច្រើនសា ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួច នាងនឹកខ្នាញ់ក៏ខ្នាញ់ណាស់ តែនឹកចង់សើចក៏ចង់សើចណាស់ ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរ យួរផង ត្បៀតក្លៀកផង រណែងរណោង ហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ ទើបបត់ចូលទៅឯរថយន្ត ។ ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទំលាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត ។ នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ ក៏ច្រឡោតឡើងថា៖

  • យី ! គាត់នេះ ក្លែងទំលាក់អីវ៉ាន់លើក្បាលអញឬ ?
  • ចៅចិត្រឆ្លើយឡើងថា៖ សូមអត់ទោសទានប្រោស ធ្ងន់ពេក តែខ្ញុំបាទទម្លាក់លើក្ដាររថយន្តទេតើ។
  • នារី៖ ប្រយ័ត្នគាត់ឯង កុំប្រើកិរិយាថោកទាបពេក ។

នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ ។ អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នា ឥតនិយាយគ្នាមួយម៉ាត់សោះ មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត ជាមួយនឹងបុរសកម្លោះមួយនាក់ មុខវែងពាក់មួកស ពាក់អាវបើកក ចងក្រវាត់ ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស ។ នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្ដីទាស់ចិត្ត ឥតត្រេកអរបន្តិចបន្តួចឡើយ។

ហ្លួងរតនសម្បត្តិនិយាយថា៖

  • យើងតោងប្រញាប់ទៅឥឡូវទើបបាន បង្អង់យូរពេកមិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ ក្រែងចោរប្លន់កណ្ដាលផ្លូវ។

នាងនារីបែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកម្លោះនោះឡើងមកលើរថហើយសួរថា៖

  • លោកបាឡាត់ដាក់កាំភ្លើងមកដែរឬទេ !

ចៅចិត្រត្អូញរង៉ូវនៅតែក្នុងបំពង់ក បុរសកម្លោះនេះឬជាបាឡាត់ស្រុកៗសង្កែ រូបរាងបែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ នៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត !

ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់ហើយ៖

  • ឃុនកុំព្រួយមានកាំភ្លើងខ្លីជាប់មកមួយដែរ។

ហ្លួងរតនសម្បត្តិក៏សើចហើយថា៖

  • រថយន្តទៅវេលានេះ ប្រហែលជាម៉ោង៤រសៀល ទើបដល់ទៅផ្ទះយើង។

ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ ហើយឡើងបររថយន្តចេញទៅ សំដៅទៅតាមផ្លូវបប៉ៃលិន សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ លុះផុតពីភូមិភ្នំសំពៅ ភូមិស្នឹងកាលណា មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាស ផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារី ចៅចិត្រក៏កើតមោហាខ្លាំងឡើង ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឲ្យបត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗ មួយអន្លើនៅក្បែរផ្លូវ ម៉ាស៊ីនរោទ៍រំពងព្រៃ ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។

ចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញភ្នែកគ្រប់ៗគូ សំឡឹងមើលមកចំខ្លួន ។ បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយ ហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន ។ លោក បាឡាត់បន្ទោស៖

  • សូហ្វ័រចង្រៃបររថអីយ៉ាងអីចេះ។

នាងនារីងាកដម្រង់ខ្លួនហើយបន្ទោសថា៖

  • ចិត្រ គាត់ឯងមិនចេះបរឡានទេឬអី ?

ចៅចិត្រឆ្លើយភ្លាមថា៖

  • បើមិនចេះបរ គង់មិនបានមកដល់ទីនេះទេ។
  • ចិត្រ កុំក្លាហានពេកប្រយ័ត្នពាក្យសំដីបន្តិច។

ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។

ចៅចិត្របែរទៅលោកហ្លួងហើយជំរាបថា៖

  • សូមអត់ទោស ទានប្រោស ប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឲ្យងាកទៅជង្ហុកទេ កង់មុខខាងស្ដាំមុខជាប៉ះនឹងដង្កត់នោះជាប្រាកដ ហើយធ្វើឲ្យខូចពេលយូរជាងឆ្លាក់ជង្ហុកនេះទៅទៀត។

លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរ ហើយចៅចិត្របែរមកមើលខាងក្រោយ ក៏ប្រទះនឹងភ្នែកដែលសំឡឹងសំឡក់ដាក់ជាច្រើនដងច្រើនគ្រា ច្រើនត្រឡប់ ។

រថក៏បរតទៅទៀតដូចធម្មតា តែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រ តែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះ រថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅ ស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត ។ តាំងពីនោះមកនាងក៏ដឹងខ្លួនថា ចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ?

លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិច ក៏ទច់ង៉ក់រលត់ម៉ាស៊ីន ទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើល ស្រាប់តែធ្វើមាត់វៀចក្រងែវ ។ អ្នកជិះទាំងអស់គ្រប់ៗគ្នា មានសេចក្ដីព្រួយជាច្រើន ទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ ក៏ចុះពីរថទៅសួរចៅចិត្រថា៖

  • ម៉េចទៅ ទៅទៀតបានឬទេ ? ល្មមកែកុនបានឬទេ ?

ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម ហើយជំរាបទៅលោកហ្លួងថា៖

  • ទានប្រោស បរទៅទៀតមិនបានទេ វាខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើត តោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទើបបាន !
  • នារី៖ម្ដងនេះស្រេច។

ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន។

លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖

  • គាត់ឯងបររថយ៉ាងម៉េចហ្នឹង ទាល់តែរថខូចអស់ !

ចៅចិត្រឆ្លើយខ្លីៗថា៖

  • ខ្ញុំបាទបរដូចយ៉ាងមនុស្សធម្មតា លោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ។

លោក បាឡាត់ ខាំមាត់ហើយថា៖

  • បើគាត់ឯងមិនបរឲ្យធ្លាក់ជង្ហុកអម្បាញ់មិញ ក៏គង់មិនខូចដល់ម្លឹងដែរ !
  • ចិត្រ៖ ចុះលោកគិតថា ខ្ញុំបាទក្លែងបរឲ្យធ្លាក់ជង្ហុកឬអី ?
  • បាឡាត់៖ ផ្លូវមានគគាច ម៉េចក៏គាត់ឯងមិនបរឲ្យត្រង់ទៅតាមផ្លូវ មានតែគាត់ឯងក្លែងធ្វើឲ្យធ្លាក់ជង្ហុក ?
  • ចិត្រ៖ លោកថាដូចម្ដេចក៏បាន តែខ្ញុំបាទមិនបានក្លែងធ្វើឲ្យវាធ្លាក់ជង្ហុកទេ។
  • បាឡាត់៖ តោងប្រយ័ត្នសំដីបន្តិចគាត់ឯង។
  • ចិត្រ៖ ខ្ញុំបាទបាននិយាយដោយសំដីគួរសមណាស់ហើយទានប្រោស។
  • បាឡាត់៖ ម៉េចក៏គាត់ឯងព្រហើនម្ល៉េះ ក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ?

ចៅចិត្រសើចចំអកបន្តិចហើយថា៖

  • ខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែន តែមិនមែនស៊ីឈ្នួលលោក បាឡាត់ទេ។

ហ្លួងរតនសម្បត្តិនឹករំខាន នឹងសំដីនិយាយជជែកគ្នានោះ ក៏ហាមប្រាមទៅថា៖

  • ឈប់និយាយប៉ុណ្ណឹងហើយ លោក បាឡាត់ ការនិយាយជជែកគ្នានៅគ្រានេះ វាមិនមានប្រយោជន៍អ្វីឡើយ បុរាណលោកថា សាបមួយដៃ ប្រៃមួយចឹប មែនទេ ?
  • នារី៖ ចុះយើងគិតធ្វើដូចម្ដេច ទើបទៅដល់ផ្ទះ ?

នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។

  • ហ្លួង៖ ហ្នឹងហើយ ប៉ាក៏មិនដឹងជាគិតធ្វើដូចម្ដេចដែរ សួរចៅចិត្រមើល តើគេគិតធ្វើដូចម្ដេច ?

នាងងាកមកចៅចិត្រសួរថា៖

  • ចិត្រ យើងត្រូវធ្វើដូចម្ដេចទើបទៅដល់ផ្ទះ ?
  • ចិត្រ៖ ទានប្រោស តោងតែដើរទៅទើបបាន។

តបកំបុតៗធ្វើឲ្យនាងនារីឡើងមុខក្រហម ។

ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជំរាបថា៖

  • យើងតោងរង់ចាំនៅទីនេះ ទំរាំមានរថយន្តណាមួយមកដល់ទីនេះ ប្រសិនបើគ្មានទេ ក៏តោងតែស្នាក់នៅទីនេះមួយយប់ បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអធ្រាត្រទើបដល់ផ្ទះ។

លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖

  • យើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ា ?

លោក ហ្លួងញាក់មុខហើយថា៖

  • កូនឃើញទេ វេលានេះម៉ោង៤ រសៀលហើយ ឬមួយកូនចង់ដើរលមើលក៏តាមចិត្ត ?

នាងនារីគ្រវីក្បាលហើយថា៖

  • ទេ ប៉ា ទម្រាំដើរទៅដល់ កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវមិនខានឡើយ។

ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសំឡឹងចំមុខ ហើយសួរថា៖

  • គាត់ឯងសើចអី !

ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖

  • ខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើ វាហក់លោតពីដើមស្រម៉ទៅដើមកន្ទួតព្រៃ វាភ្លាត់ចំណាប់ ធ្លាក់មកដល់ដីជិតប្រកាច់ បានជាខ្ញុំបាទសើចនឹងវា !
  • នារី ៖ គេភ័យ គេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយ។
  • ចិត្រ ៖ បានជាខ្ញុំបាទសើច ពីព្រោះសត្វនោះមានជើងដល់ទៅបួន នៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើ !

នាងមិនឆ្លើយតបទៅ គ្រាន់តែសំឡឹងសំឡក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយ ប៉ុន្តែនាងធ្លាប់សំដែងកិរិយាដូច្នេះជានិច្ច ។ ចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយ ទើបមិនមានចិត្តព្រួយបារម្ភអ្វី ថែមទាំងយល់ថា ស្រ្តីបើមិនសំដែងកិរិយាងក្ងិកក្ងក់ខ្លះទេ ក៏មិនល្អមើលដែរ គ្រាន់តែកុំឲ្យជ្រុលហួសពេកប៉ុណ្ណោះ ។

ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថា កូនឈ្នួលកម្លោះនេះចំឡែកជាងកូនឈ្នួលដទៃៗទៀត ជាអ្នកមានអំនួតបន្តិច ថែមទាំងប្រើសំដីមិនចេះក្រែងចិត្តអ្នកណាទេ តែចេះនិយាយសមហេតុសមផល ទើបនាងចូលចិត្តនិយាយ ឬជជែកពីរឿងអ្វីៗលេង នាងធ្លាប់គិតថា នាងគិតដូច្នេះនឹងមានប្រយោជន៍អ្វី ហើយគេជាអ្វីនឹងនាង គេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ!

លោក បាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖

  • ចុះហេតុអី ក៏ឃុនចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកម្លោះនោះម្ល៉េះ ?
  • នារី៖ នរណា ប្រាប់លោកថា ខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវា !
  • បាឡាត់៖ ខ្ញុំបានឃើញនឹងភ្នែក បានឃើញវានិយាយជជែកនឹងឃុន ទាល់តែឃុនទាល់ច្រករបស់វា ម្ល៉ឹងៗនៅតែឃុនទៅនិយាយជជែកនឹងវាទៀត វាជាក្មេងព្រហើនមិនចេះគួរសមទេ ឃុនពិនិត្យមើលវាឲ្យមែនទែនចុះ។

នាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖

  • ចា៎ះ កម្មករនេះឫកពាព្រហើនបន្តិចមែន តែឧស្សាហ៍ធ្វើការណាស់។
  • លោក បាឡាត់៖ ប្រហែលជាវាទើបមកនៅទេ បានជាពីដើមមកមិនដែលឃើញសោះ។
  • នារី៖ ចា៎ះ វាទើបនឹងមកនៅមែន ប្រហែលជាងពីរខែប៉ុណ្ណឹង ឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថា ជាមនុស្សកំព្រាឪពុកម្ដាយ ហើយបានប្រគល់ឲ្យជីកអណ្ដូងត្បូងនៅទិសខាងកើត ដែលទើបនឹងបើកថ្មី។

និយាយគ្នាបានត្រឹមប៉ុណ្ណេះ ក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិ ស្រែកហៅនាងនារី ហើយប្រាប់ថា៖

  • នារីកូន ចាត់ចែងដាំបាយទឹកទៅ ឪពុកនឹកឃ្លានបាយណាស់ហើយ ឲ្យចៅចិត្រជួយរកឧសភ្លើងផង។

ចៅចិត្រចូលមកជិតហើយសួរថា៖

  • ឃុននឹងឲ្យខ្ញុំបាទជួយធ្វើការអ្វីខ្លះ ចូរប្រាប់មកចុះ ?
  • នារី៖ ទៅរកដុំថ្មបីដុំមក ហើយរកឧសបង្កាត់ភ្លើងឡើងផង។

នាងបង្គាប់ទៅលោក បាឡាត់ថា៖

  • លោក បាឡាត់អាណិតយកសាច់ដាក់កំប៉ុងមកឲ្យខ្ញុំពីរកំប៉ុង និងសណ្ដែកហឡាន់តៅផង។

កម្លោះទាំងពីរនាក់ ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ ឯចៅចិត្របានដុំថ្មតូចៗបីដុំ ហើយដាក់តំរៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។

  • ឃុននឹងឲ្យខ្ញុំបាទធ្វើអីទៀត។

ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយ ។

  • នារី៖ ចៀនត្រីឆាសាច់គោ នឹងសណ្ដែកទ្រើង អើ ! យើងគ្មានខ្ទះទេ ចៅចិត្រតោងទៅរកខ្ទះមក។
  • ចិត្រ៖ អេ ទានប្រោស ទីនេះមិនមែនផ្សារសង្កែទេ ចុះឲ្យខ្ញុំទៅរកខ្ទះឯណាមកជូនឃុនបាន ?

នាងដកដង្ហើមធំហើយប្រាប់ថា៖

  • អើ នេះប្រុសត្រលាំង ម្ដេចក៏មិនយល់ការអ្វីសោះ ខ្ញុំគ្រាន់តែឲ្យទៅរកភាជន៍អ្វីមួយសំប៉ែតៗ ក៏បានហើយ សំរាប់យកមកចៀនឆាប៉ុណ្ណោះ។

ចៅចិត្រញញឹមហើយថា៖

  • ប៉ុណ្ណឹងទេឬ ?

ហើយស្ទុះក្រោកទៅឯរថយន្ត លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ កាន់លើកបង្ហាញទៅនាងនារីថា៖

  • បែបនេះបានឬទេ ?

តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារី នាងមិនដែលញញឹមម្ដងសោះ ទើបតែមកពេលនេះ នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។

លុះលាងចានស្ពាន់រួចហើយ ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។

នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះ ចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឲ្យឆេះឡើង ទាល់តែផែះហុយទ្រុបឡើង ទាល់តែនាងប្រាប់ឲ្យឈប់បក់ ។

  • ចិត្រ៖ ហ្នឹងឃុនគិតពិសាតែសាច់ទទេ មិនដាំបាយទេឬ ?

ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។

  • នារី៖ អើមែនហើយ ចិត្រ ខ្ញុំភ្លេចឈឹង ចុះយើងរកឆ្នាំងឯណាដាំបាយហ៎ៈ ?

នាងនិយាយហើយសំឡឹងមុខចៅចិត្រ ទំនងសូមឲ្យជួយគិតគូរផង ។

ចៅចិត្រដឹងទំនង ក៏រត់ទៅឯរថយន្តម្ដងទៀត រកបានកំប៉ុងបឿរមួយធំ បើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖

  • បែបនេះប្រើបានទេ ឃុន ?

នាងនារីញញឹមទទួលម្ដងទៀត ម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ គ្រានេះដែលចៅចិត្រឃើញថា នារីចៅហ្វាយក្រមុំរបស់គេនេះ មានកិរិយាទន់ភ្លន់ផ្អែមល្ហែមចំឡែកណាស់ !

  • នារី ៖ ប្រហែលជាប្រើការបាន ចិត្រ។

នាងតបទៅដោយសំដីធម្មតា ។

  • នារី៖ អើ ! ចុះយើងបានទឹកពីណាមកដាំបាយហ៎ៈ ?
  • ចិត្រ ៖ មិនអីទេ ទុកភ្នាក់ងារខ្ញុំបាទរកជូនឃុនទាល់តែបាន។

ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្ត ទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង ហើយយកមកឲ្យនាងនារី ។

លោក ហ្លួង លាន់សំដីពីក្នុងរថយន្តមកថា៖

  • ឆ្លាតគ្រាន់បើ បើមិនបានចៅចិត្រ ប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខាន។

ឯលោក បាឡាត់ទទួលយកអាសាជាអ្នកដាំបាយ ដោយដឹងខ្លួនថា ខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់ ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេ ស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ !

ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន ដាក់ត្រីចៀន ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ ឯលោក បាឡាត់ស្រុកបរិភោគនឹងក្រដាសកាសែត ដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ៕