រឿងចៅកាំបិតបន្ទោះ
កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្តាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្រ្តាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ នេនទាំងពីរ ពុំខ្ជិលសោះ ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអាក់អន់ព្រះទ័យឡើយ ។ នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សឹក ក៏ចូលទៅវន្ទាលាគ្រូសឹក ។ គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្រូផ្តាំបុរសបង ឲ្យទៅនៅរកស៊ីស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន គ្រូពុំបានផ្តាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថា បុរសប្ទូននឹងបានសោយរាជ្យជាសម្តេចនគរពីរ ទើបលោកគ្រូផ្តាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្តាយក្មេក, ចូលដំណេកកុំនិយាយនឹងប្រពន្ធ, បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន ស្មើបានននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។ បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។ បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្តាំ ក៏បានជាចៅសួធំមែន ។ បុរសប្អូនមិនដឹងរកស៊ីអ្វី ទៅនៅនឹងបងប្អូនញាតិសន្តាន គេក៏អាណិតដណ្តឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅ ។ បុរសនោះភ្លេចពាក្យគ្រូផ្តាំ ក៏នៅរកស៊ីនឹងប្រពន្ធ ជួនមានស៊ីជួនអត់ បានព្រឹកអត់ល្ងាច បានល្ងាចអត់ព្រឹក សំពត់ស្លៀកក៏គ្មាន មានតែខោកញ្ចាស់ពាក់កណ្តាលភ្លៅមួយ ដាច់លេចមុខលេចក្រោយ ។ បុរសនោះតែងដើរទៅកំពង់ទឹក ក្រែងមានគេមកពីស្រុកចិន នឹងបានសួរដំណឹងពីបងខ្លួន ។ ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន បុរសនោះក៏ចុះទៅសួរគេថា «អ្នកនាយសំពៅអើយ! អ្នកដែលបានប្រទះខ្មែរម្នាក់ដែរឬទេ ? គាត់ទៅនៅរកស៊ីស្រុកចិន ៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា «ឃើញខ្មែរម្នាក់ដែរ ឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិន គ្មានអ្នកណាមានស្មើទេ?» ។ បុរសសួរទៅនាយសំពៅទៀតថា «អ្នកនាយសំពៅអញ្ចើញទៅវិញថ្ងៃណា?»នាយសំពៅថា «៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ » ។ បុរសនិយាយនឹងនាយសំពៅថា «អ្នកនាយសំពៅ បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិត ឲ្យខ្ញុំសុុំដោយសារទៅផង» ។ នាយសំពៅព្រមឲ្យទៅ ។ បុរសនោះ ក៏លាយសំពៅមកផ្ទះវិញ ។ ទៅដល់ផ្ទះ បុរសនិយាយនឹងប្រពន្ធថា «នាងអើយ!យើងសព្វថ្ងៃនេះ ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអញ ដែលទៅនៅស្រុកចិនគេមាន គេបានជាចៅសួធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរ ក្រែងបងគេឃើញឯងក្រ គេអាណិតឲ្យប្រាក់កាសចាយ សំពត់អាវស្លៀកពាក់ខ្លះ» ។ ប្រពន្ធឮប្តីថាដូច្នោះ សួរថា «ចុះអ្នកទៅជាមួយអ្នកណា? » ។ បុរសជាប្តីប្រាប់ថា បងសុំដោយសារសំពៅគេ គេព្រមឲ្យទៅ ៣ ថ្ងៃទៀត គេចេញសំពៅហើយ» ។ ប្រពន្ធថា «បើអ្នកទៅក៏ទៅចុះ» ។ លុះដល់៣ថ្ងៃ បុរសក៏ចុះទៅ ។ នាយសំពៅឃើញបុរសនោះទៅ ក៏គេហៅចុះសំពៅចេញទៅ ។ កាលបើសំពៅរៀងទៅ បុរសនោះមើលថែទាំ ជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួន ។ នាយសំពៅឃើញបុរសនោះមានគំនិតមារយាទល្អ ក៏ស្រឡាញ់រាប់អានអាណិត ឲ្យបាយទឹកស៊ីតែសព្វថ្ងៃរៀងទៅ ។ ឯប្រពន្ធបុរសនោះ កាលក្រោយបុរសជាប្តីទៅស្រុកចិន ក៏លួចមានសហាយយកមកដេកយប់ ។ ថ្ងៃឲ្យទៅវិញ ។ និយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅ លុះដល់ស្រុកចិន ក៏សួរនាយសំពៅថា« វិលទៅស្រុកខ្មែរវិញថ្ងៃណា ប្រាប់ខ្ញុំផង» ។ នាយសំពៅប្រាប់ថា «៣ថ្ងៃទៀតនឹងចេញទៅ»។ បុរសឮដូច្នោះក៏ទៅសួររកបង ទៅដល់មាត់ទ្វារផ្ទះបង ឃើញមនុស្សចាំទ្វារសួរគេថា «នេះហើយឬ ផ្ទះលោកចៅសួខ្មែរ ?» ។ អ្នកចាំទ្វារប្រាប់ថា «នេះហើយផ្ទះលោកចៅសួ» ។ អ្នកចាំទ្វារសួរបុរសវិញថា «អ្នកឯងមកពីណាមកសួររកផ្ទះចៅសួ?» ។ បុរសប្រាប់ថា «ខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះ ជាបងខ្ញុំបង្កើត» ។ មនុស្សចាំទ្វារ មើលតៅបុរសនោះ រូបអាក្រក់ ស្លៀកខោពាក់កណ្តាលភ្លៅ សំពត់គ្មានដណ្តប់ លេចមុខចេញក្រោយ មិនសមប្អូនលោកចៅសួខ្លួនសោះ។ង្នកចាំទ្វារមិនស្ងៀម ទៅប្រាប់លោកចៅសួចៅសួមិននៅ ទៅគាល់ស្តេច ក៏ជម្រាបប្រពន្ធថា «អ្នកចៅហ្វាយស្រី! មានមនុស្សម្នាក់មកពីស្រុកខ្មែរ រូបអាក្រក់ស្លៀកខោពាក់កណ្តាលភ្លៅ គន់ទៅខោដាច់ដាចលេចមុខលេចក្រោយ ហើយប្រាប់ខ្ញុំថា «ត្រូវជាបងប្អូនលោកចៅហ្វាយប្រុសបង្កើតឥឡូវខ្ញុំបានឲ្យចាំនៅមាត់ទ្វារ» ។ នាងជាប្រពន្ធចៅសួនោះ នឹកខឹងថា «អាមនុស្សកំសត់ទុគិតនេះមកពីណា ក៏ហ៊ានមកបង្កាច់កេរ្តិ៍ថា ប្តីអញជាបងវាបង្កើត» ក៏ប្រើមនុស្សឲ្យទៅចាប់បុរសនោះ ដាក់ច្រវាក់ទុកនៅរោងសេះថា «ចាំប្តីមកនឹងឲ្យយកទៅសម្លាប់» ។ បុរសនោះ លុះគេយកទៅដាក់ច្រវាក់ក៏នឹកថា «ឱអញអើយ! សង្វាតមកពីស្រុកខ្មែរ ដល់ស្រុកចិនព្រោះតែបង ឥឡូវគេមាន គេពុំគិតអាណិតឈាម ដែលកើតមកពោះជាមួយគ្នាសោះ គេឆ្មើងមាន គេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផង «ឱអញអើយ!បើទៅស្រុកខ្មែរវិញ រកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបានទេ» ។ បុរសនោះពុំដឹងជាបងទៅគាល់ស្តេច ។ លុះចៅសួជាបងវិលមកដល់ផ្ទះ ប្រពន្ធប្រាប់ថា «មានបុរសកំសត់ម្នាក់មកពីស្រុកខ្មែរនិយាយថា លោកជាបងបង្កើត តែខ្លួននោះអាក្រក់ ស្លៀកខោពាក់កណ្តាលភ្លៅដាច់ដាចលេចមុខលេចំក្រោយ ឥឡូវខ្ញុំឲ្យដាក់ច្រវាក់ទុកនៅរោងសេះ ចាំលោកអញ្ជើញមក ឲ្យនាំទៅសម្លាប់» ។ ចៅសួជាបងឮហើយថា «ទៅយកវាមកមើល ក្រែងប្អូនបង្កើតមែន» ហើយចៅសួឲ្យដោះច្រវាក់បុរសនោះ ។ លុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែន ក៏រៀបបាយឲ្យស៊ី មើលទៅប្អូនឃើញស្លៀកខោពាក់កណ្តាលភ្លៅចៅសួក៏ឲ្យខោមួយស្លៀក ហើយសួរប្អូនថា «ប្អូននៅឯនាយ មិនដឹងរកស៊ីអ្វីទេ ក្រណាស់ ហើយមានប្រពន្ធផងបានអីស៊ី» ។ បងឮប្អូននិយាយក៏នឹកអាណិតប្អូន មិនចេញស្តី ហើយសួរថា «ប្អូនមកជាមួយអ្នកណា?» ។ បុរសប្អូនជម្រាបថា «ខ្ញុំមិននឹងនាយសំពៅ គេឲ្យដោយសារមក» ។ ចៅសួបងថា «ចុះគេទៅវិញថ្ងៃណា» ។ បុរសប្អូនប្រាប់បងថា «៣ថ្ងៃទៀត គេចេញសំពៅទៅវិញ» ។ ចៅសួបងដឹងដូច្នោះ ក៏ស្ងៀមទៅឲ្យលើកបាយមក ហៅបុរសជាប្អូនស៊ីជាមួយគ្នា លុះស៊ីរួចប្រាប់ប្អូនថា «ប្អូននៅដេកផ្ទះនេះចុះ បងទៅលេងផ្ទះចិនសែ» ។ ចៅសួទៅផ្ទះចិនសែ ចិនសែឃើញក៏រៀបកៅអី ថ្នាំចិនខ្សៀទឹកតែទទួល ហើយចៅសួនិយាយនឹងចិនសែថា «អ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិច វាចេះតែក្រីក្រអីចឹងទៅ ឬវានឹងគ្រាន់បើនឹងឡើងដែរ? » ។ ចិនសែទាញសៀវភៅរកមើលសព្វៗ ទៅទាយថា «ប្អូនលោកមិនជាអ្នកក្ររហូតទេ ៧ ឆ្នាំទៀត នឹងបានសោយរាជ្យជាស្តេចនគរពីរ លោកនឹងបានជាធំក្នុងរាជការដោយសារប្អូន ប៉ុន្តែឥឡូវនេះលំបាកណាស់ ដល់វិលទៅស្រុកវិញពាក់កណ្តាលផ្លូវ និងបានទ្រព្យតម្លៃនគរពីរជាសម្រាប់ខ្លួន តែថាឃ្លាតទៅវិញ ដល់កំណត់បានសោយរាជ្យ នឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាងអស់»។ ចៅសួបានដឹងដំណឹងប្អូនដូច្នោះ ក៏លាចិនសែទៅផ្ទះវិញ ។ ដល់ ៣ ថ្ងៃ នាយសំពៅគេផ្ទុកសំពៅ រៀបនឹងចេញទៅថ្ងៃនោះ ចៅសួជាបងយកផាឌិបមក ហែកមួយត្បូង ហុចទៅឲ្យបុរសជាប្អូន ។ បុរសជាប្អូន ក៏ទទួលយកផាឌិបមួយត្បូងលាបងចុះទៅ ដើរបណ្តើរគិតបណ្តើរ នឹកតូចចិត្តស្ទើរមិនចង់កាន់ផាឌិបនោះសោះ ចេះតែនឹកតូចចិត្តថា «ឱ! បងប្អូននឹងគ្នា តាំងពីឪពុកម្តាយស្លាប់ចោលទៅ នៅកំព្រាតែបងប្អូនពីរនាក់ កាលវេលាក្រ ចេះស្រឡាញ់រាប់អានគ្នា ដល់វេលាមានទាត់គ្នាចោល ឆ្មើងមាន ស្ទើរមិនរាប់គ្នា មាសប្រាក់ ដាក់ឃ្លាំងគរគោក មិនហ៊ានយកឲ្យគ្នាមួយស្លឹង យកតែខ្មោចផាឌិបឲ្យគ្នាមួយត្បូង» ។ លុះបុរសនោះដើរទៅដល់កំពង់ ក៏ឡើងលើសំពៅ នាយសំពៅ ឲ្យកូនឈ្នួលស្រាវយុផ្កាសាក្តោងបើកទៅ ហើយនាយសំពៅសួរបុរសនោះថា «ប្អូនទៅឯលោកចៅសួ តើលោកឲ្យអ្វីខ្លះ?» ។ បុរសប្រាប់នាយសំពៅថា «គ្មានឲ្យអ្វីទេឲ្យតែផាឌិបមួយត្បូងនិងខោមួយ» ។ នាយសំពៅបានដឹងហើយក៏នៅស្ងៀម ។ លុះបើកសំពៅទៅដល់ពាក់កណ្តាលផ្លូវ យប់ងងឹតនឹងទៅពុំរួច ក៏ឲ្យបោះយុផ្កាដេក ។ ហតុតែបុណ្យដល់បុរសក៏នឹងឃើញពាក្យដែលគ្រូផ្តាំថា «នឿយណាស់កុំដេក ឥឡូវអស់អ្នកសំពៅនេះដេកអស់ ដូច្នេះ អញកុំឲ្យដេក» ក៏អង្គុយនៅក្បែរដងក្តោង ពុំហ៊ានដេក ។ លុះដល់អធ្រាត្រ មានយក្ខ១ ហោះមកឃើញសំពៅ វាចុះមកប៉ងនឹងស៊ីមនុស្ស ហើយវាឈ្ងោកមើលទៅក្នុងសំពៅ ធ្លាក់ពុកមាត់ទៅលើបុរសនោះៗ ក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថា «អាឯង ស្លាប់នឹងដៃអញឥឡូវនេះហើយ» ។ យក្ខឮបុរសថាដូច្នោះ ភិតភ័យណាស់ តែស្ទុះទៅមិនរួច ដ្បិតបុរសនោះចាប់ពុកមាត់ជាប់ យក្ខភ័យក្រែងស្លាប់ ក៏និយាយនឹងបុរសនោះថា «អ្នកបុរសអើយ! បើអ្នកអាណិតលែងខ្ញុំៗនឹងតបគុណង្នក ជាខ្សែចងដៃ ដំបងវាយឯង ឆ្នាំងឆ្អិនឯង ។ ខ្សែនិងដំបងនេះ បើមានបច្ចាមិត្រពីណាមកប្រមាថ ឲ្យតែខ្សែទៅចងដំបងទៅវាយ បច្ចាមិត្រនោះ នឹងស្លាប់វិនាសអន្តរាយអស់ ។ ឯឆ្នាំនេះ បើឃ្លានអាហារចំណី ហើយនិងចង់បរិភោគអាហារចំណីអ្វី ប្រាប់ឆ្នាំងថា៖
ឯកសារយោង
[កែប្រែ]ប្រជុំរឿងព្រេងខ្មែរភាគទី២