រឿងគ្រូមើលស្កន់
ដំនើររឿង
[កែប្រែ]កាលនោះមានស្រីម្នាក់តាំងទីលំនៅៗក្នុងភូមិសួនចំការ ផ្ទះនោះនៅដាច់ពីគេ នាងនោះមានកូនខ្ចីអាយុប្រហែល ៨-៩ ខែ។ តាំងពីប្ដីស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន ឯកូនខ្ចីនោះពុំសូវជា ជួនកើតរោគគ្រុនស្កន់ជាន់ម្ដងៗ កើតរីងរៃស្គមលឿង។ លុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថា នាងមេម៉ាយនោះមានសម្បត្តិច្រើន ទើបវាស្វែងរកមើលចន្លោះឱកាសនឹងទៅបញ្ឆោតកុហកបោកប្រាសនាងមេម៉ាយនោះ។ លុះដល់រដូវកាលគេច្រូតកាត់ ទើបបងប្អូនញាតិដែលនៅជាមួយផងនោះ គេនាំគ្នាទៅច្រូតស្រូវទាំងអស់គ្នា នៅតែនាងមេម៉ាយតែម្នាក់នៅចាំផ្ទះ។ មនុស្សពាលនោះ កាលណាបានឱកាសហើយវាក៏កោរក្បាល ហើយលួចយកស្បងចីពរលោកសង្ឃដែលគេគរចោលតាមគល់ពោធិ មកស្លៀកពាក់ធ្វើអាការកិរិយាជាលោកសង្ឃ ដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះ ។
លុះដល់ហើយវាធ្វើជាដើរឈររេរានៅមុខផ្ទះ ឯនាងមេម៉ាយនោះអង្គុយនៅរានហាលឲ្យកូនបៅដោះ លុះបានឃើញអ្នកក្លែងភេទនោះហើយ ក៏នឹកថាលោកសង្ឃបរិសុទ្ធ ទើបបីកូនចុះទៅថ្វាយបង្គំសួរថា "ព្រះករុណាម្ចាស់ និមន្តមកពីវត្តណា ត្រូការរកអ្វី ព្រះគុណ ?"។ ចៅពាលក៏ឆ្លើយថា "ចម្រើនពរអាត្មាភាពមកពីវត្តក្រោម មករកបិណ្ឌបាតទៀនធូប យកទៅរៀនសមណធម៌។ ញោម! អ្នកភូមិនេះគេទៅណាអស់ហើយ បានជាស្ងាត់ម្ល៉េះ ? "ករុណាម្ចាស់ គេទៅច្រូតស្រូវឯស្រែអស់ហើយលោកម្ចាស់" ។ "ដូច្នេះញោម ចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេ ?" "ឱ ករុណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រូតកាត់និងគេឯណាបាន កូនតូចនេះ វាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះ ព្រះករុណាម្ចាស់" ។ "ចម្រើនពរ ចុះវាឈឺយ៉ាងណា កូនញោមនោះ ?" "ករុណា ម្ចាស់អាការជម្ងឺនោះកំណត់មិនបានជួនកាលវាគ្រុនក្ដៅក្រហាយទៅ ជួនណាវាកើតជាស្កន់ជាន់គ្របបាត់ដង្ហើមទៅម្ដងៗក៏មាន ករុណាម្ចាស់" ។ "ឱ!អាណិតវាពេកណាស់ញោម។ ជម្ងឺនេះគេហៅថា ស្កន់ខ្លាវាជាន់ណាញោម ម្ដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅ បណ្ដោយឲ្យឈឺយ៉ាងនេះជម្ងឺនេះមិនមែនជាក្រទេ ល្មមរក្សាបាន។ កូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងហ្នឹងដែរ អាត្មាមើលជាទៅ ឥឡូវធាត់ទ្រលុកៗញោម ឱ! ស្ដាយកូនញោមនេះពេកណាស់ប្រុសផង គួរតែខំមើលរក្សាទៅអេះ" ។ "ករុណាម្ចាស់ គ្រូនោះបានឲ្យគេមើលក៏ច្រើនអ្នកណាស់មកហើយ តែបានគ្រាន់តែ ២-៣ ថ្ងៃ ក៏ត្រឡប់ឈឺដូចដើមវិញ ករុណាម្ចាស់" ។ "ឱ! គ្រូ មើលជម្ងឺកូនក្មេងនោះគ្រាន់តែស្ដោះផ្លុំតែពីក្រៅ ធ្វើម្ដេចនឹងជាដាច់រោគស្កន់ខ្លានេះបាន តោមមើលដោយឧបទេសទើបជាដាច់ញោម អាត្មាចេះខ្លះដែរ តែអាត្មាដែលមកនេះដោយមានកិច្ចរកទៀនធូបបានហើយក៏នឹងអាលទៅរៀន សមណធម៌ បើនៅជិតវត្តអាត្មានឹងជួយសង្គ្រោះមើលយកបុណ្យខ្លះ" ។
ឯ នាងមេម៉ាយនោះលុះឮចៅពាលពោលពាក្យដូច្នោះហើយ ក៏សម្គាល់ថា ជាលោកអ្នកចេះមើលជម្ងឺមែនទែន ទើបនិយាយអង្វរថា "ព្រះករុណាម្ចាស់ បើលោកម្ចាស់ចេះសូមមេត្តប្រោសសត្វ មើលកូនខ្ញុំករុណាសិន ឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះ មិនជាប៉ុន្មានទេ ខ្ញុំព្រះករុណាថ្វាយខ្លួន ជាញោមឧបដ្ឋាក បវរណាលោកម្ចាស់ សូមកុំឲ្យលោកម្ចាស់ព្រួយព្រះហឫទ័យឡើយ" ។ ឯចៅពាលនោះបានឪកាសហើយក៏ឆ្លើយថា "ចម្រើនពរញោម ធ្វើម្ដេចឯងជាសង្ឃកំពង់សត្វកាលបើឃើញញាតិញោមកើតវិបត្តិ តោងកាត់ធុរៈខ្លួនសិនចុះ ថាហើយក៏ឡើងទៅលើផ្ទះ ។ ឯនាងមេម៉ាយក៏រៀបទីអាសនៈដ៏សមគួរឲ្យចៅពាលអង្គុយហើយក៏បៀកស្លា មូរបារីដាក់ពាន ប្រគេនចៅពាលៗបង្កាប់ឲ្យនាងមេម៉ាយរៀបទៀន ៥ ធូប ៥ ឆ្នាំងថ្មីមួយនឹងសំពត់ស ១ ចង្អាម ទាញយន្ដបិទមាត់ឆ្នាំងហើយចៅពាលថា "ញោម, ទីភូមិនេះមានត្បាល់ក្ដឿងដែរឬទេ ?" "ករុណាម្ចាស់, ត្បាល់ក្ដឿងខ្ញុំករុណាមាន នៅខាងកន្សៃផ្ទះឯនោះ" ។ "អើញោមបើដូច្នេះ ញោមយកកូននឹងគ្រឿងទៀនធូបអស់នេះ ទៅឯរោងក្ដឿង អាត្មានឹងរៀបពិធីក្ដឿង" ។
នាង មេម៉ាយក៏បីកូនកាន់យកទៀនធូបអស់នេះទៅឯរោងក្ដឿង ហើយចៅពាលយកទៀនធូបអុជតាំងពិធីនៅមាត់ត្បាល់ ហើយវាបោសទីនោះស្អាតល្អ ពុំឲ្យមានឈើព្រៃនៅខាងត្បាល់ទើបវាហៅយកកូនខ្ចីនោះ មកតាំងខាងនាទីពិធីហើយវាថា ញោមឯងទៅជាន់ក្ដឿងឲ្យវាឡើងជាន់ជន្លៗ បាន ៣ ដង ជាឧបកិច្ច អាត្មានឹងសែកព្រះគាថា ស្រូបយកព្រលឹងខ្លាចេញពីរូបកូនបញ្ជូនដាក់ក្នុងឆ្នាំងយន្ដ ហើយយកទៅបណ្ដែតទឹកចោល ដើម្បីកុំឲ្យព្រលឹងខ្លា វាមកបៀតបៀនបានទៀតឡើយ ឯនាងមេម៉ាយក៏ជឿតាម ទើបទៅជាន់ចុងក្ដឿងឡើង ឯចៅពាលវាយកកូននោះដាក់នទៅក្នុងត្បាល់ហើយវាដកឈើទ្រនល់ដែលទល់ ក្ដឿងនោះ បោះគ្រវែងចោលទៅឆ្ងាយអំពីត្បាល់ ហើយវាចេញពីទីពិធីនោះប្រាប់ថា ញោមប្រុងជាន់ឲ្យជាប់កុំឲ្យប្រហែសក្រែងរបូតជើងធ្លាក់ទៅត្រូវកូន ចាំអាត្មាទៅយកថង់យាមឆាន់ស្លាមួយរំពេច សូមមកទល់ឲ្យវិញ ថាហើយចៅពាលក៏ឡើងទៅលើផ្ទះ តាំងរើរករបស់ទ្រព្យមាសប្រាក់កែវកង សំពត់អាវស្បៃហើយវាវេចជាសំពាយធំ តាំងស្ពាយពីលើផ្ទះរត់ទៅកាន់លំនៅវាហោង ។
ឯនាងមេម៉ាយ ឃើញចៅពាលជញ្ជូនយកទ្រព្យសម្បត្តិខ្លួនដូច្នោះហើយ ក៏ហៅឲ្យគេជួយក៏ពុំមានអ្នកណាមួយឮឡើយ ព្រោះផ្ទះនោះនៅដាច់អំពីគេ ម្លោះហើយនាងមេម៉ាយក៏អន្ទះអន្ទែងនៅចុងក្ដឿងនោះឯង បើនឹងលែងក្ដឿងវេញទៅ ខ្លាចធ្លាក់ទៅត្រូវកូន ដោយចិត្តមាតាតែងទន់ទោរចុះទៅកាន់កូនអាត្មាជាធម្មតា ការដែលសោកស្ដាយទ្រព្យសម្បត្តិក្រៅគឺជាមធ្យម ឯសេចក្ដីដែលលោកអាណិតកូននោះ លើសលែងសម្បត្តិខាងក្រៅនាងមេម៉ាយក៏នៅច្រងាងដូចបុគ្គលគេចង ភ្ជាប់រេតែខ្លួនក៏ពុំរួច លុះដល់ល្ងាចទើបមានគេដើរមកទើបឲ្យគេទល់ចន្ទល់ក្ដឿងយកកូនបាន ។ អាសូរនាងមេម៉ាយកាយជាប់ក្ដឿង ព្រោះអាចោរសំពត់លឿងវាបញ្ឆោត សែនក្ដួលសែនក្ដៅសែនក្រែវក្រោធ នឹងលោតទៅតាមចាប់អាចោរ ។ ក្រែងក្ដឿងត្រូវកូនសូន្យជីវិត ដោយចិត្តមាតាតែងទន់ទោរ តែមានអារម្មណ៍ឲ្យខឹងឃោរ នឹងចោលបង់កូននៅពុំមាន ។