រឿងចៅតប់ប្រមល់

ពីវិគីភីឌា

ដំនើររឿង[កែប្រែ]

កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់ បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាង​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ. បុរស​ម្នាក់​ទៀត​ទៅកើត​ជា​បុរស​កំសត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។ គ្រា​មួយ ព្រះ​ឥន្រ្ទ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក​ដូច្នោះ មាន​សេចក្តី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្រ្ទ​យក​មាស​៣​ដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​លើក​លប​មើល ឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង​ទឹក​វិញ ។ បុរស​បាន​មើល​លប​ទៀត​គម្រាប់​៣ ដង ។ ព្រះឥន្រ្ទ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត ។ បុរស​ឃើញ​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​៣ ដុំ​នោះ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ ។ ប្រពន្ធ​បុរស មិន​ស្គាល់​មាស ក៏​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្តី ។


ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឲ្យ​បុរស​យក​មាស ៣ ដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះ ជំពាក់​រាជការ ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំង ៣ ដុំ​នោះ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ភ្លាម ។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក​ ១ ដុំ​ទៅ ថ្វាយ​ព្រះមហាក្សត្រ ។ លុះ​ទ្រង់​សាក​សួរ​ពី​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ ។ ស្តេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឲ្យ​ហៅ​បុរស​នោះៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត ។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួន ៣ ដុំ​បាន​ជូន​មក​ព្រះរាជ​អាជ្ញា​ហើយ» ។ ស្តេច​ឲ្យ​ទារ​យក​មាស ២ ដុំ​ពី​ព្រះរាជ​អាជ្ញានោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ​ព្រះ​អង្គ​ថែម​ទៀត ។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ» ។ ស្តេច​ទ្រង់​ឲ្យ​យក​បុរស​នោះ ទៅ​ឃុំ ។ ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឲ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្តី​បុរស​នោះ ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្តេចៗ ទ្រង់​ឲ្យ​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឲ្យ​មាន​ទាស់​ចិត្ត​នាយ​តម្រួត ។ បុរស​នោះ​ក្រាប​ទូល​ថា « ទូល​ព្រះ​បង្គំ​មាន​សេចក្តី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់» ។ ស្តេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់​ប្រមល់​នោះ​មក​ឲ្យ​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឲ្យ​ពិឃាត​ឯង ក្នុង​គ្រា​នេះ» ។ បុរស​ឮ​ដូច្នោះ​ក៏​ភ័យ គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក ដោយ​ខ្លាច​អំណាច​ស្តេច ក៏​ក្រាប​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឲ្យ​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល​ព្រៃ​ឆ្ងាយ​ទៅ ។ ព្រះឥន្រ្ទ បើក​ព្រះនេត្រ​ទិព្វ​មក​ឃោះ​បុរស​នោះ​មាន​សេចក្តី​វេទនា លំបាក​ដូច្នោះ ក៏និម្មិត្ត​ជា​អាស្រមមួយនៅ​ខាង​មុខ​​បុរស​នោះ ហើយបុរសនោះក៏ដើរ​ទៅ ហើយ​ព្រះឥន្រ្ត​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី ។ បុរស​មើល​ទៅ​ឃើញ​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរណាស់ ក៏ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ ។ ឥសី​សួរ​ថា «ចៅ​មាន​រឿងអ្វី?» ។ បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្តេច​ឲ្យ​រក​សត្វ​តប់​ប្រមល់​ យក​ទៅ​ថ្វាយ ។ ឥសី​ថា «ចៅ​កុំ​ព្រួយ» រួច​ឥសី​បាន​យក​បំពង់​ពក ១ មក​សែក​មន្ត​វិជ្ជា​សិល្ប​សាស្រ្ត​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​សត្វ​សាហៅ​ទាំង​អស់ ហើយ​ឥសី​ដែក​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ ឲ្យ​ទៅ​បុរស រួច​ផ្តាំ​ថា «ឲ្យ​យក​ទៅ​ថ្វាយ​ស្តេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឲ្យ​ស្តេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ​វាំង​ឲ្យ​ជិត សឹម​ដក​ឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់» ។ លុះ​បុរស​នោះ​ទទួល​បណ្តាំ​ឥសី​ស្រេច​ហើយ ក៏​នាំ​យក​សត្វ​ដែល​ច្រក​ក្នុង​បំពង់​ពក ទៅ​ថ្វាយ​ស្តេច ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​រក​សត្វ​តប់​ប្រមល់​បាន​ហើយ នៅ​ក្នុង​បំពង់​ពក​នេះ « ហើយ​ក៏​ទូល​តាម​ដំណើរ ដែល​ឥសី​ផ្តាំ​មក ។ ស្តេច​ឲ្យ​ប្រមូល​ព្រះរាជវង្សានុវង្ស​ជួប​ជុំ​ហើយ ទ្រង់​ចាត់​ការ​បិទ​ទ្វារ​កំពែង​វាំង​ស្រេច ទ្រង់​ឲ្យ​អមាត្យ​បើក​ឆ្នុក​បំពង់​ពក​នោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏​ចេញ​ពី​ក្នុង​បំពង់​ពក​មក​ខាំ ស្តេច​និង​ព្រះរាជវង្សា​នុវង្ស​ទាំង​នោះ ឲ្យ​ដល់​នូវ​មរណភាព​អស់​ទៅ ។

ក្រោយ​មក ពួក​អ្នក​នគរ​បាន​ឃើញ​បុរស​នោះ​មាន​រឹទ្ធានុភាព​ដូច្នោះ ក៏​រៀប​អភិសេក​បុរស​នោះ ឲ្យ​ឡើង​សោយ​រាជសម្បត្តិ​ ជា​ព្រះមហាក្សត្រ​ក្នុង​នគរ​នោះ​ទៅ ។ សត្វ​ទាំង​ឡាយ ក៏​លា​ស្តេច​បុរស​នោះ ចូល​ទៅ​នៅ​ព្រៃ ផ្តាំ​ថា «បើ​ស្តេច​មាន​ភ័យ​ ឬ​មាន​ការ​អ្វី គ្រាន់​តែ​នឹក​ដល់ នឹង​មក​ជួយ​យក​អាសារ​ជា​ដរាប» ។

កម្លាំង​អ្វី មិន​ស្មើ​កម្លាំង​កម្ម

ឯកសារយោង[កែប្រែ]

  • ប្រជុំរឿងព្រេងខ្មែរភាគទី២

តំនភ្ជាប់ក្រៅ[កែប្រែ]

សូមមើលផងដែរ[កែប្រែ]